ពេល​ខ្ញុំ​នឹង​ប្ដី​ព្រមព្រៀង​គ្នា​រៀបការ​បន្ទាប់​ពី​រៀន​ចប់ ម៉ាក់​ប៉ា​ខាង​ប្ដី​ខ្ញុំ​ព្យាយាម​រារាំង​ពួក​យើង​ទាំង​ពីរ​ ដោយ​សារ​ពួក​គាត់​ស្អប់​ខ្ញុំ​ជា​អ្នក​ក្រ។ ពួក​គាត់​ខ្លាច​ថា​ពុក​ម៉ែ​បង​ប្អូន​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គ្រួសារ​ពួក​គាត់​ក្ដៅ​ក្រហាយ ខ្លាច​ខ្ញុំ​ចង់​បាន​លុយ​ពួក​គាត់​ហើយ​ទារ​​ថ្លៃ​ទឹក​ដោះ​ច្រើន។ ប៉ុន្តែ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ស្រឡាញ់​គ្នា​ណាស់ ឯ​ពុក​ម៉ែ​ខ្ញុំ​ក៏​យោគយល់។ នៅ​ពេល​ប្ដី​ខ្ញុំ​ចូល​ដណ្ដឹង​ខ្ញុំ​ (ប៉ា​ម៉ាក់​គាត់​មិន​ព្រម​មក​ជាមួយ​ទេ) ពុក​ម៉ែ​ខ្ញុំ​មិន​បាន​ទាមទារ​អ្វី​ឡើយ សុំ​ឲ្យ​តែ​ប្ដី​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ល្អ​ជាមួយ​ខ្ញុំ​រហូត​ទៅ​គ្រប់គ្រាន់​ហើយ។

ពួក​យើង​ទាំង​ពីរ​មិន​បាន​រៀប​ពិធី​មង្គលការ​ធំ​ដុំ​អ្វី​ឡើយ។ បន្ទាប់​ពី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ហើយ ពួក​យើង​ក៏​ទៅ​ក្រេប​ទឹក​ឃ្មុំ​ប៉ុន្មាន​ថ្ងៃ មុន​ត្រលប់​មក​ធ្វើ​ការ​ធម្មតា​ក្នុង​តំណែង​តូចតាច។ ពួក​យើង​ចេញ​មក​ជួល​ផ្ទះ​នៅ​ជាមួយ​គ្នា​ខាង​ក្រៅ។ ត្បិត​តែ​យើង​ទាំង​ពីរ​សុទ្ធ​តែ​មាន​ប្រាក់​ខែ​ ប៉ុន្តែ​ការ​រស់​នៅ​កាល​នោះ​មាន​ការ​លំបាក​ច្រើន​ណាស់។

បន្ទាប់​ពី​រៀបការ​ហើយ​ពួក​យើង​ស្ទើរ​តែ​មិន​បាន​ទាក់ទង​ទៅ​ប៉ាម៉ាក់​ខាង​ប្ដី​ខ្ញុំ​ប៉ុន្មាន​ឡើយ ព្រោះ​ពួក​គាត់​នៅ​តែ​ខឹង​ដែល​ប្ដី​ខ្ញុំ​មិន​ស្ដាប់​តាម​ពួក​គាត់។ កុំ​ថា​ឡើយ​ពេល​យើង​ជួប​បញ្ហា​លំបាក​លំបិន​យ៉ាង​ណា ក៏​ពួក​គាត់​មិន​ដែល​ខ្វល់ខ្វាយ​​សួរ​នាំ ជួយ​នោះ​ជួយ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​លុយ​ដែល​គាត់​មាន​ប៉ុន្មាន​ គឺ​គាត់​យក​ទៅ​ផ្គាប់ផ្គុន​ប្អូន​ប្រុស​ប្ដី​ខ្ញុំ​ទាំង​អស់។ ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​យុត្តិធម៌​​សោះ ប៉ុន្តែ​ក៏​ឈប់​គិត​ច្រើន​​ពេល​ប្ដី​ប្រាប់​ថា​ ដែល​ពួក​គាត់​ចិញ្ចឹម​គាត់​ឲ្យ​រៀន​សូត្រ​បាន​ប៉ុណ្ណេះ​ចាត់​ទុក​ថា​គ្រប់គ្រាន់​ហើយ បន្ទាប់​ពី​នេះ​គាត់​ជាមួយ​ខ្ញុំ​ត្រូវ​រ៉ាប់រង​ដោយ​ខ្លួន​ឯង។

