ខ្ញុំ​និង​ប្រពន្ធ​បាន​ស្គាល់​គ្នា​ដោយ​សារ​មិត្តភ័ក្ដិ​ណែនាំ។ ​ជួប​គ្នា​ដំបូង ពួក​យើង​ក៏​មាន​អារម្មណ៍​ថា​មាន​និស្ស័យ​ជាមួយ​គ្នា​មែនទែន។ នាង​មើល​ទៅ​ជា​មនុស្ស​ដែល​កក់ក្ដៅ ចិត្ត​ល្អ ខ្ញុំ​ក៏​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់​ក្នុង​កែវ​ភ្នែក​របស់​នាង។ ពួក​យើង​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា រៀបការ​ជាមួយ​គ្នា និង​មាន​កូន។ មិន​ថា​ប្រពន្ធ​ និង​ខ្ញុំ​រវល់​ការងារ​ដូច​គ្នា ប៉ុន្តែ​នាង​ក៏​នៅ​ត្រលប់​មក​ធ្វើ​ការងារ​ផ្ទះ​មិន​ឲ្យ​ខ្វះ​ចន្លោះ។ មិត្តភ័ក្ដិ​និយាយ​ជាមួយ​ខ្ញុំ​គ្រប់​គ្នា​ថា​ខ្ញុំ​សំណាង​ណាស់​ដែល​មាន​នាង​ជា​ភរិយា។

កាល​នោះ ខ្ញុំ​ក៏​ដូច​មនុស្ស​ប្រុស​ធម្មតា​ទូទៅ ចប់​ការងារ​ក៏​ត្រលប់​មក​ផ្ទះ រាល់​ខែ​ពេល​បើក​ប្រាក់​ខែ​ក៏​យក​មក​ឲ្យ​ប្រពន្ធ។ ប្រពន្ធ​ខ្ញុំ​មិន​ត្រឹម​តែ​ធ្វើ​ការងារ​ផ្ទះ​ពូកែ​ទេ តែ​ថែម​ទាំង​ធ្វើ​ម្ហូប​ឆ្ងាញ់​យ៉ាង​ចំណាន។ កូន​ស្រី​ខ្ញុំ​ក៏​គួរ​ឲ្យ​ស្រឡាញ់ ជា​ដួង​ចិត្ត​របស់​ខ្ញុំ​និង​ប្រពន្ធ។ ក្រុម​គ្រួសារ​យើង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល។ រហូត​ដល់​ការងារ​ខ្ញុំ​រីក​ចម្រើន​ទៅ​មុខ បាន​ឡើង​តំណែង​កាន់​តែ​ខ្ពស់ ប្រពន្ធ​ខ្ញុំ​ក៏​ឈប់​ពី​ការងារ​ដើម្បី​មក​មើល​ថែ​ការងារ​ផ្ទះ ខ្ញុំ​ក៏​មាន​ពេល​ផ្ដោត​លើ​ការងារ​យ៉ាង​ពេញ​ដៃ​ពេញ​ជើង។

ព្រម​ៗ​គ្នា​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​កាន់​ច្រើន តំណែង​នាទី​របស់​ខ្ញុំ​នៅ​កន្លែង​ការងារ​ក៏​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ មាន​ពិធី​ជប់លៀង​ស្ទើរ​រាល់​ថ្ងៃ។ ខ្ញុំ​ត្រូវ​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​ថា​ខ្ញុំ​នឹង​ទៅ​ផ្ទះ​វិញ​យប់​ជ្រៅ មិន​បាច់​ចាំ​បាយ​ខ្ញុំ​ទេ នាង​ក៏​តែង​ប្រាប់​ខ្ញុំ​វិញ​ថា​កុំ​ផឹក​ច្រើន​ពេក​ណា​បង។

មាន​ពេល​មួយ​ក្នុង​ពិធី​ជប់លៀង​ ខ្ញុំ​ក៏​បាន​ជួប​ជាមួយ​ប៊ី។ នាង​មាន​អាយុ​តិច​ជាង​ខ្ញុំ​៨​ឆ្នាំ និង​បាន​បែកបាក់​ស្វាមី។ ដោយ​សារ​ការងារ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជួប​នាង​ញឹកញាប់។ ត​មក​ខ្ញុំ​ក៏​បាន​ឮ​ថា​ប៊ី​និង​ប្ដី​នាង​បាន​បែក​បាក់​គ្នា​ដោយ​សារ​បញ្ហា​ម្ដាយ​ក្មេក​និង​កូនប្រសា ចំណែក​ប៊ី​ខ្លួន​ឯង​ក៏​បាន​និយាយ​រឿង​នេះ​ឲ្យ​ខ្ញុំ​ស្ដាប់​ដែរ។

