បុព្វបុរស​​ដែល​រស់នៅ​កាល​ពី​រាប់ពាន់​ឆ្នាំ​មុន​បាន​កសាង​នូវ​សំណង់​ដ៏​អស្ចារ្យ​ជាច្រើន​។ ​សំណង់​ទាំង​នោះ​មាន​ទំហំ​ធំ​សំបើម​ ដែល​អ្នក​វិទ្យាសាស្រ្ត​បាន​ចំណាយ​ពេល​ច្រើន​សតវត្ស​ដើម្បី​ស្វែង​រក​ចម្លើយ​ថា​ នរណា​ជា​អ្នក​សាងសង់​ មូលហេតុ​អ្វី​បាន​សាងសង់​ឡើង​ និង​ជា​ពិសេស​គឺ​ថា​តើ​មនុស្ស​ជំនាន់​ដើម​ទាំង​នោះ​សាងសង់​សំណង់​ដ៏​សំបើម​ទាំង​នេះ​ដោយ​របៀប​ណា​។

ក្រុម​ការងារ​របស់​ Bright Side ក៏​ចង់​ដឹង​ពី​អាថ៌កំបាំង​ ព្រម​ទាំង​ភាព​ស្រស់​ស្អាត​​នៃ​ទីកន្លែង​បុរាណ​ទាំង​នោះ​ផង​ដែរ ដោយ​រៀបចំ​ជា​បញ្ជី​ឈ្មោះ​ទីកន្លែង​ទាំង​នោះ​ដូច​ខាង​ក្រោម​៖

Stonehenge, ប្រទេស​អង់គ្លេស


យោង​តាម​រឿង​ព្រេង​ បណ្តុំ​ថ្ម​ទាំង​នេះ​ត្រូវ​បាន​សាងសង់​ដោយ​គ្រូ​វេទមន្ត​ Merlin។ តាម​ពិត Stonehenge នេះ​មាន​វត្តមាន​មុន​សម័យ​កាល​របស់​ក្រុម​ស្តេច​ Arthur យូរ​មក​ហើយ​។ ប៉ុន្តែ​តើ​មនុស្ស​អាច​ដឹក​ជញ្ជូន​ដុំ​​ផ្ទាំង​ថ្ម​ធំៗ​ពី​កន្លែង​យក​ថ្ម​ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត​ដោយ​របៀប​ណា​? ចំពោះ​គោលបំណង​នៃ​ការ​សាងសង់​វិញ​ក៏​មិន​ច្បាស់លាស់​ដែរ​ ដោយ​មិន​ដឹង​ថា​វា​ជា​ឱលោកនដ្ឋាន​ (ទីតាំង​របស់​ផ្ទាំង​ថ្ម​មាន​គំរូ​ដូច​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​) ឬ​ជា​​វិហារ​ (ដែល​ក្រុម​ Druids និង​បុព្វជិត​ Celtic ប្រើ​ប្រាស់​)​។​​​​​

Baalbek ប្រទេស​ Lebanon


​ប្រជុំ​ប្រាសាទ​នៅ​ក្នុង​រចនាបថ​បុរាណ​នេះ​ គឺ​ជា​កន្លែង​ដ៏​សំខាន់​របស់​សំណល់​បែក​បាក់​នៃ​ទីក្រុង​ដែល​ធ្លាប់​រីកចម្រើន​។ ចម្ងល់​នោះ​គឺ​ថា​ ជនជាតិ​រ៉ូម៉ាំង​មិន​មាន​បច្ចេកវិទ្យា​ដែល​អាច​ឲ្យ​ពួក​គេ​តម្លើង​ដុំ​​ផ្ទាំង​ថ្ម​ដែល​ទម្ងន់​រហូត​ដល់​១០០០តោន​ទាំង​នេះ​ទេ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​ Parthenon របស់​​អាថែន ដែល​មាន​ទំហំ​ពាក់​កណ្តាល​នៃ​ Giant ​របស់​លីបង់​ ហើយ​និង​ផ្ទាំង​ថ្ម​ដ៏​ធំ​របស់​ពីរ៉ាមីត​ដែល​មាន​ទម្ងន់​ត្រឹម​៩០​តោន។ គេ​ជឿ​ថា​ការ​សាង​សង់​នេះ​បើ​មិន​យក​តាម​មូលដ្ឋាន​ស្ថាបនា​របស់​អេហ្ស៊ីប​​ ក៏​យក​តាម​ Giant ដែរ​ ហើយ​អ្នក​ខ្លះ​​ទៀត​ជឿ​ថា​ វា​យក​តាម​មូលដ្ឋាន​ស្ថាបនា​របស់​ Babel Tower។

