នៅវត្តមួយឯជាយក្រុង
លោកតាគាត់ទើបនិមន្តមកពីបិណ្ឌបាត ចូលមកដល់ក្នុងទីធ្លាវត្តស្រាប់តែឃើញ ក្មេងវត្តម្នាក់(កូនសិស្សលោក) អង្គុយយំម្នាក់ឯង
លោកតាក៏ចូលទៅសួរនាំពីដំណើររឿង
ពេលនោះកូនសិស្សលោកក៏ឆ្លើយថា

* ខ្ញុំត្រូវគេមួលបង្កាច់ ខ្ញុំមិនបានលួចលុយវត្តក្នុងវិហារទេ
តែខ្ញុំតែងតែចូលទៅបោសជូតសំអាតនៅទីនោះ គ្រប់គ្នាចោទថាខ្ញុំជាចោរ គ្មានអ្នកណាជឿខ្ញុំឡើយ *

ពេលនោះលោកបានបានលឺសម្តីរបស់កូនសិស្សលោកម្នាក់នោះហើយ ក៏ងក់ក្បាលហើយអង្គុយចុះក្បែរកូនសិស្សលោកម្នាក់នោះ
ព្រមទាំងអោយដំបូន្មានថា

* ឯងដឹងទេ នៅក្នុងខ្លួនយើងមានមនុស្ស3នាក់
មនុស្សដំបូងគឺជាមនុស្សដែលយើងប្រាថ្នាចង់ក្លាយជា
មនុស្សទីពីរ គឺជាមនុស្សដែលអ្នកដ៍ទៃគិតថាជាយើង
មនុស្សទីបី គឺខ្លួនយើងជាយើងរាល់ថ្ងៃ *

កូនសិស្សលោកឈប់យំហើយ ស្តាប់លោកតាទូន្មាន

* មនុស្សយើងម្នាក់ៗសុទ្ធតែមានក្តីស្រម៉ៃ ក្តីប្រាថ្នាចង់បាន ចង់កើត នូវអ្វីដែលខ្លួនគិតថាប្រសើររៀងៗខ្លួន ដែលមិនមែនជារឿងអាក្រក់
ហើយពេលខ្លះក្តីស្រម៉ៃ ក្តីប្រាថ្នាចង់បានទាំងនេះ គឺជាអ្វីៗដែលស្រស់ស្អាតជានិច្ច
វាប្រៀបដូចថាថាមពលដែលជំរុញអោយយើងអាចឈានជើងដើរបន្តទៅកាន់ចំនុចមួយដែលអាចធ្វើអោយយើងមានអារម្មណ៍ថា ពិភពលោកនេះពីជាភ្លឺថ្លា ស្រស់បំព្រង
ដូចនេះឯងគួរមានក្តីស្រម៉ៃផ្ទាល់ខ្លួនរបស់ឯងផ្ទាល់ ដើម្បីទុកវាដូចជាគ្រឿងជំរុញបណ្តាលចិត្តអោយមានការតស៊ូ ទាំងនេះគឺជាមនុស្សទីមួយដែលនៅក្នុងខ្លួនយើង *

*ចំណែកឯមនុស្សទីពីរ គឺជាយើងតែដែលតាមទៅអ្វីដែលគេគិត ឩទាហរណ៍ដូចពេលខ្លះគេគិតថាយើងគឺជាមនុស្សល្អអស្ចារ្យ រហូតដល់ពេលខ្លះអាចធ្វើអោយយើងមានអារម្មណ៍ថាអៀន រឹងខ្លួន ព្រោះដោយសារតែ ចិត្តភ្ញាក់រលឹករបស់ខ្លួនឯងដឹងច្បាស់ថាយើងមិនល្អដល់ថ្នាក់ហ្នឹងទេ តែយើងក៏នៅតែញញឹមទទួល

តែពេលខ្លះមនុស្សទីពីរនេះក៏ប្រៀបដូចជាមហាអបល័ក្ខណ៍ ដែលយើងមិនចង់នឹកគិត តែរឿងល្អនិងអាក្រក់អាចកើតឡើងគ្រប់ពេលវេលា ព្រោះវាជាពីភពក្លែងក្លាយដែលអ្នកដ៏ទៃជាអ្នកតាក់តែងអោយយើងទៅតាមអ្វីដែលគេគិត

