តើអ្នកទាំងអស់គ្នាធ្លាប់បានលេងល្បែងខ្មោចសំឡីដែរ រឺទេ? ប្រសិនជាមិនធ្លាប់តើអ្នកនឹងហ៊ានប្រថុយលេងវាទេ? ពេលនេះហាន់នីនឹងនាំយករឿងពិតដែលបានជួបប្រទះ និងមានបទពិសោធន៍ដោយផ្ទាល់មកបង្ហាញមិត្តអ្នកអានដូចតទៅ រឿងនេះបានកើតកាលពីខ្ញុំរៀននៅអនុវិទ្យាល័យ ខ្ញុំ និងមិត្តៗចូលចិត្តលេងល្បែងប្លែកៗដូចជា ខ្មោចប៊ិច ខ្មោចកែវ ខ្មោចកំប៉ុង និងខ្មោចសំឡី (ល្បែងដែលយើងត្រូវអញ្ជើញដួងព្រលឹងមកជួយទ្ររាងកាយមនុស្សអោយស្រាលដូចសំឡី) ជាដើម ពីព្រោះពួកយើងចង់ដឹងថាតើខ្មោច រឺដួងព្រលឹងពិតជាមានពិតមែនរឺក៏អត់។ កាលនោះពួកយើងរៀនវេនថ្ងៃ និងបន្តរៀនគួរនៅពេលល្ងាចបន្ថែមទៀត ខ្ញុំ និងមិត្តបានស្រុះស្រួលគ្នាថាល្ងាចនោះនឹងលេងល្បែងខ្មោចសំឡីបន្ទាប់ពីម៉ោងរៀនគួរ ដើម្បីអោយកាន់តែដូចការពិតមិត្តម្នាក់យកទៀន (ទុកបំភ្លឺព្រោះក្នុងសាលាងងឹតនិងមិនមានភ្លើងអំពូលទេ) និងធូបដើម្បីអញ្ជើញដួងព្រលឹង។

ពួកយើងបានស្វែងរកបន្ទប់រៀនមួយដែរទំនេរដើម្បីលេងល្បែងនោះ ព្រោះថាបើមាននរណាចាប់បានប្រាកដជាត្រូវគ្រូហៅទៅការិយាល័យសិក្សាហើយ (ទោះជាយ៉ាងណាក៏មិនសូវមានអ្នកនៅសាលាថ្មើរហ្នឹងដែរ) យើងមានគ្នា៤នាក់ដោយម្នាក់ៗប្រកែកថាមិនហ៊ានធ្វើជាខ្មោចរៀងៗខ្លួនក៏សំរេចចិត្តថាត្រូវប៉ាវសីងស៊ុំ ជាសំណាងដែរដែលខ្ញុំមិនបានប៉ាវចាញ់គេ ហេហេ។ មិត្តដែលប៉ាវចាញ់ត្រូវបានតំរូវអោយគេងលើតុដោយកាយវិការត្រង់ខ្លួនដូចសាកសព និងដៃទាំងពីរផ្គុំចូលគ្នាហើយបិទភ្នែក មិត្តម្នាក់ទៀតក៏ចាប់ផ្តើមយកទៀនមកអុធដើម្បីបំភ្លឺបន្ទប់រៀននោះព្រោះមេឃចាប់ផ្តើមងងឹត ឯបរិយាកាសក្នុងបន្ទប់វិញគឺស្ងប់ស្ងាត់ (មានតែពួកយើង៤នាក់) និងងងឹតណាស់មើលមុខគ្នាក៏មិនចង់ឃើញដែរ ខ្ញុំបានយកធូបបីសរសៃមកអុធហើយពួកយើងក៏ចាប់ផ្តើមសុំអញ្ជើញដួងព្រលឹងមកដើម្បីជួយទ្ររាងកាយមិត្តដែលកំពុងគេង បន្ទាប់មកយើងធ្វើការសាកសួរមិត្តដែលគេងលើតុអោយគេឆ្លើយទាំងនៅបិទភ្នែកទាំងពីរ។

លក្ខខ័ណ្ឌ: អ្នកដែលគេងតំរូវអោយឆ្លើយគ្រប់សំនួរដែលពួកយើងសួរ ឆ្លើយយ៉ាងម៉េចក៏បានមិនចាំបាច់ពិតទេ និងមិនត្រូវសើចទេ ហើយត្រូវគេងស្ងៀមមិនថាមានអ្វីកើតឡើងក៏ដោយ អ្នកគេងត្រូវទប់ដង្ហើមពេលដែលចាប់ផ្តើមលើករាងកាយ និងលេងចប់អ្នកដែលលេងជាមួយទាំងអស់ត្រូវអញ្ជើញដួងព្រលឹងត្រលប់ទៅវិញដោយមិនអាចខានបានទេ។

