មក​ដល់​ពេល​នេះ​តើ​អ្នក​អាយុ​ប៉ុន្មាន​ហើយ? មាន​ដែល​សួរ​ខ្លួន​ឯង​អត់​ថា​ខ្លួន​ចាស់ទុំ​ ឬនៅ? ដូចនេះ​​បើ​ចង់​ដឹងថា​ចាស់ទុំ ឬមិន​ទាន់ គួរ​តែ​មើល​ចំនុច​​ទាំង​អស់​ខាង​ក្រោម​នេះ​ ព្រោះ​សុទ្ធ​តែ​​ជា​ចំនុច​ដែល​មនុស្ស​ស្រី​ចាស់ទុំ​មាន ៖

១. មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ៖ ទោះ​ទៅ​ដល់​ទី​ណា​ក៏​នាង​ជឿ​លើ​អ្វី​ដែល​នាង​មាន នាង​រីករាយ​នឹង​អ្វី​ដែល​នាង​មាន​ដោយ​មិន​ចាំ​បាច់​ទៅ​អែបអប​អ្នក​ណា​ម្នាក់​ឡើយ។

២. មាន​ភាព​ស្មោះ​ត្រង់ ៖ នាង​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង អ្នក​ដទៃ​ ហើយ​បើ​ក្នុង​ទំនាក់​ទំនង​ស្នេហា​វិញ​​បើ​នាង​អស់​ស្រឡាញ់​នាង​នឹង​ប្រាប់​ម្ខាង​ទៀត មិន​មែន​នៅ​មុខ​ធ្វើ​ជា​ស្រឡាញ់​ហើយ​ខាង​ក្រោយ​លួច​មាន​អ្នក​ថ្មី​នោះ​ទេ។

៣. ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន ៖ ពេល​មាន​បញ្ហា​នាង​ចេះ​ទប់​អារម្មណ៍​ហើយ​គិត​ពី​ដំណោះ​ស្រាយ មិន​មែន​យក​កំហឹង​មក​ដាក់​មុខ​ដើរ​ស្រែក​ដើរ​ស្ដី​ឲ្យ​គេ​នោះ​ទេ។ នាង​ចេះ​បែង​ចែក​អារម្មណ៍​ជាមួយ​មនុស្ស​ដទៃ មិន​មែន​ខឹង​គោ វ៉ៃ​រទេះ​ឡើយ។

៤. មាន​ភាព​ឯករាជ្យ ៖ មិន​មែន​ជា​មនុស្ស​ស្រី​ដែល​ចាំ​តែ​ធ្វើ​តាម​គេ​បញ្ជា ឬ ជា​មនុស្ស​ស្រី​ដែល​មិន​ហ៊ាន​ធ្វើ​អី​ខ្លួន​ឯង​នោះ​ទេ។ ពេល​មាន​បញ្ហា​នាង​អាច​ធ្វើការ​សម្រេច​លើ​រឿង​អ្វី​មួយ​ដោយ​ខ្លួន​ឯង ព្រោះ​ជីវិត​ក៏​ជា​របស់​នាង​ តែ​មិន​មែន​បាន​ន័យ​ថា​នាង​មិន​ទទួល​យោបល់​ពី​គេ​ទេ គឺ​នាង​ទទួល​ហើយ​គិត និង​សម្រេច​លើ​ខ្លួន​ឯង។

៥. មាន​ភាព​អត់​ធ្មត់​ច្រើន ៖ ក្នុង​សង្គម​រឿង​អី​ក៏​មាន​​ដែរ មនុស្ស​ស្រី​ដែល​ចាស់​ទុំ​គឺ​ចេះ​អត់​ធ្មត់ មិន​មែន​ធ្វើ​អី​តាម​តែ​ចិត្ត ហើយ​មាន​រឿង​អី​តិច​ក៏​រត់​ចោល​ការងារ​ឡើយ។ ទោះ​មាន​រឿង​ខ្លះ​ប៉ះ​ទង្គិច​ចិត្ត​នាង​ក៏​ដោយ ក៏​នាង​អាច​អត់​ធ្មត់​នឹង​បន្ត​ដំណើរ​របស់​នាង​បាន​ដែរ។