យើង​ទាំង​ពីរ​នាក់​ដាក់​ចិត្ត​ដាក់​កាយ​ប្រឹង​ធ្វើ​ការ ក៏​បាន​ឡើង​តំណែង​ខ្ពស់​ជា​បន្តបន្ទាប់ ប្រាក់​ខែ​ក៏​កើន​ឡើង​គួរ​សម រហូត​ពួក​យើង​អាច​ទិញ​ផ្ទះ ទិញ​ឡាន​បាន​ដោយ​ខ្លួន​ឯង។ ពួក​យើង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ជីវិត​កាន់​តែ​ល្អ​ប្រសើរ ខ្វះ​តែ​ម្យ៉ាង​គឺ​មិន​ទាន់​មាន​កូន។ ម៉ាក់​ប៉ា​ក្មេក​ខ្ញុំ បន្ទាប់​ពី​ឃើញ​ពួក​យើង​មាន​ឋានៈ​ល្អ​បែប​នេះ ក៏​ចាប់​ផ្ដើម​ទទួល​ស្គាល់​ពួក​យើង និង​បាន​និយាយ​ថា​ពេល​ណា​នឹង​មាន​ចៅ​ឲ្យ​គាត់​ជួយ​មើល ពួក​គាត់​មិន​ទាន់​ចាស់​ណាស់​ណា​ទេ អាច​ជួយ​មើល​កូន​ឲ្យ​បាន ប៉ុន្តែ​ប្ដី​របស់​ខ្ញុំ​ក៏​មិន​បាន​​ទទួល​មាត់​ទទួល​ក​ពួក​គាត់​ដែរ។

និយាយ​ពី​ប្អូន​ប្រុស​ប្ដី​ខ្ញុំ​វិញ ពួក​គេ​បាន​រៀប​ការ​ក្រោយ​យើង​មួយ​ឆ្នាំ។ ប្រពន្ធ​របស់​គេ​គឺ​ជា​នារី​ទីក្រុង ទាមទារ​ថ្លៃ​បណ្ណាការ ជា​លុយ​សុទ្ធ​៦ពាន់​ដុល្លារ រួម​ទាំង​ ផ្ទះ​មួយ​ខ្នង ឡាន​មួយ​គ្រឿង។ ​ឪពុក​ម្ដាយ​ក្មេក​ខ្ញុំ​មិន​មាន​លុយ​ដល់​ថ្នាក់​ហ្នឹង​ឡើយ ហេតុ​ដូច្នេះ​ក៏​ឲ្យ​នាង​ជ្រើស​រើស​រវាង​ឡាន​និង​ផ្ទះ។ ទី​បំផុត​នាង​ក៏​ជ្រើសរើស​យក​ឡាន​មុន ហើយ​សុំ​ផ្ទះ​ក្នុង​រយៈ​ពេល ៣ឆ្នាំ​ទៅ​មុខ​ទៀត ថែម​ទាំង​មាន​លក្ខខណ្ឌ​ថា​បើ​​មិន​បាន​ផ្ទះ នាង​នឹង​មិន​យក​ចៅ​ឲ្យ​ពួក​គាត់​បាន​ពរ​ឡើយ។

