« កូនអកតញ្ញូ » ជាពាក្យដែលខ្ញុំស្តាប់ឡើងសាំ ពេលដែលខ្ញុំបដិសេធ រាល់សំណើររបស់ប្រុសម្នាក់ដែលមានឈ្មោះថា « ប៉ា » ។ មនុស្សប្រុសដែលមានឈ្មោះថា មេគ្រួសារ មនុស្សប្រុសដែលមានឈ្មោះថាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន មនុស្សប្រុសដែលចូលចិត្តប្រើ អំណាចផ្តាច់ការ មនុស្សប្រុសដែលចូលចិត្តបញ្ជា ឱ្យខ្ញុំធ្វើតាមរាល់ពាក្យដែលគាត់ប្រាប់។

ខ្ញុំចាំថាពេលវេលាដែលខ្ញុំមានក្តីសុខក្នុងគ្រួសារពិតប្រាកដ មានត្រឹមតែរយៈពេល ១០ ឆ្នាំតែប៉ុណ្ណោះ។ តាំងពីម៉ាក់ស្លាប់ទៅ ប៉ាប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់ ប៉ាមិនដែលបានមើលថែខ្ញុំក្នុងនាមជាកូនម្នាក់ដូចគេឯងទេ។ តាំងពីការសិក្សារៀនសូត្រ ការរាប់អានមិត្តភក្តិ ការដើរលេងជិតឆ្ងាយ សុទ្ធតែស្ថិតក្នុងក្រសែភ្នែករបស់គាត់ទាំងអស់។ ខ្ញុំចាំថាកាលពីអាយុ ១៥ ឆ្នាំខ្ញុំសន្សំលុយខ្លួនឯងទិញវីយ៉ូឡុង ព្រោះខ្ញុំស្រលាញ់ខាងតន្ត្រីណាស់។ តែពេលដែលប៉ាដឹង ប៉ាបោកឧបករណ៍តន្រ្តីមួយនោះចោល ខ្ញុំខឹងប៉ារហូតដល់បង្អត់បាយ ៣ ថ្ងៃ។ ខ្ញុំត្រូវទ្រាំរៀនសាលា និងមុខវិជ្ជា ដែលខ្ញុំមិនចូលចិត្ត ខ្ញុំត្រូវបែកពីមនុស្សដែលខ្ញុំស្រលាញ់ ព្រោះតែបំពេញបំណង និងសេចក្តីត្រូវការរបស់គាត់។ ពេលដែលខ្ញុំកាន់តែធំ បញ្ហារវាងឪពុកកូនយើង ក៏កើតមានរឹតតែខ្លាំងឡើងៗ ព្រោះរយៈពេលកន្លងមកនេះខ្ញុំធ្វើតាមគាត់គ្រប់យ៉ាង។ ពេលនេះខ្ញុំគិតថាវាល្មមគ្រប់គ្រាន់ហើយ។

« ឯងគិតថាយើងក្រដល់ថ្នាក់ឱ្យឯង ដើរលេងតន្ត្រីតាមផ្លូវ តាមផ្សារអ៊ីចឹងហ្ហេ? »

« ប៉ា…..ហេតុអ្វីមិនឱ្យតម្លៃអ្វីដែលខ្ញុំកំពុងតែធ្វើ? ប៉ាគួរមានមោទកភាពនឹងកូនប៉ាម្នាក់នេះ ដែលត្រូវបានគេជ្រើសក្នុងចំណោមមនុស្សក្នុងប្រទេសរាប់ពាន់ រាប់ម៉ឺននាក់ មិនមែនមកស្តីថាឱ្យខ្ញុំដូចពេលនេះទេ »

« យើងមិនឱ្យតម្លៃ? ចុះអាអាហារូបករណ៍តន្ត្រីឆ្កួតយោ៍ហ្នឹងហ្ហេសដែលឯងគិតថាមានតម្លៃ? ការងារក្រុមហ៊ុននៅក្នុងស្រុកមិនទៅធ្វើទេ ចង់ណាស់អារឿងចេញក្រៅស្រុកដើររាំច្រៀង លេងភ្លេង ហ្នឹងនោះ ឯងគិតថាវាអាចឱ្យឯងមានអនាគតអ៊ីចឹងហ្ហេស? »

