មានប្តីប្រពន្ធពីរនាក់ជាអ្នកមានជីវភាពធូធារ តែងប្រើជីវិតរបស់គាត់ក្នុងការធ្វើដំណើរ កំសាន្តគ្រប់ទីកន្លែងដោយគាត់ទាំងពីរពុំដែលមានការរកាំរកុះគ្នាឡើយ។ ថ្ងៃមួយគាត់បាន បបួលគ្នាទៅស្រុកកំណើត។
-អូនយើងគួរទៅលេងស្រុកកំណើតបានពីរបីថ្ងៃ ព្រោះបងនឹកពុកម៉ែនៅឯស្រុកណាស់…អូន យល់យ៉ាងម៉េចដែរ?
-មែនហើយបងយើងខានទៅលេងស្រុកយូរហើយ អញ្ចឹងយើងគិតទៅស្អែកតែម្តងល្អទេបង…
-មានអី..រៀបចំរបស់របរឲ្យរួចតែម្តងទៅ…
-ចាស!…
យប់នេះអ្នកម៉ាលីដូចជារសាប់រសល់គេងមិនលក់សោះ លុះជិតភ្លឺទើបលក់មួយស្របក់ ហើយយល់សប្តិឃើញស្រីក្រមុំកំពុងអង្គុយរង់ចាំពួកគាត់នៅឯស្រុក ហើយនាំពួកគាត់ចូល លេងផ្ទះជាប្រភេទផ្ទះបុរាណ ដែលលំអរគួរឲ្យចង់រស់នៅ។ តែក្រោយមកប្តីគាត់បានដាស់ គាត់ឲ្យភ្ញាក់ដឹងខ្លួន គាត់ធ្វើមុខដូចជាមិនអស់អាល័យពីសុបិនសោះ ប្តីគាត់ងឿងឆ្ងល់រួចសួរៈ
-នែអូន! មានរឿងអីយើងល្មមចេញដំណើរហើយណា!
-គ្មានរឿងអីទេ! អូនភ្លេចឲ្យឈឹង…!
-តោះរៀបចំខ្លួនទៅ
-ចា…ចាំមួយភ្លេត…
ម៉ោង៧ពួកគាត់ក៏ចេញដំណើរតាមផ្លូវដោយមានសភាពអ៊ូអរ នៅតាមដងផ្លូវភ្នំពេញ លុះចេញផុតជាយក្រុងចាប់ផ្តើមមានផ្ទះមួយៗ។ ប្តីប្រពន្ធជជែកគ្នាយ៉ាងក្អាកក្អាយ ដោយគ្មាន ទុក្ខព្រួយ គាត់ធ្វើដំណើរទៅដល់ស្រុកទាំងយប់ ហើយក្រលេកឃើញផ្ទះមួយមានភ្លើងចង្កៀង ភ្លឹមៗ ទាំងពីរនាក់ក៏សម្រេចចិត្តចូលទៅសួរៈ
-មានអ្នកណានៅផ្ទះទេ? ពួកគាត់ស្រែកពីរបីដងទើបមានសំលេងតប
-អ្នកមានការអ្វី? ចូលមក!
-ចា..លោកយាយ! ពួកខ្ញុំមកពីទីក្រុងមកលេងផ្ទះឪពុកម្តាយខ្ញុំ តែខានមកយូរក៏វង្វេងផ្លូវ ពួកខ្ញុំ ចង់សុំស្នាក់អាស្រ័យមួយយប់ បានទេលោកយាយ?
-រីករាយណាស់…ព្រោះយាយនៅតែម្នាក់ឯង មិនអីទេ..
-អរគុណយាយ…!
យប់នេះស្ងាត់ជ្រងុំ ផ្ទះមួយនេះដូចជានៅដាច់ស្រយាលពីគេ លុះយប់ជ្រៅបន្តិច លឺសូរ សម្លេងឆ្កែលូល្វើយៗ អ្នកទាំងពីរដេកមិនលក់សោះ។ អ្នកស្រីម៉ាលីលឺសូរសំលេងនៅក្បែរផ្ទះ ដូចជាឈ្លោះគ្នាខ្លាំងណាស់ មានមនុស្សស្រីអង្វរកុំឲ្យប្តីវាយដំ តែនៅតែវាយផូងៗ ទ្រាំមិនបាន នាងកេះប្តីហើយនិយាយៈ
-នែបង! ក្រោកទៅមើលជួយគ្នាបន្តិចទៅ គួរឲ្យអាណិតណាស់
-អាណិតអី!
-បងមិនលឺគ្នាស្រែកឲ្យជួយទេអី
-អត់លឺអីផង…