ចុង​ឆ្នាំ​មុន​នេះ​ខ្ញុំ​បាន​ទទួល​ប្រាក់​បំណាច់ (Bonus) ចំនួន ៣០០០ដុល្លារ ថែម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ពិសេស​ចំនួន ១ខែ ក៏​ចង់​បបួល​ប្ដី​ទៅ​ដើរ​លេង​ផ្លាស់​ប្ដូរ​បរិយាកាស​នៅ​អឺរ៉ុប។ មុន​ចេញ​ដំណើរ​ប៉ុន្មាន​ថ្ងៃ ម៉ាក់​ប៉ា​ក្មេក​បាន​ទូរសព្ទ​មក​ថា​ចង់​ញ៉ាំ​បាយ​ជាមួយ​គ្នា។ ដំបូង​ឡើយ​ប្ដី​ខ្ញុំ​មិន​ចង់​ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​យ៉ាង​ណា​ៗ​ចុង​ឆ្នាំ​ទៅ​ហើយ ញ៉ាំ​បាយ​ជុំ​គ្នា​ម្ដង​ទៅ នឹង​អាល​បាន​ទិញ​អំណោយ​ឆ្នាំ​ថ្មី​ជូន​គាត់​ពេល​នោះ​តែ​ម្ដង។ ប្ដី​ខ្ញុំ​ក៏​យល់​ព្រម។

នៅ​ពេល​ទៅ​ដល់​ហាង​ កុម្ម៉ង់​អាហារ​ហើយ​ ពួក​យើង​ជជែក​គ្នា​នេះ​នោះ​តិចតួច ក៏​ចាប់​ផ្ដើម​អស់​រឿង​និយាយ ដោយ​សារ​យើង​ទាំង​ពីរ​នាក់​ឃ្លាត​ឆ្ងាយ​ពី​ពួក​គាត់​យូរ​ពេក។ បន្ទាប់​មក​ម៉ាក់​ក្មេក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​និយាយ​ថា ឮ​ថា​ខ្ញុំ​បាន​ប្រាក់ Bonus ច្រើន គាត់​មាន​រឿង​ចង់​ឲ្យ​ជួយ គឺ​គាត់​ចង់​ខ្ចី​លុយ​ខ្ញុំ​ទៅ​ទិញ​ផ្ទះ​ឲ្យ​ប្អូន​ថ្លៃ។

គ្រាន់​តែ​ឮ​ប៉ុណ្ណេះ​ ប្ដី​ខ្ញុំ​ក្ដៅ​ឆេវ ស្ទុះ​ងើប​ឡើង​និង​និយាយ​សំឡេង​ខ្លាំង​ៗ​ថា «ពី​ដំបូង​ម៉ាក់​និង​ប៉ា​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ដាក់​ខ្ញុំ? ឥលូវ​នេះ​ពេល​ឃើញ​ពួក​ខ្ញុំ​មាន​បាន​ទើប​នឹក​ដល់​ពួក​ខ្ញុំ ហើយ​អា​ប្អូន​វា​ធ្វើ​យ៉ាង​ម៉េច​ដាក់​ម៉ាក់​ប៉ា​ខ្លះ ម៉ាក់​ប៉ា​មើល​មិន​ឃើញ​ទៀត? ម៉េច​ក៏​ងប់​ស្រឡាញ់​វា​ដល់​ថ្នាក់​ហ្នឹង? ហើយ​ឥលូវ​ម៉េច ទិញ​ផ្ទះ​ឲ្យ​វា ព្រោះ​ចង់​បាន​ចៅ​ពរ? អត់​ប្រយោជន៍!»