៦. មាន​កម្រិត​ក្នុង​ការ​ Drama ៖ មិន​មែន​ជា​មនុស្ស​ស្រី​ដែល​គ្មាន​រឿង​អី​សោះ​ក៏​ Drama ទាក់ទាញ​ចំណាប់​អារម្មណ៍​ឡើយ។ បើ​នាង​ពិបាក​ចិត្ត នាង​នឹង​និយាយ​ថា​ពិបាក​ចិត្ត បើ​នាង​សប្បាយ​ចិត្ត​នាង​នឹង​ញញឹម។ ចង់​និយាយ​អី​នាង​នឹង​និយាយ​ តែ​មិន​មែន​ Drama លើស​ពី​ការពិត​នោះ​ទេ ម្យ៉ាង​ទៀត​នាង​ចេះ​កម្រិត​លើ​រឿង​រ៉ាវ​ក្នុង​ចិត្ត​នាង ជាជាង​បង្ហាញ​ឲ្យ​គេ​មើល​ស្រាល។

៧. ចេះ​គោរព​អ្នក​ដទៃ និង ឲ្យ​តម្លៃ​លើ​មនុស្ស ៖ នាង​មិន​ឆ្មើងឆ្មៃ ​ ឬ​មើល​ស្រាល​មនុស្ស​ឡើយ។ ទោះ​មនុស្ស​ប្រភេទ​ណា​ក៏​នាង​គោរព​ដែរ​ឲ្យ​តែ​គេ​គោរព​នាង ហើយ​មាន​ភាព​រួសរាយ​ជាមួយ​មនុស្ស​រាល់​គ្នា មិន​មែន​ជា​មនុស្ស​ដែល​គេ​ឃើញ​គេ​មិន​មើល​មុខ​ទេ​គឺ​នាង​ជា​មនុស្ស​ដែល​គ្រប់​គ្នា​ចូល​ចិត្ត ស្រឡាញ់​រាប់​អាន។

៨. ចេះ​ការពារ​ខ្លួន​ក្នុង​ការ​ដើរ​ហើរ​ម្នាក់​ឯង ៖ ទៅ​ណា​មក​ណា​ក៏​នាង​ចេះ​រក្សា​ខ្លួន ហើយ​ទៅ​ដល់​ទី​ណា​ក៏​មិន​ជា​បញ្ហា នាង​អាច​ដើរ​ទៅ​ម្នាក់​ទៀត និង ចេញ​ទៅ​ក្រៅ​ប្រទេស​ម្នាក់​ឯង​ដោយ​ភាព​ជឿជាក់។

៩. ចេះ​​ធ្វើ​ការ​ងារ​ក្នុង​ផ្ទះ ៖ នាង​អាច​ធ្វើ​ម្ហូប​បាន​យ៉ាង​ឆ្ងាញ់ អាច​ថែ​ផ្ទះ​បាន​យ៉ាង​ស្អាត និង ចេះ​មើល​ថែ​សមាជិក​ក្នុង​គ្រួសារ ឬ ក៏​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។ នាង​ចេះ​បត់បែន ហើយ​សម្រប​ខ្លួន​ពេល​មាន​រឿង​អី​កើត​ឡើង។​​

១០. ចេះ​គ្រប់គ្រង​លុយ​កាក់ ៖ មិន​មែន​ឃើញ​អី​ទប់​អារម្មណ៍​មិន​បាន ហើយទិញ​ហ្នឹង​ដូច​ពី​មុន​ទៀត​ឡើយ បើ​មិន​ចាំបាច់​ខ្លាំង​នាង​នឹង​មិន​ចំណាយ​ទេ ព្រោះ​ដល់​ដំណាក់​កាល​នេះហើយ​បើ​ចេះ​តែ​ចាយ​តាម​ចិត្តចង់​ទៀត​មិន​ដឹង​ពេល​ណា​បាន​សល់​លុយ​សម្រាប់​ថ្ងៃ​ក្រោយ​ទេ។

ដឹង​ឬ​នៅ​ថា​ខ្លួន​ឯង​ចាស់​ទុំ​បាន​ប៉ុណ្ណា​ហើយ?

អត្ថបទគួរអាន៖ ស្រីៗអាចធ្វើបានអត់!!? ចំណាយពេល១ខែ ធ្វើរឿងទាំងនេះឲ្យបាន ដើម្បីកែប្រែជីវិតឲ្យជួបតែរឿងល្អៗ

បើ​និយាយ​ពី​គម្រោង​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ ជឿ​ថា​ស្រី​ៗ​ជា​ច្រើន​ពិត​ជា​ធ្លាប់​គិត​​ តែ​សម្រេចសម្រួច​ទៅ​ធ្វើ​មិន​បាន​ ឬ​មិន​បាន​ធ្វើ​តែ​ម្ដង​ បាន​ត្រឹម​តែ​គិត។​ ​ដល់​ពេល​ដែល​អ្នក​ត្រូវ​ដាក់​កំណត់​ខ្លួន​ឯង​ហើយ។​ អាច​ទេ​បើ​ចំណាយ​ពេល​មួយ​ខែ​ទៅ​តាម​គម្រោង​ខាង​ក្រោម​នេះ?

