បើនិយាយរឿងបេះដូង មនុស្សណាក៏មានដែរ ចុះបើអត់បេះដូងតើអ្នកនឹងស្លាប់តើមែនទេ? ខ្ញុំគ្មានបេះដូង តើខ្ញុំរស់នៅយ៉ាងណា? ឫក៏មានន័យថាខ្ញុំត្រូវរស់នៅដោយខ្វះស្នេហា ឫបេះដួងខ្ញុំមិនអានទទួលយកស្នេហាបាន? ឱ! បេះដូងអើយ ហេតុអ្វីក៏ធ្វើបាបខ្ញុំម្ល៉េះ ហេតុអ្វីមិនអោយខ្ញុំមានបេះដូងដូចមនុស្សគ្រប់គ្នា?
ខ្ញុំតែងតែសួរខ្លួនឯងតើក្នុងមួយវិនាទី បេះដូងមនុស្សធម្មតាលោតបានប៉ុន្មានដង? ខ្ញុំអស់សំណើច រួចក៏ផ្តល់ចំលើយអោយខ្លួនឯងយ៉ាងសាកសម។ ខ្ញុំ ថ្ងៃមួយបានជួបនឹងនារីម្នាក់ ស្រាប់តែបេះដូងខ្ញុំលោតខុសសព្វមួយដង ខ្ញុំយកដៃខាងស្តាំទប់ ហើយសង្កត់ព្រោះខ្ញុំខុសប្រក្រតី….!
ថ្ងៃបន្ទាប់មកទៀតនាងក៏ដើរចូលមកក្នុងជិវិតរបស់ខ្ញុំ បេះដូងខ្ញុំនៅតែលោតមិនឈប់ឈរ ខ្ញុំក៏ដើរគេចពីនាង ធ្វើពើរជាមិនឃើញ ! នាងចេះតែអាក់អន់ចិត្ត ហើយផ្ញើរសារមកសួរខ្ញុំជាហូរហែរ ពាក្យពេជ្រក្នុងសារ តែងតែធ្វើអោយខ្ញុំញញឹម ជាជាងខ្ញុំនៅក្បែរនាង ! នាងប្រហែលជាអាក់អន់ចិត្តព្រោះភាពព្រងើយកន្តើយរបស់ខ្ញុំណាស់ហើយមើលទៅ តែណ្ហើយខ្ញុំគ្មានជំរើសទេ ! ខ្ញុំសួរខ្លួនឯង តើខ្ញុំស្រលាញ់នាង? ចុះហេតុអ្វីក៏ខ្ញុំ មិនចង់នៅក្បែរនាង? ឫក៏ខ្ញុំជាមនុស្សគ្មានបេះដូង ដូចសារដែលនាងផ្ញើរមកមែន?

ខ្ញុំតែងតែលួចមើលនាងពីចំងាយ មើលចុះកាយវិការនាង ជាក្មេងស្រីដែលរីករាយ ឆ្លាត ចរិយាល្អ និងមានគំនិតជារបស់ខ្លួនឯង ខ្ញុំពេញចិត្តជាខ្លាំង កំពុងតែគិតពីនាងយ៉ាងភ្លឹក ស្រាប់តែនាងបែកមកចំប្រទះនឹងក្រសែភ្នែកខ្ញុំ ទើបតែពេលនេះ ខ្ញុំបានឃើញ ភ្នែកខ្មៅមូលក្រឡង់របស់នាង បេះដូងរបស់ខ្ញុំក៏លេងដើរ ខ្ញុំទន់ជង្កង់ដល់ដី រកដួលទាំងជំហរ ។ ខ្ញុំទន់ខ្សោយដូចជាមនុស្សស្រី ខ្ញុំនឹកខ្មាស់ក្នុងចិត្តខ្លួនឯងជាខ្លាំង មិនមែនខ្ញុំជាមនុស្សអៀនឫក៏ខ្ទើយទេ ខ្ញុំជាមនុស្សប្រុសពេញលក្ខណៈ សូមកុំយល់ច្រឡំ !