អ្នកស្រិម៉ាលី មិនអស់ចិត្តក៏សម្រេចចិត្តដើរទៅមើល តែគ្មានឃើញអ្វីទាំងអស់ លុះនាង ងាកមកវិញស្រាប់តែយាយចាស់ឈរឆ្កឹងពីក្រោយ នាងភ័យស្រែកស្ទើលួសព្រលឹង លោក សំណាងរត់មកមើល
-មានរឿងអី!
-គឺលោកយាយមកស្ងាត់ៗ ខ្ញុំភ័យស្ទើរស្លាប់ទៅហើយ
-យាយលឺសំលេងបើកទ្វារទើបមកមើល
-បានហើយៗ ទៅគេងទៅ
ម្តងនេះលោកសំណាងលឺស្រីយំម្តង គាត់ឆ្លុះពិលតាមបង្អួចស្រាប់តែឃើញស្រីអង្គុយ បែរខ្នងដាក់គាត់ហើយយំខ្សឹកខ្សួលតែម្នាក់ឯង គាត់សម្រេចចិត្តចុះមកក្រោមហើយដើរទៅ ជិតរួចសួរ
-នែនាង មានរឿងអីបានជាអង្គុយយំទីនេះ យប់ជ្រៅហើយ
-ខ្ញុំត្រូវប្តីដេញ ចេញពីផ្ទះ ខ្ញុំមានកន្លែងទៅទេពូ
-ហេតុអីក៏គេដេញចេញពីផ្ទះ
-គាត់ប្រច័ណ្ឌខ្ញុំ
-បានហើយចាំខ្ញុំជួយ…សុំលោកយាយឲ្យនាងគេងទីនេះមួយយប់
-អរគុណពូ
ភ្លាមនោះនាងស្រាប់តែងាកមកចំ ស្រាប់តែក្បាលនាងដាច់ពីខ្លួនហើយ…លោក សំណាងរត់ឡើងទៅលើផ្ទះសឹងមិនទាន់ផង ឯនាងនោះយំហើយបក់ដៃស្រែកឲ្យគេជួយរួច ក៏បាត់ខ្លួនភ្លាម។ និយាយពីលោកសំណាងខ្លួនញ័រតតាត់ និយាយមិនចេញសោះទោះបីអ្នក ស្រីម៉ាលីសួរដេញដោលក៏មិនឆ្លើយ ទាំងពីរនាក់គេងមិនលក់ទល់ភ្លឺ។ លុះព្រឹកឡើងក៏ប្រញាប់ រៀបចំរបស់របរចេញដំណើរ តែបាត់ស្រមោលលោកយាយ មិនដឹងទៅណា ក្រលេកមើលទៅ ក្នុងផ្ទះពោរពេញទៅដោយសំបុកពីងពាង គ្មានសណ្តាប់ធ្នាប់ខុសស្រលះពីយប់មិញ ដែល មានគ្រប់បែបយ៉ាងតាំងនៅលើតុ គ្រែ ពួកគាត់ក៏ប្រញាប់ចេញភ្លាមមកក្រៅផ្ទះ ជាកន្លែងដែល គាត់ជួបខ្មោចពីយប់មិញនោះ ក៏ឃើញផ្នូរខ្មោចបីតំរៀបគ្នា ធ្វើឲ្យចាប់ភ្លឹករឹតតែខ្លាំង។ ពេលធ្វើ ដំណើរតាមផ្លូវគាត់បាននាំគ្នារកផ្ទះរបស់ឪពុកម្តាយគាត់ លុះទៅរកឃើញអ្នកទាំងពីក៏សំដែង ក្តីនឹករលឹកចំពោះឪពុកម្តាយហើយ ក៏មិនភ្លេចរៀបរាប់ពីដំណើររឿងហេតុការណ៍ដែលខ្លួន បានជួបប្រទះពីយប់មិញដែរ គ្រាន់តែនិយាយភ្លាមក្រុមគ្រួសារគាត់ដឹងភ្លាមថា ប្រាកដជាផ្ទះ ដែលមានរឿងហេតុដ៏អកុសលកាលពីប្រាំខែមុននោះមិនខាន គាត់ក៏ប្រាប់សំណាងថាៈ

