ការ​បង្កើត​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​​ គឺ​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​គូ​​ស្នេហ៍ ក្នុង​ការ​​​មើល​ចិត្ត​គ្នា​​ថា​រឿងរ៉ាវ​អ្វី​​ខ្លះ​ដែល​អ្នក​ទាំង​ពីរ​អាច​ប្រហាក់​ប្រហែល​គ្នា និង​ខុស​គ្នា។

ដើម្បី​បង្កើត​ចំណង​ស្នេហ៍​​កាន់​តែ​​​មាន​ភាព​ស្និត​ស្នាល​ ពួក​គេ​តែងតែ​​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​គ្នា​​ឲ្យ​បាន​ច្រើន​តាម​​រយៈ​ការ​ចេញ​​ញ៉ាំ​អី​ខាង​ក្រៅ មើល​​កុន សើច​សប្បាយ និង​​ចូល​រួម​សកម្មភាព​​ផ្សេង​ៗ​ជា​មួយ​គ្នា។

ចំពោះ​​នារី​ ភាគ​ច្រើន​ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​មិន​​ងាយ​​នឹង​ទទួល​យក​ក្ដី​ស្រលាញ់​​ពី​បុរស​​ភ្លាម​ៗ​ទេ តែ​បើ​ដាក់​ចិត្ត​ស្រលាញ់​​លើ​បុរស​​ដែល​ខ្លួន​គិត​ថា​​​អាច​រួម​រស់​នៅ​​​ជា​មួយ​គ្នា​បានហើយ​​​ គឺ​ពិត​ជា​មិន​ចង់​ប្រេះ​ឆា​​ឡើយ។ សញ្ញា​ទាំង​​ប៉ុន្មាន​ខាង​ក្រោម​​នេះ ​​បញ្ជាក់​ថា​​មិត្ត​ប្រុស​របស់​អ្នក​​​​ចេញ​ក្រឡា​បោក ឬ​ស្រលាញ់​អ្នក​​គ្រាន់​តែ​កំដរ​អារម្មណ៍៖

១. ចង់​តែ​ឈ្នះ​ មិន​សូវ​យល់​អារម្មណ៍​អ្នក​

គាត់​តែង​តែ​និយាយ​​កុហក សួរ​ដេញ​ដោល​​​​លើ​រឿង​កំប៉ិកកំប៉ុក​របស់​អ្នក​​​ឲ្យ​ទៅ​ជា​រឿង​ធំ ​រួច​​បង្កើត​ជា​ការ​ស្ដី​បន្ទោស​​ដោយ​​មិន​​លើក​លែង​អធ្យាស្រ័យ​។

២. បិទ​ទូរសព្ទ

ការ​បិទ​ទូរសព្ទ​ទុក​ចោល ឬ​បិទ​ពេល​​អ្នក​​កំពុង​តេ​ទៅ​ ពិត​ណាស់​គាត់​​លែង​ចង់​​មាន​ទំនាក់​ទំនង​ ឬ​និយាយ​ស្ដី​​​ជា​មួយ​អ្នក​ទៀត​ហើយ រួច​​យក​លេស​រវល់​សម្រាប់​បិទបាំង។​

៣. មិន​ចង់​ឲ្យ​មិត្តភ័ក្ដិ​ ឬ​គ្រួសារ​ស្គាល់​អ្នក

​ពិត​ណាស់​​មិត្តភ័ក្ដិ ​និង​គ្រួសារ​​សាច់​​ញាតិ​​បង​ប្អូន​​របស់​គាត់ ​​ជា​ប្រភព​​​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត​ថា​គាត់​កំពុង​ធ្វើអ្វី​ នៅ​ទី​ណា និង​​មាន​ប្រវត្តិ​យ៉ាង​ម៉េច គឺ​ភាគ​ច្រើន​ពួក​គាត់​ដឹង​ច្បាស់។ ​ដើម្បី​លាក់​​បាំង​រឿង​រ៉ាវ​ទាំង​​នេះ ​គាត់​ត្រូវ​​បង្ខំ​ចិត្ត​​មិន​ឲ្យ​អ្នក​ស្គាល់ ឬ​ជួប​​តែម្ដង។​

៤. មិន​សូវ​ចំណាយ​ពេល​វេលា​​ជួប​គ្នា​នៅ​ខាង​ក្រៅ​

ដោយ​សារ​តែ​​មាន​ចិត្ត​ចង់​​​ដោះ​ដៃ ​គាត់​មិន​សូវ​បង្កើត​​ឱកាស​​ឲ្យ​អ្នក​បាន​​នៅ​ជាមួយ​គាត់​ច្រើន​ដូច​ទើប​​ស្គាល់​​គ្នា​នោះ​ទេ ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​​ជិនណាយ​​បន្តិច​ម្ដងៗ​ពី​រូប​គាត់​។​

៥. មិន​សូវ​សរសើរ ឬ​​មើល​ឃើញ​អ្នក​ល្អ​​​

អ្នក​អាច​សង្កេត​​មើល​​ពេល​ចាប់​​ផ្ដើម​​ជួប​គ្នា​ដំបូង ​គាត់​​បាន​និយាយ​សរសើរ​​អ្វី​​ខ្លះ ហើយ​ពេល​នេះ​​គាត់​​មាន​ប្រើ​ពាក្យ​ទាំង​​នោះ​ទៀត​អត់។ បើ​មិន​បាន​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ទាំង​នោះ​ទេ​ អ្នក​លែង​ជា​មនុស្ស​ស្ថិត​ក្នុង​កែវ​​ភ្នែក​របស់​គាត់​ទៀត​ហើយ ហើយ​បែរ​ជា​សរសើរ​​នារី​ផ្សេង​ទៅ​វិញ។​

៦. ចេញ​​ក្រៅ​ផ្ទះ​​ស្ទើរ​រាល់​ថ្ងៃ​ និង​រាល់​យប់

គាត់​ចាប់​ផ្ដើម​ធ្វើ​​​ជា​​មនុស្ស​រវល់​ជាង​មុន និង​​​មិន​​​​ប្រាប់​ថា ​គាត់​កំពុង​​ធ្វើ​អ្វី​ នៅ​ទីណា​ទេ​។ សញ្ញា​​នេះ អាច​​បង្ហាញ​ថា​​គាត់​ព្យាយាម​​​បំភ្លេច​ ឬ​ខូច​ចិត្ត​​ចំពោះ​អ្នក។

៧. ចាប់​ផ្ដើម​ចាប់​កំហុស

ពេល​​គាត់​​លែង​​ចង់​​បាន​​អ្នក​ជា​មនុស្ស​សំខាន់ គាត់​ព្យាយាម​​រក​មើល​ចន្លោះ​ប្រហោង ប្រចណ្ឌ​គ្មាន​ហេតុផល ឬ​ឮ​ពាក្យ​មិន​ពិត​ពី​មនុស្ស​​ជុំវិញ​​ មក​រក​រឿង​អ្នក​តែម្ដង៕