កាលពីយូរលង់ណាស់មកហើយ មានភូមិមួយមានស្ថានភាពក្រីក្រតោកយ៉ាកខ្លាំង។ ថ្ងៃមួយមានបុរសអ្នកមានបីនាក់ និងអ្នកបំរើរបស់គេបានធ្វើដំណើរផ្លូវជាមួយគ្នាសំដៅទៅភូមិក្រីក្រនោះ។ ពេលដែលឃើញដែលឃើញដូច្នេះពួកគិតចង់ជួយដូចគ្នា៖

បុរសទី១ បានយកមាសប្រាក់ពីរទេះរបស់គាត់ចែកអោយទៅអ្នកភូមិ ហើយជូនពរពួកគេ ហើយក៏ចាកចេញទៅ។

បុរសទី២ គាត់បានចែករំលែកអាហារ ហើយនិងភេសជ្ជៈរបស់គាត់ទាំងអស់អោយទៅអ្នកភូមិទាំងអស់អោយបានស្មើៗគ្នា និងប្រាកដថាបានគ្រប់គ្រាន់គ្រប់គ្នា។ ហើយក៏ចាកចេញទៅ

បុរសទី៣ បន្ទាប់ពីឃើញភូមិក្រីក្រ ក៏ប្រញាប់ប្រញាល់បង្កើនល្បឿនទៅបាត់ដោយមិនបានឈប់មើល។

បុរសទាំងពីរឃើញគាត់មើលពីចំងាយ ហើយពិភាក្សាគ្នា ហេតុអីក៏បុរសហ្នឹងគ្មានចិត្ត មេត្តាករុណាបន្តិចសោះចឹង។ វានឹងល្អប្រសើរបើសិនជាបានជួយអ្នកភូមិក្រីក្រនោះ។

បីថ្ងៃក្រោយមក បុរសអ្នកមានទាំងពីរបានជួប អ្នកទី៣ដែលបានធ្វើដំណើរតាមផ្លូវជាមួយគាត់។ គាត់នៅតែបង្កើនល្បឿនប្រញ៉េបប្រញ៉ាប់ ប៉ុន្តែក្នុងរទេះរបស់គាត់មានទៅដោយ ឧបករណ៍ធ្វើស្រែចំការ ជី ពូជស្រូវ និងគ្រាប់ធុញ្ញជាតិផ្សេងៗទៀត។ គាត់ធ្វើដំណើរឆ្ពោះទៅភូមិក្រីក្រដើម្បីជួយពួកគេ។

មានមនុស្សសប្បុរសជាច្រើនដែលចូលចិត្តអោយ ដោយគ្រាន់តែចង់បង្ហាញទៅមនុស្សគ្រប់គ្នាថាគេចិត្តល្អ ប៉ុន្តែតាមពិតទៅពួកគេមិនចង់ដឹងពីអ្វីដែលអ្នកក្រទាំងអស់នោះត្រូវការពិតប្រាកដនោះទេ។

ប៉ុន្តែមនុស្សល្អខ្លះ ល្អអស់ពីចិត្ត។ ចំពោះពួកគេ វាមិនមែនជាបញ្ហាអ្វីដែលអ្នកដទៃគិតថាគេជាមនុស្សយ៉ាងម៉េចទេ ហើយក៏មិនចង់អួតអោយគេមើលនោះដែរ។ តាមពិតទៅគេពិតជាបារម្ភ និងគិតរកវិធីដែលប្រសើរបំផុតដើម្បីជួយជីវភាពរបស់ប្រជាជនទាំងនោះអោយល្អប្រសើរ។
ពួកគេផ្តល់ជូននូវរបស់ដែលមានតំលៃជាងលុយ ដែលជាពេលវេលា ទស្សនៈវិស័យ ហើយនិងជិវិតរបស់ពួកគេ។

ការអប់រំ៖ បើសិនជាយើងមើលឃើញអ្នកណាម្នាក់ត្រូវការអោយយើងជួយ យើងគួរតែព្យាយាមស្វែងយល់ពីបញ្ហារបស់ពួកគេ ហើយព្យាយាមអោយអស់ពីចិត្តដើម្បីរកវិធីជួយពួកគេ។