ក្រដាសអាហារូបករណ៍ដែលខ្ញុំទើបយកមកបង្ហាញប៉ា ត្រូវបានប៉ាហែកចោលខ្ទេចខ្ទី ស្របពេលដែលប៉ានិយាយចប់។ ទឹកភ្នែកកូនប្រុសមួយតក់ស្រក់ចុះមក តែខ្ញុំក៏ប្រញាប់ជូតចេញ ព្រោះមិនចង់បង្ហាញភាពទន់ខ្សោយឱ្យគាត់បានឃើញ។ ខ្លួនប្រាណខ្ញុំញ័រអស់ហើយ កែវភ្នែកបង្ហាញភាពអស់សង្ឃឹមចំពោះមនុស្សប្រុសដែលនៅចំពោះមុខ រួចឱនរើសក្រដាស ដែលត្រូវបានហែកជាបំណែកៗនៅលើដី។

« បានហើយប៉ា ល្មមហើយ ខ្ញុំមិនអាចទទួលយកទង្វើដែលប៉ាធ្វើបានទៀតទេ ប៉ាផ្តាច់ការពេកហើយ ប៉ាចូលចិត្តតែគាបសង្កត់បង្ខំឱ្យខ្ញុំធ្វើអ្វីដែលប៉ាបញ្ជា ចុះប៉ាមានសួរខ្ញុំអត់ ថាខ្ញុំចង់ធ្វើវាទេ? ខ្ញុំពេញចិត្តនឹងវាអត់? ហើយមានសួរអត់ថារាល់ថ្ងៃនេះខ្ញុំមានសេចក្តីសុខទេ? អត់ទេ….ប៉ាមិនដែលខ្វល់ពីអ្នកណាក្រៅពីខ្លួនប៉ាទេ បែបនេះមែនទេដែលម៉ាក់ទៅចោលពួកយើងនោះ ? » ស្រាប់តែប៉ាទះកំភ្លៀងខ្ញុំមួយដៃ។ ខ្ញុំញញឹមតិចៗយកដៃជូតឈាមដែលជាប់នឹងគែមមាត់។

« ពេញចិត្តហើយ សមចិត្តប៉ាហើយមែនទេ? » រួចខ្ញុំក៏រត់ចេញពីផ្ទះ។

មែនហើយបន្ទាប់ពីជម្លោះថ្ងៃនោះមក ខ្ញុំមិនដែលត្រលប់មកម្តងទៀតទេ។ ខ្ញុំបានចាកចេញពីផ្ទះមួយនេះ កន្លែងដែលខ្ញុំធ្លាប់រស់នៅរយៈពេលជិត ២០ ឆ្នាំ។ តែពេលនេះខ្ញុំរកកន្លែងដែលសាកសមឃើញហើយ។ ខ្ញុំសប្បាយចិត្តជាមួយការសិក្សា និងការងារថ្មីរបស់ខ្ញុំ នៅក្រៅប្រទេស ដែលកំពុងតែជោគជ័យ។ ប៉ុន្មានឆ្នាំនេះ ប៉ាឃើញមែនទេ? ប៉ាប្រាកដជាបានឃើញថា កូនប្រុសប៉ាម្នាក់នេះពិតជាអាចធ្វើបាន។

« អ្នកណាថាតន្ត្រីករមិនអាចក្លាយជាអ្នកមាន និងមិនអាចក្លាយជាជនល្បីឈ្មោះ? » ខ្ញុំពិតជាចង់ឮចេញពីមាត់ប៉ាមួយម៉ាត់ខ្លាំងណាស់ ថាកូនជាមនុស្សពូកែប៉ាមានមោទនភាពចំពោះកូនណាស់។ ប៉ុន្តែអ្វីដែលនៅចំពោះមុខខ្ញុំគ្រាន់តែជា ផ្នូរបុរសផ្តាច់ការម្នាក់នៅក្នុងអតីកាល។ បុរសម្នាក់ដែលលង់លក់លើធរណី ក្រោយពេលដែលខ្ញុំចាកចេញទៅក្រៅប្រទេសតែប៉ុន្មានខែ ហើយបន្សល់តែសំបុត្រមួយច្បាប់ និងប្រអប់ធំមួយជំនួសហេតុផលគ្រប់យ៉ាងក្រោមភាពផ្តាច់ការរបស់គាត់ ៖

