បុរស​ម្នាក់​​បាន​ចេញ​ទៅ​ផឹក​ស្រា​ជាមួយ​មិត្តភ័ក្ដិ។ ខណៈ​កំពុង​ផឹក​ស៊ី​ និយាយ​លេង​សើច​សប្បាយ ប្រពន្ធ​របស់​គេ​​នៅផ្ទះ​ក៏​ទូរសព្ទ​មក និយាយ​ថា “១០នាទី​ទៀត​មក​ផ្ទះ​វិញ​ណា៎”។

គ្រាន់​តែ​បិទ​ទូរសព្ទ​ភ្លាម បុរស​ម្នាក់​នោះ​ក៏​ក្រោក​ឡើង ហើយ​ត្រៀម​ខ្លួន​ត្រលប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​មិត្ត​ម្នាក់​ក៏​និយាយ​ថា “ចាំបាច់​ទៅ​ស្ដាប់​សម្ដី​ប្រពន្ធ​ដល់​ម្ល៉ឹង តាំង​ជំហរ​ខ្លួន​ឯង​ឲ្យ​រឹង​មាំ​តិច​មើល៍”។ បុរស​ម្នាក់​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា “ពេល​ខ្ញុំ​បាន​សប្បាយ​ និង​សោយសុខ​នឹង​យុវភាព​របស់​នាង ខ្ញុំ​ក៏​ត្រូវ​ទទួល​យក​ចរិត​របស់​នាង គ្រប់​យ៉ាង​នាង​ធ្វើ​គឺ​ដើម្បី​អនាគត​គ្រួសារ​។ នាង​ព្រម​លះបង់​រាងកាយ​ពី​​មនុស្ស​ស្រី​ដែល​ស្អាត ស្រស់​ថ្លា​គួរ​ឲ្យ​ស្រឡាញ់​ដើម្បី​មាន​កូន​​ឲ្យ​ខ្ញុំ។ ថ្ងៃ​នេះ​នាង​ត្រូវ​ក្លាយ​ជា​មេផ្ទះ​ ធ្វើ​ការងារ​ធ្ងន់ ក៏​ដើម្បី​គ្រួសារ”។

“ឪពុក​ម្ដាយ​នាង​ចិញ្ចឹម​នាង​ពី​តូច​ដល់​ធំ យ៉ាង​ថ្នាក់ថ្នម​ជាង ២០ឆ្នាំ តែ​នៅ​ពេល​រៀបការ​ចូល​មក​នៅ​ផ្ទះ​របស់​ខ្ញុំ នាង​ត្រូវ​ក្លាយ​ជា​មេផ្ទះ​ធ្វើ​ការ​ច្រើន ត្រូវ​មើល​ថែ​គ្រួសារ…” ពេល​នោះ​មិត្ត​ទាំង​អស់​គាំង​ស្ងាត់​មាត់​ឈឹង។ បុរស​ម្នាក់​នោះ​ក៏​និយាយ​ត​ថា​៖

“មិនមែនខ្ញុំ​​ខ្លាច​ប្រពន្ធ​អី​ទេ តែ​វា​ជា​ការ​ផ្ដល់​កិត្តិយស​ឲ្យ​នាង ខ្ញុំ​ត្រូវ​ភ្ញាក់​រឭក​ខ្លួន​ឯង​ថា​នាង​ត្រូវ​ចាកចេញ​ពី​កន្លែង​ល្អ​ៗ ដើម្បី​មក​មើល​ថែ​គ្រួសារ​របស់​យើង”