ពេល​ឃើញ​នាង​និយាយ​ផង​យំ​ផង ខ្ញុំ​ចេះ​តែ​នឹក​អាណិត​នាង។ ពេល​វេលា​កន្លង​ផុត​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ស្រឡាញ់​នាង។ ប្រៀបធៀប​ជាមួយ​ប្រពន្ធ​ខ្ញុំ ប៊ី​មាន​អាយុ​ក្មេង​ជាង អាច​មើល​ថែ​ខ្លួន​ឯង ទាន់​សម័យ មុខ​មាត់​ក៏​ស្អាត។ ដោយ​សារ​នាង​ចាប់​អារម្មណ៍​​ខ្ញុំ​ដូច​គ្នា ​ពួក​យើង​ក៏​ចាប់​ផ្ដើម​ទំនាក់ទំនង​ជាមួយ​គ្នា។

ពេល​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង ប៊ី​ប្រាប់​ខ្ញុំ​ថា​នាង​មិន​ចង់​បាន​អ្វី​ទេ គ្រាន់​តែ​ត្រូវ​ការ​នៅ​​ជាមួយ​ខ្ញុំ​ប៉ុណ្ណោះ។ ខ្ញុំ​ខ្លួន​ឯង​ក៏​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​មាន​ពេល​នៅ​ជាមួយ​ប៊ី និង​ខំ​រក​លេស រក​ហេតុ​ផល​មក​កុហក​ប្រពន្ធ។ ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ​ក៏​មិន​ដែល​សួរ​នាំ​អ្វី។ គ្រប់​ពេល​ដែល​ខ្ញុំ​មក​ផ្ទះ​វិញ នាង​ក៏​មើល​ថែ​ខ្ញុំ​យ៉ាង​ល្អ​ដូច​ធម្មតា ប៉ុន្តែ​យូរ​ៗ​ទៅ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​រអៀស​ចិត្ត។

មាន​ពេល​មួយ​ខ្ញុំ​សាក​និយាយ​លេង​សើច​ជាមួយ​ប្រពន្ធ​ថា “បង​ទៅ​ជប់លៀង​ញឹកញាប់ អូន​អត់​មាន​បារម្ភ​អី​ទេ​ហ្អ៎?”

នាង​ក៏​និយាយ​ញឹម​ៗ​ថា “ពួក​យើង​ចាស់​ៗ​អស់​ហើយ ខ្ញុំ​នៅ​មិន​ទាន់​ជឿ​ចិត្ត​បង​បាន​ទៀត​មែន?”

ពេល​ឮ​ប្រពន្ធ​និយាយ​បែប​នេះ ខ្ញុំ​ក៏​កាន់​តែ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង។ គ្រប់យ៉ាង​កន្លង​ទៅ​បែប​នេះ​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ ប៊ី​ក៏​ចាប់​ផ្ដើម​តាម​កៀក​ខ្ញុំ​កាន់​តែ​ខ្លាំង។

នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ឆ្នាំ​ទៅ​មិញ ខ្ញុំ​នៅ​ផ្ទះ​ធ្វើ​ម្ហូប​អាហារ​ញ៉ាំ​ជាមួយ​គ្រួសារ​សុខ​ៗ​ សំឡេង​ទូរស័ព្ទ ខ្ញុំ​ក៏​បន្លឺ​ឡើង។ នោះ​គឺ​ទូរស័ព្ទ​របស់​ប៊ី​ខល​មក នាង​ស្ដាប់​ទៅ​ដូច​ជា​កំពុង​ស្រវឹង នាង​ប្រាប់​ថា​នាង​ឯកោ​ណាស់ ប្រាប់​ថា​ចង់​ជួប​ខ្ញុំ។

ខ្ញុំ​យល់​អារម្មណ៍​នាង ក៏​បែរ​ប្រាប់​ប្រពន្ធ​ថា​កូន​ចៅ​នៅ​កន្លែង​ធ្វើ​ការ​មាន​បញ្ហា​តិចតួច ខ្ញុំ​ត្រូវ​ទៅ​ជួយ​ដោះ​ស្រាយ រួច​ហើយ​ក៏​ប្រញាប់​ទៅ​ផ្ទះ​របស់​ប៊ី។ នាង​ក្អួត​ចង្អោរ​ឡើង​ទន់​ខ្លួន ព្រម​ទាំង​ឱប​ខ្ញុំ​មិន​លែង។ នាង​ចង់​ឲ្យ​ខ្ញុំ​កំដរ​នាង​ទល់​ភ្លឺ។ បើ​យប់​ផ្សេង​ៗ​គ្មាន​បញ្ហា​ទេ ប៉ុន្តែ​នេះ​គឺ​យប់​ឆ្លង​ឆ្នាំ ឲ្យ​ខ្ញុំ​នៅ​ជាមួយ​នាង​យ៉ាង​ម៉េច?