«កូនអាចនឹងស្អប់ប៉ា ខឹងប៉ា និងមិនចង់ជួបមុខប៉ាទៀត ។ តែពេលដែលកូនបានអានសំបុត្រមួយនេះ ប្រហែលជាប៉ាមិនបានជួបមុខកូនបានទៀតទេ។ វីយ៉ូឡុងមួយនេះជារបស់ដែលម៉ាក់កូនស្រលាញ់បំផុតពេល ដែលម៉ាក់កូននៅរស់ ហើយប៉ាក៏មានបំណងចង់ប្រគល់វាឱ្យកូន តែប៉ាមិនមានសេចក្តីក្លាហាន នឹងឱ្យកូន សំលេងវាធ្វើឱ្យប៉ាឈឺចាប់ រូបភាពដែលកូនលួចរៀនលេងវា ធ្វើឱ្យបេះដូងប៉ាខ្ទេចខ្ទាំ វាមិនមែនជាភាពស្អប់ខ្ពើម តែវាបានធ្វើឱ្យប៉ានឹកដល់ម៉ាក់កូនបំផុត។ ប៉ាគ្រាន់តែចង់រស់នៅ ជាមួយកូនឱ្យបានយូរបំផុតដែលប៉ាអាចធ្វើបាន តែពេលនេះប៉ាមិនអាចស៊ូទ្រាំនឹងវាទៀតទេ។ ប៉ាគ្រាន់តែចង់ប្រាប់កូនថា កូននិងម៉ាក់កូនជារបស់ដ៏មានតម្លៃបំផុតក្នុងជីវិតប៉ា។

ប៉ាមានមោទនភាពចំពោះកូនបំផុត !!!! កូនសម្លាញ់ប៉ា! »

ប៉ាឯកា ប៉ាត្រូវទ្រាំធ្វើការធ្ងន់ម្នាក់ឯង ថែមទាំងត្រូវតតាំងពីជំងឺមហារីកកាចសាហាវពេលដែលវាធ្វើទុក្ខម្តងៗ។ ប៉ាត្រូវធ្វើជាមនុស្សប្រុសរឹងមាំដើម្បីជាគំរូដល់កូន ប៉ាលះបង់ទាំងពេលវេលា និងកំលាំងកាយចិត្តដើម្បីរកអ្វីគ្រប់យ៉ាងសំរាប់ទុកឱ្យកូនមុននឹងគាត់ចាកចេញ រហូតមានរឿងយល់ច្រលំកើតឡើង។

ឪពុកកូនយើង គ្មានអ្នកណាខុសទេ ដែលខុសគឺដោយសារតែយើងមិនដែលបាននិយាយគ្នា យើងមិនក្លាហាននឹងបើកចិត្តឱ្យគ្នា។ ព្រោះតែបែបនេះហើយ បានជាម្នាក់ៗត្រូវសោកស្តាយអស់មួយជីវិតនូវអ្វីដែលខ្លួនឯងមិនទាន់បានធ្វើ។

ពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់យើងសំខាន់ណាស់ ព្រោះយើងមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទេ មានរឿងខឹងគ្នាត្រូវនិយាយគ្នា មានរឿងយល់ច្រលំត្រូវបកស្រាយ កុំចាំឱ្យអ្វីៗកន្លងហួសទើបស្តាយក្រោយនោះ៕

អត្ថបទគួរអាន៖ ស្រលាញ់គ្នារាប់ឆ្នាំ គ្រួសារទាំងសងខាងក៏ដឹងលឺ តែចុងក្រោយខាងប្រុសបែរជា… (រឿងពិតរបស់នារីម្នាក់)

