កាលពីក្មេងៗ ខ្ញុំក៏ដូចជាក្មេងៗទូទៅនៅក្នុងភូមិដែរ ។ ឱ្យតែយប់ៗឡើងចូលចិត្តជំនុំគ្នា អង្គុយស្តាប់ចាស់ៗនិទានពីរឿងនេះ ពីរឿងនោះ ដូចជារឿងប្រវត្តិសាស្រ្ត រឿងសម័យសង្គ្រាម ឬរឿងពីមុនៗរបស់ចាស់ៗសម័យនោះ។ ហេតុតែជាក្មេងតែងតែចូលចិត្តចង់ដឹង ចង់ឮរឿងរ៉ាវប្លែកៗ ជាពិសេសរឿងរន្ធត់ ឬរឿងដែលទាក់ទងនឹងខ្មោច ព្រាយបិសាចជាដើម។ ប៉ុន្តែចាស់ៗកម្រនឹងនិយាយពីរឿងទាំងនោះណាស់ ព្រោះខ្លាចក្មេងៗភ័យជ្រុះសក់ ឬឈឺក្រោកពីកន្ទេលមិនរួច។ តែរឿងដែលភ័យ ខ្លាច រន្ធត់ ពួកយើងក្មងៗរឹតតែចង់ដឹង។ ខ្ញុំនៅតែចងចាំមិនភ្លេចនូវរឿងតំណាលមួយដែលចាស់ៗបាននិទានប្រាប់ពួកយើង។ វាជារឿងដែលធ្វើឱ្យខ្ញុំភ័យខ្លាចតាំងពីពេលនោះមក រហូតដល់ឥឡូវនេះ។ នោះគឺរឿងទាក់ទងនឹងកាំជណ្តើរ។ ចាស់ៗបានហាមកូនចៅថា « ឡើងចុះជណ្តើរកុំអោយរាប់កាំជណ្តើរឱ្យសោះ» ព្រោះមានរឿងនិទានមួយតំណាលថា ៖

មានរឿងរ៉ាវអាថ៌កំបាំងមួយបានកើតឡើងនៅក្នុងអគារសាលារៀនមួយខ្នងដែលមានកំពស់៣ជាន់ ដែលចាត់ទុកថាជាអគារនិងសាលារៀនដែលខ្ពស់ជាងគេបំផុត ព្រោះសម័យនោះមានត្រឹមអគារតូចតាចជាន់ផ្ទាល់ដីដែលសង់ពីឈើ និងស័ង្កសីប៉ុណ្ណោះ ។ ហេតុនេះហើយសិស្សភាគច្រើនតែងតែខ្ជិល និងរអ៊ូរទាំពេលឡើងចុះម្តងៗ។ ក្នុងនោះមានមិត្តសម្លាញ់ ២នាក់ ឈ្មោះ សៅ និង និត ពួកគេក៏ដូចជាសិស្សឯទៀតៗដែរគឺ តែងតែរអ៊ូរឿងខ្ជិលឡើងចុះជណ្តើរ ព្រោះតែថ្នាក់ដែលពួកគេរៀននៅរហូតដល់ជាន់ទី ៣ ដែលខ្ពស់បំផុត ហើយកាំជណ្តើរនីមួយៗឃ្លាតពីគ្នាគួរសមសម្រាប់ក្មេងៗអាយុជាង ១០ ឆ្នាំដូចពួកគេ។ នៅល្ងាចថ្ងៃមួយបន្ទាប់ពីធ្វើកិច្ចការសាលាក្រោយគេ សៅ និងនិតបានប្រញាប់ចេញពីក្នុងថ្នាក់រៀន។ ស្រាប់តែ សៅ បបួលនិតលេងរាប់កាំ ជណ្តើរលេងកំដរកុំឱ្យអផ្សុក តែនិតប្រកែកទាំងភ័យខ្លាច។

« គ្នាអត់លេងទេ! យាយគ្នាប្រាប់ថា រាប់កាំជណ្តើរអត់ល្អទេណា បើរាប់ត្រូវមិនអីទេ តែបើរាប់ខ្វះប្រាកដជាមានមនុស្សបាត់ខ្លួនហើយ » ។ សៅតបទាំងអស់សំណើច

» សម័យនេះហើយឯងនៅជឿរឿងនេះទៀត មិនអីទេលេងជាមួយគ្នាតើ យើងធានាថា មិនអីទេ ម្យ៉ាងទើបម៉ោងជិត៦តើ វាគ្មានទៅស្អីទេ » ។ និតក៏ងក់ក្បាលយល់ព្រមលេងប៉ាវស៊ីញសុង រាប់ចំនួនកាំជណ្តើរម្នាក់ម្តងៗ

« ១ ២ ៣ ៤ ៥ ……………. ១៦ ១៧ ១៨ ១៩ ២០ » ពួកគេក៏ចាប់ផ្តើមសប្បាយនឹងការលេងរាប់កាំជណ្តើរ ហើយបបួលគ្នារាប់ម្តងទៀត

« ១៦ ១៧ ១៨ ១៩ អេ មិញរាប់ឃើញ ២០តើ ម៉េចឥឡូវឃើញតែ ១៩? ប្រហែលរាប់ច្រលំហើយ តោះរាប់ម្តងទៀតយើង » សៅនិយាយទាំងឆ្ងល់ តែនិតចាប់ផ្តើមភ័យបែកញើស ហើយបបួលសៅឈប់លេង ។