អស់​រយៈ​ពេល​កន្លះ​ថ្ងៃ​ នាង​នៅ​តែ​មិន​ព្រម​ឲ្យ​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ។ ខ្ញុំ​ចាប់​ផ្ដើម​នៅ​មិន​ស្ងៀម ក៏​ឆេវឆាវ​ដាក់​នាង។ ពេល​ឃើញ​ខ្ញុំ​ផ្ទុះ​កំហឹង​បែប​នេះ​នាង​ក៏​ចាប់​ផ្ដើម​ស្វាង​ស្រវឹង ហើយ​ក៏​ចាប់​ផ្ដើម​ច្រឡោត។ នាង​និយាយ​ថា​ បើ​ខ្ញុំ​ហ៊ាន​តែ​ដើរ​ចេញ​ពី​ទី​នេះ​ នាង​នឹង​ស្លាប់​ឲ្យ​មើល នាង​យំ​រហាម​ប្រាប់​ខ្ញុំ​ថា​ស្រឡាញ់​ខ្ញុំ​យ៉ាង​នេះ​យ៉ាង​នោះ។

នាង​បញ្ចេញ​សកម្មភាព​ដូច​ជា​មនុស្ស​ឆ្កួត និង​ស្ទុះ​មក​ខាំ​ស្មា​ខ្ញុំ​ឡើង​ចេញ​ឈាម។ ខ្ញុំ​ក៏​ដើរ​ទាញ​ទ្វា​ចេញ​ទៅ​ដោយ​ប្រាប់​នាង​ថា​ប្រសិន​បើ​នាង​ហ៊ាន​តែ​ធ្វើ​អ្វី​ផ្ដេសផ្ដាស មាន​អ្វី​កើត​ឡើង​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង។ ​ខ្ញុំ​បាន​បិទ​សំឡេង​ទូរស័ព្ទ តែ​នៅ​តែ​ឃើញ​សារ​ប៊ី​ផ្ញើរ​មក​មាន​ទាំង​អង្វរ ទាំង​គំរាម។

ខ្ញុំ​កើត​មាន​ប្រផ្នូល​ប្លែក​ៗ គ្រប់​យ៉ាង​អាច​លាក់​បាំង​បាន តែ​ស្នាម​របួស​នៅ​លើ​ស្មា​តើ​ត្រូវ​បិទបាំង​យ៉ាង​ណា? មែន! រឿង​ក៏​បែក​ធ្លាយ។ ប្រពន្ធ​ខ្ញុំ​យំ​បណ្ដើរ​និយាយ​ជាមួយ​ខ្ញុំ​បណ្ដើរ​ថា “ការងារ​ផ្ទះ​ខ្ញុំ​ក៏​ធ្វើ កូន​ខ្ញុំ​ក៏​មើល​ថែ ប៉ា​ម៉ាក់​បង​ខ្ញុំ​ក៏​ជួយ​មើល​ថែ​ឲ្យ ចុះ​បង​ទទួល​ខុស​ត្រូវ​អី​ខ្លះ​ក្នុង​ផ្ទះ​នេះ? ម៉េច​បាន​ជា​ធ្វើ​យ៉ាង​នេះ​ដាក់​ខ្ញុំ?” នាង​យំ​រហូត​ដល់​ដួល​សន្លប់។

ហេតុការណ៍​ដែល​កើត​ឡើង​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ចិត្ត​ជា​ខ្លាំង ក៏​ប្រញាប់​ខល​ហៅ​ឡាន​ពេទ្យ​ភ្លាម។ ពេល​ប្រពន្ធ​ខ្ញុំ​ដឹង​ខ្លួន​វិញ នាង​ក៏​មិន​ព្រម​និយាយ​ជាមួយ​ខ្ញុំ​សូម្បី​មួយ​ម៉ាត់។ ពេល​ឃើញ​ប្រពន្ធ​បែប​នេះ ខ្ញុំ​ខូច​ចិត្ត​រក​អ្វី​និយាយ​មិន​ត្រូវ។

បន្ទាប់​ពី​នោះ ប៉ា​ម៉ាក់​ខ្ញុំ​ក៏​បាន​ដឹង​រឿង។ ប៉ា​និយាយ​ជាមួយ​ខ្ញុំ​ថា “ប៉ា​មិន​ធ្លាប់​ដឹង​ពី​មុន​ឡើយ​ថា​ឯង​ជា​មនុស្ស​បែប​នេះ ហេតុ​អី​បាន​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​ទៅ​រួច តើ​សម​ជា​ប្ដី ជា​ឪពុក​គេ​ទេ? ឯង​ធ្វើ​ដល់​ថ្នាក់​នេះ ចង់​លែងលះ​មែន​ទេ?”