Newgrange ប្រទេស​អៀឡង់​​​​​​​​​


ក្រុម​សាងសង់​ផ្លូវ​បាន​ប្រទះ​ឃើញ​បូជនីយដ្ឋាន​នេះ​នៅ​សតវត្ស​ទី​១៧​ ហើយ​នៅ​​៣សតវត្ស​ក្រោយ​មក​​មនុស្ស​ចាប់​ផ្តើម​ស្រាវជ្រាវ​ពី​ទីកន្លែង​នេះ​។ ការ​ជីក​រក​បាន​បង្ហាញ​ថា​ វា​ដូច​ជា​រទះ​កង់​មួយ​ដែល​មាន​រាង​មូល​ជា​មួយ​និង​បន្ទាត់​​អង្កត់​ផ្ចិត​​យ៉ាង​ល្អ​ឥត​ខ្ចោះ​​ ហើយ​មាន​វ័យ​ចំណាស់​ជាង​ពីរ៉ាមីត​របស់​អេហ្ស៊ីប​។ នៅ​ចំ​កណ្តាល បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​ផ្នូរ​មួយ​។ ប្រសិន​បើ​អ្នក​ទៅ​ទស្សនា​ Newgrange ចំ​ពេល​ដែល​ព្រះអាទិត្យ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ ឬ​ខាង​ត្បូង​ឆ្ងាយ​ពី​អេក្វាទ័រ​ នោះ​អ្នក​អាច​មើល​ឃើញ​បាតុភូត​តារា​សាស្រ្ត ដោយ​មាន​ពន្លឺ​​បំភ្លឺ​បន្ទប់​ទាំង​មូល។ អ្នក​អបិយ​ជំនឿ​ជន​ជាតិ​អៀឡង់​និយាយ​ថា​ ទីកន្លែង​នេះ​គឺ​ជា​ច្រក​ចូល​ទៅ​កាន់​ទីកន្លែង​របស់​ពួក​ទេវតា​។

Dolmens of North Caucasus ប្រទេស​រូស្ស៊ី​


វា​ដូច​ជា​ផ្ទះ​តូច​មួយ​សង់​ពី​ថ្ម​សំប៉ែត​នៅ​លើ​ជម្រាល​ភ្នំ​។ នៅ​ខាង​មុខ​ផ្ទះ​មាន​ប្រហោង​មួយ​ដែល​អាច​បិទ​ដោយ​ឆ្នុក។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ ផ្ទាំង​ថ្ម​សំប៉ែត​នេះ​មាន​ទម្ងន់​រាប់​តោន​ ប៉ុន្តែ​ដាក់​​ភ្ជាប់​គ្នា​បាន​យ៉ាង​ល្អ​ ដែល​សូម្បី​តែ​ផ្លែ​កាំបិត​ក៏​មិន​អាច​សៀត​ចូល​ចន្លោះ​រវាង​ផ្ទាំង​ថ្ម​ដែរ។ ​សំណង់​នេះ​មាន​អាយុ​កាល​​៥០០០ឆ្នាំ​។

