អ្នកខ្លះ បានហៅថា ជាផ្ទះខ្មោច ដោយសារតែ ម្ចាស់ផ្ទះនេះ បានបោះបង់ ចោលអស់រយៈ ពេលជិត ៥០ ឆ្នាំមកហើយ ។ ផ្ទះនេះត្រូវបាន ម្ចាស់សាងសង់ តាំងពីឆ្នាំ ១៩៦២ ស្ថិតនៅ ភូមិភ្នំតូច ខាងជើង ឃុំភ្នំធំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ គេឧស្សាហ៍ បានឃើញមនុស្ស ម្នាមកពីទីឆ្ងាយៗ យាយជី តាជី និង ព្រះសង្ឃ មកធ្វើធម៌សមាធិ នៅទីនេះ ច្រើនណាស់ ។

ផ្ទះដ៏ អាថ៌កំបាំងនេះ ធ្វើឡើងពី ឈើគគីរសុទ្ធ ដំបូលប្រក់ក្បឿង ពណ៌ក្រហម នៅក្បែរផ្លូវ ជាតិលេខ ៥ ។ បើយើងធ្វើ ដំណើរពីស្រុក សិរីសោភ័ណ ទៅរាជធានី ភ្នំពេញ យើងនឹងបាន ឃើញ ផ្ទះអាថ៌កំបាំងនេះ នៅខាងស្តាំដៃ ប្រហែល ១៤ គីឡូ ម៉ែត្រ ប៉ុន្តែបើយើង ធ្វើដំណើរ ពីរាជធានី ភ្នំពេញ ហើយចេញពី ស្វាយស៊ីសូផុន នោះនឹងបាន ឃើញផ្ទះ អាថ៌កំបាំងនេះ នៅខាងឆ្វេងដៃ ។

បើតាមសម្តី អ្នករស់នៅ ក្បែរនោះ បានឱ្យដឹងថា ម្ចាស់ផ្ទះអាថ៌កំបាំងនេះ ប្តីឈ្មោះ ហុក យឹប អាយុ ៨៣ ឆ្នាំ ប្រពន្ធឈ្មោះ សុខ យ៉ម អាយុ ៨២ ឆ្នាំ ។ តា ហុក យឹប និង យាយ សុខ យ៉ម ក្រោយពីបានរៀប អាពាហ៍ពិពាហ៍ រួចមកបានចំនួន បីឆ្នាំ ទើបចាប់ ផ្តើមសាងសង់ លំនៅស្ថាននេះឡើង ក្រោយពីបាន សាងសង់រួចមក តា ហុក យឹប និង យាយ សុខ យ៉ម ក៏បានរស់នៅលើ ផ្ទះនេះដោយ សុខសាន្ត ។ កាលនោះ ហុក យឹប ប្រកបមុខរបរ ជាគ្រូបង្រៀន ចំណែក សុខ យ៉ម ប្រកប មុខរបរ ជា ស្ត្រីមេផ្ទះដូច ស្ត្រីដទៃ នៅក្នុងស្រុកភូមិដែរ ។ ស្រាប់តែនៅយប់មួយ ជាថ្ងៃពេញបូណ៌មី សុខ យ៉ម បានយល់សប្តិថា មានតាបស ពីរនាក់ប្តីប្រពន្ធ ស្លៀកសពាក់សចុះ ពីលើមេឃមក ប្រាប់ថា បើអ្នកទាំងពីរ ចង់បានសុខ អាយុវែង មិនត្រូវរួម សង្វាសគ្នា នោះទេ ទើបពួកអ្នក នឹងបានអាយុវែង ហើយត្រូវទុកផ្ទះនេះ ឱ្យយើងនៅ ។ ពេលដឹងខ្លួន ស្រាប់តែបាត់ ស្រមោលអ្នកសច្ចំ ទាំងនោះបាត់ទៅ ។ ជីវិតស្វាមីភរិយារវាង ហុក យឹប និង សុខ យ៉ម ថ្វីបើស្ថិតនៅ ក្នុងបុថុជន តែពួកគេពុំបាន ដើរតួនាទីជា មាតា ឬ បិតានៃ មនុស្សលោក យើងនេះទេ ពោល គឺពួកគេ ពុំអាចមានកូនចៅឡើយ ។ ក្រោយមក ពួកគាត់ទាំងពីរនាក់ ក៏សម្រេច ចិត្ត សាងផ្នួស រហូតដល់ ប៉ុល ពត ចាប់ឱ្យសឹក ។

