ពេល​ប្ដី​លួច​ទៅ​ផ្ទះ​មិន​ឲ្យ​ប្រពន្ធ​ដឹង​ខ្លួន និង​លប​បើក​ទ្វារ​មើល​ម្ហូប​ដែល​ប្រពន្ធ​ឲ្យ​ម្ដាយ​ពិសា​ ​ក៏​ឃើញ…

កូន​ប្រសារ​និយាយ៖ “ធ្វើ​សាប​ម៉ែ​ក៏​ថា​គ្មាន​ជាតិ ឥលូវ​ធ្វើ​ប្រៃ​តិច​សោះ ម៉ែ​ថា​ពិសា​មិន​បាន ឥលូវ​ចង់​យ៉ាង​ម៉េច?”។

ម្ដាយ​ងាក​មើល​ឃើញ​កូន​ប្រុស​លប​ត្រលប់​មក​ផ្ទះ​បាន​ឃើញ​អ្វី​ដែល​កើត​ឡើង តែ​ក៏​មិន​ហ៊ាន​និយាយ​អ្វី បាន​ត្រឹម​តែ​លេប​បាយ​ចូល​មាត់។ កូនប្រសា​ស្រី​តាម​មើល​ទាំង​មុខក្រញូវ។

នៅ​ពេល​កូន​ប្រុស​សាក​ភ្លក់​ម្ហូប​ដែល​ម្ដាយ​កំពុង​ពិសា ក៏​បែរ​ទៅ​និយាយ​ជាមួយ​ប្រពន្ធ៖ “ក្រែង​ខ្ញុំ​ប្រាប់​ហើយ​តើ​ហ្អី ថា​ជំងឺ​ម៉ែ​ពិសា​ប្រៃ​មិន​បាន​ទេ?”

“ហើយ​យ៉ាង​ម៉េច! បើ​មិន​ពេញ​ចិត្ត ថ្ងៃ​ក្រោយ​ដាំ​ស្ល​ឲ្យ​ម៉ែ​ឯង​ហូប​ខ្លួន​ឯង​ទៅ”។ កូន​ប្រសា​និយាយ​ទាំង​ខឹង​ ហើយ​ក៏​ដើរ​គេច​ចូល​បន្ទប់​បាត់​ទៅ។

កូន​ប្រុស​ស្រែក​ឲ្យ​ពី​ក្រោយ​ទាំង​ហួស​ចិត្ត រួច​ក៏​បែរ​មក​និយាយ​ជាមួយ​ម្ដាយ៖ “ម៉ែ​មិន​បាច់​ពិសា​ទេ ចាំ​ខ្ញុំ​ស្រុះ​គុយទាវ​ឲ្យ​ម៉ែ​ពិសា​វិញ”។

“កូន​មាន​អី​ចង់​និយាយ​ជាមួយ​ម៉ែ​មែន? បើ​មាន​ ប្រាប់​ម៉ែ​មក កុំ​លាក់​ទុក​អី”។ ម្ដាយ​និយាយ​ពេល​​ឃើញ​ទឹក​មុខ​កង្វល់​របស់​កូន​ប្រុស។

“ម៉ែ ខែ​ក្រោយ​ខ្ញុំ​បាន​ឡើង​តំណែង ខ្លាច​ថា​មាន​ការងារ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​កាន់​តែ​ច្រើន ប្រពន្ធ​ខ្ញុំ​គេ​ក៏​ចង់​ចេញ​ទៅ​ធ្វើ​ការ គឺ​ថា…”

ម្ដាយ​ដឹង​ភ្លាម​ថា​កូន​ប្រុស​ចង់​និយាយ​អ្វី​ត…

“កុំ​យក​ម៉ែ​ទៅ​ដាក់​មណ្ឌល​មនុស្ស​ចាស់​ណា​កូន…” ម្ដាយ​និយាយ​​ទទូច។

កូន​ប្រុស​នៅ​ស្ងៀម​មួយ​ស្របក់ គិត​ព្យាយាម​រក​ដំណោះ​ស្រាយ​ដែល​ល្អ​ជាង​នេះ។

“ម៉ែ នៅ​មណ្ឌល​ចាស់​ជរា​ក៏​ល្អ​ដែរ​ នឹង​បាន​មាន​គ្នា​មិន​អផ្សុក ទី​នោះ​មាន​អ្នក​មើល​ថែ ល្អ​ជាង​នៅ​ផ្ទះ​ណា​ម៉ែ បើ​ប្រពន្ធ​ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការ នាង​នឹង​លែង​មាន​ពេល​មើល​ថែ​ម៉ែ​ទៀត​ហើយ”។