Tikal ប្រទេស​ហ្គូតេម៉ាឡា​


​​​​ វា​ជា​កន្លែង​មួយ​នៃ​ការ​តាំង​ទីលំនៅ​ដ៏​ធំ​របស់​ពួក​ម៉ាយ៉ា​នៅ​ក្នុង​ព្រៃ​បៃតង​។ ទីនោះ​មាន​ស្រះ​សិប្បនិម្មិត ទីវាល​សម្រាប់​កីឡា​បាល់​ និង​រាជវាំង​ ប៉ុន្តែ​អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​ ពីរ៉ាមីត​ នៅ​​ទីលាន​របស់​ក្រុង ដែល​ត្រូវ​បាន​សាងសង់​ក្នុង​គំរូ​បណ្តោះ​អាសន្ន​ស្រប​តាម​អំឡុង​ពេល​នៃ​ការ​អភិវឌ្ឍន៍​របស់​វា​។ ក្នុង​នោះ​មាន​ទ្រឹស្តី​ជា​ច្រើន​អំពី​មុខងារ​របស់​វា​ ដូចជា​ ជា​សំណង់​សាសនា​ ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ជា​កន្លែង​បញ្ចុះ​សព​ ឬ​ជា​ទីកន្លែង​សម្រាប់​មុខងារ​ទាំង​បី​។ ចំពោះ​ដើម​កំណើត​នៃ​ឈ្មោះ​ Tikal នេះ​ក៏​មិន​ច្បាស់​លាស់​ដែរ​ ប៉ុន្តែ​មាន​ឈ្មោះ​ក្រៅ​ច្បាស់លាស់​ថា​​ជា​ទីក្រុង​នៃ​សម្លេង​ (City of Voices)។

Bolshoi Zayatsky Island’s Stone ​​labyrinths ប្រទេស​រូស្ស៊ី


កោះ​ Solovetsky មាន​លំអ​ដោយ​ខ្សែ​ថ្ម​ដែល​មាន​សណ្ឋាន​ដូច​រាង​គូថ​ខ្យង ដែល​មាន​​ច្រក​ចូល​ និង​ចេញ​តែ​មួយ​​ ហើយ​​អ្នក​ស្រុក​ហៅ​ថា Babylons។ ដូចនេះ​ បើ​អ្នក​ដើរ​តាម​ដាន​ផ្លូវ​ដែល​រៀប​ដោយ​ដុំ​ថ្ម នោះ​អ្នក​នឹង​ចេញ​មក​វិញ​តាម​ច្រក​ដែល​អ្នក​ចូល​​ជា​មិន​ខាន​។ អ្នក​ប្រាជ្ញ​ខ្លះ​សរសេរ​​ថា​វា​ដូច​ជា​​អន្ទាក់​ត្រី​ ហើយ​អ្នក​ខ្លះ​ទៀត​សរសេរ​ថា​ វា​គឺ​សម្រាប់​ការ​កម្សាន្ត ដូចជា​កន្លែង​លេង​សម្រាប់​ការ​រាំ​​ជា​រង្វង់​មូល និង​ការ​លេង​ហ្គេម​។​ ប៉ុន្តែ​ភាគ​ច្រើន​ជឿ​ថា​ វា​ជា​រចនាសម្ព័ន្ធ​​​ព្រំដែន​ជាមួយ​ពិភព​ព្រលឹង​វិញ្ញាណ​។

Petra ប្រទេស​ហ្សកដង់​


បូជនីយដ្ឋាន​នេះ​មាន​កំពស់​៩០០​ម៉ែត​លើ​កម្ពស់​កម្រិត​ទឹក​សមុទ្រ ដែល​លាក់​ខ្លួន​ក្នុង​ផ្ទាំង​ថ្ម​។ អ្នក​ជំនាញ​បង្ហាញ​ពី​ភាព​អត់ធ្មត់​តាម​រយៈ​ការ​ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​ក្លាយ​ជា​ស្នាដៃ​ Petra យ៉ាង​ល្អ​ឯក។ នៅ​ខាង​ចុង​នៃ​ជ្រោះ​Siq មាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ផ្នែក​ខាង​មុខ​វិមាន​ដែល​មាន​សសរ​ និង​ដំបូល។​ វា​ត្រូវ​បាន​គេ​ហៅ​ថា​ ប្រាសាទ​ ឬ​ចេតិយ។ ចម្ងល់​គឺ​ថា​តើ​ជាង​ចម្លាក់​ធ្វើ​វា​បាន​ដោយ​របៀប​ណា​ ព្រោះ​ថា​ការងារ​នេះ​មិន​អាច​ទៅ​រួច​ទេ​ បើ​គ្មាន​រន្ទា​ខណៈ​ដែល​ពួក​គេ​​នៅ​មិន​​ទាន់​មាន​ចំណេះ​ពី​រន្ទា​នោះ​ផង​។

