ផ្សារ​បណ្តែត​ទឹក​ជា​លើក​ដំបូង​នៅ​កម្ពុជា​ដែល​គ្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន SKYLAND សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ​មក​ពី​ប្រទេស​ថៃ​គ្រោង​បើក​ឲ្យ​ដំណើការ​សាងសង់​នៅពេល​ឆាប់ៗ​នេះ ដោយ​សារ​ការ​រៀបចំ​ប្លង់​មេ​របស់​គម្រោង​នេះ​បាន​បញ្ចប់​ហើយ​។​ ​

លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន SKYLAND បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការ​សាងសង់​ផ្សារ​បណ្តែត​ទឹក​នេះ​គ្រោង​សាងសង់​នៅ​រយៈពេល​ពីរ​ខែ​ខាងមុខនេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។ ផ្សារ​បណ្តែត​ទឹក​នេះ​គ្រោង​រៀបចំ​លើ​ផ្ទៃដី​៥០​ហិកតា ដោយ​ជំហាន​ទី​១ ធ្វើ​ឡើងលើ​ផ្ទៃដី​២០​ហិកតា ជំហាន​ទី​២ លើ​ផ្ទៃដី ១០​ ហិកតា និង​រួមទាំង​ចំណត​យានយន្ត​សរុប​ផ្ទៃដី​ទាំងមូល​នៃ​គម្រោង​នេះ​ស្មើនឹង​៥០​ហិកតា​។ អ្នក​ជំនាញ​មកពី​ប្រទេស​ថៃ នឹង​មក​ជួយ​រៀបចំ​ប្លង់​មេ និង​រៀបចំ​បែបបទ​និតិ​វិធី ដើម្បី​រៀបចំ​ផ្សារ​បណ្តែត​ទឹក​នេះ ដែល​នៅ​ទីបញ្ចប់​គម្រោង​នេះ​អាច​គ្រប​ដណ្តប់​លើ​ផ្ទៃដី​រហូត​ដល់ ​៣០ ​ហិកតា​។

ទោះ​ជា​យ៉ាង​ណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​នៃ​ការ​ចំណាយ​ប្រាក់​វិនិយោគ និង​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​សហការ​ជាមួយ SKYLAND នៅ​ឡើយ​។

លោក​ឧកញ៉ា ស្រី ចាន់ថន បាន​បន្ត​ថា ៖ «​យើង​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​តែម្តង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អឺរ៉ុប និង​អាស៊ី​ពេល​មក​រាជធានី​ភ្នំពេញ ពួក​គេ​ទៅ​ទស្សនា​ផ្សារ​បណ្តែត​ទឹក និង​ផ្សារ​រាត្រី​កុងទីណ័រ ហើយ​បើ​ទៅ​សៀមរាប គឺ​ពួក​គេ​ទៅ​ទស្សនា​នៅ​អង្គ​វត្ត​»​។

ផ្សារ​បណ្តែត​ទឹក​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ទូក​លក់​ទំនិញ និង​ផ្ទះ ដែល​រៀបចំ និង​រចនា​ឡើង​តាម​រចនាប័ទ្ម​ខ្មែរ​សុទ្ឋ និង​ទូក​ធំៗ​អាច​មាន​ប្រវែង​រហូត​ដល់​៤០​ម៉ែត្រ​។

លោក​បន្ត​ថា ក្រុមហ៊ុន​រៀបចំ​គម្រោង​នេះ​ធំ​ដោយ​អាច​ទទួល​មនុស្ស​ទៅ​កំសាន្ត​ចន្លោះ​ពី ១​ទៅ​២​ម៉ឺន​នាក់ អាច​ទៅ​ទស្សនា​នៅ​តំបន់​នោះ​នាពេល​សាង​សង់​រួច​ដោយ​សារ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ផ្សារ​បណ្តែត​ទឹក​បែប​នេះ​នៅ​ឡើយ​ទេ ហើយ​អ្វី​ដែល​លោក​រៀបចំ​គឺ ធ្វើ​ឡើង​ដោយ​ការ​ច្នៃ​ប្រឌិត និង​មាន​ចំណែក​ខ្លះ​ក្រុមហ៊ុន​យកតាម​លំនាំ​មក​ពី​ប្រទេស​ថៃ​។