“ប៉ា ខ្ញុំ​មិន​ព្រម​លែង​ដាច់​ខាត” ខ្ញុំ​និយាយ

“ហើយ​ឯង​ចង់​យ៉ាង​ម៉េច?” ប៉ា​សួរ​ខ្ញុំ តែ​ខ្ញុំ​ឆ្លើយ​មិន​ចេញ

“គ្រួសារ​យើង​មាន​កូន​ប្រសា​តែ​ម្នាក់​នេះ​គត់ អ្នក​ផ្សេង​ប៉ា​មិន​ឲ្យ​ចូល​ផ្ទះ​ដាច់​ខាត”។ ប៉ា​និយាយ​ជាមួយ​ខ្ញុំ​យ៉ាង​ដាច់​អហង្ការ។

ខ្ញុំ​ក៏​ព្យាយាម​គេច​មុខ​ប៊ី មិន​ទទួល​ទូរស័ព្ទ​នាង មិន​តប​សារ។ ស្មាន​មិន​ដល់​ថា​នាង​ខឹង​ខ្លាំង​រហូត​មក​តាម​រក​រឿង​ដល់​បន្ទប់​ធ្វើ​ការ​របស់​ខ្ញុំ។ អ្នក​ធ្វើការ​ជាមួយ​ក៏​យក​រឿង​ខ្ញុំ​ទៅ​និយាយ​ខ្សឹបខ្សៀវ​គ្នា​ពេញ​ក្រុមហ៊ុន រហូត​អ្នក​គ្រប់គ្រង​ហៅ​ខ្ញុំ​ទៅ​ជួប។ ការ​ពិត​ទៅ​ខ្ញុំ​កំពុង​ត្រៀម​ឡើង​តំណែង ប៉ុន្តែ​ដោយ​សារ​រឿង​ប៊ី​ អនាគត​របស់​ខ្ញុំ​ក្នុង​ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​មិន​ប្រាកដ​ប្រជា។

ប្រពន្ធ​របស់​ខ្ញុំ​នៅ​តែ​ឈឺ​មិន​ទាន់​ធូរ​ស្រាល នៅ​តែ​មិន​ព្រម​និយាយ​ជាមួយ​ខ្ញុំ សូម្បី​តែ​កូន​ស្រី​ក៏​ប្រើ​ខ្សែ​ភ្នែក​ស្អប់​ខ្ពើម​សម្លឹង​មក​ខ្ញុំ។ ដំបូង​ឡើយ​ខ្ញុំ​ចង់​និយាយ​ជាមួយ​កូន ចង់​ប្រាប់​នាង​ថា​ប៉ា​ខុស​ខ្លួន​ឯង ប៉ុន្តែ​ស្មាន​មិន​ដល់​ថា កូន​ស្រី​ក៏​ចូល​មក​និយាយ​ជាមួយ​ខ្ញុំ​ថា “ប៉ា​ចាំ​ទុក ខ្ញុំ​ស្អប់​ប៉ា បើ​ម៉ាក់​កើត​អី​ទៅ ប៉ា​និង​ស្រី​ម្នាក់​នោះ គ្មាន​ថ្ងៃ​បាន​សុខ​ទេ”។ ពេល​ឃើញ​កូន​ស្រី​ដែល​ធ្លាប់​តែ​ស្ដាប់​ខ្ញុំ និយាយ​បែប​នេះ ក្នុង​ចិត្ត​ខ្ញុំ​ដូច​ជា​មាន​កាំបិត​មក​ចាក់​ទម្លុះ​កណ្ដាល​ដើម​ទ្រូង។

ពេល​វេលា​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​យ៉ាង​តឹងតែង ខ្ញុំ​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ប៊ី​ដាច់​ស្រេច។ នាង​បាន​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​មួយ​ម៉ឺន​ដុល្លារ។ ប៉ា​ម៉ាក់​ខ្ញុំ​ក៏​ជួយ​ចេញ​ពាក់​កណ្ដាល​ ដោយ​ប្រាប់​ខ្ញុំ​ថា “ចាត់​ទុក​ថា​ជា​ថ្លៃ​ដាស់​សតិ​ឯង ប៉ា​ព្រម​ចំណាយ”។

ប្រពន្ធ​គិត​ដល់​កូន និង​ប៉ាម៉ាក់​ខ្ញុំ ក៏​លែង​និយាយ​រឿង​លែងលះ​ជាមួយ​ខ្ញុំ​ទៀត។ យប់​ថ្ងៃ​កន្លង​ទៅ​ដោយ​ស្ងប់​សុខ​ដូច​ដើម ប៉ុន្តែ​អ្វី​ៗ​គ្រាន់​តែ​ជា​សម្បក​ខាង​ក្រៅ​ប៉ុណ្ណោះ គ្រួសារ​របស់​យើង​មិន​អាច​ត្រលប់​ទៅ​មាន​សេចក្ដី​សុខ សប្បាយ​រីករាយ​ដូច​ដើម​ឡើយ។ ប្រសិន​បើ​គ្មាន​បញ្ហា​អ្វី ប្រពន្ធ​ខ្ញុំ​ក៏​មិន​និយាយ​ជាមួយ​ខ្ញុំ ពេល​ឃើញ​ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​មិន​ឃើញ។