ពេលខ្ញុំភ្ញាក់ដឹងខ្លួន ខ្ញុំបើកភ្នែកប្រិមៗ មានអារម្មណ៍ថាមានម្រាមដៃតូចៗ កំពុងតែកាន់ដៃខ្ញុំ ខ្ញុំបើកភ្នែកយ៉ាងធំចំរង្វង់ភក្រ្ត័ស្រស់ប្រិមប្រិយដែលខ្ញុំតែងតែស្រម៉ៃ ឫក៏ជាការយលសប្តិ ព្រោះពេលនេះបេះដូងខ្ញុំមិនលោតខុសចង្វាក់ទៀតទេ…! មិនមែនទេ គឺមនុស្សពិតៗ ! គឺជានាង គឺជាមុនី ! នាងវាចារយ៉ាងស្រឡន់ចេញពីបបូរមាត់តូចក្រហមព្រឿងៗរបស់នាង ៖ បងមិនអីទេមែនទេ? បងចំរើន? (ខ្ញុំងក់ក្បាលតិច បំពងករស្ងួតចែស និយាយអ្វីមិនចេញ) នាងស្ទុះទៅចាក់ទឹក រួចលើកខ្ញុំឡើង ទើបតែពេលនេះ ខ្ញុំបាននៅជិតមនុស្សស្រីម្នាក់ដែលខ្ញុំតែងតែគេចមុខ ! នេះមកពីខ្ញុំ មិនដែលសាកល្បងនៅជិតនាង ឫស្វែងយល់ពីនាងអោយបានច្បាស់ ទើបបានជាបេះដូងខ្ញុំមិនអាចទទួលនាងបាន ខ្ញុំល្ងង់ណាស់មែនទេ? ក្រោមការមើលថែរបស់នាង ខ្ញុំហាក់ដូចជា បានធូរស្រាល ជាជាងឱសថទិព្វពីសួគា ។
ពួកយើងពេលនេះមានទំនាក់ទំនងលើសពីមិត្ត អាចថាជាសង្សារ ក៏ថាបាន? ខ្ញុំមានអារម្មណ៍កក់ក្តៅនិងសប្បាយចិត្ត ហាក់ភ្លេចរឿងមួយបាត់ទៅហើយ ! តើខ្ញុំកំពុងតែធ្វើអ្វី? តើខ្ញុំកំពុងសាងស្នេហាតើមែនទេ? សាងដើម្បីអ្វី បើខ្ញុំគ្មានបេះដូងដូចមនុស្សឯទៀតផងនោះ? សំណួរជាច្រើន ចាក់ដោតពេញខួរក្បាល តើខ្ញុំរកចំលើយ សាកសមសំរាប់ខ្លួនឯងបានទេ?
មុនី៖ បងមានរឿងអ្វីបានជាមុនស្រពោនម្ល៉េះ?
ខ្ញុំ៖ បងចង់ប្រាប់រឿងមួយដល់អូន ? តើបងគួរប្រាប់អូនពេលនេះឫថ្ងៃក្រោយ?
មុនី៖ បងគួរតែប្រាប់ពេលនេះ បើប្រាប់ថ្ងៃក្រោយ ខ្ញុំអាចកែប្រែចិត្តលែងចង់ស្តាប់ក៏ថាបាន?
ខ្ញុំ៖ យើងបែកគ្នាទៅ? បងមិនអាចស្រលាញ់អូនបានទេមុនី អោយបងសុំទោស !
មុនី៖ នេះជាអ្វីដែលបងចង់ប្រាប់? តើបងខំសាងវាដើម្បីអ្វី ? មុននឹងបងធ្វើតើបានគិតដល់ចិត្តខ្ញុំខ្លះទេ?