Stone Spheres ប្រទេស​កូស្តារីកា​


អ្នក​ដែល​រក​ឃើញ​ដុំ​ថ្ម​រាង​ស្វ៊ែរ​នេះ​ ​ជឿ​ថា​មាន​មាស​លាក់​នៅ​ខាង​ក្នុង​។ ដើម្បី​ទាក់ទាញ​ទេសចរ​ គេ​បាន​ដាក់​វា​នៅ​ទីលាន​នៃ​ទីក្រុង​។ ដោយ​សារ​តែ​ចលនា​​បំលាស់​ប្តូរ​ជា​ប្រចាំ​ ការ​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​មិន​អាច​ធ្វើ​ទៅ​បាន​ ហើយ​ទ្រឹស្តី​ពី​ប្រភព​របស់​វា​ក៏​មិន​ទាន់​សម្រេច​បាន​។ តើ​វា​​ជា​និមិត្ត​សញ្ញា​នៃ​ផែនដី ឬ​ជា​សញ្ញា​នេះ​ព្រំដែន​? ទ្រឹស្តី​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ភស្តុតាង​។

Terracotta Army ប្រទេស​​ចិន​


រូប​សំណាក​របស់​អ្នក​ចម្បាំង​​ និង​សេះ​ជាង​៨០០០​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ផ្នូរ​របស់​ Qin Shi Huang។ រូប​សំណាក​ទាំង​នេះ​ត្រូវ​បាន​កប់​ជា​មួយ​និង​មេដឹកនាំ​។ រូប​សំណាក​ទាហាន​ដែល​ធ្វើ​ដោយ​ដៃ​នេះ​មាន​ទំហំ​ប៉ុន​មនុស្ស​​មាន​ជីវិត​​ដោយ​មាន​ព័ត៌មាន​លម្អិត​តិចតួច​បំផុត​ ហើយ​គ្មាន​រូប​សំណាក​ណាមួយ​មាន​មុខ​ដូច​គ្នា​ទេ​។ វា​មាន​អាយុ​កាល​២០០​ឆ្នាំ​មុន​គ្រិស្តសករាជ។ ក្នុង​ពេល​ជីក​​កកាយ​ស្រាវជ្រាវ​ (កាល​ពី​ទសវត្ស​ឆ្នាំ​១៩៧០) អ្នក​វិទ្យាសាស្រ្ត​ត្រូវ​ធ្វើ​​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ ដើម្បី​សុវត្ថិភាព។

អង្គរវត្ត ប្រទេស​កម្ពុជា


ទើប​តែ​សតវត្ស​ទី​១៩​ទេ​ ដែល​ជនជាតិ​អឺរ៉ុប​បាន​ដឹង​ពី​វត្តមាន​នៃ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​នេះ​។ សំណង់​បាយអរ​​មាន​លក្ខណៈ​ល្អ​ ដែល​ពេល​ខ្លះ​គេ​សឹង​តែ​មើល​មិន​ឃើញ​តំណ​។ ថ្ម​មាន​លក្ខណៈ​រលោង​ខ្លាំង ហើយ​សំណង់​ភ្ជាប់​គ្នា​ជា​មួយ​និង​ទម្ងន់​ថ្ម​។ ប្រជុំ​ប្រាសាទ​ត្រូវ​បាន​រៀប​ចំ​ក្នុង​របៀប​មួយ​ដែល​អ្នក​ដំណើរ​ដែល​ចូល​ពី​ខាង​ណា​ក៏​អាច​មើល​ឃើញ​តែ​ប្រាង្គ​​៣។ ទិដ្ឋភាព​របស់​ប្រាសាទ​កាន់​តែ​ស្រស់​ស្អាត​ខ្លាំង​នៅ​រដូវ​ភ្លៀង​ ដោយ​មាន​ស្រះ​ទឹក​យ៉ាង​ធំ​ពេញ​ដោយ​ទឹក​ ធ្វើ​ឲ្យ​អង្គរវត្ត​ហាក់​ដូចជា​កោះ​នៅ​​កណ្តាល​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​។