បន្ទាប់​ពី​ចូល​ងូត​ទឹក​រួច​ គេ​ក៏​ចេញ​មក​ហូប​មី រួច​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​អាន​សៀវភៅ។ គេ​ឈរ​ទ្រឹង​ក្បែរ​មាត់​បង្អួច ក្នុង​ចិត្ត​ពោរពេញ​ដោយ​អារម្មណ៍​ច្របូកច្របល់ មិន​ដឹង​ថា​ត្រូវ​សម្រេច​ចិត្ត​បែប​ណា​ល្អ។

ម្ដាយ​របស់​គេ​ជា​ស្រី​មេម៉ាយ​តាំង​ពី​ក្មេង តែ​​ទ្រាំ​លេប​ទុក្ខ​លំបាក​ចិញ្ចឹម​គេ​​ម្នាក់​ឯង​រហូត​ដល់​ធំ​ដឹង​ក្ដី ថែម​ទាំង​បញ្ជូន​គេ​ឲ្យ​ទៅ​រៀន​ក្រៅ​ប្រទេស​ថែម​ទៀត ប៉ុន្តែ​គាត់​មិន​ដែល​រំលើក​អ្វី​ដែល​ធ្វើ​ទាំង​អស់​នេះ​​យក​មក​អាង​ឲ្យ​គេ​ត្រូវ​មើល​ថែ​គាត់​វិញ​ឡើយ ប៉ុន្តែ​ប្រពន្ធ​គេ​ដែល​ទើប​ចូល​មក​តាម​ក្រោយ​នេះ​ក៏​ទាមទារ​ឲ្យ​គេ​ត្រូវ​ទទួល​ខុស​ត្រូវ។ នេះ​គេ​ត្រូវ​យក​ម្ដាយ​ទៅ​នៅ​មណ្ឌល​ចាស់​ជរា​ពិត​មែន​ទេ?

“អ្នក​ដែល​នឹង​នៅ​ជាមួយ​ឯង​ដល់​ជីវិត​ចុង​ក្រោយ​គឺ​ប្រពន្ធ​ណា​វើយ មិន​មែន​ម៉ែ​ទេ!”។ មិត្តភ័ក្ដិ​របស់​គេ​នឹង​និយាយ​ដូច្នេះ។

“ម៉ែ​ឯង​ចាស់​ហើយ បើ​សំណាង​ល្អ​គាត់​ក៏​អាច​នៅ​ជាមួយ​ឯង​បាន​ច្រើន​ឆ្នាំ​ទៀត ហេតុ​អី​មិន​ប្រើ​ពេល​ដែល​នៅ​សល់​របស់​ម្ដាយ​ឯង​ប្រណិប័តន៍​កត្តញ្ញូសង​គុណ​គាត់ កុំ​ចាំ​ដល់​ម្ដាយ​លែង​នៅ​ទើប​ចង់​កត្តញ្ញូ ហើយ​ស្ដាយ​ក្រោយ!”។ សាច់​ញាតិ​បង​ប្អូន​នឹង​ដាស់​តឿន​គេ​ដូច្នេះ។ គេ​មិន​ហ៊ាន​គិត​អ្វី​ត​​ទៀត​ឡើយ ព្រោះ​ខ្លាច​ខ្លួន​ឯង​ផ្លាស់​ប្ដូរ​ការ​តាំង​ចិត្ត។

ទី​បំផុត​គេ​សម្រេច​ចិត្ត​នាំ​ម្ដាយ​ទៅ​មណ្ឌល​ថែ​ទាំ​ចាស់​ជរា​ឯកជន​ដ៏​ធំ​មួយ​នៅ​ខាង​ក្រៅ​ក្រុង។ គេ​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ប៉ះប៉ូវ​អារម្មណ៍​ខុស​ឆ្គង​ចំពោះ​ម្ដាយ​របស់​គេ។ យ៉ាង​ហោច​ណាស់​ទី​នេះ​ក៏​ងាយ​ស្រួល​រស់​នៅ។

នៅ​ពេល​គេ​គ្រាហ៍​ម្ដាយ​ចូល​ក្នុង​អគារ ទូរទស្សន៍​អេក្រង់​យក្ស​កំពុង​ចាក់​បញ្ចាំង​រឿង​កំប្លែង ប៉ុន្តែ​មិន​មាន​ឮ​សូរ​សំឡេង​សើច​ពី​អ្នក​អង្គុយ​មើល​សូម្បី​តែ​ម្នាក់។ ចាស់​ៗ​ជរា​ជា​ច្រើន​ដែល​ស្លៀក​ពាក់​ឯកសណ្ឋាន​ដូច​គ្នា អង្គុយ​លើ​សាឡុង​ សម្លឹង​មើល​​ផ្លូវ​ចូល​ដោយ​ក្រសែ​ភ្នែក​​គួរ​ឲ្យ​អាណិត។

