ខ្ញុំធ្វើការនៅក្រុមហ៊ុនមួយដែលជួនកាលក្រុមហ៊ុនបានតម្រូវឲ្យខ្ញុំចុះទៅតាមខេត្តដើម្បីទំនាក់ទំនងអតិថិជន។ថ្ងៃនោះដែរខ្ញុំបានចុះទៅកាន់ខេត្តសៀមរាប ចំនួន៣យប់ ទម្រាំទៅដល់សៀមរាបជិតយប់ទៅហើយខ្ញុំបានទៅជួលបន្ទប់សណ្ឋាគារតម្លៃមិនថ្លៃពេកមួយដើម្បីស្នាក់នៅ ដោយថ្ងៃនោះសណ្ឋាគារមានភ្ញៀវពេញអស់ទៅហើយនៅសល់តែបន្ទប់មួយលេខ៣៣៣ ដែលនៅជាន់ខាងលើគេបង្អស់ ណាមួយខ្ញុំអស់កម្លាំងពេកផង ខ្ញុំមិនបានជាសួរនាំអ្វីច្រើននោះទេ។ក្រោយពីប្រគល់សោររួចមកខ្ញុំក៏ចាក់បើកទ្វារចូល តែមានអារម្មណ៍ថាស្អុយតិចតិច តែដោយសាររហត់នឿយនឹងការធ្វើដំណើរផ្លូវឆ្ងាយខ្ញុំដេកលង់លក់ទាំងមិនខ្ចីផ្លាស់ខោអាវសោះ កំពុងតែដេកសុខៗ ខ្ញុំដូចជាមានអារម្មណ៍ថាមានមនុស្សគេងនៅក្បែរខ្ញុំឈោងដៃបើកភ្លើងអំពូលនៅជិតនោះ តែមិនឃើញមាននរណាសោះខ្ញុំគ្រវីក្បាលគិតម្នាក់ឯង<<យីចេះរវើរវាយផ្តេសផ្តាសទៅកើតអញ>>។

​ យប់ដំបូងនោះខ្ញុំគេងលក់ទើសភ្លឺ ហើយព្រឹកឡើងទៅបំពេញការងារតាមធម្មតា។យប់ទី២ ក្រោយពីស្រស់ស្រូបអាហារហើយ ខ្ញុំអង្គុយសរសេររបាយការណ៍រហូតដល់ម៉ោង១២យប់។​ កំពុងតែសរសេរខ្ញុំរបានឮសម្លេងអ្វីម៉្យាងដូចជាសម្លេងមនុស្សដើរចុះដើរឡើង ជួនកាលឮសម្លេងបើកទ្វារបន្ទប់ទឹក ខ្ញុំគិតថាប្រហែលជាភ្ញៀវបន្ទប់ផ្សេងទេដឹងយប់ថ្មើនេះហើយមិនព្រមដេកពួន ខ្ញុំបើកទ្វារមើលទៅខាងក្រៅតែមិនឃើញមាននរណានោះទេ គឺស្ងាត់ជ្រាប ខ្ញុំបិទទ្វារវិញរួចគិតថាចាំស្អែកចាំសរសេររបាយការណ៍បន្តទៀត​ ជួនកាលទៀតខ្ញុំឮសម្លេងចាក់ទឹកឈូៗ ជួនកាលឮសម្លេងយំតិចតិច តែខ្ញុំចេះតែគិតថាជាសំលេងភ្ញៀវបន្ទប់ផ្សេងទៅវិញទេ​ រហូតដល់ថ្ងៃមួយពេលដែលគេរួចរាល់ពីការងារខ្ញុំទៅដើរកំសាន្តនៅខាងក្រៅរួចត្រលប់មកបន្ទប់វិញម៉ោង១០យប់ខ្ញុំចាក់សោរចូលបន្ទប់មិនទាន់បើកភ្លើងអោយភ្លឺផង ក្រោមអំពូលភ្លើងព្រាល(មុននឹងចេញទៅក្រៅខ្ញុំតែងតែបើកភ្លើងអំពូលបំភ្លឺព្រាលៗទុក)ស្រាប់តែខ្ញុំឃើញស្រមោលដូចជាមនុស្សស្រីសក់វែងប្រាសស្មាកំពុងអង្គុយនៅមុខកញ្ចក់សំអាង ខ្ញុំភ្ញាក់ស្រវ៉ាបើកភ្លើងអោយភ្លឺច្បាស់ដើម្បីពនិត្យមើលតែមិនឃើញ ខ្ញុំមិនអស់ចិត្តក៏ដើរទៅបើកភ្លើងបន្ទប់ទឹកទៀតក៏មិនឃើញ ខ្ញុំចាប់ផ្តើមខ្លាចហើយព្រោះតាំងពីមកស្នាក់នៅដំបូងខ្ញុំមានអារម្មណ៍ដូចជាមានអ្វីចំលែកៗណាស់ទៅហើយ តែគិតថាទ្រាំនៅទំនេះ១យប់ទៀតចុះព្រោះស្អែកត្រូវត្រលប់ទៅភ្នំពេញវិញហើយ ខ្ញុំក៏ចូលទៅមុជទឹករៀបចំសំរាក បានមួយសន្ទុះគខ្ញុំស្រេកទឹកភ្ញាក់បំរុងទៅរកទឹកផឹក ស្រាប់តែគេស្រលាំងកាំងព្រោះនៅចុងជើងគឺជាស្រីម្នាក់កំពុងតែសំលឹងមើលមកខ្ញុំ​ ខ្ញុំភ័យណាស់បំរុងតែស្រែកតែដូចជាមានអ្វីខ្ទាស់បំពង់កជាប់មិនអោយស្រែកបាន ឯនារីនោះខិតមកជិតខ្ញុំបន្តិចម្តងៗ

