​នៅក្នុង​ស្ថានភាព​ជាក់ស្តែង នៅពេល​អ្នកណាម្នាក់​មាន​រថយន្ត​ទំនើបៗ​ជិះ មាន​ទូរស័ព្ទ​ថ្លៃៗ មាន​សម្ភារៈប្រើប្រាស់​ទាន់​សម័យ មាន​វីឡា​រស់នៅ​ស្កឹមស្កៃ គេ​អាច​វាយតម្លៃ​បាន​ថា បុគ្គល​នោះ​ជា​អ្នកមាន​ហើយ​។ ការពិត​វា​អាច​ដូច្នេះ​មែន ក៏ប៉ុន្តែ​លោកអ្នក​ពិតជា​មិន​ធ្លាប់​ឮ​ទេ​ថា មាន​បុគ្គល​ខ្លះទៀត​ហ៊ឺហា​តែ​នៅ​ពីមុខ តែ​ខាងក្រោយ​វិញ​ជំពាក់​បំណុល​គេ​រុំកោះ​។​

​នេះហើយ​ជា​ផ្នែក​មួយ​ដែលយើងខ្ញុំ សូម​លើក​យកមក​បកស្រាយ​ពន្យល់​ដល់​លោកអ្នក​ពី​បុគ្គលិកលក្ខណៈ​មួយចំនួន​រវាង​អ្នកមាន​ក្លែងក្លាយ និង​អ្នកមាន​ពិតប្រាកដ​។​

​ជីវិត​របស់​អ្នកមាន​ក្លែងក្លាយ​

១.​មាន​ប្រាក់ខែ​ច្រើន តែ​គ្មាន​ប្រាក់ខែ​រស់​មិនបាន​៖ អ្នកមាន​ប្រភេទ​នេះ ជាធម្មតា​ត្រូវ​រកលុយ​ឲ្យ​បាន​ច្រើន​ដើម្បី​បន្ត​ជីវភាព​រស់នៅ​ជាមួយនឹង​សម្ភារៈ​និយម និង​ជីវិត​ដ៏​ស៊ី​វិ​ល័យ​។ បុគ្គល​ប្រភេទ​នេះ​ជាទូទៅ​មាន​ការងារ​ដែលមាន​ស្ថិរភាព តែ​អាច​នឹង​ត្រដរខ្យល់ បើ​រស់នៅ​គ្មាន​ប្រាក់ខែ​។​

២.​ចាយលុយ​ជា​រឿង​អាទិភាព ការ​សន្សំ​ជា​រឿង​បន្ទាប់បន្សំ​៖ និយាយ​ដោយស្មោះ​ត្រង់​ទៅ​ចោះ​! អ្នកមាន​ក្លែងក្លាយ ពិតជា​មិនដឹងថា ត្រូវ​សន្សំ​លុយ​ដូចម្តេច​ទេ​?​។ អ្វីដែល​ពួកគេ​រវល់​បំផុត​ក្នុង​ឆាកជីវិត​របស់​បុគ្គល​ទាំងនេះ គឺ​ការចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ដើម្បី​ផ្គាប់ផ្គន់​តាម​ទំនើងចិត្ត​របស់ខ្លួន​។

៣.​អួតអាង​សម្ភារៈ​ទំនើបៗ​៖ វា​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​បុគ្គល​ទាំងនេះ ដែល​ការ​អួតអាង​ពី​សម្ភារៈ​ទំនើបៗ រថយន្ត​ថ្លៃ ផ្ទះ​វីឡា​ស្កឹមស្កៃ និង​ជីវិត​ហ៊ឺហា ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​ពួកគេ​សម្រាប់​សម្ញែង​ឲ្យ​អ្នកដទៃ​ឃើញ ដើម្បី​មើលទៅ​ខ្លួនឯង​អស្ចារ្យ​។ នេះហើយ​គឺជា​វិធីសាស្ត្រ​មួយ​របស់​ពួកគេ​ក្នុងការ​បញ្ជាក់​អំពី​ជម្រើស​នៃ​ការរស់នៅ​របស់ខ្លួន​។​