តែ​ទោះ​យ៉ាង​ណា ខ្ញុំ​នឹង​មិន​ព្រម​លែង​ដៃ​ចោល​គ្រួសារ​ខ្ញុំ​ដាច់​ខាត ខ្ញុំ​ចង់​ប្រាប់​ប្រពន្ធ​ថា “ខ្ញុំ​ស្រឡាញ់​នាង” ខ្ញុំ​នឹង​តប​ស្នង​ឲ្យ​នាង​វិញ​ដោយ​ប្រើ​ពេល​វេលា​ពាក់​កណ្ដាល​ជីវិត​ទៀត​របស់​ខ្ញុំ ៕

ប្រភព៖ Kanha

អត្ថបទគួរអាន៖ ប៊ិះត្រូវគេចាប់រំលោភ ព្រោះដើរទៅហៅប្តីកំពុងផឹកស៊ីទាំងយប់! ប្តីមកជួបប្រពន្ធនៅប៉ុស្ត៍ប៉ូលីសទាំងស្រវឹងជោគ ហើយបែរជាសួរសំនួរមួយម៉ាត់ ធ្វើឲ្យប្រពន្ធឆ្អែតចិត្តសុំលែងលះ…

ខ្ញុំធ្លាប់សួរខ្លួនឯងថាតើរយៈពេលកន្លងមក ខ្ញុំទទួលបានសុភមង្គលប៉ុណ្ណា? សប្បាយចិត្តប៉ុណ្ណា? ចុះទំហំការឈឺចាប់ និងទឹកភ្នែកដែលខ្ញុំស្រក់ហូរចុះមកនេះវាមានប៉ុណ្ណា? តើយើងគួរតែទ្រាំនៅជាមួយមនុស្សបច្ចុប្បន្ននេះដែរឬទេ????

ទៀតហើយ! ពេលនេះខ្ញុំកំពុងតែដើរសំដៅទៅកន្លែងផឹកស៊ីមួយកន្លែងម្នាក់ឯងទាំងយប់ ដែលទើបតែទូរស័ព្ទសួរមិត្តជិតស្និទ្ធរបស់គាត់។ បើតាមគាត់ប្រាប់ចាំទាល់តែមេឃភ្លឺ មិនដឹងអូសសង្ខាទៅផ្ទះរួចដែរឬក៏អត់ផង។ សាច់កម្មមែនទែនខ្ញុំ ចង់មានស្នេហាដូចគេ តែដល់ទៅជួប បែរជាមកជួបមនុស្សប្រុសដែលចូលចិត្តដើរសប្បាយ ផឹកស៊ីជួបជុំមិត្តភក្តិទៅវិញ។ មិនមែនមិនដែលនិយាយគ្នាទេ តែនេះនិយាយរាប់ភ្លេចទៅហើយ។ ក្រោយពីស្វាងប្រាប់ថាឈប់ ដល់ពេលចង់ទៅសន្យាថាជាលើកចុងក្រោយ។ រឿងរ៉ាវក៏វិលជុំ ដូចយប់និងថ្ងៃ និយាយហើយនិយាយទៀតក៏វាគ្មានន័យ ណ្ហើយ! ក៏បណ្តោយឱ្យទៅមួយខ្យល់តែម្តងទៅ។ ថាទៅមកពីយើងស្រលាញ់គេដែរ ហើយក៏លះបង់ដើម្បីគេជាច្រើន គេបែរជាមិនយល់ហើយនៅតែបន្តធ្វើបាបចិត្តយើងបែបនេះបន្តទៅទៀត។ ពិបាកដែរ ហេតុផលដែលខ្ញុំនៅទ្រាំ ក៏មិនមែនដោយសារតែគេមានចំណុចអាក្រក់ទាំងអស់ដែរ បើដកពីរឿងចូលចិត្តដើរហើរ ផឹកស៊ីយប់ព្រលប់ចេញ ខ្ញុំអាចនិយាយបានថាគេជាមនុស្សល្អ យកចិត្តទុកដាក់ ស្រលាញ់ស្មោះស្ម័គ្រ ហើយក៏មានការងារមួយសមរម្យដូចគេដូចឯងដែរ។

