​ស្រី្ត គឺ​ប្រៀប​​​ដូច​ជា​​​ផ្កា​​ដែល​​តែង​​តែ​​សាយ​​​សព្វ​​គន្ធា​​​ដល់នាសា​ជន​​​ទាំងឡាយ​​​ទាំងពួង​​ឲ្យ​​ឈ្លក់​​វង្វេង​​ក្នុង​វាល​វដ្ត​​សង្សារ​​។ យើង​តែង​តែ​និយាយ​ថា នារី គឺ​ជា​​ភេទ​​​ទន់ខ្សោយ ប៉ុន្តែ ​​ដឹងទេ​​ថា​​ នារី​​ខ្មែរ​​មាន​លក្ខណៈ​​​ពិសេស ដែល​ធ្វើឲ្យ​​គេ​​ទទួល​ស្គាល់​​បាន បូករួម​​ជា​មួយ​​នឹង​មន្តស្នេហ៍​​​ពី​​ធម្មជាតិ កាន់តែ​​បន្ថែម​​​សម្រស់​​​​របស់​​នា​រី​ខ្មែរ​​ទ្វេ​ឡើង​មួយ​កម្រិត​​​ទៀត ខាង​​ក្រោម​នេះ ជា​មន្ត​​ស្នេហ៍​​ធម្មជាតិ​​របស់​នារី​​ខ្មែរដែល​​​មាន​​​ហើយ និងជា​​​អ្វី​ដែល​​​យើង​​អាច​​​បណ្ដុះ​បណ្ដាល​​បានបន្ថែម​៖

រឹងមាំ រឹងប៉ឹង​តែ​មិន​រឹង​រួស​

​ចំនុច​នេះ សំដៅ​ទៅលើ​គោលជំហរ​របស់​ស្ត្រី​ដែល​មិន​រុញ​រា​ក្នុងការ​ធ្វើ​ការងារ មិន​ទម្រន់ ធ្វើការ​អ្វី គឺ​មាន​គោលជំហរ​ច្បាស់លាស់​ទោះ​មាន​ឧបសគ្គ​ប៉ុណ្ណា មិន​ដែល​រាថយ មិន​ដែល​ចុះញ៉ម​អ្នកណា​ក៏​មិន​ឲ្យ​អ្នកណា​មើល​ងាយស្រួលៗ​ដែរ​។ ជាក់ស្ដែង​ក្នុង​ជីវិត​រស់នៅ​រមែងតែងតែ ជួប​ការលំបាក តែ​ភាពរឹងមាំ​មួយចំនួន​បាន​ធ្វើឲ្យ​ស្ត្រី​មាន​ឥទ្ធិពល ហើយ​ជំនះ​វា​ដើម្បី​ទទួល បាន​ជោគជ័យ​មួយ​ដ៏​ប្រសើរ​។ តួយ៉ាង​ដូចជា ព្រះ​នាង​ឥន្ទ្រ​ទេវី ដែល​ជា​អគ្គមហេសី​ដែល​រឹងមាំ គ្រប់ពេលវេលា ព្រមទាំង​ជា​គម្រូ​ដល់​នារី​គ្រប់រូប​។ ភាព​មិន​រឹង​រួស គឺ​មិនមែន​ឲ្យស្រប​តាម​គេ គ្រប់​ពេលវេលា​នោះ​ទេ តែ​ត្រូវ​ចេះ​ទទួលយក​គំនិត​របស់​អ្នកដទៃ មក​ធ្វើ​ការថ្លឹងថ្លែង​ពិចារណា កន្លែង​ដែល​ត្រូវ​ស្រប គួរតែ​ស្រប​ជៀសវាង​ជំលោះ មិន​ថា​ជាមួយ​មិត្ត​ភក្កិ ជាមួយ​ឪពុក​ម្ដាយ ឬ​ជាមួយ​ស្វាមី​នោះ​ទេ​តែ​ត្រូវ​ឈ​លើ​គោល​គំនិត​ត្រឹមត្រូវ​មួយ​។​

ផ្អែមល្ហែម​តែ​មិន​ពិសពុល​

​ពាក្យសម្ដី គឺជា​កត្តា​សំខាន់​ដែល​អាច​បង្ហាញ​ពី អត្ត​ចរិក ពូជពង្សវង្សត្រកូល ការអប់រំ ព្រមទាំង សីលធម៌​របស់​យើង​ផងដែរ ដូចនេះ​វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវតែ​និយាយ​ពាក្យ​ផ្អែម​ល្ហែម ចេញពី​ចិត្ត អារម្មណ៍ និង​បេះដូង​ដ៏​បរិសុទ្ធ​។

ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ​

​រាល់​ការ​ដេក​ដើរ​ឈ​អង្គុយ មិនមែន​ឲ្យ​យើង​ទៅ​គោរព​តាម​ច្បាប់ស្រី​មួយរយ​ភាគរយ​នោះទេ ព្រោះ​សម័យកាល​នេះ​គឺ​ត្រូវ​មាន​ភាពរហ័សរហួន ព្រមទាំង​ស្វាហាប់​ផងដែរ​។ ប៉ុន្តែ​យើង​ត្រូវ តែ​ដឹង​ថា​កាយវិការ​ណា​គួរ​ធ្វើ នៅ​កាលទេស​បែបណា ឧទាហរណ៍​ថា ពេល​ជួប​ជាមួយ​ចាស់ ទុំ​ត្រូវ​ប្រកាន់​ភាពទន់ភ្លន់ ឱនលំទោន​ជានិច្ច ហើយ​ការ​ដែល​យើង​គោរព​ប្រពៃណី​ខ្មែរ​ដោយ គ្រាន់តែ​លើក​ដៃ​សំពះ​ក៏​គ្មាន​ខូចខាត​អ្វី​ដែរ​ត្រូវ​ទេ​?

​រាល់​លក្ខណៈ​ខាងលើ​គ្រាន់តែ​ជា​គន្លិះ​មួយ​ចំនួន​ប៉ុណ្ណោះ តែ​សំខាន់​គឺ​ស្ថិតនៅលើ​ការអនុវត្ត ការ​ចវ​ស្វែងយល់​ដោយ​ខ្លួនឯង តាមរយៈ​ការរស់នៅ បទបិសោធន៍​ជីវិត ព្រមទាំង​ចំណុច​ជា ច្រើន​ទៀត​ដែល​យើង​គួរតែ​យក​មក​ប្រតិបត្តិ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

« កុំភ្លេចថា ស្នាមញញឹម ព្រមទាំងកែវភ្នែក គឺជាមន្តស្នេហ៍សម្រាប់ទាក់ទាញចិត្តយ៉ាងសំខាន់»