ម្ដាយ​ក្មេក​ខ្ញុំ​ឃើញ​កូន​ប្រុស​និយាយ​ម៉ាំង​ៗ​បែប​នេះ ក៏​ចង្អុរ​មុខ​គាត់​ហើយ​និយាយ​ថា «ហ្អែង​អង្គុយ​ចុះ​ភ្លាម! អញ​ងប់​អញ​ងល់​ម៉េច គ្រាន់​តែ​ចង់​បាន​ចៅ​ពរ មិន​ឲ្យ​ខ្ចី​លុយ​ហី​ទៅ ម៉េច​ចាំ​បាច់​មក​តឹង​សរសៃ​ក​ដាក់​អញ«។ ប្ដី​ក៏​ឆ្លើយ​ត «ខ្ញុំ​គ្រាន់​តែ​ទ្រាំ​មិន​បាន​ដែល​ម៉ាក់​ប៉ា​លម្អៀង នេះ​ស្អី មក​ខ្ចី​លុយ​ទិញ​ផ្ទះ​ឲ្យ​វា ព្រោះ​ចង់​ពរ​ចៅ ហើយ​កូន​ខ្ញុំ​មិន​មែន​ចៅ​ម៉ាក់ប៉ា​ទេ​ហ្អី កុំ​ថា​ខ្ញុំ​ច្រឡោត ខ្ញុំ​គ្រាន់​តែ​មិន​ពេញ​ចិត្ត»។ និយាយ​ចប់​គាត់​បំបះ​តុ​ប្រាវ រួច​ក៏​ដើរ​ចេញ​ពី​ហាង ដោយ​និយាយ​ថា «គំនិត​ម៉ាក់​ប៉ា​យ៉ាង​នេះ ទោះ​ខ្ញុំ​មាន​លុយ​ក៏​មិន​ឲ្យ​ខ្ចី​ដែរ!»។

ឃើញ​ស្ថាន​ភាព​បែប​នេះ​ ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។ ពេល​ជួយ​ពួក​គាត់​ជូត​អាហារ​ជាប់​ខ្លួន​ហើយ ក៏​ហៅ​អ្នក​លក់​ឲ្យ​គិត​លុយ រួច​ក៏​នាំ​គាត់​ឡើង​ឡាន​ត្រលប់​ទៅ​ផ្ទះ​វិញ។ ពី​ដំបូង​គិត​ថា​មក​ញ៉ាំ​បាយ​រួម​គ្នា​ឲ្យ​ទំនាក់ទំនង​ត្រលប់​ប្រសើរ​ឡើង​វិញ តែ​លទ្ធផល​បែរ​ជា​ដុនដាប​ជាង​មុន​ទៅ​ទៀត។ ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ណាស់ កូន​ដូចគ្នា​សោះ ស្រឡាញ់​ឲ្យ​ស្មើ​គ្នា​ទៅ​មិន​បាន?

អត្ថបទគួរអាន៖ ឈឺ​ចិត្ត​ចង់​ហែក​គុក​ ព្រោះខឹង​ឪពុក​ម្ដាយ​មិន​មក​លេង ទី​បំផុត​ម្ដាយ​មក ទើប​ដឹង​រឿង​រ៉ាវ​ដ៏​ខ្លោច​ចិត្ត

នេះ​គឺ​ជា​រឿង​ពិត​ពី​មាត់​អ្នក​ទោស​ម្នាក់​នៅ​ប្រទេស​ចិន ឈ្មោះ ចាង​ឈាង ដែល​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​ករណី​ចាប់​រំលោភ។ ពេល​ជាប់​ឃុំ​បាន​គម្រប់​មួយ​ឆ្នាំ ចាង​ឈាង ក៏​ភ្ញាក់​ខ្លួន​ថា​មួយ​ឆ្នាំ​កន្លង​មក​នេះ​គ្មាន​មិត្តភ័ក្ដិ​ឬ​សាច់​ញាតិ​ណា​ម្នាក់​មក​មើល​គេ​សូម្បី​តែ​ម្នាក់ ខុស​ពី​មិត្តភ័ក្ដិ​អ្នក​ទោស​ដទៃ​ទៀត​ដែល​មាន​អ្នក​មក​លេង​ជា​ប្រចាំ អ្នក​ខ្លះ​ក៏​មាន​ទាំង​ម្ហូប​អាហារ​ នំ​ចំណី របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ​មក​ឲ្យ​ទៀត​ ធ្វើ​ឲ្យ ចាង មាន​អារម្មណ៍​តូច​ចិត្ត​នឹង​ឪពុក​ម្ដាយ​ខ្លួន​ឯង ទើប​សរសេរ​សំបុត្រ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​ជា​ច្រើន​ច្បាប់ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​សំបុត្រ​ឆ្លើយ​តប​ពី​ពួក​គាត់​សោះ។