ខ្ញុំ៖ បងសុំទោសផង ! មុនី ! មុនី !……..(នាងក៏រត់ទៅបាត់ ទាំងមិនបានស្តាប់សំដីចុងក្រោយរបស់ខ្ញុំ)
ខ្ញុំផ្ញើរសារទៅនាង នាងខឹងនឹងខ្ញុំ គេចមុខពីខ្ញុំ តើខ្ញុំគួរធ្វើយ៉ាងណា? នាងមិនតបសារខ្ញុំទេ ខ្ញុំទទួលនូវភាពឯការ ហើយបេះដូងរបស់ខ្ញុំលោតជាខ្លាំងនៅពេលឃើញសាររបស់នាងតបមកម្តងៗ តែវាមិនលោតពេលដែលខ្ញុំនៅឈរទល់មុខនឹងនាងទៀតទេ តើខ្ញុំកំពុងតែគិតអ្វី? តើហេតុអ្វី ក៏វាត្រឡប់ផ្ទុយគ្នាបែបនេះ? តើខ្ញុំឫនាងជាអ្នកឈឺចាប់?
មុនី តើអាចមកជួបខ្ញុំនៅពេលចុងក្រោយបានទេ ខ្ញុំមានរឿងចង់សារភាព ៖
មុនី បងមិនមានបំណងបង្កើតស្នេហាទេ ! ជីវិតបងគឺរស់ប្រៀបដូចជាស្លាប់ ! តែនៅពេលដែលបងបានស្គាល់អូន បងញញឹម បងរីករាយ ខុសពីបងកាលពីមុន ! តែបងមិនបានគិតដល់លទ្ធផលចុងក្រោយដែលបានធ្វើអោយអូនឈឺចាប់ ! បងជាមនុស្សគ្មានបេះដូង ! បេះដូងរបស់អូនបានមកនៅក្នុងខ្លួនរបស់បង ដោយមិនដឹងខ្លួន ! លុះបងបានដឹង បងក៏តាំងចិត្តប្រគល់បេះដូងដ៏ស្អាតផូរផង់អោយអូនវិញ !

បងមិនអាចរស់នៅលើលោកនេះបានយូរទេ៖ បងមានជំងឺបេះដូង ! បងគ្មានបេះដូងនឹងទទួលយកការស្រលាញ់នេះទេ !
បងសុំទោសអូន ជេរបងថាជាមនុស្សគ្មានបេះដូងចុះ…..! បងទទួលយក….!
មុនីរត់មកអោបខ្ញុំ ហើយទះស្មាខ្ញុំតិចៗ៖ បងចំរើន ខ្ញុំសុខចិត្តប្រើពេលវេលាចុងក្រោយ បើអាចកំដរនិងជូនដំណើរបង ខ្ញុំសុខចិត្ត ខ្ញុំមិនស្តាយក្រោយឡើយ។ តំនក់ទឹកភ្នែកក្តៅអ៊ុនៗស្រក់លើខ្នងខ្ញុំ ខ្ញុំសែនខ្លោចផ្សារក្នុងចិត្តហួសនឹងអធិប្បាយ…។
ខ្ញុំស្រវ៉ាអោបនាងវិញយ៉ាងណែន ហាក់ទទួលបាននូវអារម្មណ៍ថា ពិភពលោកនេះគឺមានតែខ្ញុំនិងនាង ពួកយើងបានកាន់ដៃគ្នាយ៉ាងណែន ហើយដើរសំដៅទៅរកស្នាមញញឹម ដែលមានតែទឹកភ្នែក ។
