មិត្ត​ភាព​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត គឺ​ប្រៀប​បី​ដូច​ជា​កាំបិត​មុខ​ពីរ​យ៉ាង​ដូច្នោះ​ដែរ ពីព្រោះ​វា​អាច​ធ្វើ​អោយ​យើង​រីក​ចំរើន​បាន ហើយ​ក៏​អាច​បំផ្លាញ​យើង​បាន​ដូច​គ្នា។ ដូច្នេះ​ចំពោះ​មិត្ត​ភក្ដិ ដែល​យើង​ត្រូវ​សេព​គប់ គប្បី​យើង​គួរ​តែ​ត្រួត​ពិនិត្យ និង​ជ្រើស​រើស​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន។ សម្រាប់​នៅ​ក្នុង​អត្ថបទ​មួយ​នេះ​វិញ ​​ សូម​ធ្វើ​ការ​បង្ហាញ​ដល់​ប្រិយមិត្ត នូវ​មិត្ត​ភក្ដិ​ចំនួន ១០​ប្រភេទ​ដែល​ប្រិយត្ត​ គួរ​តែ​ជៀស​វាង​ ហើយ​នឹង​កុំ​សេព​គប់​អោយ​សោះ​បើ​សិន​ជា​អាច ពី​ព្រោះ​ពួក​គេ​នឹង​ធ្វើ​អោយ​ជីវិត​របស់​យើង​ជួប​ប្រទះ​នូវ​បញ្ហា ​ជា​ជាង​ភាព​សប្បាយ​រីក​រាយ៖

១) មិត្តភក្ដដែល​ស្រលាញ់​សង្សារ​របស់​យើង

មាន​មិត្ត​ភាព​ជាច្រើន​ដែល​ត្រូវ​បាន​រលាយ​ នោះ​ក៏​ដោយ​សារ​តែ​មិត្ត​ភក្ដ​ជិត​ស្និទ្ធ​របស់​យើង​ ស្រលាញ់​គ្នា​ជា​មួយ​នឹង​សង្សារ​ ឬ​មនុស្ស​ដែល​យើង​ស្រលាញ់។ ហើយ​ដើម្បី​ជៀសវាង​ក្នុង​ការ​សេពគប់​ជាមួយ​នឹង​មិត្តភក្ដ​ប្រភេទ​នេះ ត្រូវ​រៀន​សង្កេត​មើល​អត្តចរិត​របស់​មិត្តភក្ដ​ម្នាក់​នោះ ជាមួយ​នឹង​មនុស្ស​ដែល​យើង​ស្រលាញ់ ថា​តើ​ពួក​គេ​ចូល​ចិត្ត​និយាយ​ឌឺ​ដង​គ្នា​ក្នុង​ន័យ​ស្នេហា ឬ​ចូល​ចិត្ត​ទៅ​ណា​មក​ណា​ជាមួយ​នឹង​គ្នា​ដោយ​មិន​មាន​វត្តមាន​របស់​យើង​ ដែរ​ឬ​ទេ? អត្ត​ចរិត​មួយ​ចំនួន​ទៀត​របស់​មនុស្ស​ប្រភេទ​នេះ​នោះ​គឺ ចូល​ចិត្ត​និយាយ​ផ្អែម​ល្ហែម​ខ្លាំង​ ហើយ​លើក​សរសើរ​យើង​ហួស​ពី​ការ​ពិត។ ​ជំនួស​អោយ​ការ​សេពគប់​ជា​មួយ​នឹង​មនុស្ស​ប្រភេទ​នេះ អ្នក​គប្បី​សេពគប់​ជាមួយ​នឹង​មនុស្ស​ដែល​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង មិន​ចូល​ចិត្ត​បញ្ជោរ ឃើញ​ល្អ​ប្រាប់​ថាល្អ ឃើញ​មិន​ល្អ​ប្រាប់​ថា​មិន​ល្អ។

២) មិត្តភក្ដ​ដែល​ចូល​ចិត្ត​ប្រកួត​ប្រជែង​ខ្លាំង​ពេក

បើ​និយាយ​ពី​ការ​ប្រកួត​ប្រជែង​ វា​គឺ​ពិត​ជា​ចំណុច​ដែល​ល្អ​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​មិត្ត​ភាព ក៏​ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រកួត​ប្រជែង​រវាង​មិត្តភក្ដ គឺ​ខ្លាំង​ក្លា ហើយ​ជ្រុល​ខ្លាំង​ពេក​នោះ ​វា​គឺ​ពិត​ជា​ធ្វើ​អោយ​ប៉ះពាល់​ដល់​មិត្ត​ភាព​ជាក់​ជា​មិន​ខាន។