អ្វីៗដំណើរការល្អរលូន ដូចជាគ្មានអ្វីទាស់ខុស ចង្រៃតែរៀងផឹកស៊ីហ្នឹងមួយ។ ពេលដែលយើងថាស្តី គេក៏និយាយលេសថា មកពីសារជាតិមនុស្សប្រុសបែបនេះ តែការស្រលាញ់គឺមានតែខ្ញុំម្នាក់។ មិនមែនថាខ្ញុំមិនដឹង តែបើដកអារឿងហ្នឹងមួយទៀតវាពិបាកខ្លាំងមែនទេ? គេថាស្រលាញ់មនុស្សម្នាក់យើងមិនអាចបង្ខំឱ្យគេកែប្រែអ្វីដែលជាខ្លួនរបស់គេនោះឡើយ ។ ខ្ញុំសូមគាំទ្រ តែក៏សុំបដិសេធខ្លះដែរ។ មនុស្សយើងបើការផ្លាស់ប្តូរអ្វីដែលអាក្រក់ៗចេញមកធ្វើរឿងល្អៗខ្ញុំថាវាសមគួរណាស់នឹងកែប្រែ។ ឬក៏ខ្ញុំមិនគួរហាមគាត់មិនឱ្យគាត់ផឹកស្រាទេ បើខ្ញុំដឹងថាការពិតស្រាវាមិនល្អដល់សុខភាព? ឬខ្ញុំមិនគួរខឹងគាត់ទេដែលដើរយប់ព្រលប់ដោយមិនបារម្ភខ្លាចមានគ្រោះថ្នាក់ ឬហេតុភេទអ្វីកើតឡើង? ទាំងអស់នេះបើខ្ញុំមិនស្រលាញ់ មិនបារម្ភ មិនយកចិត្តទុកដាក់ខ្ញុំ ក៏មិនបាច់ហាម មិនបាច់តឿននាំតែហត់មាត់ដែរ។ ព្រោះតែដឹងមិនល្អនោះហើយ បានជាប្រឹងហាម ហាម ហាម និយាយដល់រោយថ្គាមពិបាកខ្លួនឯងនោះ។ តាំងពីស្គាល់គេខ្ញុំប្រឹងប្រែងធ្វើបែបយ៉ាង ដើម្បីធ្វើជាមនុស្សស្រីដែលគួរឱ្យស្រលាញ់ មិនឱ្យគាត់ពិបាក អ្វីៗខ្ញុំក៏កែប្រែ លះបង់ដើម្បីគាត់ ហេតុអ្វីគ្រាន់តែរឿងឈប់ដើរឈប់ផឹកក៏គាត់មិនអាចឈប់ដើម្បីខ្ញុំដែរ? មនុស្សយើងការទ្រាំមានកំណត់ បើវាដល់ពេលអស់ទ្រាំ ការអត់ធ្មត់នឹងបុកកញ្ជ្រោលចេញមកប្រៀបបីដូចជាគ្រាប់បែកផ្ទុះមិនខាន។

នៅសល់តែប៉ុន្មានម៉ែត្រទៀត ដល់កន្លែងដែលសង្សាររបស់ខ្ញុំផឹកស៊ីហើយ ខ្ញុំស្រាប់តែមានអារម្មណ៍ថាមានសម្រិបជើងមនុស្ស ២ ៣នាក់ដើរតាមពីក្រោយ។ អារម្មណ៍ភ័យរន្ធត់បានរសាត់ប៉ះរាងកាយរបស់ខ្ញុំទាំងមូល ហើយបញ្ជាដៃឱ្យចុចទូរស័ព្ទទៅសង្សាររបស់ខ្ញុំឱ្យគាត់ប្រញាប់ចេញមកទទួលខ្ញុំ ប៉ុន្តែមិនថាផ្ញើសារ ឬ ខលយ៉ាងណាគាត់បែរជាមិនលើកទៅវិញ។ អារម្មណ៍ខ្ញុំកាន់តែរន្ធត់ ត្រជាក់ចុងដៃចុងជើងទ្វេដង ហើយធ្វើឱ្យជើងរបស់ខ្ញុំបង្កើនល្បឿនកាន់តែញាប់ទៅដើម្បីឱ្យឆាប់ដល់គោលដៅ តែសម្រិបជើងពីក្រោយក៏រឹតតែញាប់ទៅៗលឿនទៅៗទ្វេរដងដូចគ្នា ស្រាប់តែដៃបុរសម្នាក់អូសខ្ញុំទាំងកម្រោល

« លែងយើង!! ជួយផង » ខ្ញុំស្រែកភ្លាត់សំឡេង

« មកបងជូនទៅផ្ទះ»

បុរសមុខមាត់គួរឱ្យខ្លាច ៣នាក់ចោមរោមខ្ញុំដូចចង់ស៊ីសាច់ខ្ញុំទាំងរស់ ខ្ញុំដឹងថាគ្រោះអាសន្នបានមកដល់ខ្ញុំហើយ ក្តីសង្ឃឹមចុងក្រោយមានតែបន់ឱ្យសង្សាររបស់ខ្ញុំបានឃើញសារនោះហើយប្រញាប់ចេញមកជួយខ្ញុំ។ បើគាត់បានឃើញទាន់ ហើយបើគាត់ចេញមកតែបន្តិច ខ្ញុំប្រហែលជា………

……………………………………………………………………………………………………………..

