ឆ្លង​កាត់​​​​បទ​ពិសោធន៍​​បែក​បាក់​ស្នេហា ញឹក​ញាប់​ស្ទើរ​​​​ថា​ដូច​ដូរ​​ម៉ូដ​​​ខោអាវ​ទៅ​ហើយ អាភា ​ដែល​បច្ចុប្បន្ន​​កំពុង​បម្រើ​​ការងារ​​ខារ៉ា​អូខេ​​​​​​នៅ​ ភ្នំពេញ ថា​លេស​ប្រុស​​​ៗ​ចង់​ដោះដៃ ​​​នាង​​ស្គាល់​សឹង​ដល់​ក្រយៅ​។

«​ប្រុស​ៗ​ជា​ច្រើន​អាត្មា​និយម​ណាស់ គឺ​ពួក​គេ​ត្រូវ​ការ​​មនុស្ស​ស្រី​ដែល​គ្មាន​សំណាង​ដូច​ខ្ញុំ​​ មួយ​ពេលៗ​»។ ស្ថិត​ក្នុង​វ័យ​២៣​ឆ្នាំ នាង​លើក​ឡើង​ទាំង​ស្ទាក់​ស្ទើរ​។ ភា ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត តែ​បែរ​ជា​ថា​ខ្លួន​អភ័ព្វ​​ បាន​​​ប្រាប់​ពី​សញ្ញា​ខ្លះៗ ដែល​​ថា​​​បុរស​ជា​គួ​ស្នេហ៍​​​ដើរ​ដល់​ចំណុច​បែក​ចិត្ត​ហើយ ចង់​​ឃាត់​ក៏​អត់​ន័យ​ គឺ​ដល់​ពេល​ដែល​គេ ​បាយៗ​ ហើយ។

[​បង​ចង់​មាន​ពេល​សម្រាប់​ខ្លួន​ឯង​​​មួយ​រយៈ​]៖

ភា​​ ថា​ប្រសិន​បើ​មិត្ត​ប្រុស​និយាយ​​ឃ្លា​នេះ​​ហើយ គេ​មុខ​តែ​​គ្មាន​ទេ​វិល​វិញ​ គឺ​មួយ​រយៈ​របស់​គេ​គឺ​ជា​លេស​ផុត​ពី​ការ​តោងទាម​តែ​ប៉ុណ្ណោះ។ នាង​ថា​ ខ្លែង​បន្លាយ​ខ្សែ​វែង ​វា​ហើរ​រឹត​ឆ្ងាយ ​តែ​មិន​ទៅ​​ណា​ឡើយ មិន​ដូច​មនុស្ស​ឡើយ។

[ដោះ​លែង​បង​ទៅ]៖

«វា​ជា​​​​ពាក្យ​ដ៏​ឈឺ​ចាប់​បំផុត ដែល​​កោត​តែ​មាន​ប្រុស​ៗ​និយាយ​ចេញ​មក​​កើត។ តើ​​យុត្តិធម៌​ទេ​ដែល​ ស្នេហា​របស់​​យើង​​​ក្លាយ​ជា​ខ្នោះឃ្នាង​​​នៅ​ពេល​ដែល​គេ​អស់​ចិត្ត​​​​​?​»

[​ទំនាក់​ទំនង​របស់​​យើង​​លឿន​ពេក​ហើយ​​]៖

«​មនុស្ស​ដែល​មាន​តែ​យើង គេ​មិន​ដែល​និយាយ​អីចឹង​ទេ។ គ្មាន​សេចក្ដី​ស្នេហា​ណា​ ដែល​លឿន​ហួស​ហេតុ​ទេ​ សម្រាប់​មនុស្ស​ត្រូវ​ការ​គ្នា​​​ គឺ​មាន​តែ​ការ​ចង់​នៅ​ក្បែរ​គ្នា ស្គាល់​គ្នា​ច្បាស់​​»។

[បង​មិន​សម​​អូន​ទេ​​ អូន​នឹង​លំបាក​​បើ​អូន​ជ្រើស​រើស​បង​​]៖

«​១០០​ទាំង​១០០ ​ប្រុស​ចិត្ត​​​ខ្លែង។​ បើ​ដឹង​ថា​ខ្លួន​មិន​ល្អ​សម្រាប់​គេ​ហើយ ម៉េច​ក៏​ចាំ​បាច់​ចូល​មក​អំពល់ទុក្ខ​​ជីវិត​​គេ​​រក​អី​? ម៉េច​ចាំ​បាច់​​គេ​ដើរ​ទៅ​ណា​លែង​រួច ​បាន​និយាយ​ ចំ​ជា​លេស​លើ​គោក​​មែន​​​»។