សប្ដាហ៍​ទី​១៖ សម្អាត​ចិត្ត​គំនិត និង​ខ្លួន​ប្រាណ​ជាមុន

១. ងើប​ពី​ព្រលឹម​ ម៉ោង​ ៥ – ៦៖ ​​
យើង​នឹង​រក​ឃើញ​ពេល​ដ៏​ស្ងប់ស្ងាត់​សម្រាប់​ខ្លួន​ឯង​ព្រោះ​អ្នក​ផ្សេង​ទៀត​កំពុង​គេង​នៅ​ឡើយ។​ ការ​ងើប​ពី​ព្រលឹម​នេះ​គឺ​ដើម្បី​ហាត់​ប្រាណ​ផង​ និង​ដើម្បី​រៀប​ចំ​សកម្មភាព​យើង​សម្រាប់​ថ្ងៃ​នេះ​ និង​ថ្ងៃ​បន្ត​បន្ទាប់​ផង។​ កុំ​​ខ្ជិល​ឲ្យ​សោះ​ណា៎ ត្រូវ​តាំង​ចិត្ត។

២. ញ៉ាំ​អាហារ​​សម្បូរ​ជីវជាតិ៖ ​
អាច​រើស​អាហារ​ដែល​យើង​ចូល​ចិត្ត​ហើយ​ដឹង​ច្បាស់​ថា​ល្អ​សម្រាប់​សុខភាព​។​ បើ​​​ចូល​ចិត្ត​ស្រា​ ភេសជ្ជៈ​សម្បូរ​ជាតិ​ស្ករ​ ឬ អាហារ​​មិន​ល្អ​ផ្សេង​ៗ​ គួរ​តែ​បញ្ឈប់​ពីពេល​នេះ​ទៅ។​

៣. កីឡា៖​​
គ្មាន​អ្វី​ល្អ​ជាង​លេង​កីឡា​ដើម្បី​ផ្លាស់​ប្ដូរ​ទម្លាប់​ខ្ជិល​របស់​យើង​ទេ។​ ហាត់​យូហ្គា​ រាំ​ ឬ ​ធ្វើ​សកម្មភាព​អ្វី​ដែល​ជួយ​ឲ្យ​យើង​កាន់​តែ​សកម្ម​ជាង​មុន។​​

សប្ដាហ៍​ទី​ ២៖ រៀប​ចំ​ជីវិត​ឲ្យ​មាន​របៀប​រៀប​រយ

១. សម្អាត​បន្ទប់​ខ្លួន​ឯង៖
ដល់​ពេល​ត្រូវ​រៀប​ចំ​គ្រប់​កន្លុកកន្លៀត​នៃ​បន្ទប់​ហើយ។ ​គួរ​បោះ​ចោល​នូវ​អ្វី​ដែល​មិន​ចាំ​បាច់​ដើម្បី​ឲ្យ​បន្ទប់​ទូលាយ​ជាង​មុន។ ឧទាហរណ៍​ដូចជា​​ខោអាវ​ចាស់​ៗ​ដែល​ឈប់​ពាក់​ ឬ​កាដូ​អតីត​មិត្ត​ប្រុស​​អី​ជា​ដើម។​ ទុក​នាំ​តែ​ចង្អៀត​ប៉ុណ្ណោះ​។​

២. បំពេញ​សន្យា​ខ្លួន​ឯង៖
ប៉ុន្មាន​ដង​ហើយ​ដែល​សន្យា​ថា​នឹង​ទៅ​លេង​យាយ​តា​នៅ​ខេត្ត​ ឬ​ទៅ​ដើរ​លេង​នៅ​លើ​កោះ​ មើល​ថ្ងៃ​លិច​ជា​ដើម?​ ត្រូវ​រំឭក​ខ្លួន​ឯង​ជា​និច្ច​ពី​សន្យា​ទាំង​នោះ​ហើយ​រក​វិធី​ដើម្បី​សម្រេច​ពួក​វា​។​ អ្នក​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ​ ធ្វើ​វា​ ឬ​ក៏​បោះ​បង់​វា​ចេញ​ពី​បញ្ជី​​តែ​ម្ដង។​

​៣. រៀប​ចំ​ជីវិត​ក្នុង​សង្គម៖
ពេល​ខ្លះ​ គួរ​ចេះ​បដិសេធ​មនុស្ស​មិន​ល្អ​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​កុំ​ខ្វល់​ច្រើន​ពេក។​ ចំណាយ​ពេល​ឲ្យ​មាន​តម្លៃ​សម្រាប់​ខ្លួន​ឯង​វិញ។​