នៅក្នុងប៉ុស្តិប៉ូលីស ខោអាវដាច់រហែក ទឹកភ្នែកសស្រាក់ពេញផ្ទៃមុខ ដោយមានភួយពីប្រជាជនចិត្តល្អជិតនោះឱ្យខ្ញុំដណ្តប់ខ្លួន។ ខ្ញុំគ្រល៊ំភួយ យំតិចៗទាំងនៅភ័យញ័រខ្លួន អាណិតខ្លួនឯងចំពោះហេតុការណ៍ដែលកន្លងពីយប់មិញ។ វាជារឿងសំណាងបែបណា ដែលខ្ញុំមិនត្រូវបានវារំលោភបានសម្រេច តើខ្ញុំសំណាងយ៉ាងណាដែលគ្រាន់តែត្រូវរហែកខោអាវដាច់ដាចស្ទើរតែគ្មានអ្វីបិទបាំងខ្លួន? ហើយខ្ញុំគួរតែសប្បាយចិត្តយ៉ាងណាដែលគ្រាន់តែត្រូវពួកវាវាយទ្រោមខ្លួន ហើមមុខហើមមាត់ ជាំដៃជាំជើងនិងពេញតែខ្លួន? បើពេលនោះគ្មានមនុស្សឆ្លងកាត់ ខ្ញុំមិនត្រឹមតែត្រូវវាធ្វើបាបនោះទេ ប្រហែលជាសូម្បីតែជីវិតក៏មិនអាចរក្សាបានផង។

មួយសន្ទុះស្រមោលមនុស្សប្រុសដែលខ្ញុំធ្លាប់ស្រលាញ់ពេញបេះដូងបានរត់មកដល់ទាំងបែកញើសជោគ លាយឡំនឹងក្លិនស្រា។ ខ្ញុំសម្លឹងមើលគាត់ទាំងកែវភ្នែកអស់សង្ឃឹម។ ការឈឺចាប់ផ្លូវចិត្តនៅពេលនេះ វាប្រហែលជាឈឺចាប់ជាងត្រូវពួកវាធ្វើបាបទៅទៀត។ ឯណាមនុស្សដែលធ្លាប់ប្រាប់ថាស្រលាញ់ខ្ញុំស្មោះ? ឯណាដែលថានឹងមើលថែ ការពារខ្ញុំនោះ? តើការផឹកស៊ីរបស់គាត់ពិតជាសំខាន់ជាងអាយុជីវិតរបស់ខ្ញុំ? តែសម្តីដែលគាត់បាននិយាយមួយឃ្លានេះទាំងទឹកមុខសង្ស័យ រឹតតែធ្វើឱ្យខ្ញុំឈឺចាប់ទ្វេរដងដូចជាមុខលំពែងដ៏មុតស្រួចចាក់បន្ថែមលើបេះដូងដែលប្រេះស្រាំ

« អូនយ៉ាងម៉េចហើយ? អូនត្រូវពួកវារំលោភបានសម្រេចមែនទេ? »

ខ្ញុំស្រាប់តែទះគាត់មួយកំភ្លៀងទាំងទឹកភ្នែកឈឺចាប់ស្រក់មកដូចទឹកបាក់ទំនប់

« អូ! បងមិនសួរថាខ្ញុំមានរឿងអី តែមកដល់បងខ្វល់តែពីរឿងនេះចឹងហេ? កុំបារម្ភខ្ញុំមិនអីទេ »

គាត់ក៏រំសាយកែវភ្នែកសង្ស័យរួចចាប់ដៃខ្ញុំនិយាយទាំងទន់ភ្លន់លាយឡំនឹងការបារម្ភ

« បងសុំទោសៗៗ អូនមិនអីទេ? មានត្រូវត្រង់ណាទេ? កុំខឹងអីៗអីណា»

ខ្ញុំសួរគាត់ទាំងកែវភ្នែកទទេរស្អាត

« យប់មិញបងបានឮខ្ញុំទូរស័ព្ទទៅបងទេ? បងមានឃើញសាររបស់ខ្ញុំដែលផ្ញើទៅបងទេ? »

គាត់អេះអុញបន្តិច

« បង..បង ?»