កាលពី ២ ឆ្នាំមុន ខ្ញុំធ្លាប់ទាក់ទងជាមួយបុរសម្នាក់ ពួកយើងរៀនថ្នាក់ជាមួយគ្នា។ គេគឺជាព្រាននារីប្រចាំសាលា ហើយក៍ជាប្រុសម្នាក់ដែលចូលចិត្តដើលេងយប់ នឹងតែងខ្លួនរបៀប Swagger ទាក់ទងគ្នាបានមួយខែដោយគេក៏មិនបានផ្លាស់ប្តូរចរិតព្រានរបស់គេ ខ្ញុំក៏សុំគេបែកគ្នា។ បុន្តែដោយសារយើងរៀនថ្នាក់ជាមួយគ្នា ជួបមុខគ្នារាល់ថ្ងៃ គេក៏សុំអោយខ្ញុំផ្តល់ឳកាសអោយគេម្តងទៀត។ លើកនេះគេកែមែន គេកាត់សក់អោយមានរបៀបជាងមុន ឈប់ទុកក្រចកវែង ៗ ទៀត ហើយប្តូរមកស្លៀកពាក់តាមរបៀបខ្ញុំចូលចិត្ត (Classic) ហើយគេក៏ឈប់ទាក់ទងស្រី ៗ ផ្សេងទៀតដែរ។ ខ្ញុំមិនដែលទុកចិត្តមនុស្សប្រុសណាដូចទុកចិត្តគេទេ មានរឿងជាច្រើនដែលគេធ្វើអោយខ្ញុំជឿទុកចិត្ត។ ហើយខ្ញុំក៏ជឿជាក់ខ្លាំងថាខ្លួនរើសមនុស្សមិនខុសដែរ ព្រោះ

៙ គេណែនាំខ្ញុំអោយប៉ាម៉ាក់ និងគ្រួសារគេស្គាល់ បញ្ចាក់ថាគេប្រាកដប្រជាជាមួយខ្ញុំ។
៙ គ្រួសារគេជាអ្នកធូធារ ហើយមានមុខរបរផ្ទាល់ខ្លួន ថ្ងៃក្រោយបើគេមិនធ្វើការក៏អាចរកសីខ្លួនឯងបាន ម្យ៉ាងគេឆ្លៀតគួកជេឡានដែលអាចអោយគេរកចំណូលចាយខ្លួនឯងពេញ ៗ ដៃ បញ្ចាក់ថាអនាគតខ្ញុំអាចផ្ញើលើគេបាន។ (ចំណុចនេះមិនមែនរើសយកតែអ្នកមាន តែបើចិញ្ចឹមខ្ញុំមិនរស់ក៏ខ្ញុំមិនយកដែរ)
៙ ពេលម៉ាក់ខ្ញុំដឹងរឿងយើងទាំងពី គេបានមកជួបប៉ាម៉ាក់ខ្ញុំហើយសូមកាអនុញ្ញាតិអោយពួកយើងទាក់ទងគ្នា បញ្ចាក់ថាគេហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ។
៙ ពេលផ្លូវស្ទះហើយមិនអាចជិះឡានជូនខ្ញុំមកផ្ទះបាន គេសុខចិត្តជិះម៉ូតូជូនខ្ញុំមកផ្ទះវិញទាំងភ្លៀង ព្រោះមិនចង់អោយខ្ញុំមកផ្ទះយប់ បញ្ចាក់ថាគេអោយតំលៃខ្ញុំ។
៙ ពេលក្មួយតូច ៗ ខ្ញុំចេញពីរៀនអត់មានអ្នកទៅយក គាត់សុខចិត្តទៅទទួលពួកគេ ទាំងដែលផ្ទះខ្ញុំនឹងសាលាក្មួយនៅសែនឆ្ងាយពីផ្ទះគេ បញ្ជាក់ថាគេជាបុរសម្នាក់ដែលខ្ញុំអាចពឹងផ្អែកបាន។
៙ ពេលខ្លះម៉ាក់គេប្រើពួកយើងអោយទៅយកលុយថ្លៃឥវ៉ាន់ លុយ4-5លាន គេអោយខ្ញុំទុកអោយម៉ាក់គេផង បញ្ជាក់ថាយើងប្រៀបបានដូចគ្រួសារតែមួយទៅហើយ។
៙ មិនថាមានរឿងអីគេតាមចិត្តខ្ញុំរហូត ខ្ញុំចង់បានអី ចង់ញាំអី ចង់ទៅណាក៏ដោយ។
៙ ពេលទៅណាមកណាជាមួយគ្នា ទាំងកាបូបលុយ ហើយនឹងទូរស័ព្ទទាំងពីគឺទុកនៅនឹងខ្ញុំរហូត បញ្ចាក់ថាគេគ្មានស្រីផ្សេង និងធ្វើរឿងរំភើបចិត្តច្រើនណាស់សំរាប់ខ្ញុំ។

