ផ្គរលាន់គ្រឹមៗគ្រហឹមពេញមេឃដែលកំពុងតែរកងងឹតស្លុបដែលទើបតែម៉ោងជាង ៥ សោះ។ គិតទៅការងារម្តងនេះបែបស៊ីលុយមិនឆ្ងាញ់ទេ។ ផ្លូវក៏វែងឆ្ងាយបើប៉ះអ្នកសម្ភាសយ៉ាប់ដូចអ្នកមុនៗអីទៀតដឹងតែខាតជើងតែម្តង។ នេះកុំតែការងារឱ្យខ្ញុំចុះខេត្តចុះអីទេ បើតាមចិត្តចង់នោះទាល់យូរនោះ។ ប្រហែលមានអ្នកកំពុងឆ្ងល់ហើយ ថាខ្ញុំបើកឡានមកខេត្តឆ្ងាយដាច់ស្រយាលមកធ្វើអី? នេះមកពីការងារ និងតួនាទីរបស់ខ្ញុំហ្នឹងណា។ ជាអ្នកធ្វើការក្នុងក្រុមហ៊ុនទស្សនាវដ្តីមួយ វាមិនមែនជារឿងងាយស្រួលទេ។ នៅការងារក្នុងក្រុមហ៊ុនផង នៅឧស្សាហ៍ចុះសម្ភាសគេនៅខាងក្រៅទៀត បើប៉ះនៅក្រុងជិតៗវាមិនសូវអីប៉ុន្មានទេ តែបើប៉ះខេត្តឆ្ងាយគឺថាវេទនាតែម្តង ដូចពេលនេះអ៊ីចឹង។

ដោយសារតែបែបនេះហើយបានជាពេលនេះខ្ញុំកំពុងតែឈរជ្រកភ្លៀង ហើយដៃគោះទ្វារផ្ទះធំចំណាស់មួយខ្នងនេះ។ បើតាមការវិភាគរបស់ខ្ញុំ ផ្ទះមួយខ្នងនេះមានអាយុមិនក្រោម ៥០ ឆ្នាំទេ។ បរិយាកាសពិតជាសាកសមនឹងប្រធានបទដែលត្រូវសម្ភាសណាស់ ទោះជារាងព្រឺរសម្បុរបន្តិចមែន តែក៏មិនអីដែរ សម្រាប់មនុស្សដែលឧស្សាហ៍ដើរចុះខេត្តចុះឡើងដូចខ្ញុំ។ គោះទ្វារយូរណាស់ហើយដែរ តែគ្មានអ្នកណាចេញមកបើកទ្វារសោះ ភ្លៀងធ្លាក់រឹតតែខ្លាំងទៀត ខោអាវផ្នែកខាងក្រោយដែលផុតពីដំបូលជ្រកមុខផ្ទះក៏សើមជោកអស់មួយកំណាត់ទៀត។ ថ្ងៃនេះមើលទៅដូចមិនសូវល្អសោះ គិតថាគោះទ្វារម្តងទៀតសិនបើគ្មានអ្នកបើកទៀត ត្រលប់ទៅរកកន្លែងគេងសិនហើយមើលទៅ ចាំព្រឹកស្អែកចាំមកម្តងទៀតចុះ ព្រោះមេឃកាន់តែងងឹត ផ្លូវក៏កាន់តែស្ងាត់ដូចចោរលួចសេះទៀត។ ស្មានតែមកដល់ខ្ទង់ ម៉ោង៥ អាលបានឆាប់សម្ភាសឱ្យហើយៗស្រួលស្អែកបានដើរលេងលំហែអារម្មណ៍ហើយតើ ចុងក្រោយធ្វើព្រឹកស្អែកដដែល។

បន្ទាប់ពីគោះទ្វារអស់ចិត្តខ្ញុំក៏បែរខ្លួនប្រុងរត់ទៅឡានវិញ ស្រាប់តែទ្វារផ្ទះរបើកក្រាក។ ខ្ញុំភ្ញាក់បន្តិចរួចអើតមើលទ្វារផ្ទះដែលចំហរល្មមអាចឱ្យខ្ញុំចូលទៅបាន