[​បង​គិត​ថា​ពួក​យើង​ទៅ​មុខ​ទៀត​​មិន​កើត​ទេ​ បង​ហត់​នឿយ​ណាស់​​​​]៖

«​​​​ឲ្យ​តែ​គេ​ហ៊ាន​ហារ​​មាត់​បែប​នេះ ​គឺ​សង្ឃឹម​របស់​អ្នក​នឹង​​គ្មាន​ថ្ងៃ​​​​មាន​លទ្ធផល​​ឡើយ​​។ ​មនុស្ស​​ត្រូវការ​យើង គេ​ម៉េច​នឹង​ហ៊ាន​និយាយ​ពាក្យ​​ដែល​​សម្លាប់​ចិត្ត​យើង​អីចឹង​ទៅ?​»។

ខាង​លើ​នេះ​ គ្រាន់​តែ​ចំណុច​សម្គាល់​ខ្លះ ដែល​ អាភា ចែក​រំលែក​ថា ​បុរស​​ ដែល​​អ្នក​ស្រលាញ់​​​កំពុង​​ត្រៀម​ខ្លួន​ស្រេច​ក្នុង​ការ​ដើរ​ចេញ​ពី​ចំណង​ស្នេហ៍​របស់​អ្នក បន្ថែម​លើ​ភាព​អង្គើយ​ដែល​គេ​បង្ហាញ​៕

អត្ថបទគួរអាន៖ រឿង ៧យ៉ាង ដែលប្រុសៗតែងតែធ្វើពេលគេ មានអារម្មណ៍ធុញទ្រាន់ចង់ដោះដៃ

ការ​បង្កើត​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​​ គឺ​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​គូ​​ស្នេហ៍ ក្នុង​ការ​​​មើល​ចិត្ត​គ្នា​​ថា​រឿងរ៉ាវ​អ្វី​​ខ្លះ​ដែល​អ្នក​ទាំង​ពីរ​អាច​ប្រហាក់​ប្រហែល​គ្នា និង​ខុស​គ្នា។

ដើម្បី​បង្កើត​ចំណង​ស្នេហ៍​​កាន់​តែ​​​មាន​ភាព​ស្និត​ស្នាល​ ពួក​គេ​តែងតែ​​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​គ្នា​​ឲ្យ​បាន​ច្រើន​តាម​​រយៈ​ការ​ចេញ​​ញ៉ាំ​អី​ខាង​ក្រៅ មើល​​កុន សើច​សប្បាយ និង​​ចូល​រួម​សកម្មភាព​​ផ្សេង​ៗ​ជា​មួយ​គ្នា។

ចំពោះ​​នារី​ ភាគ​ច្រើន​ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​មិន​​ងាយ​​នឹង​ទទួល​យក​ក្ដី​ស្រលាញ់​​ពី​បុរស​​ភ្លាម​ៗ​ទេ តែ​បើ​ដាក់​ចិត្ត​ស្រលាញ់​​លើ​បុរស​​ដែល​ខ្លួន​គិត​ថា​​​អាច​រួម​រស់​នៅ​​​ជា​មួយ​គ្នា​បានហើយ​​​ គឺ​ពិត​ជា​មិន​ចង់​ប្រេះ​ឆា​​ឡើយ។ សញ្ញា​ទាំង​​ប៉ុន្មាន​ខាង​ក្រោម​​នេះ ​​បញ្ជាក់​ថា​​មិត្ត​ប្រុស​របស់​អ្នក​​​​ចេញ​ក្រឡា​បោក ឬ​ស្រលាញ់​អ្នក​​គ្រាន់​តែ​កំដរ​អារម្មណ៍៖

១. ចង់​តែ​ឈ្នះ​ មិន​សូវ​យល់​អារម្មណ៍​អ្នក​

គាត់​តែង​តែ​និយាយ​​កុហក សួរ​ដេញ​ដោល​​​​លើ​រឿង​កំប៉ិកកំប៉ុក​របស់​អ្នក​​​ឲ្យ​ទៅ​ជា​រឿង​ធំ ​រួច​​បង្កើត​ជា​ការ​ស្ដី​បន្ទោស​​ដោយ​​មិន​​លើក​លែង​អធ្យាស្រ័យ​។