“យើង​មិន​ដឹង​ទេ​ថា​គ្រួសារ​នេះ​នឹង​អាច​រស់​នៅ​បាន​យូរ​ប៉ុណ្ណា អ្នក​ណា​ត្រូវ​ចាក​ចេញ​ទៅ​មុន ហើយ​អ្នក​ណា​នឹង​ជា​អ្នក​ត្រូវ​នៅ​ម្នាក់​​ឯង។ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រើ​ពេល​វេលា​ដែល​មាន ព្យាយាម​រក្សា​ពាក្យ​ថា​ គ្រួសារ​ នេះ​ឲ្យ​គង់​វង្ស… លា​សិន​ហើយ​​ពួក​ម៉ាក ចាំ​ជួប​គ្នា​ពេល​ក្រោយ”។ និយាយ​ចប់​ បុរស​ម្នាក់​នោះ​ក៏​ដើរ​​ចេញ​ពី​ហាង​ដើម្បី​ត្រលប់​ទៅ​ផ្ទះ​វិញ​ភ្លាម។ ចំណែក​មិត្តភ័ក្ដិ​ក៏​បាន​យល់​ពី​ទង្វើ​របស់​គេ​កាន់​តែ​ច្រើន។

ទាំង​អស់​គ្នា​ដឹង​ទេ នៅ​​ថ្ងៃ​ឈប់សម្រាក​​ចុង​សប្ដាហ៍ អ្នក​មិន​ចាំបាច់​ទៅ​ធ្វើ​ការ​ អ្នក​អាច​គេង​សម្រាក​នៅ​ផ្ទះ​បាន តែ​ប្រពន្ធ​របស់​អ្នក​នៅ​តែ​ត្រូវ​ធ្វើ​ការ​ងារ​ផ្ទះ​គ្រប់​យ៉ាង​ដូច​ដើម ហើយ​ត្រូវ​មើល​ថែ​កូន។ ពេល​ខ្លះ​នាង​ក៏​ឆេវឆាវ យំ​សោក​។ បន្ទុក​គ្រួសារ​ធ្វើ​ឲ្យ​នាង​លែង​មាន​ពេល​ចេញ​ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ ចេញ​ទៅ​មើល​កុន​អ្វី​ទាំង​អស់។

ដូច្នេះ​ហើយ​នៅ​ថ្ងៃ​នោះ បុរស​​ខាង​លើ​បាន​នាំ​ភរិយា​​ខ្លួន​​ទៅ​មើល​​កុន ដើម្បី​ឲ្យ​នាង​ក្លាយ​ជា​ម្ចាស់​ស្រី​មួយ​ថ្ងៃ តែ​​បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់​ស្រី​មួយ​ថ្ងៃ​នេះ នាង​នឹង​ត្រូវ​ត្រលប់​ទៅ​ធ្វើ​ការងារ​ទាំង​អស់​ដូច​ដើម ធ្វើ​ជា​ភរិយា​ល្អ ជា​ភរិយា​ដែល​ចាំ​នៅ​ក្បែរ​ស្វាមី។ ភរិយា​ល្អ​យ៉ាង​នេះ អ្នក​នៅ​មិន​ពេញ​ចិត្ត​ទៀត? កញ្ញា សូម​លើក​ទឹក​ចិត្ត​ឲ្យ​​ប្រិយមិត្ត​ជា​ច្រើន​ដែល​កំពុង​ឈ្លោះ​គ្នា មាន​បញ្ហា​មិន​និយាយ​ដោះស្រាយ​ជាមួយ​គ្នា កំពុង​មាន​សង្គ្រាម​ត្រជាក់ -ល- ឲ្យ​សាក​ល្បង​មក​អង្គុយ​មើល​មុខ​គ្នា ហើយ​នឹក​ដល់​ពេល​វេលា​ផ្អែមល្ហែម​ ហើយ​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​ទាំង​ពីរ​​នៅ​ស្រឡាញ់​គ្នា​កម្រិត​ណា? ឬ​អ្នក​ណា​ដែល​កំពុង​​សម្រេច​ចិត្ត​លែងលះ​គ្នា សូម​ងាក​មក​សម្លឹង​មុខ​កូន​បន្តិច!

