អ្នក​ណា​ក៏​មិន​ចង់​ជួប​រឿង​អាក្រក់​នោះ​ទេ​ ពោល​គឺ​សុទ្ធតែ​ចង់​បាន​ ឬ ជួប​អ្វី​ដែល​ល្អៗ​សម្រាប់​ជីវិត។ ​ប៉ុន្តែ​ក្នុង​ជីវិត​ជាក់ស្តែង​ វា​មិន​អាច​ដូច​អ្វី​ដែល​យើង​ចង់​បាន​នោះ​ឡើយ​។ ​អ្នក​ខ្លះ​តែង​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​សភាព​អាប់អួរ​ខ្លាំង។ បញ្ហា​ទាំងនេះ​ មិនមែន​កើត​ឡើង​ដោយ​​​​គ្មាន​មូលហេតុ​នោះ​ឡើយ​ ពោល​គឺ​ប្រាកដជា​​មាន​បញ្ហា​អ្វី​មួយ​មិន​ខាន​ដែល​រុញច្រាន​ឲ្យ​បញ្ហា​កើតឡើង​។

ខាងក្រោម​នេះ​គឺ​​ជា​មូល​ហេតុ​សំខាន់ៗ​ដែល​ ធ្វើ​ឲ្យ​អ្នក​ជួប​រឿង​អាក្រក់​មិន​ចេះ​ចប់៖

១) ​ខ្វះ​ព័ត៌មាន​​៖ ​

មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ប្រចាំថ្ងៃ ​ហើយ​ខ្លះ​ក៏​មាន​ប្រយោជន៍​ និង ខ្លះ​ទៀត​នឹង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​អ្នក​។ ​ដូច្នេះ​ហើយ​ បើកាលណា​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​ ខ្វះ​ព័ត៌មាន​នោះ​វា​នឹង​បង្ក​ឲ្យ​អ្នក​ ជួប​បញ្ហា​មិន​ខាន​។ ​​វា​ជា​ចំណុច​សំខាន់​មួយ​ដែល​ មនុស្ស​គ្រប់គ្នា​ត្រូវ​តែ ទទួល​ស្គាល់​ ព្រោះ​​​បើ​មិន​ដូច្នេះ​ទេ​ប្រាកដ​ជា​ ត្រូវ​ប្រឈម​នឹង​បញ្ហា​រាប់​មិន​អស់​​មិន​ខាន។

២) ​មិន​ស្តាប់​ហេតុផល​អ្នក​ដទៃ​​៖ ​

មាន​មនុស្ស​ច្រើន​ណាស់​ដែល​គិត​ថា ​មាន​តែ​ខ្លួន​ទេ​ដែល​មាន​គំនិត​ល្អ​ជាង​គេ។ ​ការ​គិត​បែបនេះ​ គឺ​នឹង​នាំ​មក​នូវ​ភាព​អន្តរាយ​មិនខាន​ ព្រោះ​ថា​​មនុស្ស​​មិន​អាច​​​ធ្វើ​រឿង​​សម្រេច​​គ្រប់យ៉ាង​តាម​គំនិត​ខ្លួន​​​​ឯង​ឡើយ ​ដោយ​ហេតុ​ថា​​ ​គិត​មិន​ដល់​ ​តែងតែ​កើត​មាន​ឡើង​។​ ដូច្នេះ​ហើយ​បើ​អ្នក​ មិន​ព្រម​ស្តាប់​ហេតុ​ផល​អ្នក​ដទៃ​ ហើយ​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន​ឯង​តែ​មួយ​មុខ​ ប្រាក​ជា​ជួប​ការ​បរាជ័យ​ធ្ងន់ធ្ងរ​មិន​ខាន​។

៣) ​ខ្វះ​ការ​ជឿជាក់​លើ​ខ្លួន​ឯង​៖ ​

ភាព​ជឿជាក់​គឺ​ពិត​ជា​​សំខាន់​ ត្បិតអី​វា​ជា​កម្លាំង​ចិត្ត​ដែល​មិន​អាច​ខ្វះ​បាន​ ​ក្នុង​ការ​ជំនះ​រាល់​ការ​លំបាក​ក្នុង​ជីវិត។ ​វា​គ្មាន​បរាជ័យ​ណា​ស្មើនឹង​ ​ការ​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួន​ឯង​នោះ​ទេ​។ ​វា​ជា​គំនិត​អវិជ្ជមាន​មួយ​ដែល​ មនុស្ស​គ្រប់រូប​ត្រូវ​តែ​កែប្រែ​ ព្រោះ​វា​មាន​ន័យ​ថា ចាញ់​មុន​ការប្រកួត​បាត់​ទៅ​​ហើយ​។

៤) ​ធ្វេសប្រហែស​៖

​មិនថា​រឿង​តូច​ ឬ ធំ​ឡើយ​ ​បើ​កាលណា​អ្នក​​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ទេ នោះ​រឿង​អាក្រក់ៗ​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​។ ​មនុស្ស​ជាច្រើន​ តែង​​ធ្វេស​ប្រហែស​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ ដោយ​គិត​ថា ​វា​គ្រាន់​តែ​ជា​រឿង​តូចតាច។ ប៉ុន្តែ​រឿង​តូច​តាច​នឹង​ក្លាយ​ជា​ល​​ធំ​​គ្រប់​ពេល​ ដែល​ធ្វើ​ឲ្យ​អ្នក​ខកបំណង​ម្តង​ហើយ​ម្តង​ទៀត​។

​៥) ​ខ្វះ​ការ​តស៊ូ​៖

ការ​តស៊ូ​គឺ​ជា​ចំណុច​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នោះ​ទេ សម្រាប់​មនុស្ស​​ទាំង​ឡាយ​ណា​ដែល​ប្រាថ្នា​ចង់​សម្រេច​គោលដៅ​តាម​ក្តី​ប្រាថ្នា​។ ​​ពេល​ខ្លះ​មិនមែន​ដោយសារតែ​ គ្មាន​សមត្ថភាព​នោះ​ទេ​ប៉ុន្តែ​មក​ពី​ខ្វះ​ការ​តស៊ូ​ និង អំណត់​អត់ធន់​ ព្រោះថា​ រឿង​មួយ​ចំនួន​ពិ​ត​ជា​ទាមទា​ពេល​វេលា​សមស្រប​មួយ​ ដើម្បី​សម្រេច​តាម​បំណង។ ប៉ុន្តែ​​បើ​ធ្វើ​មិន​ទាន់​ដឹង​ក្រូច​ដឹង​អំពិល​ផង​ក៏​បោះបង់ នោះ ​អ្នក​នឹង​ត្រូវ​ជួប​ភាព​បរាជ័យ​ដដែលៗ​មិន​ខាន៕

ប្រភព៖ BizKhmer