ព្រះភិក្ខុ ហុក យឹប បានឱ្យដឹងថា ក្រោយពីសង្គ្រាម បានរលត់ ផុតទៅ របបបន ប្រល័យ ប៉ុល ពត ត្រូវបានកងទ័ព រណសិរ្សសង្គ្រោះ ជាតិរំដោះ ប្រជាជាតិកម្ពុជា រួចមក ព្រះអង្គក៏បាន ចូលបួស ក្នុងសំណាក់ នៃព្រះពុទ្ធសាសនា ប្រតិបត្តិតាម ពុទ្ធោ វាទជារៀងមក ។ ចំណែក យាយ សុខ យ៉ម ជាភរិយា ពេលប្តីទៅបួស ក៏បាន ទៅធ្វើជា ដូនជីរៀនសូត្រ ធម៌វិន័យ ដើម្បីលះបង់ កាមកិលេស ស្វែងរកព្រះធម៌ តាម មាគ៌ាព្រះពុទ្ធ ទុកផ្ទះសម្បែង ឱ្យនៅឯកោ តាមការសុំរបស់តាបស ហើយត្រូវ ស្មៅ ដុះជុំ ជិត ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មួយចំនួន ដែលធ្វើដំណើរ តាមផ្លូវជាតិ លេខ ៥ បានគិតថា ផ្ទះ តា ហុក យឹប និង សុខ យ៉ម ថាជាផ្ទះខ្មោច ព្រោះគេមិន ដែលបានឃើញមនុស្ស នៅថែរក្សាឡើយ រហូតធ្វើឱ្យមាន ការល្បីដល់ ប្រជាជន ខ្មែរនៅ ប្រទេស បារាំង អូស្ត្រាលី អាមេរិក នាំគ្នាមកមើល សុំសេចក្តីសុខ អុជធូប ផ្សង ឱ្យត្រូវឆ្នោតជាតិ ទៀតផង ។

លោកតា ចន្ថា សំឫទ្ធិ អាយុ ៧៩ ឆ្នាំ អ្នក នៅក្បែរផ្ទះអាថ៌កំបាំងនេះបានឱ្យដឹងថា ផ្ទះនេះ គឺពុំមានមនុស្សនៅតាំងពីយូរលង់ណាស់មកហើយ ព្រោះម្ចាស់ផ្ទះនេះ បានទៅបួសអស់ ។ ក្រោយពី ម្ចាស់ផ្ទះបានទៅបួសអស់ទៅ ស្រាប់តែមានមនុស្ស មិនដឹងជាមកពីទីណាទេ មួយថ្ងៃៗរាប់រថយន្ត មកធ្វើពិធីបួងសួង ចូលរូបនៅ ផ្ទះនេះ ។ នៅក្នុងផ្ទះនេះគេក៏ឧស្សាហ៍ឃើញមាន ព្រះសង្ឃ ដូនជី មកអង្គុយ ធ្វើ ធម៌សមាធិ ជាញឹកញាប់ ហើយក៏ឧស្សាហ៍ឃើញ មានមនុស្សមកសុំលេខឆ្នោត ផងដែរ ។ មន្ត្រីឃុំក៏បានមកដេញដូនជី ព្រះសង្ឃ ទាំងនោះកុំឱ្យមកធ្វើអ្វី នៅ ទីនេះទៀត ។ លោកតា ចន្ថា សំឫទ្ធិ បានបន្តទៀតថា “មានថ្ងៃមួយ ស្រាប់តែអ្នក ភូមិខ្ញុំបានយករទេះសាឡី មកដាក់ក្រោមផ្ទះអាថ៌ កំបាំងនេះ ស្រាប់តែមានរថយន្ត តាក់ស៊ីពីរបីគ្រឿង ដឹកមនុស្សពេញៗមកឈប់នៅពីមុខផ្ទះ ហើយនាំ គ្នានិយាយ ថា ពីមុនផ្ទះនេះយើងមិនដែលបាន ឃើញរទេះនេះទេ ប្រហែលជាអ្នកភូមិនេះ យក ទៅប្រើមិនប្រាប់ម្ចាស់គេ ទើបគេនាំយករទេះមកវិញ ។ ក្រោយមកទៀត ក៏លេចឮល្បីរឿងរទេះ ផ្ទះខ្មោច អ្នកស្រុកអ្នកភូមិអាចយក ទៅប្រើប្រាស់ បាន ប៉ុន្តែកុំទុកយូរថ្ងៃ បើទុកយូរខ្មោចនឹងយក រទេះនេះមកវិញ ”។