« អេ….ទ្វារអូតូ? ផ្ទះចាស់ចឹងមានទ្វារទំនើបបែបនេះផង? អេ អ្នកនៅជនបទមានទៅអន់អី» រួចខ្ញុំក៏អើតឡើមមើលទៅខាងក្នុងស្រែកតិចៗ

« សួស្តី មានអ្នកណានៅទេ? ខ្ញុំខាងអ្នកសារព័ត៌មាននៅទីក្រុង ដែលត្រូវមកសម្ភាសថ្ងៃនេះ …សួស្តី »

គ្មានសំឡេងឆ្លើយតបឃើញតែពន្លឺភ្លើងផ្លុងៗនៅខាងក្នុង។ គួរតែចូល ឬមិនចូល បើមិនឃើញម្ចាស់ផ្ទះគេផង? ខ្ញុំក៏ដាច់ចិត្តឈានជើងចូលក្នុងផ្ទះមួយជំហាន

« សួស្តី មានអ្នកណានៅទេ?»

ស្រាប់តែលេចលោកយាយចាស់ម្នាក់នៅនឹងមុខ។ ខ្ញុំភ្ញាក់ក្រញ៉ាង

« ពុទ្ធោៗៗៗ »

« ហាហា…អានាងព្រលឹងតិចម៉េះ? នៅក្មេងសោះ »

បន្ទាប់ពីតាំងសតិបានខ្ញុំក៏ដកដង្ហើមធូរចិត្តរួចនិយាយ

« លោកយាយ! អូយខំតែភ័យ ជំរាបសួរលោកយាយ! ហើយលោកយាយចេញមកពីណាស្ងាត់ៗចឹង?

លោកយាយចំណាស់ម្នាក់ដែលសើចញញឹមសើចញញែមឃើញតែធ្មេញខ្មៅ និយាយជាមួយខ្ញុំ

« មកបើកទ្វារឱ្យអានាងឯង ហើយក៏ទៅបើកភ្លើងមិញហ្នឹងណា »

« អូ ចឹងទេ…និយាយចឹងលោកយាយខ្ញុំជាអ្នកសារព័ត៌មាននៅទីក្រុងដែលមានណាត់សម្ភាសជាមួយលោកយាយកាលពីប៉ុន្មានថ្ងៃមុននោះណា? »

« សម្ភាស? សម្ភាសអីយាយមិនសូវចាំទេ »

« ឬខ្ញុំចាំខុសផ្ទះ? ទេ…ដូចជាត្រូវហើយ..ផ្ទះលេខ ១៣ នៅក្រុងនេះ សម្ភាសរឿងវិញ្ញាណថែរក្សាផ្ទះ …អេ..ត្រូវហើយតើលោកយាយ»

« អឺៗ ឥឡូវចូលក្នុងសិនមក ប្រហែលជាយាយភ្លេចហើយ មនុស្សចាស់ភ្លេចភ្លាំងច្រើនចឹងហើយ មកចូល…សិនមក»

« អឺ..បាទ» ខ្ញុំក៏ដើរចូលតាមលោកយាយទាំងស្ទាក់ស្ទើរ។ ភាពត្រជាក់ស្រាប់តែគ្របដណ្តប់ពេញផ្ទៃផ្ទះបុរាណមួយខ្នងនេះ ធ្វើឱ្យខ្ញុំព្រឺរសម្បុរខ្ញោកពេលឃើញសសរដ៏ធំនៅកណ្តាលផ្ទះមួយខ្នងនេះ។

« អូយ..ផ្ទះលោកយាយអីក៏ត្រជាក់ម៉េះ មើលឡើងបះរោមខ្ទេច»

លោកយាយងាកមកសើច

« ល្ងង់ម៉េះអានាង មេឃកំពុងភ្លៀងនៅខាងក្រៅមិនឱ្យក្នុងផ្ទះវាត្រជាក់ទើបចម្លែក…. អង្គុយសិនទៅ យាយទៅចាក់តែក្តៅៗនិងនំមកឱ្យ »

« អូ បាទ អរគុណច្រើន»