៣) មិត្តភក្ដ​ដែល​ជា​ឈ្លើង​ជញ្ជក់​ឈាម

មិត្ត​ភក្ដ​ដែល​ជារឿយៗ​ តែង​តែ​ខ្ចី​របស់​ប្រើ​ប្រាស់ ឬ​លុយ​កាក់​របស់​អ្នក ឬ​មួយ​ក៏​ជា​មនុស្ស​ដែល​ពឹង​ផ្អែក​លើ​អ្នក​ខ្លាំង​ពេក​នោះ គឺ​ជា​មនុស្ស​មួយ​ប្រភេទ​ ដែល​អ្នក​ត្រូវ​តែ​ជៀស​វាង​ជា​ដាច់​ខាត។ ក្នុង​លោក​នេះ​ គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ចង់​មាន​ទំនាក់​ទំនង​មិត្ត​ភាព ជាមួយ​នឹង​មនុស្ស​ដែល​ចាំ​តែ​ចង់​បាន ហើយ​មិន​ដែល​ផ្ដល់​អោយ​ត្រលប់​មក​វិញ​នោះ​ទេ។ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា មិត្ត​របស់​អ្នក តែង​តែ​ស្នើសុំ​អោយ​អ្នក​ជួយ ហើយ​បែរ​ជា​មិន​អាច​ជួយ​អ្នក ពេល​ដែល​អ្នក​លំបាក​បាន​វិញ​នោះ វា​គ្មាន​ហេតុ​ផល​ណាមួយ​ ដែល​អ្នក​ត្រូវ​សេពគប់​ជាមួយ​នឹង​ពួក​គេ​បន្ត​ទៅ​ទៀត​នោះ​ទេ។

៤) មិត្តភក្ដ​ដែល​ចូល​ចិត្ត​ធ្វើ​ត្រាប់ ឬ​យក​តម្រាប់​តាម​យើង​ស្ទើរ​គ្រប់​រឿង

ការ​យក​តម្រាប់​តាម ទោះ​ជា​សកម្មភាព​ ឬ​ការ​និយាយស្ដី អាច​ចាត់​ទុក​ថា​ជា​ការ​លើក​សរសើរ​ ដោយ​ស្មោះ​ត្រង់​របស់​មិត្តភក្ដ​ដែល​មាន​ចំពោះ​យើង ក៏​ប៉ុន្តែ​បើ​មិត្ត​ភក្ដ​ណា​ម្នាក់ ចូល​ចិត្ត​ធ្វើ​ត្រាប់​តាម​យើង ស្ទើរ​តែ​គ្រប់​រឿង​ដូច​ជា​ម៉ាស៊ីន​កូពី​នោះ គឺ​ពិត​ជា​រឿង​ដែល​គួរ​អោយ​ភ័យ​ខ្លាច​ទៅ​វិញ។

៥) មិត្តភក្ដ​ដែល​ចូល​ចិត្ត​រិះគន់ និង​បង្អាប់​យើង​ (គ្រប់​ពេល​វេលា)

មនុស្ស​យើង​គ្រប់​ៗ​រូប តែង​តែ​ស្វែង​រក​នូវ​ទំនុកចិត្ត​ និង​យោបល់​ពី​មិត្ត​ភក្ដ​ នៅ​ពេល​ដែល​យើង​ពិបាក​ចិត្ត​ ឬ​ក៏​ជួប​នឹង​បញ្ហា ក៏​ប៉ុន្តែ​ប្រសិន​បើ​មិត្ត​ភក្ដ​ដែល​អ្នក​ចាត់​ទុក​ថា​ស្និទស្នាល​បំផុត បែរ​ជា​ចូល​ចិត្ត​និយាយ​រិះគន់ បរិយាយ​គ្រប់​ចំណុច​ខ្សោយ​ផ្សេង​ៗ នៅ​ក្នុង​ជីវិត ក៏​ដូច​ជា​ទំនាក់​ទំនង​ស្នេហា​របស់​យើង គ្រប់​ពេល​វេលា​នៅ​ពេល​ដែល​ជួប​មុខ​គ្នា​ទៅ​វិញ​នោះ ​វា​គឺ​ពិត​ជា​ចំណុច​ដែល​គួរ​អោយ​ធុញ​ទ្រាន់ និង​មិន​បាន​ជួយ​អ្វី ក្រៅ​ពី​រឹត​តែ​ធ្វើ​អោយ​យើង​កាន់​តែ​បាក់​ទឹក​ចិត្ត​ថែម​ទៀត។ មិត្តភក្ដ​ប្រភេទ​នេះ​ គឺ​ផ្ដល់​ផល​ប៉ះពាល់ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​រូប​យើង​ខ្លាំង​បំផុត ហើយ​គួរ​តែ​ជៀសវាង​អោយ​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ។