ក្រោយ​​រៀបការ ស្វាមី​អ្នក ឬ​ភរិយា​អ្នក គឺ​ជា​អ្នក​មើល​ថែ​អ្នក​អស់​មួយ​ជីវិត នៅ​ពេល​ឈឺថ្កាត់ ហត់​នឿយ បាក់​ទឹក​ចិត្ត អស់​សង្ឃឹម និង​សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​គិត​ថា​អ្នក​លែង​សល់​អ្នក​ណា​ទៀត​ហើយ។ នេះ​ហើយ​តម្លៃ​នៃ​គូ​ជីវិត ដូច្នេះ​ហើយ​សូម​កុំ​បណ្ដោយ​ឲ្យ​ពេល​វេលា​ល្អ​ៗ​កន្លង​ផុត ហើយ​ទើប​មក​សោកស្ដាយ​នៅ​ពេល​ក្រោយ!! ចាប់​​ផ្ដើម​រក្សា​​ថ្នាក់​ថ្នម​ពាក្យ​ថា “គ្រួសារ” ចាប់​ពី​ពេល​នេះ​ដោយ​ក្ដី​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់។ ដោយ​បំណង​ល្អ​ពី

ប្រភព៖ កញ្ញា

អត្ថបទគួរអាន៖ ម្តាយបង្ខំឲ្យខ្ញុំរៀបការ ជាមួយបុរសមិនធ្លាប់ស្គាល់ ខ្ញុំខឹងមិនដែលធ្វើល្អដាក់គាត់ទេ ស្រាប់តែថ្ងៃមួយ..

ម្ដាយ​ខ្ញុំ គឺ​ជា​មនុស្ស​ម្នាក់ ដែល​មិន​សូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​កូន​នោះ​ទេ មាន​ពេល​ខ្លះ សូម្បី​តែ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា​តែ​ជិតៗ​សោះ ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​គាត់​ដែរ។ ឪពុក​ខ្ញុំ​បាន​ស្លាប់ តាំង​ពី​ខ្ញុំ​មាន​អាយុ 3 ឆ្នាំ​ម្ល៉េះ។ នៅ​ពេល​​នេះ ខ្ញុំ​មាន​អាយុ 18 ឆ្នាំ​ហើយ ម្ដាយ​ខ្ញុំ​ក៏​ចាប់​ផ្ដល់​ចង់​ឲ្យ​ខ្ញុំ​មាន​គូស្រករ ព្រោះ​គាត់​ចាស់ៗ​អស់​ហើយ។

គាត់​ចង់​បាន​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​រៀបការ​ជា​មួយ​នឹង​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ទាល់​តែ​សោះ តែ​គាត់​ប្រាប់​ថា គេ​ជា​កូន​មិត្ត​ភក្ដិ​គាត់។ បុរស​ម្នាក់​នោះ មើល​ទៅ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់ គ្រាន់​តែ​ទៅ​ក្បែរ​គេ គឺ​ធំ​ក្លិន​បារី និង​មាន​ពុក​មាត់​គួរ​ឲ្យ​ខ្លាច​បំផុត។ ដូច្នេះ​ហើយ​ខ្ញុំ​ព្យាយាម​យ៉ាង​ដាច់​ខាត ដើម្បី​បដិសេធ​ជា​មួយ​នឹង​ម្ដាយ​ខ្ញុំ ដោយ​មិន​ព្រម​រៀបការ​ជា​មួយ​បុរស​ម្នាក់​នោះ​ជា​ដាច់​ខាត។

ដោយ​សារ​សម្ដី​ប្រកែក​តឹង​សរសៃ​ក​ខ្លាំង បាន​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង ហើយ​គាត់​ក៏​បាន​ទះ​ខ្ញុំ​មួយ​ដៃ​ចំថ្ពាល់​ខាង​ឆ្វេង។ មើល​ទៅ​មិន​អាច​ប្រកែក​បាន​ទៀត​ទេ ខ្ញុំ​ក៏​យល់​ព្រម​តាម​ការ​បង្ខំ​របស់​គាត់។

នៅ​ថ្ងៃ​ទីមួយ​នៃ​យប់​ផ្សំ​ដំណេក ខ្ញុំ​បាន​យំ​នៅ​ក្នុង​បន្ទប់ ហើយ​បុរស​ម្នាក់​បាន​ដើរ​ចូល​មក និង​សួរ​ខ្ញុំ​ថា “ហេតុ​អ្វី​បាន​ជា​យំ”? ពេល​នោះ​ខ្ញុំ​ឆ្លើយ​ទាំង​ទឹក​ភ្នែក​ថា “ព្រោះ​ខ្ញុំ​ស្អប់​លោក និង​ចង់​រៀប​ការ​ជា​មួយ​លោក​​ទេ, លោក​​ស្អុយ​បារី និង​មាន​ពុក​មាត់​គួរ​ឲ្យ​ខ្លាច…”។ បុរស​ម្នាក់​នោះ​បាន​តប​មក​ថា “ហេតុ​អ្វី​យល់​ព្រម​រៀបការ”?