បន្ទាប់ពីលោកយាយចូលទៅក្នុងផ្ទះបាត់ ខ្ញុំក៏ក្រឡេកមើលទិដ្ឋភាពនៅក្នុងផ្ទះមួយខ្នងនេះ។ ក្នុងផ្ទះស្អាតបាតរាបរយល្អណាស់ មិនសមថាមនុស្សចាស់ដូចគាត់ចេះមានកម្លាំងរៀបចំនោះទេ។ អេ! ប្រហែលជាកូនចៅគាត់ជា អ្នករៀបចំហើយ។ នេះបើមិនគិតសីតុណ្ហភាពនៅក្នុងផ្ទះដែលកាន់តែត្រជាក់ៗទៅ និងភ្លើងដែលមិនសូវភ្លឺនៅក្នុងផ្ទះនេះ ខ្ញុំអាចនិយយបានថាផ្ទះមួយខ្នងនេះពិតជាគួរឱ្យចង់រស់នៅណាស់។ តែចម្លែកណាស់ផ្ទះមួយនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែកៗយ៉ាងម៉េចទេ ទាំងទីតាំងផ្ទះក៏ឆ្ងាយពីទីប្រជុំជនខ្លាំង ហើយមើលស្ថានភាពនៅក្នុងផ្ទះចុះឱ្យស្ងាត់ឈឹងគ្មានសូម្បីតែសំឡេងសត្វល្អិតយំ។ វាស្ទើ តែអាចស្តាប់ឮដង្ហើម និងចង្វាក់បេះដូងខ្លួនឯងបានទៅហើយ អូយ ដូចព្រឺៗឆ្អឹងខ្នង

« ណេះ ចៅ»

« ហ៊ើយ!!! លោកយាយ មកស្ងាត់ៗទៀតហើយ »

« យាយមកតាមធម្មតាតើគិតតែអានាងឯងទៅអអ្គុយភ្លឹកភ្លាំងអី? ណេះ ទឹកតែនិងនំ »

« បាទ អរគុណ»

ខ្ញុំក្រេបតែមួយម៉ាត់អារម្មណ៍ស្រាប់តែធូរស្រាលយ៉ាងខ្លាំង តែនេះពិតជាឆ្ងាញ់ណាស់ខ្ញុំមិនដែលធ្លាប់ផឹកតែឆ្ងាញ់បែបនេះទេ។ លោកយាយអង្គុយចុះទល់មុខខ្ញុំរួចនិយាយ

« ឆ្ងាញ់ទេ? »

« បាទ ឆ្ងាញ់មែនទែន»

« អឺ អានាងនិយាយថាមានរឿងសម្ភាសអី និយាយអីជាមួយយាយ? »

«អូ ប៊ិះភ្លេច» ខ្ញុំក៏ទម្លាក់ពែងតែចុះរួចស្រវាបើកកាបូបយកម៉ាស៊ីនថតសំឡេង ម៉ាស៊ីនថតរូបនិងក្រដាសប៊ិចចេញមករៀបចំរួចនិយាយ

« គឺ ខាងក្រុមហ៊ុនខ្ញុំមានអត្ថបទទាក់ទងនឹងរឿងវិញ្ញាណបានជាត្រូវការយកការណ៍ និងសម្ភាសមនុស្ស ២ ឬ ៣ នាក់។ ឮថាលោកយាយបានដឹងរឿងបែបនេះដែរបានជាខាងក្រុមហ៊ុនបានបញ្ជូនខ្ញុំឱ្យមកសម្ភាសលោកយាយ ចឹងឥឡូវយើងអាចចាប់ផ្តើមបានអត់ពេលនេះលោកយាយ? ព្រោះមេឃក៏កាន់តែងងឹតខ្លាំងហើយ »

លោកយាយស្រាប់តែប្រែទឹកមុខស្រពោនរួចនិយាយ

«យាយមិនដឹងថាអ្វីដែលយាយបានដឹងនិងជួបប្រទះអាចជួយអានាងឯងបានឬអត់ទេ តែ…. យាយមានរឿងទាក់ទងនឹងផ្ទះមួយខ្នងនេះប្រាប់អានាងឯង »