ដូចជាអ្នកបើកឡានកង់ដប់ចតឡាននៅចិញ្ចើមផ្លូវសុខៗ លុះព្រឹកឡើងក៏ឃើញសាកសព នៅក្រោមឡាន
ហើយអ្នកបើកឡានកង់ដប់ក៏បើកគេច ទាំងដែលសពនោះត្រូវរថយន្តដ៏ទៃបុកស្លាប់ខ្ទាតចូលក្រោមឡានរបស់ខ្លួន
ហើយក៏ត្រូវបានមនុស្សមួយចំនួនចោទប្រកាន់ថា ឃាតករជាអ្នកបើកឡានកង់ដប់

មនុស្សដែលចូលចិត្តនិន្ទាទាំងនោះជាមនុស្សដែលមើលមនុស្សដោយផ្លូវអាក្រក់ គ្មានការពិចារណា ចិត្តចង្អៀត
មើលអ្នកផ្សេងតាមរយៈកញ្ចក់ពណ៏ខ្មៅនៅក្នុងចិត្តខ្លួនឯង ហើយមនុស្សប្រភេទនេះមាននៅគ្រប់ទិសទីក្នុងសង្គមយើងសព្វថ្ងៃ

ឯងត្រូវចាំទុកណា គ្រប់ពេលដែលឯងចោទប្រកាន់នណារម្នាក់ថាអាក្រក់ មិនល្អ វាប្រៀបដូចជាឯងបញ្ចេញភាពងងឹតងងុលក្នុងចិត្តខ្លួនឯងចេញមក

ដូចនេះពេលដែលឯងឃើញគេមិនល្អ ចូរដាស់តឿនចិត្តខ្លួនឯងថា កុំត្រាប់តាម កុំធ្វើតាមរឿងមិនល្អទាំងនោះ
នេះទើបជាវិធីរបស់អ្នកប្រាជ្ញ តែបើនិន្ទាគេ វាយតំលៃគេ ថាគេអាក្រក់ មិនល្អ នេះគឺជាវិធីរបស់មនុស្សពាល*

កូនសិស្សលោកក៏សួរថា * ហើយយើងត្រូវធ្វើខ្លួនរបៀបណា នៅពេលដែលយើងត្រូវប្រឈមមុខជាមួយមនុស្សបែបនេះជាញ៉ឹកញ៉ាប់ ? *

*ឯងត្រូវព្យាយាមរៀនសូត្រពីចិត្តមនុស្ស
រៀនសូត្រពីការយល់ច្រឡំដែលកើតឡើង
យើងមិនអាចហាមចិត្តគេបាន នូវអ្វីដែលយើងមិនបានធ្វើ មិនបានគិត មិនដូចអ្វីដែលគេថា តែគេនៅព្យាយាមចោទប្រកាន់យើង
យើងក៏មិនគួរផ្តល់ភាពសំខាន់ យកទុកដាក់ពីសម្តីគេអី ព្រោះយើងដឹងខ្លួនច្បាស់ថា វាមិនមែនជាការពិត

ចិត្តយើងគួរស្ងប់ស្ងាត់នឹងន
ចិត្តពួកគេទេដែលគួរតែដុះលាងនិងសាប៊ូ អោយសស្អាតជាងនេះ
ពួកគេទាំងនោះជាបុគ្គលដែលគួរអោយអាណិត ដែលគេមានពេលវេលាមើលអ្នកផ្សេង តែគ្មានពេលវេលាមើលខ្លួនឯង ដូចនេះឯងគួរតែផ្តល់ក្តីមេត្តាអោយគេទៅ
យល់ទេ ? *
ខ្ញុំករុណា យល់ហើយលោកតា

អត្ថបទគួរអាន៖ ឆ្ងល់ខ្សែពួរតូចមួយសោះ អាចចងដំរីធំបាន!!? ហួសចិត្តនិយាយមិនចេញ ពេលគ្រូបង្វឹកប្រាប់មូលហេតុថា….