មុនីបានរៀបចំតុអាហារ ដែលពោរពេញដោយភាពរ៉ូម៉ែនទិច ពេលខ្ញុំមកដល់បន្ទប់របស់នាងប្រៀបដូចជាឋានសួគ៍ស្នេហ៍ក្នុងសុបិន នាងរៀបចំយ៉ាងស្អាត សំរាប់ខ្ញុំ នាងស្លៀករ៉ូបពណ៌សដូចកូនក្រមុំ នាងស្រស់ស្អាតណាស់ថ្ងៃនេះ ពន្លឺភ្លើងទៀនព្រិចៗ មិនអាចបិទបាំង កែវភ្នែកដ៍ស្រស់ស្អាតរបស់នាងឡើយ ។ ពួកយើងនៅក្នុងបន្ទប់តែពីរនាក់ ញ៉ុំាអាហារយ៉ាងឆ្ងាញ់ ពន្លឺភ្លើងទៀន ហាក់នាំអារម្មណ៍យើងអោយអណ្តែត គួចត្របាញ់រកគ្នា ខ្ញុំចាប់ដៃនាងថ្មមៗមកថើប នៅលើពូកគ្រែដែលលំអរទៅដោយផ្កាម្លិះ ខ្ញុំបីនាងដាក់ថ្នមៗ នាងបិទភ្នែកជិត តោងកខ្ញុំ ខ្ញុំយកដៃអង្អែលផ្ពាល់នាង ហើយថើប មិនជិនណាយ ពួកយើងអោបគ្នាយ៉ាងស្អិត ពេញមួយរាត្រី ។ ខ្ញុំមិនបានធ្វើអ្វីនាងទេ ក្រៅពីអោបនឹងថើបនាង ខ្ញុំអាណិតនាង ខ្លាចពេលដែលខ្ញុំស្លាប់ទៅ នាងនឹងរស់នៅជាមួយអតីតដ៏ឈឺចាប់។
នាងកាន់ដៃខ្ញុំចុះជណ្តើរ ជារៀងរាល់ព្រឹក នាងតែងតែអោបខ្ញុំយ៉ាងណែន មុនខ្ញុំចេញដំណើរទៅធ្វើការ ខ្ញុំតែងតែរកលេះចាកចេញពីនាង តែនាងនៅតែអង្វរខ្ញុំ ហើយពេលនេះខ្ញុំកើតចិត្តអាណិតដល់ស្នេហាភក្តីដែលនាងមានចំពោះខ្ញុំជាខ្លាំង។ រាល់អាហារពេលល្ងាច នាងតែតែរូតរះចេញពីធ្វើការយ៉ាងប្រញាប់ប្រញាល ធ្វើ នឹងត្រៀមទុកសំរាប់ពួកយើងពីរនាក់ជានិច្ទ ជាច្រើនរាត្រី ខ្ញុំតែងតែឃើញនាងសរសេរដាក់ក្នុងសៀវភៅពណ៌ផ្កាឈូករបស់នាងរហូត។ ពេលខ្ញុំភ្ញាក់ពីគេង កណ្តាលអាធ្រាត្រ នាងនៅតែប្រឹងសរសេរយ៉ាងយកចិត្តទុកដាក់ ខ្ញុំហៅនាងអោយមកគេងវិញ…នាងក៏បិទភ្នែកសំងំក្នុងរង្វង់ដែរបស់ខ្ញុំ ខ្ញុំមិនដឹងថានាងគេងលក់ ឫអត់ទេ? តែខ្ញុំមិនចង់ភ្ញាក់ឡើងបាត់នាងទៀតទេ…។
ពេលវេលានៃជីវិតខ្ញុំបានមកដល់ នាងកាន់ដៃខ្ញុំទៅមន្ទីរពេទ្យដើម្បីកំដរដង្ហើមចុងក្រោយ ខ្ញុំបើកភ្នែកតិចៗ ហាក់ខ្សោយខ្សោះ ដកដង្ហើម ម្តងចេញ ម្តងចូល ម្តងផុត ម្តងរលត់ យមរាជហាក់កំនត់អោយខ្ញុំ បានស្លាប់ក្នុងរង្វង់ដៃស្រីដែលខ្ញុំស្រលាញ់ ខ្ញុំញញឹមដាក់នាងរួចបិទភ្នែក ចាកចេញទៅ….។