« អឺ!!!!!!…រឿងផ្ទះនេះផ្ទាល់? អឹ…» ខ្ញុំក្រឡេកមើលជុំវិញផ្ទះទាងព្រឺសម្បុរខ្ញាក ពេលមានខ្យល់បក់ពីណារសៀកៗប៉ះនឹងរាងកាយរបស់ខ្ញុំ។

« មិនអីទេ បើមិនចង់ស្តាប់ក៏មិនអីដែរ » ខ្ញុំស្ទាក់ស្ទើរបន្តិច តែណ្ហើយ! ជ្រុលមកហើយកុំឱ្យខាតជើង ប្រញាប់សម្ភាសឱ្យចប់ៗទៅ រឿងស្អីក៏រឿងទៅ ព្រោះបងមេក្រុមជាអ្នកបញ្ជូនមកតើ។

« អត់អីទេ..លោកយាយអាចនិយាយបានខ្ញុំរៀបចំឧបករណ៍សំឡេងសិន…អូខេ រួចរាល់ហើយ លោកយាយអាចចាប់ផ្តើមបាន»

លោកយាយញញឹមញញែមសប្បាយចិត្ត តែខ្ញុំស្រាប់តែចាប់ផ្តើមខ្លាចស្នាមញញឹមមួយនោះហើយនេះ

« រឿងគឺបែបនេះ…ផ្ទះមួយខ្នងនេះមានវិញ្ញាណសណ្ឋិត»»

» ថាម៉េច?? អឺផ្ទះមួយនេះ? » ខ្ញុំព្រឹសម្បុរខ្ញាកបែរមើលឆ្វេងស្តាំទាំងភ័យ

« អឺ រឿងវាកើតមានតាំងពីជំនាន់បារាំងមកម្ល៉េះ គេអ្នកតាមថែរក្សាពីមុនមក ក៏តាមថែរក្សារហូតដល់ពេលនេះ ហើយបើយើងធ្វើតែអំពើល្អ មិនបៀតបៀនគេ ហើយចេះគោរពគេ អ្នកតាមថែរក្សា នឹងឱ្យយើងនៅបានសុខសប្បាយគ្មានហេតុភេទអ្វីទេណា »

« អូ…» ខ្ញុំធូរទ្រូងបន្តិចតែក៏នៅសល់ភាពភ័យខ្លាចព្រលឹងចុងសក់

« រឿងវាមិនមែនមានតែប៉ុណ្ណេះទេ…ចាំនិយាយរៀបរាប់ឱ្យស្តាប់»

« មានទៀត?? »

កាលពី ៥០ ឆ្នាំមុនផ្ទះមួយខ្នងបុរាណនេះត្រូវជាកម្មសិទ្ធិរបស់អ្នកមានមុខមាត់ម្នាក់នៅក្នុងសម័យបារាំង។ លោកម្ចាស់ផ្ទះមួយខ្នងនេះមានជំនឿលើអាគមអូមអាមខ្លាំងណាស់។ ឱ្យតែមានរបស់ស័ក្តិសិទ្ធ ឬគម្ពីរអ្វីដែលអាចជួយឱ្យការរកស៊ីបានសម្រេចជោគជ័យលោកតែងតែជាវយកមកតាំងនៅក្នុងបន្ទប់អសនៈមួយ។ ដល់តែយូរៗទៅលោកបានដើរផ្លូវឆ្វេង បែកកម្មឋានរហូតរៀនរបៀបខ្មៅងងឹត។ មហន្តរាយបានកើតមាននៅក្នុងភូមិស្រុក។ ដោយសារតែជំនឿងប់ងល់ លោកម្ចាស់បានសម្លាប់កូនប្រពន្ធរបស់ខ្លួនហុតឈាមដើម្បីសម្រេចវិជ្ជាមន្តអាគមខ្មៅនោះ។ ព្រោះតែអំពើអាក្រក់មួយនោះហើយទីបំផុតមានម្ចាស់បន់បត់មួយរូបមកកម្ចាត់បិសាចដែលនៅក្នុងរូបលោកម្ចាស់រលាយបាត់ ហើយលាក់ឃុំទុកក្នុងសសរកណ្តាលផ្ទះ។ ហើយព្រលឹងខ្មោចកូនប្រពន្ធរបស់លោកម្ចាស់ដោយសារតែស្មោះស្ម័គ្រនឹងប្តី និងឪពុកក៏បានក្លាយជាព្រលឹងថែរក្សានៅក្នុងផ្ទះមួយខ្នងនេះដែររហូតដល់ពេលនេះ។ ដោយសារតែសម័យកាលកាន់តែរីកចម្រើនផ្ទះមួយនេះចាស់ទ្រុធទ្រោមហើយត្រូវបានគេវាយកំទេចសាងសង់ជាផ្ទះក្នុងពេលបច្ចុប្បន្ន ប៉ុន្តែសសរកណ្តាលដ៏ធំមួយនេះ និងព្រលឹងប្រពន្ធកូនលោកម្ចាស់នៅតែស្ថិតនៅទីនេះដដែល»