« អឺ ! សៅមេឃចាប់ងងឹតហើយ ទៅផ្ទះយើងវិញ តោះ » និតបបួលសៅទៅផ្ទះ ព្រោះមានអារម្មណ៍មិនសូវល្អ ខ្យល់ត្រជាក់ៗស្រាប់តែប៉ះខ្លួននិតរហូតព្រឺសម្បុរ មេឃក៏ចាប់ ងងឹតហើយសិស្សក៏ទៅផ្ទះអស់ហើយដែរ ។

« អឺ ប្រញាប់ទៅម៉េះហា អឺទៅក៏ទៅ តែចាំមុខសាលាមុនទៅ គ្នាទៅយកសៀវភៅសិនណា អំបាញ់ម៉ិញភ្លេចសៀវភៅមួយក្បាលនៅក្រោមតុ » ។ និតក៏ងក់ក្បាល ហើយចុះទៅឈរចាំសៅមុខក្លោងទ្វារសាលា តែចាំដល់មេឃងងឹតសូន្យសុង ខ្យល់បក់ត្រសៀកៗស្ទើរព្រឺឆ្អឹងខ្នងនៅតែមិនឃើញសៅចេញមកទៀត

« យូរក៏យូរម៉េះ គ្នាភ័យចង់រាគនោមហើយ សង្ស័យតែទៅផ្ទះមុនទេនេះ យ៉ាប់មែនចេះលេងសើចរត់ចោលគ្នាទៅកើត ចាំមើលស្អែកដឹងគ្នាហើយ អាមនុស្សកំពុងតែ ភ័យផង » ដោយគិតថាប្រហែលសៅភ្លេចថាខ្លួននៅចាំ ឬប្រហែលជាលេងសើចនឹងខ្លួន និតក៏ប្រញាប់ចាកចេញពីសាលារត់សំដៅទៅផ្ទះវិញយ៉ាងលឿន។ តែនិតប្រហែលជាមិនដឹងទេថាថ្ងៃនេះជាថ្ងៃចុងក្រោយ ដែលនិតបានជួបនឹងសៅ ។ ចាប់ពីថ្ងៃលេងរាប់កាំជណ្តើរជាមួយគ្នាមក មិនដែលបានឃើញសៅទៅសាលារៀនទេ ។ គ្រប់គ្នាបានតាមរកសៅគ្រប់កន្លែងទាំងក្នុងសាលា និងក្នុងភូមិតែរកមិនឃើញទាល់តែសោះ។ តើមាននរណាដឹងទេថាសៅទៅណា? ហើយដឹងទេហេតុអ្វីបានជាសៅបាត់ខ្លួន ?

៣០ ឆ្នាំក្រោយមក នៅក្នុងអណ្តូងទឹកក្រោយសាលាដែលគេបិទឈប់ឱ្យប្រើប្រាស់តាំងពីជំនាន់សង្គ្រោម គេបានរកឃើញគ្រោងឆ្អឹងក្មេងអាយុប្រហែល១០ឆ្នាំម្នាក់។ បើកុំតែមានគម្រោងសាងសង់ អគារបន្ថែម ប្រហែលជាគ្មានអ្នកណាដឹងទេថាសៅបាត់ខ្លួនទៅណា។ ប៉ុន្តែក៏គ្មានអ្នកណាម្នាក់ ដឹងអំពើមូលហេតុពិតប្រាកដដែលសៅបាត់ខ្លួន និងស្លាប់យ៉ាងអាថ៌កំបាំងដែរ។ ពាក្យចចាមអារ៉ាមជាច្រើនបានត្រូវគេនិយាយផ្សព្វផ្សាយចេញពីមាត់មួយទៅមាត់មួយ តែក៏គ្មានព័ត៌មានពិតប្រាកដណាមួយអាចយកជាការបាន។ ភាគច្រើនទាក់ទងនឹងជំនឿអរូបិយ និយាយពិវិញ្ញាណដែលចាំថែរក្សាការពារអគារ និងការប្រកាន់ទោសអូសដំណើរផ្សេងៗពេលដែលយើងនិយាយបំពារបំពានលើគេជាម្ចាស់អគារនោះឯង។

ក្រោយពីស្តាប់រឿងលោកតានិទានរួចមកពួកយើងជាក្មេងៗភិតភ័យយ៉ាងខ្លាំង ហើយសាច់រឿងមួយនេះបានដក់ជាប់ក្នុងចិត្តរបស់ខ្ញុំជារៀងរហូតពីតូចដល់ធំក៏នៅតែខ្លាច ។ ខ្ញុំតែងតែព្រឺសម្បុររាល់ពេលឃើញមិត្តរួមថ្នាក់ស្រីៗនៅសាលាចូលចិត្តនាំគ្នាលេងប៉ាវឡើងចុះរាប់កាំជណ្តើរពេលចេញលេងម្តងៗ ។ ជាពិសេសពេលយប់ៗរាល់ពេលឡើងចុះជណ្តើរ ខ្ញុំតែងតែមានអារម្មណ៍ថាមានកែវភ្នែកមួយគូតាមសម្លឹងមើលឥតដាក់។ ថាខ្ញុំមានជំនឿហួសហេតុពេកក៏ថាបាន តែបើជឿ និងមានការប្រុងប្រយ័ត្នខ្លះក៏ល្អ ដូចពាក្យចាស់ពោលថា « មិនជឿកុំប្រមាថ»។

បើប្រហែស តិចគេយកទៅយាមកាំជណ្តើរជំនួសគេណា !!!!!!!!!!!