ប៉ាម៉ាក់គេរស់នៅតាមខេត្ត គេរស់នៅផ្ទះនៅភ្នំពេញ តែពីនាក់បងស្រីដែលនៅរៀនដូចគ្នា។ ហេតុតែចង់មើលថែគេ ខោអាវគេដែលត្រូវស្លៀកទៅរៀន ខ្ញុំជាអ្នកអ៊ុត ម្ហូបធ្វើហើយសុខចិត្តបើកឡានយកទៅអោយគេដល់ផ្ទះ សែនចិន ឬចូលឆ្នាំ ជួយបោសផ្ទះគេអោយស្អាតកុំអោយត្រូវមាត់ម៉ា់ក់។ ម៉ាក់ប៉ាគេស្រលាញ់ខ្ញុំណាស់ ព្រោះតាំងពីទាក់ទងខ្ញុំមកកូនគាត់ ធ្វើខ្លួនល្អជាងមុន។
តែលើលោកនេះគ្មានអីថាមិនប្រែប្រួលទេ តាំងពីដូសាខាសាលាមកគេប្លែកទៅ ៗ។ កាលពីមុនខលដាស់ ខលរាត្រីសួស្តីមុនគេង ម៉ាថ្ងៃខលមកយ៉ាចតិច ១០ ដង តែក្រោយមកក៏ប្លែកលែងសូវខល។ ចូលចិត្តដើរលេងជាមួយមិត្តភក្កិស្រី ៗ ពេលសួទៅគេឆ្លើយថាទៅធ្វើកិច្ចការសាលា (ធ្វើកិច្ចការសាលា ធ្វើដល់កៀនស្វាយ) ខ្ញុំក៍មិនហ៊ានថាអីដែរខ្លាចគេថាពូកែរប្រច័ណ្ឌ។ ហើយបើ chat ក្នុងហ្វេសប៊ុកវិញ ឃើញដាច់ ៗ មើលមិនយល់ន័យ (ព្រោះគេលុបចោលខ្លះ) បើពីមុនចង់ស្រីស្អាតមកពីណា chat រក ក៏គេមិនដែលឆ្លើយតបដែរ។ ហើយគេលែងសូវលេងជាមួយខ្ញុំដូចមុន លែង Comment លែងសូវ chat លែង post រូបជាមួយខ្ញុំ។ យូរ ៗ ទៅ ខ្ញុំមើលមកខ្លួនឯង ប្រៀបដូចមនុស្សឆ្គួត ដូចជាមនុស្សស្រីដែលព្យាយាមតោងគេតែម្នាក់ឯង។ មានថ្ងៃមួយនោះ ខ្ញុំយកទូរស័ព្ទគេមើល គេប្តូរអស់ហើយ គ្មានរូបខ្ញុំនៅលើ Wallpaper ទៀតទេ ឈ្មោះដែល Save ដាក់ថា Huni និងសំណប់ចិត្ត ប្តូរដាក់ជាឈ្មោះខ្ញុំធម្មតាវិញ រូបរបស់ខ្ញុំគេលុបខ្ទេចគ្មានសល់ សូម្បីតែរូបថតខ្ញុំក្នុងបន្ទប់គេ់ ក៏គេដកចេញដែរ។
ខ្ញុំសួគេថា៖