លោក ប៉ាន សេង មេឃុំ​វិហារ​សួគ៌​ត្បូង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល បាន​ថ្លែង​ថា លោក​រីករាយ​ណាស់ ដែល​ក្រុមហ៊ុន SKYLAND បាន​មក​អភិវឌ្ឍ​នៅ​តំបន់​នេះ ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​រាប់ម៉ឺន​នាក់​មកពី​បី​ស្រុក​គឺ​ស្រុក​ពារាំង ស្រុក​ស្រី​សន្ធរ និង​ស្រុក​ខ្សាច់កណ្តាល​។

លោក​បន្ត​ថា បើ​ទោះ​ជា​ក្រុមហ៊ុន​មានការ​សាងសង់​ផ្ទះ​លក់ និង​ខុន​ដូ​ក៏​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​នោះទេ ហើយ​ភាគ​ច្រើន​ជា​អ្នក​មកពី​រាជធានី​ភ្នំពេញ ជា​អ្នក​ទិញ​។

លោក​បន្ត​ថា ៖ «​ប្រសិន​ជា​ក្រុមហ៊ុន​នេះ​រៀបចំ​ផ្សារ​បណ្តែត​ទឹក​មែន នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់​តែ​អ៊ូអរ ហើយ​ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន ពិត​ជា​សប្បាយ​ចិត្ត ព្រោះ​វា​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​»​។

លោក​បន្ត​ថា ៖ «​ខ្ញុំ​មិន​ចង់​ឲ្យ​ប្រជាជន​ចំណាក​ស្រុក​ទេ ព្រោះ​បែក​ពី​កូនចៅ​មិន​ស្រួល​ទេ ដូច្នេះ​បើ​ក្រុមហ៊ុន​បង្កើត​ការងារ​នៅ​មូលដ្ឋាន​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​»​។

អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែងថា ភាព​ជោគ​ជ័យ​របស់​គម្រោង​នេះ​អាស្រ័យ​លើ​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ភាព​ទាក់ទាញ សន្តិសុខ និង​សណ្តាប់​ធ្នាប់​នៅ​តំបន់​នោះ ដែល​ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​បណ្តើរៗ​ហើយ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​សម្ភារ បរិក្ខា​មាន​ភាព​ទាក់ទាញ​ជាច្រើន​គួបផ្សំ​នឹង​បរិស្ថាន​មាន​ភាព​អំណោយ​ផល​នៅ​ទីនោះ ពិត​ជា​ទាក់ទាញ​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កាន់​តែ​ច្រើន​ទៅ​ទស្សនា​នៅ​តំបន់​នោះ​នា​ពេល​អនាគត​។

លោក​បន្ត​ថា ៖ «​តំបន់​នោះ​មាន​ភាព​ទាក់ទាញ ឬ​មាន​សក្តានុពល​សម្រាប់​ទាក់ទាញ ដោយ​សារ​តំបន់​នោះ​មាន​ព្រែក​ជីក និង​ស្ទឹង​ធម្មជាតិ ដែល​មាន​ភាព​អំណោយ​ផល​លើ​បរិស្ថាន​»​។

លោក​បន្ត​ថា​៖ «​ប្រសិន​ជា​ស្ពាន​ឆ្លងកាត់​ពី​តំបន់​ជ្រោយ​ចង្វារ ទៅ​កាន់​តំបន់​ស្វាយ​ជ្រុំ​បាន​សាងសង់​រួចរាល់ នឹង​ធ្វើ​ឲ្យ​តំបន់​នោះ​នៅ​ជិត​ទីក្រុង​ភ្នំពេញ និង​ធ្វើ​ឲ្យ​គម្រោង​នោះ​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​»៕

ប្រភព៖ PostKhmer