ចាង គិត​ថា​គេ​ប្រាកដ​ជា​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ហើយ ដូច្នេះ​ក៏​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​លា​ឪពុក​ម្ដាយ​ម្ដង​ទៀត​ជា​លើក​ចុង​ក្រោយ ដោយ​ប្រាប់​ថា​ប្រសិន​បើ​ពួក​គាត់​មិន​មក​រក​គេ​ទេ សំបុត្រ​មួយ​ច្បាប់​នេះ​ចាត់​ទុក​ថា​ជា​សំបុត្រ​ចុង​ក្រោយ​ហើយ​ ពុក​ម៉ែ​អាច​នឹង​លែង​បាន​ឃើញ​មុខ​កូន​ប្រុស​ម្នាក់​នេះ​ត​ទៀត​រហូត…

ការ​ពិត​​ទៅ​ ចាង និង​មិត្តភ័ក្ដិ​បាន​រួម​គំនិត​គ្នា​រៀប​ចំ​ផែន​ការ​រត់​ចេញ​ពី​គុក​មួយ​រយៈ​ហើយ គ្រាន់​តែ​គេ​មិន​ទាន់​ចូល​ដៃ​ធ្វើ ប៉ុន្តែ​នៅ​ពេល​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​បែប​នេះ ធ្វើ​ឲ្យ​គេ​គិត​ថា​លែង​មាន​អ្វី​ត្រូវ​បារម្ភ​ឬ​ខ្វល់ខ្វាយ​ទៀត​ហើយ។ គេ​ក៏​សម្រេច​ចិត្ត​នឹង​ហែក​គុក​ចេញ​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​មុន​ ចាង និង​មិត្តភ័ក្ដិ​ចាប់​ផ្ដើម​ដំណើរការ​ផែនការ ម្ដាយ​របស់ ចាង​ ក៏​លេច​មុខ​មក​ជួប​កូន​ល្មម។ នៅ​ពេល​​បាន​ជួប​នឹង​ម្ដាយ ដែល​មិន​បាន​ឃើញ​មុខ​គ្នា​ពេញ​មួយ​ឆ្នាំ គេ​ក៏​ចាំ​ម្ដាយ​ស្ទើរ​មិន​បាន ម្ដាយ​គេ​ផ្លាស់​ប្ដូរ​ច្រើន​ខ្លាំង​ណាស់ សក់​របស់​គាត់​ប្រែ​ជា​ស្កូវ​ស​ពេញ​ក្បាល ទាំង​អាយុ​ទើប​តែ​៥០ឆ្នាំ​ជាង​ប៉ុណ្ណោះ ថែម​ទាំង​មាន​រាង​ស្គម​កំព្រឹង​ សំលៀកបំពាក់​ជាប់​ខ្លួន​ចាស់ ដាច់​រហែក​រយ៉ៃ ស្បែក​ជើង​សឹក​ស្ទើរ​តែ​ពាក់​លែង​កើត។ សភាព​ម្ដាយ​របស់​ចាង​នៅ​ពេល​នោះ​គឺ​មិន​ខុស​ពី​ជន​អនាថា​ឬ​អ្នក​សុំ​ទាន​តាម​ផ្លូវ​នោះ​ឡើយ។