គេ​ដឹង​ថា​ម្ដាយ​ចូល​ចិត្ត​បន្ទប់​ដែល​មាន​ពន្លឺ​ស្រស់បស់ ទើប​រើស​យក​បន្ទប់​ដែល​ពន្លឺ​ព្រះ​អាទិត្យ​អាច​ជះ​ចូល​មក​ខាង​ក្នុង​បាន។ ពេល​សម្លឹង​ចេញ​តាម​មាត់​បង្អួច ស្លឹក​ឈើ​ចាស់​ៗ​កំពុង​ជ្រុះ​ធ្លាក់​រាយ​ពេញ​កម្រាល​ស្មៅ នៅ​តាម​ផ្លូវ​ គិលានុបដ្ឋាយិកា​ជា​ច្រើន​រូប​កំពុង​រុញ​រទេះ​ដែល​មាន​ចាស់​ជរា​អង្គុយ​ ចេញ​ទៅ​គយគន់​ទិដ្ឋភាព​ព្រះ​អាទិត្យ​លិច។ ជុំវិញ​ខ្លួន​មាន​តែ​ភាព​ស្ងប់ស្ងាត់ តែ​ក្នុង​ចិត្ត​គេ​ពោរពេញ​ដោយ​ភាព​រសាប់រសល់។

បើ​ទោះ​បី​ព្រះ​អាទិត្យ​រៀប​លិច​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា តែ​វា​ក៏​មាន​ន័យ​ថា​ដល់​ពេល​ដែល​ភាព​ងងឹត​ត្រូវ​មក​គ្រប​ដណ្ដប់​ផែនដី​ជំនួស​វិញ។ លោក​យាយ​ដក​ដង្ហើម​ធំ​យឺត​ៗ។

“ម៉ែ ខ្ញុំ​ត្រូវ​ទៅ​ហើយ​ណា” ។ អ្នក​ជា​ម្ដាយ​បាន​ត្រឹម​តែ​ងក់​ក្បាល។

នៅ​ពេល​ដែល​គេ​ដើរ​ចេញ​មក ម្ដាយ​ចាស់​ក៏​នៅ​រា​ដៃ​លា​ដោយ​ទឹក​មុខ​សោកសៅ និង​ហើប​មាត់​និយាយ​… តែ​មិន​ឮ​សំឡេង។ នៅ​ពេល​បែរ​ខ្នង​សម្លឹង​ខាង​ក្រោយ ​ឃើញ​សក់​ស្កូវ​ពាសពេញ​របស់​ម្ដាយ គេ​នឹក​ក្នុង​ចិត្ត​ថា “ម៉ែ​កាន់​តែ​ចាស់​មែនទែន​ហើយ”។

នៅ​សុខ​ៗ រូបភាព​អតីតកាល​ក៏​ផុស​មក​ក្នុង​ខួរ​ក្បាល​របស់​គេ។ នៅ​ឆ្នាំ​មួយ​នោះ​គេ​មាន​អាយុ​ត្រឹម​៦​ឆ្នាំ ម្ដាយ​គេ​មាន​ធុរៈ​ត្រូវ​ទៅ​ធ្វើ​ការ​តាម​ខេត្ត ទើប​ត្រូវ​នាំ​គេ​ទៅ​ផ្ញើ​នៅ​ផ្ទះ​អ៊ំ។ នៅ​ពេល​ដែល​ម្ដាយ​គេ​ដើរ​ចេញ​ពី​ផ្ទះ គេ​មាន​អារម្មណ៍​សែន​ភ័យ​ខ្លាច គិត​តែ​ពី​ឱប​ជើង​ម្ដាយ​មិន​ព្រម​លែង។ “ម៉ែ កុំ​ទៅ​ចូល​កូន​ណា​ម៉ែ កុំ​ទុក​កូន​ចោល​ណា!”។ ទី​បំផុត ម្ដាយ​ក៏​មិន​ហ៊ាន​ទៅ​​ខេត្ត​ចោល​គេ។

គេ​ប្រញាប់​ឈាន​ជើង​ដើរ​ចេញ​ពី​ទី​នេះ​ឲ្យ​លឿន​បំផុត ពេល​បិទ​ទ្វារ​រួច​ហើយ​ក៏​មិន​ហ៊ាន​ងាក​សម្លឹង​មើល​មុខ​ម្ដាយ​ទៀត។