លោកពូ ឃឹម យីនហ្វី អាយុ ៥២ ឆ្នាំ អ្នក នៅជិតផ្ទះអាថ៌កំបាំងបានឱ្យដឹងថា “ផ្ទះនេះតាម ពិតទៅគឺគ្មានអ្វីដែលត្រូវថាផ្ទះខ្មោចនោះទេ ព្រោះដូចខ្ញុំបាននៅ ផ្ទាល់ក្បែរផ្ទះនេះតាំងពីឆ្នាំ ១៩៨០ មកម៉្លេះ មិនដែលមានខ្មោចព្រាយបិសាច មកលងបន្លាចទេ ។ ហេតុដែលនាំឱ្យល្បីថាជាផ្ទះខ្មោច នៅនោះប្រហែលជាគេ ឃើញផ្ទះនេះនៅក្បែរ ព្រៃ ហើយមិនដែលឃើញម្ចាស់មកមើលថែបោស សម្អាត កាប់ព្រៃ ទើបគេសន្និដ្ឋានថាជាផ្ទះខ្មោច តែសម្រាប់អ្នក ស្រុកនៅទីនេះ គឺមិនដែល នឹកគិតថាជា ផ្ទះខ្មោចទេ ។ អ្នកដែលល្បីថាផ្ទះខ្មោចនោះ គឺសុទ្ធតែអ្នកចម្ងាយ នាំគ្នាមកមើលភ្លូកទឹកភ្លូកដី ជាពិសេសនៅរដូវបុណ្យទាន ប៉ុន្តែសព្វថ្ងៃនេះផ្ទះ អាថ៌កំបាំងនេះត្រូវបានលោក យឹប យុតថូ អាយុ ៦២ ឆ្នាំ ត្រូវជាកូនក្មួយរបស់ លោកតា ហុក យឹប បានមក ថែទាំ ព្រមទាំងបានកាប់ព្រៃ លាបថ្នាំ ធ្វើរបង ដើម្បី កុំឱ្យគេចេះតែសង្ស័យល្បីថាផ្ទះខ្មោចទៀត ។ គាត់ប្រាប់ថា ក្រោយពីកែរៀបចំ ផ្ទះនេះ ឱ្យទៅជាផ្ទះសម័យថ្មីហើយ ខ្ញុំនឹងបើកឱ្យជាងធ្វើ គ្រឿងបន្លាស់ម៉ូតូ រថយន្ត នៅផ្ទះនេះ”។ ចំណែក ព្រះគ្រូចៅ អធិការវត្តភ្នំតូច ព្រះនាម ហុក យឹប និង លោកយាយឧបាសិកា សុខ យ៉ម អតីតម្ចាស់ ផ្ទះបានប្រាប់ថា “ឈើដែលធ្វើផ្ទះ នេះគឺដឹកមកតាំងពីភ្នំដងរែក ភ្នំឆត្រ សុទ្ធតែឈើ គគីរទាំងអស់ ។ “ក្រោយពីអាត្មា បានបួស អាត្មាទុកកេរនេះឱ្យកូនក្មួយនៅ តែគេមិននៅ ព្រោះគេមានផ្ទះហើយ ដែរ ប៉ុន្តែក្រោយពីបានល្បីថា ផ្ទះនេះជាផ្ទះខ្មោច ទើបក្មួយគេតុបតែង ឱ្យទៅជាផ្ទះ បែប សម័យវិញ” ។ ព្រះអង្គបន្តថា “ពីមុនអាត្មាអំពាវនាវលក់ក្នុងតម្លៃ ១២តម្លឹង ដើម្បី យកប្រាក់មកកសាងវត្ត តែគ្មានអ្នកណាគេទិញទេក៏ទុករហូតដល់សព្វថ្ងៃនេះ” ៕