ក៖ អ្នកមានឈ្មោះអ្វី?
ខ៖ ខ្ញុំឈ្មោះ ធារី
ក៖ អាយុប៉ុន្មាន?
ខ៖ 15ឆ្នាំ
ក៖ ស្លាប់នោះពេលណា?
ខ៖ ទើបតែស្លាប់បាន១ខែ
ក៖ ហេតុអីបានជាស្លាប់?
ខ៖ ដោយសារជំងឺ
ក៖ ធារី រៀននៅសាលានេះដែរមែនទេ?
ខ៖ ត្រូវហើយ
ក៖ ចឹងជួយទ្រ និងលើករាងកាយនេះអោយពួកយើងតើបានទេ?
ខ៖ បាន
ក៖ ពួកយើងលើកហើយណា?
ខ៖ Ok

មិត្តម្នាក់បានអោយពួកយើងយកតែម្រាមដៃពីរទេ (ម្រាមកណ្តាល និងម្រាមចង្អុរដៃនៃដៃទាំងសងខាង) មកទ្ររាងកាយមិត្តដែលកំពុងគេង ម្នាក់នោះទ្រក្បាល ម្នាក់ទៀតទ្រចង្កេះ ឯខ្ញុំវិញទ្រជើង ពួកយើងរាប់ ១ ២ ៣ មិត្តដែលគេងត្រូវបិទដង្ហើម (ល្បែងនេះគេអោយលើកមិត្តតែមួយដង្ហើមទេ) ហើយយើងក៏ចាប់ផ្តើមលើកមិត្ត។ នៅពេលនោះ អ្វីដែលពួកយើងនឹកស្មានមិនដល់បានកើតឡើង ដៃរបស់ពួកយើងនៅលើតុនៅឡើយមិនទាន់បានលើកមិត្តទេ ប៉ុន្តែអ្វីដែលពួកយើងបានឃើញគឺរាងកាយរបស់មិត្តកំពុងតែហោះឡើងខ្ពស់ពីតុដែលគេកំពុងគេងប្រហែលកន្លះម៉ែត្រ រាងកាយរបស់គេគេងឡើងត្រង់ មិត្តម្នាក់នោះមិនបានដឹងទេថារាងកាយរបស់គេកំពុងតែហោះឡើងទេ ព្រោះភ្នែកគេនៅបិទនៅឡើយ ខ្ញុំប្រុងនឹងចូលទៅដាស់មិត្តអោយភ្ញាក់ ប៉ុន្តែត្រូវបានមិត្តម្នាក់ទៀតចាប់ទាញដៃពួកយើងអោយរត់ចេញដោយមិនបានអញ្ញើញអោយដួងព្រលឹងនោះត្រលប់ទៅវិញទេ។ គ្រាន់តែពួកយើងចេញផុតពីបន្ទប់រៀន មិត្តម្នាក់នោះក៏ធ្លាក់ចុះមកក្រោម (ធ្លាក់មកលើតុវិញ) គេភ័យណាស់ព្រោះគេកំពុងនៅម្នាក់ឯង គេបានយំទៀតផង ហើយក្រោយមកទៀតពួកយើងក៏មិនបានដឹងថាមានអ្វីកើតឡើងទៀតទេព្រោះយើងបានរត់ចោលមិត្តហើយ។ ស្អែកឡើងគេបានមករៀនដោយម្តាយគេជូនមកដល់ថ្នាក់រៀនហើយម្តាយគេបានស្តីអោយពួកយើងយ៉ាងខ្លាំងដែលបាននាំគ្នាទៅលេងល្បែងអីឆ្កួតៗបែបនេះ ម្តាយគេបានស្នើរសុំអ្នកគ្រូបន្ទុកថ្នាក់ដើម្បីអោយកូនគាត់បានដូរថ្នាក់ចេញ ពួកយើងមានការសោកស្តាយណាស់ចំពោះរឿងនេះ។ បទពិសោធន៍ដែលមិនអាចភ្លេចបាននោះគឺ ពួកយើងបានបាត់បង់មិត្តម្នាក់ដោយសារភាពអត្មានិយមរត់យករួចខ្លួន។ អ្នកគ្រូបានប្រាប់ថា នេះសំណាងហើយដែលប៉ះចំព្រលឹងដែលស្លូត បើពុំនោះទេពួកយើងនឹងមានបញ្ហាជាក់ជាមិនខាន។

ការចង់ដឹងចង់លឺវាមិនមែនជាអ្វីដែលអាក្រក់នោះទេ បើសិនវាជាការរៀនសូត្រ និងអ្វីដែលអាចចំរើនដល់ខ្លួន ប៉ុន្តែអ្វីដែលអាក្រក់នោះគឺមិនគួរលេងសើចនឹងរឿងបែបនេះឡើយព្រោះវាអាចនឹងនាំមកនូវអន្តរាយដល់ខ្លួនបាន។