៦) មិត្ត​ភក្ដ​ដែល​អត្មា​និយម

មិត្តភក្ដ​ប្រភេទ​នេះ អាច​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​តែ​ផល​ប្រយោជន៍​របស់​ពួក​គេ ប៉ុន្តែ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​នោះ​ឡើយ ប្រសិន​បើ​អ្នក​ស្នើ​សុំ​ពួក​គេ​អោយ​ជួយ​។

៧) មិត្តភក្ដ​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​គ្រោះ​ថ្នាក់

មិត្ត​ប្រភេទ​នេះ​បើ​និយាយ​អោយ​ចំ គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ ពាលាអាវ៉ាសែ ឬ​ល្មើស​នឹង​ច្បាប់​ជា​ដើម។ បើ​សិន​ជា​អ្នក​មាន​មិត្ត​ភក្ដ​ប្រភេទ​នេះ អ្នក​ប្រាកដ​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ជួន​កាល​អាច​ឈាន​ទៅ​ដល់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទ័ណ្ឌ ថែម​ទៀត​ផង។ បើ​អ្នក​មាន​មិត្ត​ភក្ដ​របៀប​នេះ​ ប្រញាប់​ដក​ខ្លួន​ពី​ពួក​គេ​ជា​បន្ទាន់។

៨) មិត្តភក្ដដែល​ទុទិដ្ឋនិយមជ្រុល ហើយ​ត្អូញត្អែរ​គ្រប់​រឿង គ្រប់​ពេល​វេលា

មិត្ត​មួយ​ប្រភេទ​នេះ​គឺ​ជា​មនុស្ស​ដែល​មិន​ចេះ​ស្កប់​ស្កល់​ ជាមួយ​នឹង​អ្វី​ដែល​ពួក​គេ​មាន​នោះ​ទេ ហើយ​ពួក​គេ​ចូល​ចិត្ត​ចំណាយ​ពេល​វេលា​ស្ទើរ​តែ​ទាំង​អស់​របស់​ខ្លួន រអ៊ូរទាំ និង​ធ្វើ​ការ​ត្អូញ​ត្អែរ ចូល​ចិត្ត​មើល​ពិភព​លោក​ក្នុង​ផ្លូវ​អាក្រក់ ហើយ​នឹង​ចូល​ចិត្ត​និយាយ​ថា​ពិភព​លោក​មួយ​នេះ គឺ​អយុត្តិធម៌​សំរាប់​ពួក​គេ​ជានិច្ច។ ជៀស​អោយ​ឆ្ងាយ​ពី​មនុស្ស​របៀប​នេះ ពី​ព្រោះ​មិន​យូរ​មិន​ឆាប់​ គំនិត​បរាជ័យ​របស់​ពួកគេ នឹង​ឆ្លង​ចូល​ក្នុង​ខួរ​ក្បាល​របស់​អ្នក​ដូច​គ្នា។

៩) មិត្ត​ភក្ដ​ដែល​ចូល​ចិត្ត​ធ្វើ​អោយ​បរិយាកាស​ក្នុង​ក្រុម ត្រូវ​អាប់​អួរ

មិត្ត​ប្រភេទ​នេះ ពេល​ខ្លះ​ទោះ​ចង់​ឬ​មិន​ចង់​ ពួក​គេ​នឹង​ធ្វើ​អោយ​ បរិយាកាស​ឬ​អារម្មណ៍​របស់​អ្នក​ប៉ះពាល់​ជា​ខ្លាំង គ្រាន់​តែ​ពួ​ក​គេ​ចាប់​ផ្ដើម​ហា​មាត់​និយាយ​ភ្លាម។ ជានិច្ច​កាល អ្វី​ដែល​ពួក​គេ​លើក​ឡើង​នោះ​គឺ និយាយ​ពី​ចំណុច​ខ្វះ​ខាត​ដែល​អ្នក​ធ្វើ ឬ​មាន អាច​ជា​រូបរាង ការ​ស្លៀកពាក់ ឬ​សូម្បី​តែ​ជីវិត​ស្នេហា​ដែល​ជា​រឿង​ឯកជន​របស់​អ្នក​សោះ។ មិត្ត​របៀប​នេះ​គឺ​ប្រៀប​បី​ដូច​ជា​ដុំពពក​ខ្មៅ ដែល​ចាំ​តែ​ទម្លាក់​ភ្លៀង​មក​លើ​អ្នក ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ថ្ងៃ​ដែល​រីក​រាយ​បែប​ណា​ក៏​ដោយ ហើយ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​ពួក​គេ​គឺ​គ្មាន​រឿង​វិជ្ជមាន​សោះ​ឡើយ។ ជានិច្ចកាល​ នៅ​ក្នុង​ខួរ​ក្បាល​របស់​ពួក​គេ គឺ​ពោរ​ពេញ​ទៅ​ដោយ មតិ​រិះ​គន់ និង​គំនិត​ដែល​អវិជ្ជមាន។