អត្ថបទគួរអាន៖ មិនជឿកុំប្រមាថ!! កន្លែងទាំង​ ៤ ក្នុងស្រុកខ្មែរល្បីមានខ្មោចលងសាហាវ ហ៊ានចូលដឹងតែបានជួប

អប្បិយជំនឿ​ តែង​ផ្សារ​ភ្ជាប់​ជាមួយ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា តាំង​ពី​បុរាណ​រហូត​ដល់​បច្ចុប្បន្ន​ ជាពិសេស​ជំនឿ​ថា​មាន​ខ្មោច​ព្រាយ​បិសាច​លង​បន្លាច​។ ​​តើ​ទីតាំង​​ទាំង​ ៤​នោះ​មាន​នៅ​ខេត្ត​ណា​ខ្លះ​?

១.ភូមិខ្មោច​ជន​ជាតិ​​​ភាគ​តិច​កាចក់​​នៅ​រតនគីរី​

​ភូមិ​​​ខ្មោច​ជនជាតិ​ភាគ​តិច​​​កាចក់​ ដ៏​អាថ៌កំបាំង​ ដែល​ស្ថិត​នៅ​​ភូមិ​​​កោះ​ពាក្យ ​ឃុំ​កោះ​ពាក្យ​ ស្រុក​វើនសៃ​ ​​ខេត្ត​រតនៈគិរី​ ​​បាន​បង្កប់​​នូវ​​អប្បិយជំនឿ​ដ៏​​​​រន្ធត់​ព្រឺព្រួច សូម្បី​​ម៉ោង​១២​កណ្ដាល​​​​ថ្ងៃ​ត្រង់ ​​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ដែរ ​ព្រោះ​គេ​មាន​ជំនឿ​ថា ​​ខ្មោច​មាន​ឥទ្ធិពល​កាច​សាហាវ​ណាស់។

ពេល​ធ្វើ​ដំណើរ​ចូល​ដល់​ភូមិ​ខ្មោច​ ​ក្នុង​ព្រៃ​​មាន​ដើម​ឈើ​តូច​ធំ​​​​ដ៏​ត្រជាក់​ ​ស្ថិត​ក្នុង​ម្លប់​​​រាង​ងងឹត​បន្តិច​ ​​​​​​​ខ្យល់​បក​រវិចៗ​ ​ធ្វើ​ឲ្យ​ស្លឹក​ឈើ​រង្គើ ​រួម​ទាំង​មាន​​​ផ្នូរ​ខ្មោច​ជា​ច្រើន​​នៅ​នឹង​មុខ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ព្រឺ​សម្បុរ ទោះ​បី​មាន​គ្នា​៤​ទៅ​៥​នាក់​ក៏​ដោយ។ ​​​ទំនៀម​ទម្លាប់​របស់​អ្នក​ភូមិ​ជនជាតិ​កាចក់ ​ពេល​អ្នក​ណា​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ខ្មោច​ ​គឺ​មិន​ឲ្យ​ចូល​​ក្នុង​ភូមិ​វិញ​​​ទេ ព្រោះ​ខ្លាច​​ព្រលឹង​ខ្មោច​​ទៅ​អុក​ឡុក​អ្នក​ភូមិ ​ហើយ​ម៉ោង​១២​ថ្ងៃ​ត្រង់ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ដែរ ព្រោះ​ពួកគេ​ជឿ​ថា ​​ជា​ពេល​ដែល​ខ្មោច​មាន​ឥទ្ធិពល​​​កាច​សាហាវ ​បើ​និយាយ​ពី​ពេល​យប់​គឺ គ្មាន​អ្នក​ណា​ហ៊ាន​ក្បែរ​ឡើយ។