ពេល​ត្រលប់​មក​ដល់​ផ្ទះ គេ​ឃើញ​ប្រពន្ធ​និង​ម្ដាយ​ក្មេក​កំពុង​រើ​ឥវ៉ាន់​ម្ដាយ​របស់​គេ​មក​ដាក់​ក្រៅ​បន្ទប់ រួម​ទាំង​ពាន​រង្វាន់​រូប​មនុស្ស​ឈរ​កម្ពស់ ៩០សង់ទីម៉ែត្រ ដែល​គេ​ទទួល​បាន​ពី​ការ​ឈ្នះ​ប្រកួត​តែង​សេចក្ដី​និយាយ​ពី “ម្ដាយ”, វចនានុក្រម​ភាសា​អង់គ្លេស​ដែល​ម្ដាយ​ទិញ​ឲ្យ​គេ​នៅ​ថ្ងៃ​ខួប​កំណើត​​ជា​កាដូ​ដំបូង​ដែល​គេ​ទទួល​បាន​ពី​ម្ដាយ និង​ប្រេង​កូឡា​ដែល​ម្ដាយ​គេ​​ត្រូវ​លាប​រឹត​​ជើង​មុន​ចូល​សម្រាន្ត​រាល់​ថ្ងៃ។

“ឈប់​ភ្លាម! នេះ​ប្រមូល​របស់​របរ​ម្ដាយ​ខ្ញុំ​ចេញ​មក​ធ្វើ​អី?”។ គេ​សួរ​ដោយ​កំហឹង​ឆេះឆួល។ “សុទ្ធ​តែ​សំរាម​ទាំង​អស់​ហ្នឹង បើ​មិន​ចោល ម៉ាក់​យក​របស់​ម៉ាក់​មក​​ដាក់​កន្លែង​ណា?”។ ម្ដាយ​ក្មេក​គេ​និយាយ​ឡើង​ដោយ​មិន​ខ្វល់។

“មែន​ហើយ ឯង​ប្រញាប់​យក​គ្រែ​កញ្ចាស់​របស់​ម៉ែ​ឯង​ចោល​បាន​ហើយ ស្អែក​ខ្ញុំ​នឹង​ទិញ​គ្រែ​ថ្មី​ឲ្យ​ម៉ាក់​ខ្ញុំ!”។

រូប​ចាស់​ៗ​កាល​ដែល​គេ​នៅ​ក្មេង​នៅ​រាយប៉ាយ​លើ​កម្រាល​ឥដ្ឋ​ ជា​រូប​ដែល​ម្ដាយ​គេ​នាំ​គេ​ដើរ​លេង​នៅ​សួនសត្វ និង​សួន​កុមារ។

“វា​ជា​ទ្រព្យ​សម្បត្តិ​ម្ដាយ​ខ្ញុំ អ្នក​ណា​ក៏​គ្មាន​សិទ្ធិ​យក​ចោល​ដែរ!”

“ជ្រុល​ពេក​ហើយ​ណា ម៉េច​មក​ដំឡើង​សំឡេង​ដាក់​ម៉ាក់​ខ្ញុំ សុំ​ទោស​ម៉ាក់​ខ្ញុំ​ភ្លាម!”

“ខ្ញុំ​ការ​ជាមួយ​នាង ក៏​ត្រូវ​ស្រឡាញ់​ម្ដាយ​របស់​នាង តែ​នាង​រៀបការ​ចូល​មក​នៅ​ផ្ទះ​ខ្ញុំ ម្ដេច​ក៏​ស្រឡាញ់​ម្ដាយ​ខ្ញុំ​មិន​បាន?”

ផ្ទៃ​មេឃ​ងងឹត​ស្លុប​ក្រោយ​ភ្លៀង​ធ្លាក់ ខ្យល់​រងា​ខ្លាំង​ល្មម​ព្រឺ​ដល់​ឆ្អឹង​ខ្នង នៅ​លើ​ផ្លូវ​ធំ​ស្ងាត់ រថយន្ត​ BMW មួយ​គ្រឿង​​កំពុង​បោះពួយ​យ៉ាង​លឿន ព្រម​ជាមួយ​សំឡេង​ខ្សឹកខ្សួល​របស់​បុរស​ម្នាក់​ដែល​តម្រង់​ទៅ​មណ្ឌល​ចាស់​ជរា​នៅ​ខាង​ក្រៅ​ក្រុង។ ចត​ឡាន​រួច គេ​ប្រញាប់​រត់​ឡើង​ទៅ​បន្ទប់​ស្នាក់​របស់​ម្ដាយ។ នៅ​ពេល​បើក​ទ្វា​ចូល​ទៅ គេ​ឈរ​សម្លឹង​មើល​ម្ដាយ​ដោយ​អារម្មណ៍​ដែល​មិន​គួរ​អភ័យទោស​ឲ្យ​ខ្លួន​ឯង​បាន។ ម្ដាយ​របស់​គេ​កំពុង​ឈ្ងោក​មុខ​ប្រើ​ដៃ​ច្របាច់​ជើង​​ខ្លួន​ឯង។ ពេល​ម្ដាយ​គេ​ងើយ​មុខ​ឡើង​សម្លឹង​ទៅ​ទ្វា ក៏​ឃើញ​កូន​ប្រុស​ខ្លួន​​កំពុង​ឈរ​ ​ក្នុង​ដៃ​មាន​ប្រេង​កូឡា គាត់​ក៏​និយាយ​ដោយ​សំឡេង​ថ្នម​ៗ​ថា “ម៉ែ​ភ្លេច​យក​ម៉ោ ល្អ​ណាស់​ដែល​កូន​យក​​មក​ឲ្យ​…”