Timbuktu ប្រទេស​ម៉ាលី​


តាម​រឿង​ព្រេង​ ទីក្រុង​លេច​ឡើង​ដោយ​សារ​តែ​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​​ Bucktu និង​ភាព​ប៉ិនប្រសប់​របស់​គាត់។ គាត់​គឺ​ជា​តួអង្គ​សំខាន់​ក្នុង​រឿង​ព្រេង​នៅ​យុគ​កណ្តាល​ ដូចជា​ the Street of Gold និង​Wise Men​ ជាដើម​។ គាត់​ និង​អ្នក​ចម្បាំង​មួយ​ក្រុម​បាន​ព្យាយាម​វាយ​យក​កាន់កាប់ African Eldorado ប៉ុន្តែ​មិន​ត្រលប់​មក​វិញ​រហូត​ដល់​បុរស​ជនជាតិ​បារំាងRené Caillié ពុត​ធ្វើ​ជា​អ្នក​ធម្មយាត្រា​។ គាត់​​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​ទីក្រុង​ក្រីក្រ​ជាមួយ​និង​អគារ​ធ្វើ​ពី​ភក់​។ បច្ចុប្បន្ន​នេះ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្សង​ព្រេង​ មាន​ការ​ទាក់​ទាញ​ដោយ​ស្ថាបត្យកម្ម​វិហារ​អ៊ីស្លាម​ដ៏​ប្លែក​ខុស​គេ​មួយ​នេះ​។

The Easter Island Statues ប្រទេស​ឆីលី​


នៅ​លើ​ដី​តូច​មួយ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ មាន​រូបចម្លាក់​ Moai ដ៏​ធំ​សម្បើម​ជា​ច្រើន​។ មាន​ភស្តុតាង​ដែល​ថា​វា​មាន​ការ​បំលាស់ទី​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ប៉ុន្តែ​​អ្នក​ដែល​​អាច​​ពន្យល់​ប្រាប់​ថា​រូប​ចម្លាក់​ធំៗ​ទាំង​អស់​នេះ​អាច​បំលាស់​ទី​ដោយ​របៀបណា​នោះ​បាន​ស្លាប់​យូរ​មក​ហើយ​​ព្រោះ​តែ​ជំនួញ​ទាសករ​។ វិធី​តែ​មួយ​គត់​ក្នុង​ការ​ស្រាយ​បំភ្លឺ​អាថ៌កំបាំង​​​នៃ​កោះ​នេះ​ គឺ​មើល​លើ​រូបចម្លាក់​ដែល​ស្ងៀមស្ងាត់​នោះ​។

​​​​Great Sphinx of Giza ប្រទេស​អេហ្ស៊ីប​


រូបចម្លាក់​ដ៏​ធំ​សម្បើម​នៅ​កណ្តាល​វាល​ខ្សាច់​នៅ​តែ​ជា​អាថ៌កំបាំង​ដ៏​ធំ​។ មាន​ការ​ជឿ​ថា​វា​គឺ​ជា​កិច្ចការ​របស់​ព្រះចៅ​ផារ៉ាអុង ប៉ុន្តែ​មាន​ការ​ផ្គុំ​ឡើង​វិញ​តែ​ Sphinx ប៉ុណ្ណោះ​។ ដង​ខ្លួន​ដែល​ស្រដៀង​ទៅ​នឹង​សត្វ​តោ​នោះ​ គ្រប​ដណ្តប់​ដោយ​សណ្ឋាន​ឆ្នូតៗ​ ដែល​នេះ​​ប្រហែល​មក​ពី​គន្លង​ខ្សែ​ទឹក​នៃ​ទឹក​ជំនន់​ដ៏​ធំ។ ចំណុច​ចម្លែក​មួយ​ទៀត​នោះ​គឺ​ក្បាល​​មិន​សមស្រប​ទៅ​នឹង​សមាមាត្រ​ ហើយ​មាន​ការ​រក​ឃើញ​ថា​មាន​បន្ទប់​នៅ​​ខាង​ក្នុង​ខាង​ក្រោម​រូប​ចម្លាក់​​ដ៏​ធំ​នេះ​។ ការ​ព្យាយាម​ក្នុង​ការ​សិក្សា​ពី​វា​ តែង​ជួប​គ្រោះថ្នាក់​ ឬ​ត្រូវ​បាន​កំហិត​ដោយ​អាជ្ញាធរ។ តើ​វា​អាច​ជា​ឆ្មាំ​វាល​ខ្សាច់​ទេ​ ប៉ុន្តែ​នៅ​មាន​ការ​សំងាត់​ជា​ច្រើន​ដែល​មិន​ទាន់​ដឹង​។

ប្រភព៖ BrightSide