៤.​ចូលចិត្ត​ខ្ចីលុយ​ទិញ​សម្ភារៈ​ថ្លៃៗ​៖ សំនួរ​សួរថា ហេតុអ្វី​ពួកគេ​ចាំបាច់​ធ្វើ​ដូច្នេះ​? ចម្លើយ​នោះ​គឺថា ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មើលទៅ​ថា ជា​អ្នកមាន​។ ម្ល៉ោះហើយ​ទើប​អ្នកមាន​ក្លែងក្លាយ​ទាំងនេះ​ក្លាយជា​ទាសករ​សម្ភារៈ​និយម សុខចិត្ត​ទៅ​ខ្ចីលុយ​ទិញ​រថយន្ត​ទំនើបៗ ទិញ​ទូរស័ព្ទ សំលៀកបំពាក់​ថ្លៃៗ ទិញ​សម្ភារៈ​ថ្លៃៗ​ទាំង​ខ្លួនឯង​គ្មាន​លុយ​សោះ ដើម្បី​ផ្គាប់ចិត្ត​អ្នកដទៃ​។​

​ចុះ​អ្នកមាន​ពិតប្រាកដ​មាន​ចំណុច​ពិសេស​ពី​អ្នកមាន​ក្លែងក្លាយ​ដូចម្តេចខ្លះ​?​

បើ​ក្រឡេក​មក​មើល​បុគ្គល​មួយចំនួន​ដែល​គេ​អាច​ចាត់ទុកថា ជា​បុគ្គល​អ្នកមាន​ពិតប្រាកដ​វិញ​នោះ គឺ​ដោយ​គ្រាន់តែ​ប្រើ​ភ្នែក​ទទេ​ដើម្បី​អង្កេត​នោះ ពិតជា​មិនអាច​ដឹង​នោះឡើយ​។

​ប្រសិនបើ​លោកអ្នក​ធ្លាប់បាន​អាន​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា “The Millionaire Next Door ឬ មហាសេដ្ឋី​នៅក្បែរ​ផ្ទះ​” បន្ទាប់​លោកអ្នក​ដឹងថា អ្នកមាន​ពិតប្រាកដ​បានរស់នៅ​យ៉ាង​ល្អប្រសើរ ជាមួយនឹង​ជីវិត​ដ៏​សាមញ្ញ ចេះ​ដាក់ខ្លួន​ឲ្យ​ទាប មិន​សម្ញែង ឬ អួតអាង​អ្នកដទៃ​ពី​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​របស់ខ្លួន​នោះទេ​។

​រឿងនេះ មើលទៅ​ហាក់ដូចជា​មិនគួរ​ឲ្យ​ជឿ តែ​វា​ជាការ​ពិត​ទៅហើយ តួយ៉ាង​ដូចជា មហាសេដ្ឋី​ក្រុមហ៊ុន Facebook លោក Mark Zuckerberg លោក Bill Gates ប្រធាន​ក្រុមហ៊ុន Microsoft និង​លោក Larry Pages មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន Google គឺ​សុទ្ធតែ​ប្រើ​ជីវិត​រស់នៅ​យ៉ាង​សាមញ្ញ​ទាំង​មាន​លុយ​ដេក​ចាយ​មិន​អស់​៕

អត្ថបទគួរអាន៖ បើចោលរឿងទាំង ៦ នេះមិនបានទេ អនាគតមិនបាច់សង្ឃឹម បានក្លាយជាអ្នកមានទេ

ការ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គឺ​ជា​រឿង​សំខាន់​ដែល​លោក​អ្នក​​​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​ និង​មាន​ផែន​ការ​ច្បាស់​លាស់​ បើ​មិន​ដូច្នោះ​ទេ​លោក​អ្នក​​នឹង​ធ្លាក់​ខ្លួន​ក្រ​អស់​មួយ​ជីវិត។ ​ខាង​ក្រោម​នេះ​គឺ​ជា​​ កំហុស​ ៧​យ៉ាង​ដែល​ធ្វើ​ឱ្យ​អ្នក​ក្រ​​អស់​មួយ​ជីវិត៖

១) ​ចាយ​ច្រើន​​ជាង​ចំណូល៖ ​​​​

បើ​អ្នក​ចាយ​ច្រើន​ជាង​ចំណូល​មិន​ត្រឹម​តែ​សល់​តែ​ហោ​ប៉ៅ​ទទេ​នោះ​​ទេ​ ប៉ុន្តែ​ថែម​ទាំង​​ខ្ចី​លុយ​គេ​ ដែល​នាំ​ឱ្យ​ជំពាក់​វ័ណ្ឌក​ថែម​ទៀត​ផង។ ​ដូច្នេះ​កុំ​ចាយ​ហួស​មាធ​ ឬ កុំ​ឃើញ​ដំរី​ជុះ​ ជុះ​តាម​ដំរី។