ខ្ញុំក៏កញ្ឆក់ទូរស័ព្ទគាត់មកមើលមើលហើយសើចតិចៗទាំងឈឺចាប់លើកទូរស័ព្ទបង្ហាញគាត់

« លេខអូនដែលខលប៉ុន្មានដង បងក៏បានបើកមើល សារដែលផ្ញើទៅបងក៏បានឃើញ។ ហេតុអ្វីបានជាបងធ្វើបែបនេះដាក់ខ្ញុំ? យើងបែកគ្នាទៅ » ខ្ញុំស្រែកដាក់គាត់ទាំងកំហឹង។ គាត់បើកភ្នែកធំៗនិយាយអង្វរ

«អត់ទេៗៗ ស្តាប់បងសិនបានទេ? មែនហើយបងសារភាពថាបងបានឃើញ តែបងស្មានតែអូនលេងសើច ចង់ហាមមិនឱ្យបងបន្តផឹកស៊ីទៀត បានជា…»

« គ្រាន់តែរឿងផឹកស៊ីបងឈប់ដើម្បិអូនមិនបានផងចឹងហេ? ឯណាដែលបងថាស្រលាញ់ខ្ញុំ? នេះបើគ្មានអ្នកមកជួយទាន់ទេ ខ្ញុំប្រហែលជាក្លាយទៅជាខ្មោចតៃហោងមិនខានទេ បងដឹងទេ??? ចេញទៅ បងឯងចេញពីជីវិតរបស់ខ្ញុំទៅ»

« អត់ទេ បងមិនព្រម»។ គេនៅតែអង្វរខ្ញុំមិនឈប់រហូតដល់ប៉ូលីសអូសចេញ។

ខ្ញុំអាក្រក់មែនទេ? ខ្ញុំមិនព្រមផ្តល់ឱកាសគេតើខ្ញុំខុសមែនទេ? បើអ្នកទាំងអស់គ្នាជាខ្ញុំ និងនៅស្ថានភាពដូចជាខ្ញុំអ្នកនឹងបានដឹងថាវាពិបាកប៉ុណ្ណា វេទនាប៉ុណ្ណា។ ម៉ាក់ធ្លាប់ប្រាប់ខ្ញុំថាមនុស្សដែលស្រលាញ់យើងស្មោះគេប្រាកដជាធ្វើឱ្យយើងមានសេចក្តីសុខនិងកើតទុក្ខ។ ប៉ុន្តែត្រូវដឹងផងថា តើគេផ្តល់ឱ្យយើងនូវភាពសប្បាយរីករាយ សុភមង្គលប៉ុណ្ណា និងទឹកភ្នែកប៉ុណ្ណា? តើវាមានទំហំសមាមាត្រគ្នាឬទេ? ឬក៏មានម្ខាងណាលើសខ្វះគ្នាឆ្ងាយ? ម៉ាក់បាននិយាយទៀតថា បើគេស្រលាញ់យើងស្មោះគេប្រាកដជាយល់នូវតម្លៃទឹកភ្នែករបស់យើង មិនបណ្តោយឱ្យយើងស្រក់ទឹកភ្នែកផ្តេសផ្តាសដោយគ្មានប្រយោជន៍ និងពោរពេញដោយក្តីឈឺចាប់នោះទេ។ គេនឹងប្រឹងប្រែងធ្វើយ៉ាងណាប្រគល់ស្នាមញញឺមដែលមានក្តីសុខឱ្យយើង។

ចុះពេលនេះ និងពេលដែលកន្លងមកខ្ញុំមានសុភមង្គលប៉ុណ្ណា និងទឹកភ្នែកប៉ុណ្ណា? ធំៗអស់ហើយយើងប្រាកដជាចេះថ្លឹងថ្លែងរឿងល្អ និងអាក្រក់ បើកន្លែងនេះវាមិនសាកសមនឹងយើង និងធ្វើឱ្យយើងមានទុក្ខវេទនាឈឺចាប់មិនចេះចប់មិនចេះហើយបែបនេះហើយ ដើរចេញមក។ បន្ទាប់ពីដើរចេញយើងប្រាកដជាឈឺចាប់ចៀសមិនរួច តែការឈឺចាប់រយៈពេលខ្លីប្រសើរជាងការឈឺចាប់រយៈពេលវែង។ កុំបារម្ភអីរបួសយូរនិងឆាប់គង់តែជាសះស្បើយ អនាគតក៏នៅវែងឆ្ងាយ ក្តីសង្ឃឹមរលាយបាត់អស់មួយ នៅខាងមុខប្រាកដជាមានក្តីសង្ឃឹមថ្មីបន្តទៅទៀត។ ជីវិតស៊ូៗកុំចុះចាញ់ នោះទើបហៅថាមនុស្សដែលមានតម្លៃជីវិតម្នាក់៕