សប្ដាហ៍​ទី​ ៣៖ រៀប​គម្រោង​​ពី​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង

១.​ សរសេរ​វា​ចុះ​ហើយ​ធ្វើ​ពូក​វា៖ ​
មិន​មែន​តែ​ការងារ​ទេ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។​ គួរ​សរសេរ​នូវ​អ្វី​ដែល​អ្នក​ស្រមៃ​ចង់​ធ្វើ​ផង​ដែរ​ដូច​ជា​ដើរ​លេង​ជា​ដើម។​ សរសេរ​វា​ចុះ ហើយ​រៀប​គម្រោង​មើល​ថា​អ្នក​​អាច​សម្រេច​វា​បាន​តាម​ណា?​ ពេល​ណា?

២. ចំពោះ​គម្រោង​​ប្រចាំ​សប្ដាហ៍​ក៏​គួរ​សរសេរ​ចុះ​ដែរ៖
សរសេរ​ទុក​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​រាល់​អាទិត្យ​។ មិន​បាច់​ខ្វល់​ថា​ខ្លី​ វែង​អី​ទេ។ ​​ពេល​មាន​គោល​ដៅ​ច្បាស់​លាស់​បែប​នេះ​ អ្វី​ៗ​នឹង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​ព្រោះ​អ្នក​ដឹង​ថា​កំពុង​តែ​ទៅ​ណា។

សប្ដាហ៍​ទី​ ៤៖ ពង្រីក​បំណង​របស់​ខ្លួន

១. ធ្វើ​អ្វី​ថ្មី៖
សាក​ជិះ​ផ្លូវ​ថ្មី​ដែល​មិន​ធ្លាប់​ជិះ​​ពី​មុន! ទៅ​ហាង​កាហ្វេ​ថ្មី​ដែល​មិន​ធ្លាប់​ចូល​ ឬ​លេង​កីឡា​ថ្មី​ដែល​មិន​ធ្លាប់​លេង។​ វា​នឹង​​ធ្វើ​ឲ្យ​មាន​អារម្មណ៍​​ប្លែក​ មិន​ធុញ​ទ្រាន់​នឹង​ជីវិត​ ហើយ​អាច​មាន​គំនិត​ច្នៃ​ប្រឌិត​លេច​ចេញ​មក​ផង​ដែរ។​

២.​ ហ៊ាន​ជម្នះ​ភាព​ខ្លាច​របស់​ខ្លួន៖
ដល់​ពេល​ហើយ​ដែល​ត្រូវ​ចេញ​ប្រយុទ្ធ។ ត្រូវ​ស្គាល់​នូវ​អ្វី​ដែល​អ្នក​ខ្លាច​បំផុត​នៅ​ក្នុង​ជីវិត​ ហើយ​យក​ឈ្នះ​វា​ឲ្យ​បាន។​ បើ​អៀន​មិន​ចេះ​រាំ​ ត្រូវ​ទៅ​ពិធី​ជប់​លៀង​ហើយ​រាំ​ឲ្យ​បាន​ច្រើន។​ បើ​មិន​ចេះ​ហែល​ទឹក​ ត្រូវ​ទៅ​រៀន​ហែល​ឲ្យ​ចេះ។​

៣.​សម្រាក៖
ប៉ុន្តែ​មិន​មែន​ចុះ​ទូរស័ព្ទ​ទេ​ណា៎។ សម្រាក​នៅ​ទីនេះ​គឺ​ត្រូវ​ចេញ​ពី​ផ្ទះ​ទៅ​កន្លែង​ណា​មួយ​ បិទ​ Wi-Fi ហើយ​ចំណាយ​ពេល​នៅ​ម្នាក់​ឯង។​ វា​ជា​ពេល​ដែល​ត្រូវ​និយាយ​ត្រង់​ៗ​ដើម្បី​កែ​តម្រូវ​ខ្លួន​ឯង។​ តើ​អ្វី​ៗ​ដំណើរ​ការ​ល្អ​ទេ? មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ហើយ? ហើយ​ត្រូវ​បន្ត​របៀប​ណា​ទៀត។​

​កុំ​ភ្លេច​ឲ្យ​សោះ​ណា៎​ស្រី​ៗ​។ សាក​គម្រោង​រយៈ​ពេល​មួយ​ខែ​នេះ​ដើម្បី​ផ្លាស់​ប្ដូរ​ខ្លួន​ឯង។​ អ្នក​នឹង​ឃើញ​លទ្ធផល​មិន​ខាន។ ម្យ៉ាង​ទៀត​ ទោះ​ផុត​មួយ​ខែ​ហើយ​​ក៏​ត្រូវ​បន្ត​ទៅ​ទៀត​ដែរ៕