មុខនាងស្លេកស្លាំង សក់រតេរតាយមានឈាមហូរចេញពីភ្នែកទៀតផង ខ្ញុំបែកញើសជោគខំប្រឹងអស់ពីកំលាំងស្រែកយ៉ាងខ្លាំង<<ជួយផង ជួយខ្ញុំផងៗៗៗៗ>>ហើយរត់ស្ទុះទៅបើកទ្វារបន្ទប់ សំលេងស្រែកធ្វើអោយមនុស្សនាំគ្នាស្ទុះចេញពីបន្ទប់ មកមើលទាំងអស់គ្នា ខ្ញុំពេលនោះស្ទើតែគ្មានព្រលឹងក្នុងខ្លួនទៅហើយ យប់នោះខ្ញុំប្រាប់មេការថាខ្ញុំបានឃើញខ្មោចនៅក្នុងបន្ទប់នោះ ធ្វើអោយភ្ញៀវទាំងប៉ុន្មាននាំគ្នាព្រឺសំបុរគីង្គក់ សំណាងហើយដែលពួកគេមិនបានជួលចំបន្ទប់នោះ។ខ្ញុំមិនព្រមចូលគេងបន្ទប់នោះទៀតឡើយ ខ្ញុំលែងងងុយហើយទ្រាំចាំដល់ព្រឹកនឹងអាលរៀបអីវ៉ាន់ចេញពីបន្ទប់នោះ។ព្រឹកឡើងក្រោយពីដេញដោលសួររួចមក មេការក៏ព្រមប្រាប់ខ្ញុំថា៖

-កាលពីប៉ុន្មានថ្ងៃមុនមានគូរស្នហ៍១គូរបាននាំគ្នាមកជួលបន្ទប់៣៣៣ស្នាក់នៅរយៈពេល១ខែ តែក្រោយមកគេមិនដែលឃើញបុរសជាគូរស្នេហ៍ទៀតទេឃើញតែនារីវ័យក្មេងនៅតែម្នាក់ឯងមានទឹកមុខក្រៀមក្រំជាប់ ហើយក្រោយមកនាងបានធ្វើអត្តឃាតដោយអារដៃខ្លួនឯងដាច់សរសៃឈាមហូរឈាមស្លាប់ព្រោះតែបុរសជាសង្សាបានក្បត់ចិត្តចាកចោលនាង ដោយគ្មាននរណាដឹង រំលងបាន២ថ្ងៃបានមានគេដឹងដោយសារមិនឃើញនាងដូចរាល់ដង ហើយអ្នកដែលជួលបន្ទប់នៅជិតនោះធុំក្លិនស្អុយពេកបានទៅប្រាប់មេការ ហើយមេការក៏យកសោទៅចាក់ទ្វារព្រោះគោះទ្វារមិនព្រមឆ្លើយតប ឃើញនាងស្លាប់ក្នុងថ្លុកឈាម ឡើងហើមធុំក្លិន ក្រោយពីយកសាកសពនាងចេញហើយសំអាតបន្ទប់នោះរួចមកគេដាក់អោយភ្ញៀវស្នាក់នៅជាធម្មតាតែគ្មាននរណាជួលចំបន្ទប់នោះសោះមានតែខ្ញុំមួយគត់……។

ខ្ញុំស្តាប់ហើយគេស្ទើគាំងបេះដូងព្រោះ២ថ្ងៃហើយដែលខ្ញុំស្នាក់នៅជាមួយខ្មោច ខ្ញុំប្រឹងលេបទឹកមាត់ស្តាប់ទាំងព្រឺក្បាល ហើយបន្ទប់នោះនៅមានជាប់ឈាមនៅគ្រែទៀតចឹងតាបានធំក្លិនស្អុយ។បន្ទប់នោះបានឮពីមាត់១ទៅមាត់មួយគ្មាននរណាហ៊ានមកស្នាក់បន្ទប់នោះទៀតទេព្រោះខ្លាចខ្មោចនារីនោះពេក ទោះជាម្ចាស់សណ្ឋាគារបាននិមន្តលោកមកសូត្រមន្តយ៉ាងណាក៏ដោយ ឯខ្ញុំមុននឹងគេជួលបន្ទប់ស្នាក់នៅគេតែងតែសួរដេញដោលពត៌មានជាមុនសិនថាបន្ទប់ដែលខ្ញុំជួលធ្លាប់មាននរណាស្លាប់ឬទេ ជៀសវាងលួសព្រលឹងដូចថ្ងៃមុនទៀត៕