មានក្មេងប្រុសម្នាក់ចូលចិត្តអានសៀវភៅខ្លាំងណាស់។ គាត់ចូលចិត្តអានអ្វីទាំងអស់ដែលគាត់មាន, ចូលចិត្តទៅតូបលក់សៀវភៅមួយ ហើយរកសៀវភៅណាដែលគាត់ចាប់អារម្មណ៍តាមចំណងជើងថ្មីៗ។ ថ្ងៃមួយ, ក្មេងប្រុសនោះដឹងថាគាត់បានទិញអានសៀវភៅទាំងអស់ក្នុងតូបនេះហើយ។ គាត់ទៅសួរអ្មកលក់ថាមានអីដែលគាត់ត្រូវទិញទៀតអត់។

ម្ចាស់តូបមើលមុខគាត់យ៉ាងមាំហើយតប, «បាទ…ខ្ញុំមាន!»

គាត់ជំទើតយកសៀវភៅចំណាស់មួយពីលើទូ។ បោសធូលីពីក្របរួច, គាត់បង្ហាញទៅក្មេងប្រុសនោះ។ ក្របសៀវភៅមានរូបក្រវេមក្រវ៉ាម និងមានចំណងជើងពីលើថា “សៀវភៅមរណៈ”។ អ្នកលក់ប្រាប់ថាវាជាសៀវភៅដ៏កម្រមានបំផុត។

«តម្លៃប៉ុន្មាន?» ក្មេងប្រុសសួរយ៉ាងហំហាន។

អ្នកលក់ប្រាប់ថាសៀវភៅកម្រនឹងមាននេះមានតម្លៃ$2000, តែគាត់រីករាយនឹងលក់ជូនក្មេងប្រុសនេះក្នុងតម្លៃបញ្ចុះត្រឹម $199។

ក្មេងប្រុសងក់ក្បាលហើយហើយសន្សំលុយជាច្រើនសប្ដាហ៍រហូតដល់មានលុយគ្រប់គ្រាន់ដើម្បីទិញសៀវភៅនោះ។ គាត់រត់ទៅតូបសៀវភៅហើយហុចលុយឱ្យអ្នកលក់។ អ្នកលក់ហុចសៀវភៅកម្រនោះឱ្យក្មេងប្រុសដ៏រំភើបនោះ។ តែ, ពេលក្មេងប្រុសនោះប្រុងនឹងយកសៀវភៅទិញថ្មីនោះចេញពីតូប, អ្នកលក់បានហាមថាមិនឱ្យអានទំព័រដំបូងជាដាច់ខាត ព្រោះអាចនឹងគាំងបេះដូងស្លាប់។

ក្មេងប្រុសនោះមកដល់ផ្ទះហើយបើកសៀវភៅនោះ។ គាត់ប្រាកដច្បាស់ថាបានរំលងទំព័រដំបូងហើយពេលបិទសៀវភៅវិញគាត់បិទភ្នែកទាំងពីរ ខ្លាចឃើញទំព័រមុខជាយថាហេតុ។ គាត់ចំណាយពេលល្ងាចៗដើម្បីអាន។ សៀវភៅនៅពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ហើយគាត់មិនស្ដាយលុយដែលទិញវាមកទេ។ ទោះជាយ៉ាងណា, ច្រើនថ្ងៃកន្លងទៅក៏ដោយ គាត់នៅតែឆ្ងល់ថាមានអាថ៌កំបាំងអីនៅទំព័រមុខនោះ? វាតែងដិតក្នុងចិត្តគាត់ជានិច្ច។

ថ្ងៃមួយ, ការចង់ដឹងបានកញ្ជោលចិត្តក្មេងប្រុសនោះ។ គាត់សម្រេចចិត្តបើកទំព័រមុខបង្អស់ហើយអានទំព័រនោះ។ រំពេជនោះ, គាត់ទម្លាក់សៀវភៅចេញពីដៃដោយតក់ស្លុត។

នៅលើទំព័រនោះ មានឃ្លាដិតខ្មៅមួយប្រយោគដាក់ថា “តម្លៃសៀវភៅ : $1.99”៕