២) ​មាន​បំណុល​វ័ណ្ឌក​៖

​ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​​ខ្ចី​លុយ​គេ​ ឬ​​​ខ្ចី​ពី​ធនាគារ​ ដោយ​គ្មាន​គោលដៅ​ច្បាស់​លាស់​ នោះ​​លោក​អ្នក​វ័ណ្ឌក​តែ​នឹង​បំណុល។ ​​តែ​មាន​បំណុល​វ័ណ្ឌក​​ហើយ​ លោក​អ្នក​រក​អ្វី​ក៏​មិន​សល់​ដែរ។​

៣) ​វិនិយោគ​ច្រើន​ពេក​នឹង​ដី​ធ្លី​៖

ការ​វិនិយោគ​មិន​មែន​ជា​រឿង​អាក្រក់​​នោះ​​ក៏​ប៉ុន្តែ​បើ​​លោក​អ្នក​ចង់​ក្លាយ​ជា​​អ្នក​មាន​ដោយ​វិនិយោគ​ច្រើន​ពេក​ទៅ​លើ​ដី​ធ្លី​ ឬ​ផ្ទះ​សម្បែង​ រហូត​​រក​លុយ​បង្វិល​មិន​ទាន់​ នោះ​នឹង​ធ្វើ​ឱ្យ​​អ្នក​ជួប​បញ្ហា​ដែរ។ ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ប្រសិន​បើ​សេដ្ឋកិច្ច​មិន​ដំណើរការ​ល្អ​ ​ដែល​​អាច​ធ្វើ​ឱ្យ​ដី​ធ្លី​ជាប់​គាំង​តែ​ម្ដង។

៤) ​មិន​កំណត់​ផែនការ​​ថវិកា​ច្បាស់​លាស់​៖

​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ធនា​បាន​នូវ​និរន្តរភាព​ថវិកា​សម្រាប់​ក្រុម​គ្រួសារ​ ក៏​ដូច​ជា​អាជីវកម្ម​របស់​អ្នក។ ​ដូច្នេះ​​លោក​អ្នក​ត្រូវ​មាន​ផែនការ​​ហិរញ្ញវត្ថុ​ច្បាស់​លាស់​ ​ជា​ពិសេស​ការ​ចំណាយ​សំខាន់​ៗ​ប្រចាំ​​ឆ្នាំ។

៥) ​មិន​ចូល​ចំ​សន្សំ៖

​បើ​គ្មាន​ការ​សន្សំ​​​ទេ កុំ​សង្ឃឹម​ថា​ លោក​អ្នក​​អាច​ក្លាយ​ជា​អ្នក​មាន​ ឬ​មាន​ជីវភាព​ធូរធា​ឱ្យ​សោះ​ ហើយ​កុំ​សង្ឃឹម​ថា​ លោក​អ្នក​គេច​ផុត​​ពី​ភាព​ក្រីក្រ​នោះ។

៦) ​ទិញ​​ឡាន​ទំនើប​ៗ​ថ្លៃ​៖​ ​​

រថយន្ត​ ឬ​ឡាន​ទំនើប​ គឺ​វត្ថុ​ដែល​ចំណាយ​ទៅ​ហើយ​ មិន​​ងាយ​នឹង​បាន​ចំណេញ​​វិញ​ទេ​ប្រសិន​បើ​លក់​វិញ​នោះ។ ​បើ​លោក​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​​ផ្លាស់​ប្ដូរ​ស៊េរី​​​រថយន្ត​​ ជា​​ពិសេស​ស៊េរី​ទំនើប​ៗ​នោះ​​ ​ច្បាស់​ណាស់​ថា​ ​​លោក​អ្នក​មិន​​អាច​គេច​ផុត​​​បញ្ហា​ហិរញ្ញវត្ថុ​ណាស់​បើ​សិន​បើ​លោក​អ្នក​មិន​មាន​ប្រភព​ចំណូល​ច្រើន​ និង​រឹងមាំ​នោះ​ទេ៕

ប្រភព: BizKhmer