-ឯងសំណាងហើយ ដែលមិនមានគ្រោះថ្នាក់ដល់ជីវិត ព្រោះខ្មោចនោះវាលងសាហាវណាស់
-ហេតុអីបានជាមានរឿងចម្លែកបែបនេះម៉ែ?
-រឿងនេះគឺកើតមានឡើងប្រាំខែមកហើយដោយភ្លើងប្រច័ណ្ឌ តាមពិតគ្រួសារនេះមកពីស្រុក ឆ្ងាយដើម្បីរស់ឲ្យមានសេចក្តីសុខ គេចពីការបំបែកបំបាក់របស់ម្តាយ ដោយនាំយកជីដូនមក ជាមួយផង តែថ្ងៃមួយដោយមានការយល់ច្រលំធ្វើឲ្យបុរសជាប្តីខឹងប្រពន្ធយ៉ាងខ្លាំង មានការ វាយដំច្រំធាក់យ៉ាងដំណំ ទោះបីនាងខំអង្វរកនឹងពន្យល់ក៏ប្តីនាងមិនស្តាប់ ភ្លាមនោះគេដាច់ ចិត្តយក់កាំបិតកាត់កប្រពន្ធខ្លួនមួយរំពេច តែគេមិនរត់ទៅណាទេ ខ្លួនគេផ្ទាល់ក៏ចាក់សំលាប់ ខ្លួនតាមក្រោយ។ ជួនជាយប់នោះលោកយាយទៅបុណ្យផ្ទះអ្នកភូមិ ពេលលោកយាយមក ដល់ផ្ទះឃើញសភាពបែបនេះក៏សន្លប់បាត់ស្មារតីទៅ ហើយធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។
-ចុះអ្នកស្រុកមិនជួយខ្លះទេអីម៉ែ…?
-ហេតុការណ៍នេះកើតឡើងពេលយប់ មានតែក្មេងម្នាក់គត់បានឃើញ ម្យ៉ាងឯងឃើញស្រាប់ ហើយ ផ្ទះនោះនៅដាច់ពីគេឯង គ្មាននរណារបានដឹងឡើយ។ អ្នកដែលឆ្លងកាត់តែងតែឃើញ ហេតុការណ៍ប្លែកៗរហូត
-ពុកម៉ែ កូនចង់ធ្វើបុណ្យឧទ្ទិសកុសលដល់ពួកគាត់ ដើម្បីឲ្យព្រលឹងពួកគាត់បានស្ងប់
-អើ! ល្អដែរចាំម៉ែ ជួយប្រាប់អ្នកស្រុកឲ្យបានដឹងគ្រាន់បានជាកម្លាំង
ក្រោយពីធ្វើបុណ្យរួចសភាពលងបន្លាចក៏លែងមានតទៅទៀត ហើយអ្នកស្រុកក៏បាន ស្ងប់ចិត្តលែងខ្លាចដូចមុន ហើយប្តីប្រពន្ធលោកសំណាងបានទៅលេងជាមួយឪពុកម្តាយ យ៉ាងយូរ ហើយសំរេចថា ផ្អាកក្នុងការដើរលេងដើម្បីមកបម្រើលោកអ្នកមានគុណវិញម្តង៕

អត្ថបទគួរអាន៖ តាំងពីដូរមកនៅផ្ទះថ្មី សមាជិកគ្រួសារចេះតែជួបរឿងចម្លែកៗ ទំរាំតែស៊ើបដឹងមូលហេតុថា….

