ការ​បញ្ចុះ​បញ្ចូល​មាន​ន័យ​ថា​ ប្រើ​ឲ្យ​ធ្វើ​គេ​ធ្វើ​កិច្ច​ការ​ដែល​គេ​ចង់​ធ្វើ​ដោយ​ខ្លួន​ឯង មិន​មែន​បង្ខំ​ឲ្យ​គេ​ធ្វើ​ទេ។ ឆ្លង​តាម​រយៈ​បទ​ពិសោធន៍​ការងារ​ជា​អ្នក​បញ្ចុះ​បញ្ចូល​នៅ​ការិយាល័យ​ស្រាវ​ជ្រាវ​សហព័ន្ធ (FBI) អាមេរិក ជាង ២០ ឆ្នាំ​ អតីត​ភ្នាក់ងារ​ម្នាក់​បាន​ចែក​រំលែក​​វិធី​សាស្ត្រ​​សាមញ្ញៗ​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​មនុស្សដូច​ខាង​ក្រោម​​៖

១. ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែលយើង​​ចង់​បញ្ចុះ​បញ្ចូល​៖

ពេលវេលា​គឺ​ជា​ឧបករណ៍​ដ៏​មាន​អានុភាព​សម្រាប់​បញ្ចុះ​បញ្ចូល​មនុស្ស។ ចំណាយពេល​ជាមួយ​គ្នា​កាន់​តែ​ច្រើន​ កាន់​តែ​ងាយ​ស្រួល​បញ្ចុះ​បញ្ចូល។ ពេលវេលា ជួយ​បង្កើន​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក។ ប្រសិន​បើ​ឱពុក​ម្តាយ​ចង់​មាន​ឥទ្ធិពល​លើ​កូន​ៗ ឱពុក​ម្តាយ​គួរ​ចំណាយ​ពេល​ជា​មួយ​កូន​ៗឲ្យ​បាន​ច្រើន​។ ប្រសិន​បើ​​យើង​ចង់​ឲ្យ​​គេ​ចូ​ល​ចិត្ត​ យើង​គួរ​ចំណាយ​ពេល​ជាមួយ​គេឲ្យ​បាន​ច្រើន។

២. ធ្វើ​ខ្លួន​ឲ្យ​ចុះ​សម្រុង​​នឹង​គេ៖

ជា​ទូទៅ​មនុស្ស​ចង់​ជួយអ្នក​ដែល​គេ​ចូល​ចិត្ត ដូច្នេះ​យើង​ត្រូវ​ចេះ​រៀប​ខ្លួន​ឲ្យ​ដូច​ជា​គ្នា​គេ។

៣. កុំ​ឲ្យ​គេ​បដិសេធ​ទាន់​៖

ទោះ​បី​ជា​យើង​មិន​អាច​មើល​ដឹង​ក្នុង​ជម្រៅ​ចិត្ត​ថា​​ ​គេ​កំពុង​គិត​អ្វី​ក៏​ដោយ​ ក៏​យើង​អាច​ស្មាន​ដឹង​តាមរយៈ​ការ​សង្កេត​លើ​បបូរ​មាត់។ កាលណា​បបូរ​មាត់​របស់​​គេ​ញាក់​ មានន័យ​ថា​​គេ​ចង់​បដិសេធ។ ត្រង់​នេះ​យើង​ត្រូវ​រក​វិធី​បង្វែរ​គំនិត​របស់​គេភ្លាម​ គឺ​កុំ​ឲ្យ​គេ​និយាយ​បដិសេធ​ទាន់​ ព្រោះ​ថា​បើ​គេ​និយាយ​ចេញមក​ហើយ​យើង​ពិបាក​នឹង​កែ​ប្រែ​ទស្សនៈ​របស់​គេ​ណាស់។ បើ​ត្រឹម​តែ​គិត​ក្នុង​ចិត្ត យើង​អាច​នឹង​មាន​ឱកាស​ប្តូរ​ទស្សនៈ​របស់​គេ​បាន។

៤. ធ្វើ​ដូច​ជា​ឆ្ងល់៖

ជា​ទូទៅ​កាលណា​ចេះ​ដឹង​រឿង​អ្វី​មួយ មនុស្ស​ច្រើន​តែចង់​ជួយ​ អ្នក​ផ្សេង​ដែល​មិន​សូវ​ដឹង​រឿងនោះ​។ ប្រសិន​បើ​អ្នក​ដឹង​ថា​គេ​ពូកែ​ខាង​អ្វី​មួយ​ អ្នក​អាច​ធ្វើ​ដូច​ជា​ឆ្ងល់​និង​សុំ​​ឲ្យ​គេ​ជួយ​លើ​ជំនាញ​មួយ​នោះ​។ វិធីសាស្ត្រ​នេះ ធ្វើ​ឲ្យ​គេ​បើក​ចិត្ត​ចង់​ជួយ និង​សហការ​ជាមួយ​អ្នក។