«ចុះព្រលឹងលោកម្ចាស់ចេញរួច​ឬនៅតែឃុំឃាំងទេ?

បន្ទាប់ពីនិយាយចប់ខ្ញុំស្រាប់តែវិលមុខខ្ញាល់

«អូយ..មានរឿងអី ខ្ញុំកើតអី? » ខ្ញុំស្រវាំងភ្នែកឃើញលោកយាយម្នាក់នោះក្រោកឈរឡើងសើចក្អាកក្អាយរហូតប្រែខ្លួនជាគម្លង់ខ្មោចដ៏សែនអាក្រក់និងគួរឱ្យខ្លាច

« ទីបំផុតមានមនុស្សជាចំណីរបស់យើងហើយ ហាហា….អត់ឃ្លាននៅក្នុងផ្ទះនេះយូរហើយ ឱ្យយើងហុតឈាមតាមសម្រួលមក ហាហា…..» រំពេចនោះខ្មោចស្រីចំណាស់ ប្រែក្លាយជារូបរាងខ្មោចប្រុសស្លៀកពាក់ខ្មៅឈុតបុរាណឈរសើចអមដោយព្រលឹងខ្មោចស្រីចំណាស់ និងក្មេងជំទង់ដ៏កាចសាហាវ។ ផ្ទះទាំងមូលងងឹតស្លុប ថ្ងៃនេះខ្ញុំពិតជាមិនអាចរួចខ្លួនបានទេ ខ្ញុំប្រាកដជាត្រូវស្លាប់ក្នុងដៃខ្មោចកំណាចទាំង ៣នាក់នេះហើយ។ ពន្លឺមួយបានស្រូប និងហ៊ុំព័ទ្ធជុំវិញខ្លួនរបស់ខ្ញុំ ខ្ញុំក៏បិទភ្នែកលែងដឹងខ្លួន និងអ្វីៗគ្រប់យ៉ាងតទៅទៀត។

………………………

តុកៗៗៗ

« ជួយផង ៗៗៗ » ខ្ញុំស្រែកប្រវេប្រវា ស្រាប់តែឃើញខ្លួនឯងកំពុងតែគេងនៅក្នុងឡានទៅវិញ។ បុរសអ្នកចំការម្នាក់មើលមកខ្ញុំទាំងឆ្ងល់ខ្ញុំក៏បើកកញ្ចក់

« ពូ គោះកញ្ចក់ខ្ញុំមិញមែន? »

« អឺ មែនហើយ ចុះមកដេកអីកណ្តាលព្រៃកណ្តាលអីហ្នឹង ពូឃើញឡានចតហ្នឹងតាំងយប់មិញហ្ហា »

« យប់មិញ?? យប់មិញ?? » ខ្ញុំអេះក្បាលរំលឹកការចងចាំ។ រួចក្រឡេកមើលជុំវិញខ្លួន ទាំងភ្ញាក់ផ្អើល ទីនេះជាកន្លែងដែលខ្ញុំយល់សប្តិមិញតើ? ដីនៅសើមដូចជាទើបតែភ្លៀងហើយយប់មិញ ហើយនេះជាផ្លូវនៅមុខផ្ទះយប់មិញដែរតើ…មិនអាចទេ? តិចវាក្លាយទៅជាការពិតទៅ ធ្វើយ៉ាងម៉េចទៅ? ពូម្នាក់នោះឈរមើលខ្ញុំទាំងសង្ស័យរួចនិយាយ