សេចក្ដី​ព្យាយាម​ប្រៀប​បាន​នឹង​ទឹក​ដែលស្រក់​តក់ៗ មួយ​តំណក់ៗ​ ដើម្បី​ទម្លុះ​ផ្ទាំង​ថ្ម​មួយ​ដុំ​ដ៏​ធំ​មួយ។ អ្នក​ទាំង​អស់​គ្នា ត្រូវ​ឆ្លង​កាត់​រឿង​លំបាកៗ​ជា​ច្រើន ដើម្បី​សម្រេច​កិច្ច​ការ​ណា​មួយ ដែល​ជា​បំណង​ប្រាថ្នា​ពិត​របស់​ខ្លួន។ ដើម្បី​សម្រេច​វា អ្នក​ត្រូវ​ការ​ព្យាយាម​ដ៏​មុះមុត និង​មិន​បោះ​បង់​ចោល។
ខាងក្រោម​ជា​រឿង​មួយ​ដែល​ទា​ក់ទង​ទៅ​នឹង​ការដែល​យើង​មិន​ងាយ​នឹង​បោះបង់ចោល​ការព្យាយាម​។​

មាន​បុរស​ម្នាក់​បាន​ចំណាយពេល​វិស្សមកាល​របស់​គាត់​ដើម្បី​ទស្សនា​នៅ​អាហ្វ្រិក​។ ថ្ងៃ​មួយ​នោះ​គាត់​បានឃើញ​ដំ​រី​មួយ​ដើរកាត់​មុខ​គាត់ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​នោះ​គឺ ​ដំ​រី​ដែល​មាន​កំ​លាំង​មហិមា ​បែរ​ជា​ត្រូវបាន​គេ​បណ្តើរ​ដោយ​ប្រើ​ខ្សែរ​គោ​តូច​មួយ​ចង​ជាប់ជើង​មុខ​ទៅ​វិ​ញ​។ ជា​ការពិត​ណាស់​ដែល​ថា​វា​វា​អាចរ​ត់ទៅ​យ៉ាង​ងាយ ប៉ុន្តែ​វា​មិន​រត់​។​

​ក្រោយ​មក​គាត់​ក៏​បាន​ឃើញ​អ្នក​បង្ហាត់​ហើយ​ក៏​សួរ តើ​អ្នក​ធ្វើ​ម៉េច​បានជា​អាច​ប្រើ ខ្សែ​មួយ​នឹង​អាច​ឲ្យ​ដំរី​ទាំងឡាយ​មិន​ប៉ង​នឹង​រត់​សូម្បី​តែមួយ​។ អ្នក​បង្ហាត់​ក៏​តប​ថា «​ពេល​ដែល​ដំរី​ទាំងអស់នឹង​នៅ​ជា​កូន​ដំ​រី យើង​ប្រើ​ខ្សែរ​ទំហំដ​ដែល​ហ្នឹង​ទៅ​ចង​វា ដែល​ពេល​ហ្នឹង​ខ្សែ​នេះ​ធំ​ល្ម​ម​ចងវា​មិន​ឲ្យ​រត់​បាន​។ ហើយ​ពេល​វា​ធំ​ឡើង​បន្តិ​ច​ម្តង ហើយ​មាន​កំលាំង​កាន់តែខ្លាំង វា​មិនដែល​នឹង​ចង់​សាកល្បង​ទាញ​បណ្តាច់​ខ្សែរ​រត់​ទេ ព្រោះ​វា​ជឿថា​ខ្សែ​នោះ​នៅ​តែចង​វា​បាន​។»

​បុរស​នោះ​ឈរ​ស្ងៀម ហើយ​គិតថា​សត្វ​ទាំង​នោះ​មាន​កំលាំង​ខ្លាំង​តែ​មិន​ទាញ​ខ្សែ​ឲ្យ​ដាច់ ព្រោះ​វា​មាន​ជំនឿ​ថា វា​មិន​អាចទៅរួច​នោះ​ទៅហើយ​។​

អ្វី​ដែល​យើង​មិន​គួរ​យក​ជា​គម្រូ​នោះ​គឺ​ការ​មិន​សាក​ល្បង​ មិន​ព្យាយាម​ម្ដង​ទៀត​របស់​សត្វ​ដំរី។ អ្នក​ទាំង​អស់​គ្នា​មិន​ត្រូវ​បោះ​បង់​ការព្យាយាម ដូច​ដំរី​បោះ​បង់​ការ​សាក​ល្បង​ដើម្បី​បណ្ដាច់​ខ្សែ​នោះ​ទេ។ ការ​បរាជ័យ​ពេល​មុន មិន​ប្រាកដ​ថា បរាជ័យ​ពេល​នេះ​ឡើយ៕