នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលថ្ងៃសែនចូលឆ្នាំចិន ក៏ដូចជាពិធិបុណ្យចូលឆ្នាំចិនឈានចូលមកដល់ ដូច្នេះចាប់ពីអំឡុងពេលនេះ បងប្អូនខ្មែរដែលកាត់ចិន កំពុងតែរវល់យ៉ាងមមាញឹកនឹងការបោសសម្អាតផ្ទះសម្បែង ព្រមទាំងទិញឥវ៉ាន់សែន ឥវ៉ាន់ថ្មីៗ សម្រាប់ត្រៀមទទួលឆ្នាំថ្មី

សម្រាប់ថ្ងៃសែនចូលឆ្នាំចិន ដែលត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ក្នុងឆ្នាំនេះ គឺជាថ្ងៃដ៏សំខាន់មុននឹងថ្ងៃចូលឆ្នាំ ដោយបងប្អូនញាតិមិត្តសាច់សារលោហិតកាត់ចិន នឹងមកជួបជុំគ្នា មិនត្រឹមតែសែនមួយមុខនោះទេ។ ជនជាតិចិនមានជំនឿថា ម្ហូបអាហារនិងរបស់សែននីមួយៗត្រូវមានអត្ថន័យយ៉ាងពិសេសៗ ក្នុងការនាំលាភសំណាងក្នុងឆ្នាំថ្មី មិនមែនចេះតែសែនដាក់ម្ហូបផ្ដេសផ្ដាសតាមចិត្តឡើយ។

ការកំណត់អត្ថន័យសម្រាប់មុខម្ហូបនីមួយៗបានធ្វើឡើងជាលក្ខណៈប្រពៃណីទៅហើយ យោងទៅតាមជំនឿ រូបរាង និង ឈ្មោះ របស់មុខម្ហូប។ ដូច្នេះ សម្រាប់បងប្អូនដែលមិនទាន់យល់ច្បាស់ ថ្ងៃនេះសារព័ត៌មានមេគង្គសូមចែករំលែកម្ហូបសំខាន់ទាំង៥មុខ ដែលជនជាតិចិនតែងដាក់សែននិងបរិភោគមិនដែលខានឡើយ៖

១. គាវ និង ចៃយ៉

ចិនៗជឿថា គាវ និង ចៃយ៉ មានរូបរាងដូចជាដុំមាសកាលពីសម័យបុរាណ ដូច្នេះការបរិភោគរបស់ទាំងពីរមុខនេះនឹងនាំមាស នាំទ្រព្យសម្បត្តិសម្រាប់ឆ្នាំថ្មី។

២. ត្រី

គេមិនដែលចោលត្រីឡើយ អាចជាត្រីចំហុយ ទាំងមូល ជាដើម ព្រោះគេជឿថា ការបរិភោគត្រីនឹងនាំឲ្យគ្រួសារមានភាពសម្បូរសប្បាយគ្រប់គ្រាន់ ហូរហៀរ ដល់ឆ្នាំក្រោយ។ ហាមដាច់ខាតក្នុងការក្រឡាប់ត្រី នៅពេលបរិភោគ ព្រោះអាចនឹងនាំសំណាងអាក្រក់មកវិញ។

៣. ស៊ុបឆ្នាំងភ្លើង

ស៊ុបឆ្នាំងភ្លើង តំណាងឲ្យការជួបជុំ មូលគ្នា រវាងសមាជិកគ្រួសារ ហើយវាបង្កភាពកក់ក្ដៅ ធ្វើឲ្យឆ្នាំថ្មីពោរពេញដោយភាពសប្បាយរីករាយ។

៤. មីឆា

មីឆាជាម្ហូបសំខាន់ ខានមិនបានឡើយ ព្រោះសរសៃមី វែងៗ គឺតំណាងឲ្យអាយុវែង យឺនយូរ ព្រមទាំងសុភមង្គល។ មីត្រូវរើសយកមីណាដែលមានសរសៃវែងៗ ហាមដាច់ខាតគឺកាត់មីឲ្យខ្លីៗ។

៥. នំអ៊ី

នំអ៊ីមូលៗ តំណាងឲ្យភាពមូលគ្នា រួមគ្នា រវាងសមាជិកគ្រួសារ។ នំអ៊ីរសជាតិផ្អែម ក៏តំណាងឲ្យភាពផ្អែមល្អែមក្នុងគ្រួសារផងដែរ។ ប្រសិនបើមិនបាននំអ៊ីសែន អ្នកខ្លះអាចសែនស្ករ ឬ សូកូឡា គ្រាប់មូលៗមកតំណាងក៏បានដែរ។

យ៉ាងណាមិញ នេះគ្រាន់តែជាជំនឿរបស់បងប្អូនដែលមានសែស្រឡាយចិនតែប៉ុណ្ណោះ។ ក្នុងការជឿឬមិនជឿគឺអាស្រ័យទៅលើសិទ្ធិនិងការពិចារណារបស់បុគ្គលម្នាក់ៗ ដោយមិនត្រូវឲ្យនរណាម្នាក់មកបង្ខំនិងជះឥទ្ធិពលឡើយ៕