« នែ បើគ្មានការអីទេ ប្រញាប់ទៅវិញទៅ ម្តុំនេះមិនសូវមានសុវត្ថិភាពទេ ចោរព្រៃក៏ច្រើន ហើយម្យ៉ាងទៀត…» ពូនោះឈប់និយាយបន្តិចរួចមើលឆ្វេងស្តាំ

« ម្យ៉ាងទៀតយ៉ាងម៉េច? »

«គ្មានអីទេ គ្រាន់តែចេញទៅវិញឱ្យឆាប់ៗទៅហើយក្រោយម៉ោង៦ កុំមកទីនេះឱ្យសោះ ពូទៅហើយ »

« អែ….អេ..ពូ ឈប់ »

ធ្វើយ៉ាងម៉េចទៅ? គិតយ៉ាងម៉េចចេះ? កំពុងតែគិតស្រាប់តែទូរស័ព្ទរោទិ៍ លេខបងមេក្រុម។ ខ្ញុំក៏ទទួលយ៉ាងលឿនុំ សំឡេងបងមេក្រុមនិយាយទាំងតក់ក្រហល់

«អើយ!! លើកហើយៗៗៗ….. ស្មានតែឯងលែងបានមកវិញហើយតើ…»

«បងឯងនិយាយអី?»

«កុំនិយាយច្រើនបើឯងមិនអីទេប្រញាប់មកក្រុងវិញជាបន្ទាន់ចាំបងប្រាប់រឿងលំអិតពេលក្រោយ »

បងមេក្រុមក៏ដាក់ទូរស័ព្ទចុះ។ ខ្ញុំក៏ប្រញាប់បើកឡានចេញមក ស្រាប់តែក្រឡេកឃើញកញ្ចក់ក្រោយលេចរូបប្រុសស្លៀកពាក់បុរាណ និងស្រីវ័យកណ្តាលនិងក្មេងស្រីតូចកាលពីយប់មិញឈរសម្លក់ខ្ញុំចេញពីផ្ទះមួយខ្នងនោះទាំងកំហឹង។ ដោយសារតែភាពភ័យខ្លាចខ្ញុំក៏ជាន់ហ្គែមួយទំហឹងឱ្យកាន់តែលឿនចេញពីទីនោះ។ ក្រោយចេញផុតមកផ្លូវជាតិខ្ញុំធូរទ្រូងយ៉ាងខ្លាំងលូកដៃចូលកាតាបយកកាបូបលុយមើលអាស័យដ្ឋានផ្ទះនោះម្តងទៀតទាំងមិនអស់ចិត្ត ស្រាប់តែឃើញខ្សែករូបព្រះមួយខ្សែទៅវិញ។

« ខ្សែក? ប្រាកដជាម៉ែលួចដាក់ឱ្យហើយ » ចឹងបានន័យថារឿងយប់មិញប្រាកដជារឿងពិតហើយ។ កុំតែបានខ្សែករូបព្រះខ្ញុំប្រាកដជាចោលឆ្អឹងនៅទីនោះមិនខាន។ រឿងមួយទៀតដែលគួរឱ្យហូសចិត្តនោះពេលដែលទៅដល់ទីក្រុង ការពិតដែលធ្វើឱ្យខ្ញុំមានកំហឹងយ៉ាងខ្លាំងនោះគឺបងមេក្រុមបានផ្ញើអាស័យដ្ឋានផ្ទះដែលត្រូវសម្ភាសនោះខុសសោះ។ តែរឿងរ៉ាវថ្ងៃនោះខ្ញុំក៏មិនបានប្រាប់អ្នកណាផ្សេងទេ ខ្ញុំមិនចង់រំលឹក មិនចង់ចងចាំ។ គ្រប់គ្នាសុទ្ធតែគិតថាខ្ញុំទៅមិនទាន់ដល់ផ្ទះដែលល្បីថាលងសាហាវនោះ តែការពិតខ្ញុំបានទៅដល់ហើយបានសម្ភាស និងឃើញពេញៗភ្នែកទៀតផង។ ផ្តាំអ្នកធ្វើការតាមខេត្តផងឃើញកន្លែងណាល្មមៗរាងព្រឺៗកុំចូលអីល្អជាង ខ្លាចមានសំណាងបានជួបរបស់ល្អដូចខ្ញុំ៕