មិនដឹងថាហេតុអ្វីពេលនេះខ្ញុំភ្ញាក់ឡើងវិញ ខ្ញុំហាក់ធូរស្រាលជាងមុន ឫក៏ជាការយលសប្តិ ! ខ្ញុំស្រែករកមុនី ! មុនី ! ក្រុមគ្រួសារខ្ញុំ គ្មាននរណា និយាយអ្វីឡើយ…ទោះខ្ញុំអង្វរ ឫព្យាយាមរកមុនី ក៏ខ្ញុំរកនាងមិនឃើញឡើយ…គ្រប់ទីកន្លែង គ្រប់គ្នា គ្មាននរណាដឹងថានាងទៅទីណាទេ….។
ខ្ញុំត្រឡប់មកវិញទាំងអស់សង្ឃឹម ៣ខែហើយដែលខ្ញុំរកនាងមិនឃើញ ជីវិតខ្ញុំប្រៀបដូចជារស់ទាំងគ្មានន័យ ខ្ញុំមិនចងរស់នៅទៀតទេ ។ ខ្ញុំសួរខ្លួនឯង តើនាងគេចពីខ្ញុំដើម្បីអ្វី? ខ្ញុំរើររបស់របរចោលពេញបន្ទប់ ស្រាប់តែខ្ញុំបានឃើញសៀវភៅពណ៌ផ្កាឈូក រូបថតខ្ញុំនិងនាង ពេលវេលា ម៉ោង ទីកន្លែង គ្រប់កាយវិការ នាងកត់ត្រាទុក ធ្វើអោយខ្ញុំភ្ញាក់ ដោយភិតភ័យ ! កំលុងពេលដែលនាងបាត់ខ្លួន គឺជាពេលវេលា ដែលនាង យកបេះដូងរបស់នាង មកដាក់ក្នុងខ្លួនខ្ញុំ នាងបានធ្វើបែបបទ និងលិខិតបរិច្ចាគបេះដូងមកខ្ញុំ ទើបបានជាខ្ញុំមានជីវិតរស់មកដល់ពេលនេះ…!

បងចំរើន ! ថ្ងៃនេះអូនសូមប្រគល់បេះដូងនេះអោយបងថែរក្សា ! អូនសូមនៅក្នុងទ្រូងបងជារៀងរហូត ! បងកុំសោកស្តាយឫខឹងនឹងអូនដែលធ្វើបែបនេះ ! ព្រោះអូនមិនអាចរស់ហើយមើលឃើញការចាកចេញរបស់បងឡើយ ! សូមបងរក្សាបេះដូងអូន អោយនៅស្ថិតស្ថេរក្នុងលោកនេះជាមួយបង ! បងត្រូវតែរស់នៅដើម្បីមនុស្សដែលខំបូជាព្រោះស្រលាញ់បង…! អូននឹងនៅក្បែរបង សំលឹងមើលបងពីចំងាយ ! ហើយយើងនិងនៅជិតគ្នាជារៀងរហូត….!

ខ្ញុំគ្មានបេះដូង តែបេះដូងខ្ញុំបានជំនួសដោយមនុស្សដែលខ្ញុំស្រលាញ់បំផុត ! ខ្ញុំតែងតែងឃើញនាង ប្រកដឡើងនៅនឹងមុខខ្ញុំជានិច្ច នាងមិនដែលទៅណាឆ្ងាយពីខ្ញុំឡើយ ! ពេលណា ក៏នាងតែងតែស្ថិតក្នុងបេះដូងខ្ញុំជានិច្ច ទោះខ្ញុំមិនបានកាន់ដៃនាងតែនាងតែងតែផ្តល់ស្នាមញញឹម ពេញមួយជីវិតរបស់ខ្ញុំ៕