វាគឺជារឿងពិតកើតឡើងកាលពី១ឆ្នាំមុននៅក្នុងភូមិរបស់ខ្ញុំដែលស្ថិតនៅក្នុងខេត្តព្រៃវែងគឺមានការភ្ញាក់ផ្អើលឲ្យតែពេលយប់ៗគឺគ្មានអ្នកណាហ៊ានដើរឬទៅឆ្លុះត្រីទេព្រោះផ្ទះដែលគេទុកចោលអស់រយៈពេលជាង១០ឆ្នាំមុនដែលល្បីថាមានវិញ្ញាណខ្មោចជាច្រើនតែបានសាបរលាបហើយនោះបានក្លាយជាផ្ទះដែលគួរឲ្យខ្លាចសារជាថ្មី។មូលហេតុគឺមកពីម្ចាស់ផ្ទះបានលក់ផ្ទះទៅឲ្យគ្រួសារមីងចាន់គ្រប់គ្រង។

កាលពីគ្រួសារមីងចាន់រើមកនៅដំបូងគឺបានសុខសប្បាយណាស់ទើបគាត់រើរយកឥវ៉ាន់មកដាក់ផ្ទះដែលទើបទិញបានទាំងអស់ហើយក៏រៀបចំធ្វើពិធិសូត្រមន្តឡើងផ្ទះថ្មីតែម្ដង។​ ប៉ុន្ដែចាប់តាំងពីសូត្រមន្តហើយចេះតែមានរឿងប្លែកៗកើតឡើង។​

ថ្ងៃមួយមីងចាន់ក្រោកពីគេងមុនគេគាត់ឆ្ងល់យប់មិញម៉េចក៏ឆ្កែលូខ្លាំងម៉្លេះនៅម្ដុំហ្នឹង?យី!យប់មិញដូចជាបិទបង្អួចអស់ហើយតើចុះនរណាគេបើក?

ពេលកូនប្រុសមីងចាន់ក្រោកវាក៏ប្រាប់៖​ ម៉ែយប់មិញខ្មោចសង្ក​ត់​ ខ្ញុំខំស្រែកហៅគ្មាននរណាលឺសោះ!
មីងចាន់មានរឿងគួរឲ្យខ្លាចលាកិ់ក្នុងចិត្តតែគាត់បានប្រាប់កូន៖​ ថាមិនអីទេឯងមើលរឿងខ្មោចច្រើនពេកហ្នឹងមិនអីទេ!

ពេលល្ងាចមួយមីងចាន់បានធ្វើម្ហូបទុកហូបបាយស្រាប់តែមានឃើញស្រមោលមួយហោះពីក្រោយខ្នងរបស់គាត់យ៉ាងរហស័គាត់ក៏កើតចិត្តសង្ស័យ៖​ ហ្អេ!ក្មេងៗមិននៅទេហើយឪវាក៏ទៅឃ្វាលក្របីមិនទាន់មកដែរចុះអំបាញ់មិញហ្នឹងអីគេ?អូ!តិចខ្មោចលងទៅ?ពេលគាត់និយាយចប់គាត់មានអារម្មណ៍ត្រជាក់ឆ្អឹងខ្នងហើយក៏បែរទៅមើលក្រោយខ្នងស្រាប់តែឃើញអ្វីដូចដែលគាត់គិតគឺខ្មោចប្រុសមាឌធំខ្មៅឈរពីក្រោយខ្នងគាត់តែជើងវាមិនដល់រនាបផ្ទះទេ!ហើយមីងចាន់និយាយម្នាក់ឯងថាអញថាខ្មោចៗមែន បន្ទាប់មកគាត់ក៏ស្រែកយកម៉ាទំហឹង៖​ ជួយ…ជួយផង…ខ្មោចលង..!