នៅ​ពេល​ពីរ​នាក់​ម្ដាយ​កូន​បាន​មក​អង្គុយ​ជាមួយ​គ្នា​ក្នុង​បន្ទប់​សួរ​សុខ​ទុក្ខ​អ្នក​ទោស នៅ​សុខ​ៗ ទឹក​ភ្នែក​ក៏​ហូរ​ចេញ​មក​លើ​ផ្ទៃ​មុខ​ម្ដាយ​របស់ ចាង។ ម្ដាយ​និយាយ​ថា “ម៉ែ​បាន​ទទួល​សំបុត្រ​កូន​ហើយ កុំ​យក​ទោស​យក​ពៃរ៍​​ម៉ែ​អី​​ដែល​ម៉ែ​មិន​មក​មើល​ឯង ពេល​នេះ​ពុក​ឯង​ឈឺ​ធ្ងន់​ណាស់ ម៉ែ​ត្រូវ​មើល​ថែ​ពុក​ឯង គុក​នេះ​ក៏​នៅ​ឆ្ងាយ​ពី​ផ្ទះ​យើង​ទៀត…”

នាយ​ចាង​សង្កេត​ឃើញ​បាត​ជើង​របស់​ម្ដាយ​ពោរពេញ​ទៅ​ដោយ​ស្នាម​របួស និង​មាន​ឈាម​ចេញ ព្រម​ទាំង​ដូច​ជា​ហើម​ទៀត គេ​ក៏​បាន​សួរ​ម្ដាយ​ថា “ម៉ែ… ជើង​ម៉ែ​កើត​អី? ម៉ែ​ធ្វើ​អ្វី​ខ្លះ​បាន​ជា​មើល​ទៅ​ទ្រុឌទ្រោម​យ៉ាង​នេះ??”

ភ្លាម​នោះ​អ្នក​យាម​គុក​ក៏​ឆ្លើយ​ឡើង​ថា “ម្ដាយ​​ឯង​ដើរ​មក​ពី​ផ្ទះ​រាប់​រយ​គីឡូ ស្បែក​ជើង​ក៏​ត្រូវ​មាន​សភាព​បែប​នេះ​ហើយ”។ ចាង​ស្លុត​ចិត្ត​ជា​ខ្លាំង​ដែល​ដឹង​ថា​ម្ដាយ​ដើរ​មក ដោយ​ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​មក​ដល់​ពន្ធនាគារ​នេះ​សរុប​គ្នា​គឺ​​ចូល​ខ្ទង់​រយ​គីឡូ​ម៉ែត្រ ថែម​ទាំង​ជា​ផ្លូវ​ចុះ​ភ្នំ​ឡើង​ភ្នំ​ថែម​ទៀត។ ចាង ចាប់​ផ្ដើម​រលីងរលោង​ទឹក​ភ្នែក​ សម្លឹង​មើល​ជើង​របស់​ម្ដាយ ហើយ​ក៏​និយាយ​ថា “ម៉ែ ហេតុ​អី​​ម៉ែ​មិន​ជិះ​ឡាន​ឈ្នួល​មក ហើយ​ហេតុ​អី​បាន​ពាក់​តែ​ស្បែក​ជើង​មួយ​គូ​អីចឹង?”

ម្ដាយ​ចាង​ប្រញាប់​ដក​ជើង​លាក់​ក្រោម​តុ ហើយ​ក៏​និយាយ​ថា “មិន​បាច់​ជិះ​ឡាន​អី​មក​ទេ គ្រាន់​តែ​ដើរ​មក​បាន​ហើយ ឆ្នាំ​នេះ​មាន​ជំងឺ​ឆ្លង​ ជ្រូក​ដែល​ផ្ទះ​យើង​ចិញ្ចឹម​ទុក​ងាប់​អស់ ចំណែក​ពុក​ឯង​ឈឺ​ធ្ងន់ ម៉ែ​ត្រូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ព្យាបាល​គាត់ ពុក​ឯង​សុខភាព​មិន​សូវ​មាំទាំ​ទេ​ទើប​មិន​បាន​មក​រក​ឯង​ថ្ងៃ​នេះ ការ​ពិត​ពុក​ម៉ែ​ចង់​មក​លេង​កូន​យូរ​ហើយ តែ​ដោយ​សារ​លុយ​មិន​គ្រប់ កូន​កុំ​ទាន់​អាល​ខឹង​ពុក​ម៉ែ…”