២. បិទ​ទូរសព្ទ

ការ​បិទ​ទូរសព្ទ​ទុក​ចោល ឬ​បិទ​ពេល​​អ្នក​​កំពុង​តេ​ទៅ​ ពិត​ណាស់​គាត់​​លែង​ចង់​​មាន​ទំនាក់​ទំនង​ ឬ​និយាយ​ស្ដី​​​ជា​មួយ​អ្នក​ទៀត​ហើយ រួច​​យក​លេស​រវល់​សម្រាប់​បិទបាំង។​

៣. មិន​ចង់​ឲ្យ​មិត្តភ័ក្ដិ​ ឬ​គ្រួសារ​ស្គាល់​អ្នក

​ពិត​ណាស់​​មិត្តភ័ក្ដិ ​និង​គ្រួសារ​​សាច់​​ញាតិ​​បង​ប្អូន​​របស់​គាត់ ​​ជា​ប្រភព​​​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត​ថា​គាត់​កំពុង​ធ្វើអ្វី​ នៅ​ទី​ណា និង​​មាន​ប្រវត្តិ​យ៉ាង​ម៉េច គឺ​ភាគ​ច្រើន​ពួក​គាត់​ដឹង​ច្បាស់។ ​ដើម្បី​លាក់​​បាំង​រឿង​រ៉ាវ​ទាំង​​នេះ ​គាត់​ត្រូវ​​បង្ខំ​ចិត្ត​​មិន​ឲ្យ​អ្នក​ស្គាល់ ឬ​ជួប​​តែម្ដង។​

៤. មិន​សូវ​ចំណាយ​ពេល​វេលា​​ជួប​គ្នា​នៅ​ខាង​ក្រៅ​

ដោយ​សារ​តែ​​មាន​ចិត្ត​ចង់​​​ដោះ​ដៃ ​គាត់​មិន​សូវ​បង្កើត​​ឱកាស​​ឲ្យ​អ្នក​បាន​​នៅ​ជាមួយ​គាត់​ច្រើន​ដូច​ទើប​​ស្គាល់​​គ្នា​នោះ​ទេ ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​​ជិនណាយ​​បន្តិច​ម្ដងៗ​ពី​រូប​គាត់​។​

៥. មិន​សូវ​សរសើរ ឬ​​មើល​ឃើញ​អ្នក​ល្អ​​​

អ្នក​អាច​សង្កេត​​មើល​​ពេល​ចាប់​​ផ្ដើម​​ជួប​គ្នា​ដំបូង ​គាត់​​បាន​និយាយ​សរសើរ​​អ្វី​​ខ្លះ ហើយ​ពេល​នេះ​​គាត់​​មាន​ប្រើ​ពាក្យ​ទាំង​​នោះ​ទៀត​អត់។ បើ​មិន​បាន​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ទាំង​នោះ​ទេ​ អ្នក​លែង​ជា​មនុស្ស​ស្ថិត​ក្នុង​កែវ​​ភ្នែក​របស់​គាត់​ទៀត​ហើយ ហើយ​បែរ​ជា​សរសើរ​​នារី​ផ្សេង​ទៅ​វិញ។​

៦. ចេញ​​ក្រៅ​ផ្ទះ​​ស្ទើរ​រាល់​ថ្ងៃ​ និង​រាល់​យប់

គាត់​ចាប់​ផ្ដើម​ធ្វើ​​​ជា​​មនុស្ស​រវល់​ជាង​មុន និង​​​មិន​​​​ប្រាប់​ថា ​គាត់​កំពុង​​ធ្វើ​អ្វី​ នៅ​ទីណា​ទេ​។ សញ្ញា​​នេះ អាច​​បង្ហាញ​ថា​​គាត់​ព្យាយាម​​​បំភ្លេច​ ឬ​ខូច​ចិត្ត​​ចំពោះ​អ្នក។

៧. ចាប់​ផ្ដើម​ចាប់​កំហុស

ពេល​​គាត់​​លែង​​ចង់​​បាន​​អ្នក​ជា​មនុស្ស​សំខាន់ គាត់​ព្យាយាម​​រក​មើល​ចន្លោះ​ប្រហោង ប្រចណ្ឌ​គ្មាន​ហេតុផល ឬ​ឮ​ពាក្យ​មិន​ពិត​ពី​មនុស្ស​​ជុំវិញ​​ មក​រក​រឿង​អ្នក​តែម្ដង៕