គេ​ដើរ​ទៅ​រក​ម្ដាយ​ រួច​លុត​ជង្គង់​ចុះ

“យប់​ជ្រៅ​ហើយ​កូន ម៉ែ​លាប​ខ្លួន​ឯង​បាន ទៅ​វិញ​ទៅ ស្អែក​កូន​ត្រូវ​ទៅ​ធ្វើ​ការ​ពី​ព្រឹក​ផង”

គេ​នៅ​ស្ងៀម​មួយ​សន្ទុះ ទី​បំផុត​ក៏​ទប់​ទឹក​ភ្នែក​លែង​បាន!

“ម៉ែ ឲ្យ​កូន​សុំទោស ម៉ែ​លើក​ទោស​ឲ្យ​កូន​ផង ​ទៅ​ផ្ទះ​យើង​វិញ​ទៅ​ម៉ែ!”

កូន​មាស​ម្ដាយ កាល​កូន​នៅ​ក្មេង ម្ដាយ​ប្រើ​ពេល​វេលា​ទាំង​អស់​ចាំ​បង្រៀន​ឲ្យ​កូន​ប្រើ​ស្លាបព្រា ប្រើ​ចង្កឹះ​ចាប់​អាហារ បង្រៀន​កូន​ឲ្យ​ចេះ​ពាក់​ស្បែក​ជើង បង្រៀន​កូន​ស្លៀក​ខោ​អាវ ងូត​ទឹក​ឲ្យ​កូន លាង​ជុះ​លាង​នោម​ឲ្យ​កូន រឿង​ទាំង​នេះ​ម្ដាយ​មិន​ដែល​ភ្លេច​ទេ បើ​ថ្ងៃ​ណា​មួយ ម្ដាយ​ចាំ​លែង​បាន ឬ​ចាប់​ផ្ដើម​និយាយ​កាន់​តែ​យឺត សូម​កូន​ទុក​ពេល​ឲ្យ​ម៉ែ​បន្តិច ទុក​ពេល​ឲ្យ​​ម៉ែ​គិត… ជួន​កាល អ្វី​ដែល​ម៉ែ​​តែង​ចង់​និយាយ​ជាមួយ​កូន ម៉ែ​​ប្រហែល​ជា​លែង​បាន​និយាយ​ទៀត​ហើយ។

កូន​មាស​ម្ដាយ កូន​ចាំ​ទេ ម្ដាយ​ត្រូវ​បង្រៀន​កូន​ប៉ុន្មាន​រយ​ដង​ឲ្យ​កូន​និយាយ​ពាក្យ​ “ម៉ែ” បាន? ដឹង​ថា​ម៉ែ​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ​ ពេល​កូន​ចាប់​ផ្ដើម​និយាយ​ជា​ប្រយោគ​បាន? ចាំ​ថា​ម៉ែ​ត្រូវ​ឆ្លើយ​សំណួរ​កូន​ប៉ុន្មាន​រយ​ដង​ទេ ទម្រាំ​កូន​យល់​អ្វី​ដែល​កូន​ឆ្ងល់? ដូច្នេះ បើ​ថ្ងៃ​មួយ ម៉ែ​សួរ​កូន​​ហើយ​សួរ​ទៀត​ពី​រឿង​ដដែល​ៗ សូម​កូន​កុំ​ធុញ​ម៉ែ​បាន​ទេ?

កូន​​ម្ដាយ ថ្ងៃ​នេះ​ជើង​ម្ដាយ​ចាប់​ផ្ដើម​ខ្សោយ​កម្លាំង ឈរ​មិន​សូវ​បាន​យូរ ដើរ​ហើរ​លំបាក ម្ដាយ​សូម​ឲ្យ​កូន​ចាប់​ដៃ​និង​គ្រាហ៍​ម្ដាយ នៅ​កំដរ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ម្ដាយ​ផុត​ដង្ហើម ដូច​ថ្ងៃ​ដែល​កូន​កើត​មក ម្ដាយ​ក៏​គ្រាហ៍​កូន​ដើរ​យ៉ាង​នេះ​ដូច​គ្នា! ៕