ចាង​ក៏​សួរ​ថា “ចុះ​ពុក​ពេល​នេះ​យ៉ាង​ម៉េច​ហើយ?” ម្ដាយ​របស់​គេ​ស្ងាត់​មួយ​ស្របក់​ ទើប​និយាយ​មួយ​ៗ​ថា “ពុក​ជិត​ជា​ហើយ គាត់​ផ្ដាំ​ឲ្យ​មក​ប្រាប់​ថា​មិន​បាច់​បារម្ភ​ពី​គាត់​ច្រើន​ទេ ឲ្យ​ឯង​មើល​ថែ​ខ្លួន​​និង​ពិចារណា​កំហុស​ដែល​ឯង​បាន​ធ្វើ​ឲ្យ​បាន​ល្អ​ទៅ​បាន​ហើយ”។

​ភ្លាម​នោះ​សំឡេង​ជួង​ក្រៅ​បន្ទប់​ក៏​បន្លឺ​ឡើង​បញ្ជាក់​ថា ពេល​វេលា​សួរ​សុខទុក្ខ​អ្នក​ទោស​អស់​ហើយ ឆ្មាំ​គុក​ក៏​ចូល​មក​តឿន​អ្នក​ទាំង​ពីរ​ឲ្យ​ចាក​ចេញ ដោយ​និយាយ​ថា “មិន​បាច់​យំ​សោក​ទេ​យាយ ម្ដាយ​មក​មើល​កូន​ជា​រឿង​ល្អ​តើ ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ទៅ នេះ​ជា​ស្បែក​ជើង​សម្រាប់​ថ្មី​ដែល​ពួក​ខ្ញុំ​ត្រៀម​ឲ្យ​ ពាក់​ស្បែក​ជើង​នេះ​ពេល​ទៅ​ផ្ទះ កុំ​បណ្ដោយ​ឲ្យ​ជើង​ឈឺ​អីចឹង ហើយ​វេច​អី​មក​ផ្ញើ​កូន​ច្រើន​ម្ល៉េះ ច្រើន​គួរ​ឲ្យ​សង្ស័យ​ណាស់ ​ឲ្យ​ខ្ញុំ​សុំ​ឆែក​មើល​បន្តិច​សិន…”។

អ្នក​យាម​គុក​និយាយ​មិន​ទាន់​ចប់​ផង រំពេច​នោះ​បង្វេច​ចាស់​ជាប់​ខ្លួន​របស់​លោក​យាយ​ក៏​ធ្លាក់​ខ្ចាយ​លើ​កម្រាល​ឥដ្ឋ។ ម្ហូប​អាហារ​ក្នុង​នោះ​ហាក់​មើល​មិន​យល់​ថា​អ្វី​ជា​អ្វី និង​មាន​ទាំង​អាហារ​កំប៉ុង​បន្តិច​បន្តួច ដែល​មិន​បាច់​ប្រាប់​ក៏​អាច​ដឹង​ថា​ អាហារ​ចាស់​ៗ​ទាំង​នេះ ម្ដាយ​ចាង​បាន​រើស​តាម​ផ្លូវ និង​តាម​ធុង​សំរាម។ ក្នុង​នោះ​ក៏​មាន​ក្រឡ​កែវ​ថ្លា​មាន​ដាក់​អ្វី​ម្យ៉ាង​ដូច​ជា​ដី​ខ្សាច់​នៅ​ខាង​ក្នុង​ធ្លាក់​មក​ជាមួយ​ផង។ ម្ដាយ​ចាង​ក៏​ប្រញាប់ប្រញាល់​​រើស​ក្រឡ​នោះ​មក​ឱប។ ឆ្មាំ​គុក​ឃើញ​ដូច្នេះ​ក៏​សួរ​ថា “យាយ ក្នុង​ក្រឡ​នេះ​មាន​អី?” ម្ដាយ​ចាង​និយាយ​ថា​គ្មាន​អ្វី​ទេ។