រីឯ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​​​មើល​ព្រៃ​ខ្មោច​ ​ត្រូវ​​ធ្វើ​សញ្ញា​ខ្វែង​​ (សម្រាប់​អ្នក​ដើរ​ក្រោយ​គេ) ​ដើម្បី​រារាំង​ខ្មោច​​កុំ​ឲ្យ​ដើរ​តាម​ទៀត ​និង​​​មិន​​អនុញ្ញាត​ឲ្យ​​ចូល​ក្នុង​ភូមិ​របស់​​ជនជាតិ​កាចក់​​ទៀត​​ទេ​ គឺ​ត្រូវ​តែ​ត្រឡប់​​​​​ទៅ​ស្រុក​វិញ​ភ្លាមៗ ​ហើយ​បើ​មាន​ធ្លាក់​​បាត់​របស់​អ្វី​​ក្នុង​ភូមិ​ខ្មោច​នោះ ក៏​មិន​អាច​ត្រឡប់​ទៅ​​រក​វិញ​បាន​ដែរ។​ ​យ៉ាងណាមិញ ​សម្រាប់​អ្នក​ភូមិ​ជនជាតិ​កាចក់ ​ដែល​ស្ថិត​​ជាប់​ភូមិ​​ខ្មោច​ ក្បែរ​គ្នា​នោះ ពួកគេ​ក៏​ខ្លាច​​ញញើត​​ភូមិ​ព្រៃ​ខ្មោច​​​​ដែរ សូម្បី​ជិះ​ទូក​​នៅ​លើ​ទន្លេ​ចត​ក្បែរ​ព្រៃ​ខ្មោច​នោះ​ ក៏​មិន​ហ៊ាន​ផង។

២. ភូមិ​គ្រឹង​គួរ​ឱ្យ​ខ្លាច​នៅ​រតន​គីរី

ពេល​លោក​អ្នក​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ភូមិ​​ជាតិ​ភាគ​តិច​គ្រឹង​នៅ​ខេត្ត​រតនគីរី​ ​លោក​អ្នក​ប្រាកដ​ជា​​ចម្លែក​​អារម្មណ៍​​ភ្លាម​ ដោយ​សារ​តែ​ភូមិ​ទាំង​មូល​មាន​សភាព​ស្ងាត់​ជ្រងំ​ស្ទើរ​​​តែ​រក​មនុស្ស​ម្នា​ម្នាក់​គ្មាន​ ប៉ុន្តែ​​សត្វ​ជ្រូក​តូច​ធំ​ពីរ​បី​ក្បាល​ដើរ​រក​ចំណី​ ខណៈ​​ផ្ទះ​បិទ​ទ្វារ​ចោល។ ជាក់​ស្តែង​នៅ​ភូមិ​ឃួន ឃុំកោះ​ពាក្យ​​ ស្រុក​វើនសៃ អ្នក​ភូមិ​បាន​ចេញ​ចោល​ផ្ទះ​អស់​ហើយ​ក្នុង​រយៈ​រាប់​ឆ្នាំ​។ ពួក​គាត់​បាន​ចាក​​ចោល​ផ្ទះ​​​​​ចាប់​ពី​ខែ​​​​កក្កដា​ រហូត​ដល់​ខែ​មករា​ ឬ​កុម្ភៈ​ទើប​ពួក​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ។