អ្នកភូមិខ្ញុំក៏ផ្អើលឈូរឆរមកជួយគាត់ពេលដឹងរឿងថាមីងចាន់ត្រូវខ្មោចលងអ៊ុំប្រុសម្នាក់ដែលជានាក់ដើរឆ្លុះត្រីរាល់យប់បានប្រាប់ថាគាត់បានឃើញភ្លើងស្អីគេទេអ៊ំប៉ុនល្អីហោះទៅចូលផ្ទះមីងចាន់ ឯខ្លះទៀតថាឃើញស្រីសក់វែងដើរឆ្លងថ្នល់មុខផ្ទះទៅមកៗជារៀងរាល់ថ្ងៃ។រាល់ពេលយប់វាគឺជាពេលដ៏វែងអន្លាយ សែនស្ងាត់ ភ័យរន្ធត់នឹងតក់ស្លុតជានិច្ច។

នៅក្នុងភូមិរបស់ខ្ញុំ គ្រួសារពូលីនិងមីងចាន់កាន់តែខ្លាចទៀតកំពុងតែខ្លាចស្រាប់តែក្របីរបស់ពូលី មីងចាន់ដែលចងនៅក្រោមផ្ទះបានផ្អើលហើយឆ្កែក៏លូឡើងទ្រហឹងដែរ។ពូលីហៅមីងចាន់៖​ ម៉ែវាក្រោកទៅមើលក្របីបានជាគ្នាក្រែងពួកឆ្លៀតឪកាសវាលូចក្របីបាត់ទឹកភ្នែករហាមទៅ!មីងចាន់ឆ្លើយកំពុងខ្លាចផងផ្អើលរកម៉ែវាស្អី?ពេលចុះទៅដល់ក្រោមផ្ទះស្រាប់តែពិលរលត់ពេលដែលពិលភ្លឺវិញគាត់ក៏ឃើញខ្មោចកំពុងតែឈរសំឡក់គាត់និងច្រើនទៀតអាខ្លះអត់ក្បាល អាខ្លះពោះធំមុខវាសុទ្ធតែឈាម(គាត់និយាយប្រាប់ខ្ញុំបណ្ដើរព្រឺរោមបណ្ដើរ ឯខ្ញុំអ្នកស្ដាប់វិញព្រឺក្បាលប៉ុនៗល្អីអស់ហើយ )មីងចាន់បានបន្ដថា៖​ វាបានប្រាប់គាត់ថាបើពួកឯងមកដេកផ្ទះអញចុះឲ្យអញទៅដេកឯណា ហើយពួកឯងមកនៅមាត់លឺៗថែមទាំងនាំលោកសង្ឃមកសូត្រ
មន្ដមិនក្រែងចិត្តអញសោះ!ពួកវាគំរាមថាបើពួកឯងមិនចង់មានរឿងជាមួយអញត្រូវចេញឲ្យឆាប់របស់ក្នុងផ្ទះហាមយកទៅព្រោះវាសុទ្ធតែជារបស់អញ(របស់ទាំងអស់ជារបស់មីងចាន់សោះហ្នឹង)វានិយាយហើយវាធ្វើកាយវិកាគួរឲ្យខ្លាច ខ្វេះភ្នែកផង ហែកពោះផង មីងចាន់និងពូលីស្ទើតែគាំងបេះដូងព្រោះវាលងសាហាវតែពូលីបានឆក់ខ្សែក្របីយកមកដឹក ឯមីងចាន់បានទៅដាស់កូនរត់ទៅផ្ទះចាស់គាត់ក្នុងភូមិដែលនៅម្ដុំផ្ទះខ្ញុំដែរផ្អើលទាំងយប់។

លុះព្រឹកឡើងអ្នកផ្ទះគាត់នាំគ្នាទៅស្រោចទឹកទាំងអស់ហើយក៏បានទៅប្រមូលឥវ៉ាន់គាត់ពីផ្ទះខ្មោចនោះមកវិញ រីឯម្ចាស់ផ្ទះនោះក៏ប្រគល់លុយឲ្យមិញចាន់វិញទាំងអស់ឯមិញចាន់ក៏បានធ្វើផ្ទះថ្មីនៅលើដីគាត់ផ្ទាល់ចំណែកផ្ទះខ្មោចនោះក៏បានបិទទ្វារហើយក៏ស្ងប់ស្ងាត់ទៅវិញប៉ុន្ដែខ្ញុំនៅតែខ្លាច៕