អត្ថបទគួរអាន៖ ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្ដាយ​ក្មេក​ចូល​ហាង តែ​បែរ​កើត​រឿង​​ឡើង​ផ្អើលព្រោះតែ…

ពេល​ខ្ញុំ​នឹង​ប្ដី​ព្រមព្រៀង​គ្នា​រៀបការ​បន្ទាប់​ពី​រៀន​ចប់ ម៉ាក់​ប៉ា​ខាង​ប្ដី​ខ្ញុំ​ព្យាយាម​រារាំង​ពួក​យើង​ទាំង​ពីរ​ ដោយ​សារ​ពួក​គាត់​ស្អប់​ខ្ញុំ​ជា​អ្នក​ក្រ។ ពួក​គាត់​ខ្លាច​ថា​ពុក​ម៉ែ​បង​ប្អូន​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គ្រួសារ​ពួក​គាត់​ក្ដៅ​ក្រហាយ ខ្លាច​ខ្ញុំ​ចង់​បាន​លុយ​ពួក​គាត់​ហើយ​ទារ​​ថ្លៃ​ទឹក​ដោះ​ច្រើន។ ប៉ុន្តែ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ស្រឡាញ់​គ្នា​ណាស់ ឯ​ពុក​ម៉ែ​ខ្ញុំ​ក៏​យោគយល់។ នៅ​ពេល​ប្ដី​ខ្ញុំ​ចូល​ដណ្ដឹង​ខ្ញុំ​ (ប៉ា​ម៉ាក់​គាត់​មិន​ព្រម​មក​ជាមួយ​ទេ) ពុក​ម៉ែ​ខ្ញុំ​មិន​បាន​ទាមទារ​អ្វី​ឡើយ សុំ​ឲ្យ​តែ​ប្ដី​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ល្អ​ជាមួយ​ខ្ញុំ​រហូត​ទៅ​គ្រប់គ្រាន់​ហើយ។

ពួក​យើង​ទាំង​ពីរ​មិន​បាន​រៀប​ពិធី​មង្គលការ​ធំ​ដុំ​អ្វី​ឡើយ។ បន្ទាប់​ពី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ហើយ ពួក​យើង​ក៏​ទៅ​ក្រេប​ទឹក​ឃ្មុំ​ប៉ុន្មាន​ថ្ងៃ មុន​ត្រលប់​មក​ធ្វើ​ការ​ធម្មតា​ក្នុង​តំណែង​តូចតាច។ ពួក​យើង​ចេញ​មក​ជួល​ផ្ទះ​នៅ​ជាមួយ​គ្នា​ខាង​ក្រៅ។ ត្បិត​តែ​យើង​ទាំង​ពីរ​សុទ្ធ​តែ​មាន​ប្រាក់​ខែ​ ប៉ុន្តែ​ការ​រស់​នៅ​កាល​នោះ​មាន​ការ​លំបាក​ច្រើន​ណាស់។

បន្ទាប់​ពី​រៀបការ​ហើយ​ពួក​យើង​ស្ទើរ​តែ​មិន​បាន​ទាក់ទង​ទៅ​ប៉ាម៉ាក់​ខាង​ប្ដី​ខ្ញុំ​ប៉ុន្មាន​ឡើយ ព្រោះ​ពួក​គាត់​នៅ​តែ​ខឹង​ដែល​ប្ដី​ខ្ញុំ​មិន​ស្ដាប់​តាម​ពួក​គាត់។ កុំ​ថា​ឡើយ​ពេល​យើង​ជួប​បញ្ហា​លំបាក​លំបិន​យ៉ាង​ណា ក៏​ពួក​គាត់​មិន​ដែល​ខ្វល់ខ្វាយ​​សួរ​នាំ ជួយ​នោះ​ជួយ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​លុយ​ដែល​គាត់​មាន​ប៉ុន្មាន​ គឺ​គាត់​យក​ទៅ​ផ្គាប់ផ្គុន​ប្អូន​ប្រុស​ប្ដី​ខ្ញុំ​ទាំង​អស់។ ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​យុត្តិធម៌​​សោះ ប៉ុន្តែ​ក៏​ឈប់​គិត​ច្រើន​​ពេល​ប្ដី​ប្រាប់​ថា​ ដែល​ពួក​គាត់​ចិញ្ចឹម​គាត់​ឲ្យ​រៀន​សូត្រ​បាន​ប៉ុណ្ណេះ​ចាត់​ទុក​ថា​គ្រប់គ្រាន់​ហើយ បន្ទាប់​ពី​នេះ​គាត់​ជាមួយ​ខ្ញុំ​ត្រូវ​រ៉ាប់រង​ដោយ​ខ្លួន​ឯង។