​ក្នុង​រយៈ​ពេល​ដែល​​ពួក​គាត់​មិន​ត្រឡប់​មក​មើល​ផ្ទះ​​សម្បែង​នោះ ក្នុង​ផ្ទះ​របស់​ពួក​គាត់​គ្មាន​អ្វី​ឡើយ​ក្រៅ​ពី​សំបក​ផ្ទះ។ ​ក្រៅ​ពី​​នេះ​ ក៏​មាន​តែ​សត្វ​ជ្រូក​ពីរ​បី​ក្បាល​ដែល​ដើរ​កកាយ​ដី​រក​ចំណី​ស៊ី​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ភូមិ​នីមួយ​ៗ​ស្ងាត់​ឈឹង​គួរ​ឲ្យ​ចម្លែក។

៣. ​ផ្ទះ​ខ្មោច​សក្ដិសិទ្ធិ​នៅ​កំពង់​ឆ្នាំង

“ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ” ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ឆ្ងល់ និង លាន់​មាត់​តៗ​គ្នា​ថា ផ្ទះ​នេះ​មាន​ខ្មោច​នៅ ដូច្នេះ​ហើយ​ទើប​ម្ចាស់​ផ្ទះ​ទុក​ផ្ទះ​នេះ​ទុក​ចោល​ឲ្យ​ក្លាយ​ទៅ​ជា​ទី​សក្ការ​សម្រាប់​អ្នក​ផង​ទាំង​ពួង​ ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ រវាង​ខេត្ត​កំពង់​ឆ្នាំង-ពោធិ៍សាត់​ តែងតែ​ឈប់​សំចត​ធ្វើ​ពិធី​បួងសួង។

“ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ” ស្ថិត​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដើម​ឡើយ​ផ្ទះ​នេះ​ធ្វើ​អំពី​ឈើ ប៉ុន្តែ​ក្រោយ​មក​ម្ចាស់​ថ្មី បាន​ទិញដី​ រួច​សង់ជា​ថ្ម ដូច​អាសនៈ​អ្នកតា កាល​ពី​អំឡុង​ជិត​១០​ឆ្នាំ​មុន។ ទន្ទឹម​នឹង​គ្នា​នេះ​ នៅ​ឯ​ក្លោងទ្វារ​ បាន​សរសេរ​អក្សរ​ធំៗ​នៅ​លើ​បដា​ថា ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ។

៤. បារមី​បារាយណ៍​អណ្ដែត​នៅ​ព្រៃវែង

​ អ្នក​ខេត្ត​ព្រៃវែង ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ថា​មាន​ទួល​បារាយណ៍​អណ្ដែត​មួយ ដែល​ល្បី​ស័ក្ដិសិទ្ធិ​ត​គ្នា​យូរ​មក​ហើយ ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ដឹង​ទេ​ថា​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​នៅ​ទី​នោះ។ រឿង​រ៉ាវ​មួយ​ដែល​មាន​ប្រវត្តិ​ធ្វើ​ឲ្យ​ទួល​បារាយណ៍​អណ្ដែត​ល្បី​ឈ្មោះ​មក​ដល់​បច្ចុប្បន្ន គឺ​មាន​បារមី​នៅ​ថែរក្សា និង​ធ្លាប់​បន្លំ​ជា​អ្នក​ចែវទូក មក​ប្ដូរ​ច្រវា​មាស​ឲ្យ​អ្នក​នេសាទ ២​នាក់​ប្ដី​ប្រពន្ធ រហូត​ត​វង្ស​ត្រកូល​ជា​គ្រួសារ​ធូរធារ​ដល់​សព្វ​ថ្ងៃ។

អ្នក​រស់​នៅ​ខេត្ត​ព្រៃវែង សុទ្ធតែ​បាន​ឮ​ពី​តំណាល​រឿង​នៃ​ការ​ប្ដូរ​ច្រវា​មាស​នេះ ដែល​កើត​ឡើង​ច្រើន​ជំនាន់​មក​ហើយ។ ចំណែក​លោក ចន ស៊ា ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រៃវែង និង​ជា​អ្នក​គ្រប់​គ្រង​នៅ​ទួល​បារាយណ៍​អណ្ដែត ក៏​បាន​លើក​ឡើង​ដែរ​ថា រឿង​ប្ដូរ​ច្រវា​មាស​នេះ​ជា​រឿង​ដែល​កើត​មាន​ពិត​ប្រាកដ៕