ខ្ញុំ​បាន​ឆ្លើយ​ភ្លាម​ថា “ព្រោះ​ម្ដាយ​ខ្ញុំ​បង្ខំ”។ បុរស​ម្នាក់​នោះ​បាន​ឆ្លើយ​តប​វិញ​​ថា “តាម​ពិត​ទៅ​ខ្ញុំ​ក៏​មិន​ទាន់​គិត​ថា ចង់​រៀបការ​ដែរ ព្រោះ​ចង់​រស់​នៅ​ម្នាក់​ឯង​ជាង តែ​ម្ដាយ​របស់​នាង បាន​មក​អង្វរ​ខ្ញុំ…”។

គាត់​បាន​បន្ត​ទៀត​ថា “ណ្ហើយ​ចុះ! បើ​មិន​ពេញ​ចិត្ត​ខ្ញុំ​ក៏​មិន​អី​ដែរ យើង​រស់​នៅ​ជា​មួយ​គ្នា​ដូច​ជា​បង​ប្អូន​ ហើយ​មិន​បាច់​ធ្វើ​ដូច​ជា​ប្ដី​ប្រពន្ធ​ទេ”។

រំពេច​នោះ​ខ្ញុំ​ក៏​ឈប់​យំ ហើយ​គាត់​ក៏​យក​កន្ទេល​ទៅ​ក្រាល​លើ​ឥដ្ឋការ៉ូ និង​បាន​ដេក​លក់​ទៅ។ ហើយ​ខ្ញុំ​ក៏​ដេក​លើ​គ្រែ។

ព្រឹក​ឡើង​ខ្ញុំ​បាន​ឃើញ​បបរស និង​ពង​ទា​ចៀន​ជា​ស្រេច​នៅ​លើ​តុ ហើយ​ខ្ញុំ​ដឹង​ថា គាត់​ (បុរស​ម្នាក់​នោះ) គឺ​ជា​អ្នក​ចម្អិន និង​រៀប​ចំសម្រាប់​ខ្ញុំ ហើយ​គាត់​ក៏​បាន​ចេញ​ទៅ​ធ្វើ​ការ​ដែរ។ យើង​រស់​នៅ​បែប​នេះ អស់​រយៈ​ពេល ១ខែ ទើបខ្ញុំ​ដឹង​ថា គេ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​គោរព និង​ស្រឡាញ់​បំផុត។ គាត់​មិន​ដែល​ធ្វើ​បាប​ចិត្ត​ខ្ញុំ​សូម្បី​តែ​ម្ដង​ឡើយ។ ខ្ញុំ​បាន​ប្រាប់​ឲ្យ​គាត់​ឲ្យ​មក​គេង​លើ​គ្រែ​ជា​មួយ​ខ្ញុំ ហើយ​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​ចង់​រស់​នៅ​ជា​មួយ​គ្នា ជា​ប្ដី​ប្រពន្ធ​វិញ”។

គាត់​បាន​ញញឹម និង​ឱប​ខ្ញុំ ហើយ​យើង​ក៏​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​បំផុត។ ពេល​នេះ ទើប​ខ្ញុំ​ដឹង​ថា ទឹក​ចិត្ត​ម្ដាយ​ខ្ញុំ​ធំធេង​ប៉ុណ្ណា ហើយ​ខ្ញុំ​ក៏​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា កុំ​វាយ​តម្លៃ​មនុស្ស​ម្នាក់​ដោយ​សារ​តែ​រូប​រាង​ខាង​ក្រៅ។