យើង​ទាំង​ពីរ​នាក់​ដាក់​ចិត្ត​ដាក់​កាយ​ប្រឹង​ធ្វើ​ការ ក៏​បាន​ឡើង​តំណែង​ខ្ពស់​ជា​បន្តបន្ទាប់ ប្រាក់​ខែ​ក៏​កើន​ឡើង​គួរ​សម រហូត​ពួក​យើង​អាច​ទិញ​ផ្ទះ ទិញ​ឡាន​បាន​ដោយ​ខ្លួន​ឯង។ ពួក​យើង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ជីវិត​កាន់​តែ​ល្អ​ប្រសើរ ខ្វះ​តែ​ម្យ៉ាង​គឺ​មិន​ទាន់​មាន​កូន។ ម៉ាក់​ប៉ា​ក្មេក​ខ្ញុំ បន្ទាប់​ពី​ឃើញ​ពួក​យើង​មាន​ឋានៈ​ល្អ​បែប​នេះ ក៏​ចាប់​ផ្ដើម​ទទួល​ស្គាល់​ពួក​យើង និង​បាន​និយាយ​ថា​ពេល​ណា​នឹង​មាន​ចៅ​ឲ្យ​គាត់​ជួយ​មើល ពួក​គាត់​មិន​ទាន់​ចាស់​ណាស់​ណា​ទេ អាច​ជួយ​មើល​កូន​ឲ្យ​បាន ប៉ុន្តែ​ប្ដី​របស់​ខ្ញុំ​ក៏​មិន​បាន​​ទទួល​មាត់​ទទួល​ក​ពួក​គាត់​ដែរ។

និយាយ​ពី​ប្អូន​ប្រុស​ប្ដី​ខ្ញុំ​វិញ ពួក​គេ​បាន​រៀប​ការ​ក្រោយ​យើង​មួយ​ឆ្នាំ។ ប្រពន្ធ​របស់​គេ​គឺ​ជា​នារី​ទីក្រុង ទាមទារ​ថ្លៃ​បណ្ណាការ ជា​លុយ​សុទ្ធ​៦ពាន់​ដុល្លារ រួម​ទាំង​ ផ្ទះ​មួយ​ខ្នង ឡាន​មួយ​គ្រឿង។ ​ឪពុក​ម្ដាយ​ក្មេក​ខ្ញុំ​មិន​មាន​លុយ​ដល់​ថ្នាក់​ហ្នឹង​ឡើយ ហេតុ​ដូច្នេះ​ក៏​ឲ្យ​នាង​ជ្រើស​រើស​រវាង​ឡាន​និង​ផ្ទះ។ ទី​បំផុត​នាង​ក៏​ជ្រើសរើស​យក​ឡាន​មុន ហើយ​សុំ​ផ្ទះ​ក្នុង​រយៈ​ពេល ៣ឆ្នាំ​ទៅ​មុខ​ទៀត ថែម​ទាំង​មាន​លក្ខខណ្ឌ​ថា​បើ​​មិន​បាន​ផ្ទះ នាង​នឹង​មិន​យក​ចៅ​ឲ្យ​ពួក​គាត់​បាន​ពរ​ឡើយ។

ចុង​ឆ្នាំ​មុន​នេះ​ខ្ញុំ​បាន​ទទួល​ប្រាក់​បំណាច់ (Bonus) ចំនួន ៣០០០ដុល្លារ ថែម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ពិសេស​ចំនួន ១ខែ ក៏​ចង់​បបួល​ប្ដី​ទៅ​ដើរ​លេង​ផ្លាស់​ប្ដូរ​បរិយាកាស​នៅ​អឺរ៉ុប។ មុន​ចេញ​ដំណើរ​ប៉ុន្មាន​ថ្ងៃ ម៉ាក់​ប៉ា​ក្មេក​បាន​ទូរសព្ទ​មក​ថា​ចង់​ញ៉ាំ​បាយ​ជាមួយ​គ្នា។ ដំបូង​ឡើយ​ប្ដី​ខ្ញុំ​មិន​ចង់​ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​យ៉ាង​ណា​ៗ​ចុង​ឆ្នាំ​ទៅ​ហើយ ញ៉ាំ​បាយ​ជុំ​គ្នា​ម្ដង​ទៅ នឹង​អាល​បាន​ទិញ​អំណោយ​ឆ្នាំ​ថ្មី​ជូន​គាត់​ពេល​នោះ​តែ​ម្ដង។ ប្ដី​ខ្ញុំ​ក៏​យល់​ព្រម។