តែ​ភ្លាម​នោះ​ម្ដាយ​ចាង​ក៏​ទ្រោប​ខ្លួន​អង្គុយ​លើ​ឥដ្ឋ និង​និយាយ​ទាំង​យំ​ថា “នេះ​គឺ​ធាតុ​របស់​ពុក​ឯង ពុក​ឯង​ធ្វើ​ការ​ធ្ងន់​ណាស់​ដើម្បី​សន្សំ​លុយ​ទុក​ធ្វើ​ដំណើរ​មក​មើល​ឯង គាត់​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ឈឺ​ស្លាប់​ប៉ុន្មាន​ខែ​មុន​នេះ… មុន​ស្លាប់​គាត់​បាន​ប្រាប់​​ឲ្យ​យក​ធាតុ​គាត់​មក​លេង​ឯង​ផង ចាត់​ទុក​ថា​ជា​ការ​សួរ​សុខ​ទុក្ខ​លើក​ចុង​ក្រោយ ពុក​ឯង​ទៅ​ដល់​សុគតិភព​ហើយ…”។

ចាង​ទន់​ខ្លួន​ លត់​ជង្គង់​ចុះ​លើ​កម្រាល​ឥដ្ឋ​ ហើយ​និយាយ​ថា “ពុក​អ្ហើយ កូន​នឹង​កែ​ខ្លួន!!” ចាង​និយាយ​តែ​ពាក្យ​ដដែល​ៗ​ជា​ច្រើន​ដង ព្រម​ទាំង​ស្រែក​យំ​ឮ​ៗ សំឡេង​របស់​គេ​លាន់​រំពង​ពេញ​ពន្ធនាគារ។

មិន​ថា​កូន​ធ្លាប់​ធ្វើ​ខុស​យ៉ាង​ណា ប៉ុន្តែ​ក្ដី​ស្រឡាញ់​ពី​អ្នក​ជា​ឪពុក​ម្ដាយ​ក៏​មិន​មាន​ថ្ងៃ​ប្រែប្រួល មិន​ថា​យ៉ាង​ណា អ្នក​នៅ​តែ​ជា​កូន​របស់​ពួក​គាត់… ពេល​ខ្លះ… អ្នក​អាច​មាន​អារម្មណ៍​ធុញ​ទ្រាន់​​នឹង​សំឡេង​រអ៊ូ​របស់​ពួក​គាត់ ពេល​ខ្លះ… ពួក​គាត់​អាច​នឹង​និយាយ​ច្រើន លើសលស់​បន្តិច តែ​ត្រូវ​ចាំ​ទុក​ថា​នៅ​លើ​លោក​នេះ មិន​មាន​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ​បាន​ស្មើ​ពួក​គាត់​នោះ​ឡើយ ដូច្នេះ​​មុន​ដាក់​ចិត្ត​ធ្វើ​អ្វី​មួយ​មិន​ល្អ សូម​គិត​ដល់​ពួក​គាត់ ព្រោះ​ថា​បើ​អ្នក​បំផ្លាញ​ខ្លួន​ឯង ក៏​មិន​ខុស​ពី​បំផ្លាញ​ទឹក​ចិត្ត និង​ជីវិត​ទាំង​មូល​របស់​ពួក​គាត់​ដូច្នោះ​ដែរ… ៕