១០) មិត្ត​ភក្ដ​ដែល​ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន​ដូច​ផ្លេកបន្ទោរ

មិត្ត​ប្រភេទ​នេះ​គឺ​ពេល​ខ្លះ​ ហាក់​បី​ដូច​ជា​មនុស្ស​រោគ​ចិត្ត ពី​ព្រោះ​ពេល​ខ្លះ​ពួក​គេ​ផ្លាស់​ប្ដូរ​ទឹក​មុខ នឹង​អារម្មណ៍​លឿន​ជ្រុល​ខ្លាំង​ពេក ជួន​កាល​រួស​រាយ​សុខ​ៗ​សោះ ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក​បែរ​ទៅ​ជា​ឆេវឆាវ ទាំង​ដែល​យើង​មិន​បាន​ធ្វើ​អ្វី​អោយ​ប៉ះពាល់​ពួក​គេ​ទាល់​តែ​សោះ។ ហើយ​មិត្ត​របៀប​នេះ​ គឺ​តែង​តែ​យក​យើង​ធ្វើ​ជា​បាវ​ខ្សាច់​សម្រាប់ បញ្ចេញ​កំហឹង​របស់​ពួក​គេ​ស្ទើរ​តែ​គ្រប់​ពេល​វេលា ដើម្បី​បន្ធូរ​អារម្មណ៍​របស់​ពួក​គេ ទោះ​ជា​រឿង​អ្វី​ក៏ដោយ។ សាក​សួរ​ខ្លួន​ឯង​ទៅ​មើល ថា​តើ​អ្នក​គួរ​ចំណាយ​ពេល​ជាមួយ​នឹង​មនុស្ស​ប្រភេទ​នេះ​ដែរ​ឬ​ទេ?

នៅ​ក្នុង​ជីវិត​របស់​យើង​គឺ​ប្រៀប​បី​ដូច​ជា​កម្រាល​ពូក ដែល​ពោរពេញ​ទៅ​ដោយ​ផ្កា​កូលាប ប្រសិន​បើ​យើង​សេពគប់​ប៉ះ​ចំ​មិត្ត​ភក្ដ​ដែល​ល្អ ហើយ​អាច​ឆ្លងកាត់​ការ​លំបាក​បាន​ជាមួយ​គ្នា ក៏​ប៉ុន្តែ​ប្រសិន​បើ​ គ្រប់​ពេល​វេលា អ្នក​ត្រូវ​ទ្រាំ​ទ្រ​ជាមួយ​នឹង​មិត្ត​ភក្ដ ដែល​មាន​អត្តចរិត ឬ​ជា​មិត្ត​ភក្ដ​ស្ថិត​ក្នុង​ចំណុច​ណាមួយ​ ពីចំណុច​ទាំង ១០ ខាង​លើ​នេះ អ្នក​ប្រាកដ​ជា​ត្រូវ​ខក​ចិត្ត និង​រង​ទុក្ខ​មិន​ខាន។ អ្វី​ដែលយើងខ្ញុំអាច​ប្រាប់​ប្រិយ​មិត្ត​បាន​នោះ​គឺ បើ​សិន​ជា​ប្រិយ​មិត្ត​សង្កេត​ឃើញ​ថា​មិត្ត​របស់​ខ្លួន​ ​ជា​មិត្ត​មិន​ល្អ​ហើយ​នោះ​ គួរ​តែ​កាត់​បន្ថយ​ ឬ​ជៀស​ឆ្ងាយ​ពី​ពួក​គេ​ទើប​ជា​ការ​ប្រសើរ។ អ្វី​ៗ​ ​​ សូម​ទុក​អោយ​ប្រិយ​មិត្ត​ជា​អ្នក​សម្រេចចិត្ត​ទៅ​ចុះ៕