នៅ​ពេល​ទៅ​ដល់​ហាង​ កុម្ម៉ង់​អាហារ​ហើយ​ ពួក​យើង​ជជែក​គ្នា​នេះ​នោះ​តិចតួច ក៏​ចាប់​ផ្ដើម​អស់​រឿង​និយាយ ដោយ​សារ​យើង​ទាំង​ពីរ​នាក់​ឃ្លាត​ឆ្ងាយ​ពី​ពួក​គាត់​យូរ​ពេក។ បន្ទាប់​មក​ម៉ាក់​ក្មេក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​និយាយ​ថា ឮ​ថា​ខ្ញុំ​បាន​ប្រាក់ Bonus ច្រើន គាត់​មាន​រឿង​ចង់​ឲ្យ​ជួយ គឺ​គាត់​ចង់​ខ្ចី​លុយ​ខ្ញុំ​ទៅ​ទិញ​ផ្ទះ​ឲ្យ​ប្អូន​ថ្លៃ។

គ្រាន់​តែ​ឮ​ប៉ុណ្ណេះ​ ប្ដី​ខ្ញុំ​ក្ដៅ​ឆេវ ស្ទុះ​ងើប​ឡើង​និង​និយាយ​សំឡេង​ខ្លាំង​ៗ​ថា «ពី​ដំបូង​ម៉ាក់​និង​ប៉ា​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ដាក់​ខ្ញុំ? ឥលូវ​នេះ​ពេល​ឃើញ​ពួក​ខ្ញុំ​មាន​បាន​ទើប​នឹក​ដល់​ពួក​ខ្ញុំ ហើយ​អា​ប្អូន​វា​ធ្វើ​យ៉ាង​ម៉េច​ដាក់​ម៉ាក់​ប៉ា​ខ្លះ ម៉ាក់​ប៉ា​មើល​មិន​ឃើញ​ទៀត? ម៉េច​ក៏​ងប់​ស្រឡាញ់​វា​ដល់​ថ្នាក់​ហ្នឹង? ហើយ​ឥលូវ​ម៉េច ទិញ​ផ្ទះ​ឲ្យ​វា ព្រោះ​ចង់​បាន​ចៅ​ពរ? អត់​ប្រយោជន៍!»

ម្ដាយ​ក្មេក​ខ្ញុំ​ឃើញ​កូន​ប្រុស​និយាយ​ម៉ាំង​ៗ​បែប​នេះ ក៏​ចង្អុរ​មុខ​គាត់​ហើយ​និយាយ​ថា «ហ្អែង​អង្គុយ​ចុះ​ភ្លាម! អញ​ងប់​អញ​ងល់​ម៉េច គ្រាន់​តែ​ចង់​បាន​ចៅ​ពរ មិន​ឲ្យ​ខ្ចី​លុយ​ហី​ទៅ ម៉េច​ចាំ​បាច់​មក​តឹង​សរសៃ​ក​ដាក់​អញ«។ ប្ដី​ក៏​ឆ្លើយ​ត «ខ្ញុំ​គ្រាន់​តែ​ទ្រាំ​មិន​បាន​ដែល​ម៉ាក់​ប៉ា​លម្អៀង នេះ​ស្អី មក​ខ្ចី​លុយ​ទិញ​ផ្ទះ​ឲ្យ​វា ព្រោះ​ចង់​ពរ​ចៅ ហើយ​កូន​ខ្ញុំ​មិន​មែន​ចៅ​ម៉ាក់ប៉ា​ទេ​ហ្អី កុំ​ថា​ខ្ញុំ​ច្រឡោត ខ្ញុំ​គ្រាន់​តែ​មិន​ពេញ​ចិត្ត»។ និយាយ​ចប់​គាត់​បំបះ​តុ​ប្រាវ រួច​ក៏​ដើរ​ចេញ​ពី​ហាង ដោយ​និយាយ​ថា «គំនិត​ម៉ាក់​ប៉ា​យ៉ាង​នេះ ទោះ​ខ្ញុំ​មាន​លុយ​ក៏​មិន​ឲ្យ​ខ្ចី​ដែរ!»។

ឃើញ​ស្ថាន​ភាព​បែប​នេះ​ ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។ ពេល​ជួយ​ពួក​គាត់​ជូត​អាហារ​ជាប់​ខ្លួន​ហើយ ក៏​ហៅ​អ្នក​លក់​ឲ្យ​គិត​លុយ រួច​ក៏​នាំ​គាត់​ឡើង​ឡាន​ត្រលប់​ទៅ​ផ្ទះ​វិញ។ ពី​ដំបូង​គិត​ថា​មក​ញ៉ាំ​បាយ​រួម​គ្នា​ឲ្យ​ទំនាក់ទំនង​ត្រលប់​ប្រសើរ​ឡើង​វិញ តែ​លទ្ធផល​បែរ​ជា​ដុនដាប​ជាង​មុន​ទៅ​ទៀត។ ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ណាស់ កូន​ដូចគ្នា​សោះ ស្រឡាញ់​ឲ្យ​ស្មើ​គ្នា​ទៅ​មិន​បាន?