“ធ្វើអញ្ចឹងធ្វើអី?”
“ទូរស័ព្ទបងរូបច្រើនពេក បង Move ទុកក្នុង Laptopតាស”
“វាមិនដែលទេបង ចុះរឿងឈ្មោះក្នុងទូរស័ព្ទចាំបាច់ដូរ? ម៉េចខ្លាចស្រី ៗអស់ហ្នឹងដឹងថាអូនសង្សារបងឯង? បងឯងធ្វើដូចខ្មាសគេណាស់អញ្ចឹង”
បន្ទាប់ពីនោះមក យើងមានរឿងឈ្លោះគ្នារាល់ថ្ងៃ រហូតដល់ថ្ងៃដែលខ្ញុំមើលឃើញ Chat គេជាមួយស្រីម្នាក់។ ស្រីនោះយករូប សង្សាខ្ញុំនឹងខ្ញុំ (រូបយកពី Account ខ្ញុំ) សួរគេថាខ្ញុំត្រូវជាអីនឹងគេ? ចម្លើយគឺ “សង្សារចាស់ទេ” ពាក្យមួយម៉ាត់នេះល្មមនឹងអោយខ្ញុំដើរចេញបាន ដោយមិនស្តាយពីអនុស្សាវរីដែលធ្លាប់មាន ធ្លាប់យំជាមួយគ្នាព្រោះខ្លាចថ្ងៃអនាគតមិនបាននៅជាមួយគ្នា។ ថ្ងៃដែលបែកគ្នាខ្ញុំយំខ្លាំងណាស់ គេអោបហើយលួងខ្ញុំថា
“បងសូមទោស យើងរាប់អានគ្នាធ្វើបងប្អូនវិញដឹងនៅ?”

មិនថាគេធ្លាប់ធ្វើល្អដាក់ខ្ញុំកំរឹតណា យើងសមគ្នាកំរឹតណា អនុស្សាវរីយ៍ច្រើនដល់កំរឹតណា វាលែងមានន័យហើយនៅពេលដែលទង្វើរបល់គេប្រាប់ថា គេលែងស្រលាញ់ខ្ញុំហើយ ហើយក៏លែងមានតំលៃសំរាប់គេទៀតដែរ។ ទោះពេលនោះចិត្តនៅស្រលាញ់ វាគ្មានន័យដែលត្រូវស៊ូទ្រាំនៅជាមួយមនុស្សប្រុសបែបហ្នឹង រឹតតែមិនអាចអោយគេយក អោយគេយកក្តីស្រលាញ់ដែលខ្ញុំមានចំពោះគេទៅជាន់ឈ្លីបែបហ្នឹងទៀត។
តែឆ្ងាញ់ត្រង់ថាបែកគ្នាបានមួយអាទិត្យ គេក៏យកស្រីម្នាក់នោះធ្វើសង្សាភ្លាម។

មកដល់ពេលនេះ ខ្ញុំក៏មិននឹកនាទៀតដែរ តែស្តាយដែលចំនាយពេលលើមនុស្សខុស។ ពេលខ្លះនឹក ស្តាយដែរ តែបើគិតទៅមិនខ្វះទេមនុស្សល្អ គង់មានថ្ងៃណាមួយខ្ញុំជួបមនុស្សដែលល្អជាងនេះ។ បរាជ័យលើកនេះមិនមែនខ្ញុំអន់ តែព្រោះគេជាមនុស្សប្រុសល្ងង់ ខ្ញុំនឹងរស់នៅអោយល្អជាងមុន ស្អាតជាមុន ពូកែជាងមុន រឹងមាំជាងមុន ហើយអ្នកដែលខ្ញុំស្រលាញ់នៅពេលអនាគត នឹងទទួលបានក្តីស្រលាញ់ដែលគេបានបោះចោលនេះ លើសពីគេ ១០០០ ដង។

កំហុសខ្ញុំគឺ

៚ ពេលដែលគេកែខ្លួនដើម្បីខ្ញុំ មិនដឹងគេត្រូវចោលមនុស្សស្រីបុន្មាននាក់ដើម្បីខ្ញុំតែម្នាក់ ហើយខ្ញុំបែជាមោទនភាព ហើយភ្លេចថា គេចោលពួកនាងបាន គេក៏ចោលខ្ញុំបានដូចគ្នា។
៚ គេនាំខ្ញុំអោយស្គាល់គ្រួសារគេ មិនមែនមានន័យថាគេនឹងស្រលាញ់ខ្ញុំរហូតឯណា !