មានសត្វលាមួយក្បាល បានធ្លាក់ទៅក្នុងរណ្តៅសំរាមដ៏ជ្រៅមួយ ម្ចាស់របស់វាមើលហើយក៏គិតពីតំលៃជួលដែលត្រូវសែងយកវាមកវិញ ហើយក៏សំរេចចិត្តទុកវាចោល ព្រោះតំលៃខ្លួនវាមួយក្បាលមិនស្មើនិងតំលៃដែលត្រូវជួលគេដើម្បីយកវាចេញពីរណ្តៅដ៏ជ្រៅនោះ
លាមួយក្បាលនោះត្រូវរស់នៅក្នុងរណ្តៅនោះយ៉ាងឯកោហើយ មួយថ្ងៃៗនៅមានមនុស្សបោះសំរាមចូលរណ្តៅនោះទៀត
លានោះខឹងណាស់ខឹងខ្លួនឯង ថាហេតុអ្វីសំណាងអាក្រក់ត្រូវមកធ្លាក់រណ្តៅបែបនេះ ម្ចាស់វាបោះបង់វាចោល បើចង់អោយវាស្លាប់ម្តេចមិនអោយវាស្លាប់ស្រួលជាងនេះបន្តិច មួយថ្ងៃៗមានសំរាមសង្កត់លើខ្លួនវាច្រើនឡើងៗ
តែថ្ងៃមួយលានោះក៏បានប្តូរទស្សនៈខ្លួនឯង និងសំរេចចិត្តផ្លាស់ប្តូរពីវិធីរស់នៅបន្តក្នុងរណ្តៅនោះ ដោយលានោះព្យាយាមជាន់សំរាមទាំងនោះនៅនឹងជើងវិញមិនអោយសំរាមទាំងនោះសង្កត់លើខ្លួនវាទៀត ថែមទាំងរកអាហារពីសំរាមទាំងនោះដើម្បីមានជីវិតបន្ត
វេលាកន្លងផុតទៅ សំរាមទាំងនោះគកាន់តែខ្ពស់ទៅៗ រហូតដល់ថ្ងៃមួយលានោះអាចចេញពីរណ្តៅនោះបានដោយខ្លួនឯង មកកាន់ពិភពលោកខាងក្រៅម្តងទៀត

***រឿងនេះចង់អប់រំឲយើងដឹងថា***

  • កុំបាក់ទឹកចិត្តពេលដែលបំណងប្រាថ្នាក្នុងជីវិតមិនបានសំរេច
  • កុំតូចចិត្តនៅពេលដែលប្រុសជាទីស្រលាញ់របស់អ្នកមានមិនស្មើរអ្នកផ្សេង
  • កុំតូចចិត្តដោយសារមនុស្សស្រីដែលអ្នកបានជ្រើសរើសមិនស្អាតល្អឆើតដូចអ្នកផ្សេង
  • កុំតូចចិត្តដែលអ្នកគ្មានឪពុកល្អម្នាក់
  • កុំតូចចិត្តដែលការងារអ្នកមិនល្អ ប្រាក់ខែមិិនច្រើន
  • កុំតូចចិត្តដែលសមត្ថភាពរបស់អ្នកគ្មានអ្នកណាមើលឃើញ
  • ក្នុងជីវិតយើងម្នាក់ៗតែងតែមានរឿងជាច្រើនដែលតែងតែជួបការបរាជ័យ ទោះបីក្នុងមួយជីវិតនេះយើងទទួលតែសំរាម តែយើងក៏អាចជាន់សំរាមនៅក្រោមបាតជើងរបស់យើងដូចគ្នា ហើយឡើងទៅរកចំណុចដែលខ្ពស់បំផុត
  • នៅក្នុងពិភពលោកយើងនេះ គ្មានអ្នកណាខ្វល់ទេ ថាអ្នកឡើងខ្ពស់មកបានដោយសារការឈរលើស្មាយក្ស ឬក៏គំនរសំរាម ឬក៏ឡើងមកបានដោយវិធីណា គេនឹងចាប់អារម្មណ៍ត្រឹមថា អ្នកអាចឡើងមកដល់កំរិតដែលខ្ពស់បំផុតឬទេយើងមើលសត្វលា ជាគំរូ គេគ្រាន់តែចាប់ផ្តើមជាថ្មី ជីវិតវាក៏ផ្លាស់ប្តូរ
  • ជីវិតមនុស្សយើងមានតែប៉ុណ្ណឹង ការបរាជ័យ ឧបសគ្គ ភាពលំបាកលំបិន យើងចាំបាច់ទៅគាំងជាប់ជាមួយនិងបញ្ហាទាំងនោះធ្វើអ្វី ត្រូវចាត់ទុកវាជាសំរាមដែលស្ថិតនៅក្រោមជើងយើង វាដូចជាទ្រព្យ ជាដើមទុនសំរាប់យើងបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយបន្តទៀត ចូរចាត់ទុកវាដូចជាជណ្តើរឡើងទៅកាន់ទីខ្ពស់តាមដែលអាចទៅរួច ដើម្បីថ្ងៃអនាគតខាងមុខរបស់យើង។