អត្ថបទគួរអាន៖ ​ដេកជាមួយគ្នាមួយយប់ ទើបដឹងថានាង មិនមែនជាមនុស្ស (រឿងពិត)

ឆ្នាំ2010ជាឆ្នាំដែលខ្ញុំនិងប្អូនជីដូនមួយខ្ញុំប្រលងបាក់ឌុបហើយត្រូវឡើងមករៀនបន្តនៅសកលវិទ្យាល័យជាមួយពូមីងតែដោយស្នាក់នៅផ្ទះជួលច្រើននាក់ពិបាកពេក ខ្ញុំក៏សម្រេចចិត្តជួលផ្ទះផ្សេងតែម្នាក់ឯង។

សប្បាយម្យ៉ាងដែរ រស់នៅមិនបាច់ខ្វល់ពីអ្នកដទៃ ចង់គេងដល់ថ្ងៃក៏មិនឈឺក្បាល តែក៏លួចស្រណោះខ្លួនម្តងម្កាលដែរ ព្រោះនឹកសម្លាញ់ចាស់ៗ សុីបាយជុំគ្នា យប់ឡើងនាំគ្នាសីុត្រាវ😁 ជាពិសេសរឿងខ្មោច💀 តែខ្ញុំមិនដែលជឿទេ អាខ្មោចលងពិតនោះ ។

ផ្ទះខ្ញុំជាផ្ទះជួលជាន់ទីបី ម្តុំសន្ធរម៉ុក ផ្ទះមិនថ្មីមិនចាស់ សមនឹងតំលៃ ៥០ដុល្លារដែលប៉ាម៉ាក់ខំរកទាំងលំបាក។ ម្ចាស់ផ្ទះចិត្តល្អណាស់ អោយតែព្រឹកឡើងមិនទាន់ទេ ដាស់ខ្ញុំផ្កាច់ផ្កិន ព្រោះផ្ទះគាត់លក់ចាប់ហួយ ហើយម៉ូតូខ្ញុំទុកទើសកន្លែងគាត់លក់ដូរ។ គាត់ជាស្រីមាត់ដាច តែចិត្តល្អ គាត់តែងហៅខ្ញុំញាំុបាយផ្ទះគាត់ជារឿយៗ ហើយខ្ញុំក៏មិនកំណាញ់នឹងពាក្យអរគុណដែរ ដូចនេះហើយទើបកូនស្រីគាត់ចូលចិត្តខ្ញុំ នាងឈ្មោះម៉ានីជាកូនទោល ស្អាតហើយ រួសរាយ តែភ្នែកតូចៗបន្តិចព្រោះជាប់ស្រឡាយចិន។

ពេលវ៉ាកងមកដល់ ខ្ញុំក៏ទៅលេងស្រុកមួយរយៈតែមិនហ៊ានទៅយូរទៀតទេខ្លាចខាតពេលរៀនហើយក៏នឹកដល់ម៉ានីសំណព្វចិត្តខ្ញុំដែរ ។ ជីវិតដូចជាស្រស់ស្រាយដល់ហើយ រឺក៏ខ្ញុំមានស្នេហា? នឹកនាង រហូតភ្លេចប៉ាម៉ាក់អស់ហើយ ប្រញាប់មកភ្នំពេញពេកសូម្បីលុយក៏ភ្លេចយកតាមមកដែរ។

ខ្ញុំមកដល់ផ្ទះជួលម៉ោង៧យប់ទៅហើយ ផ្ទះស្ងាត់ដូចចោរលួចសេះ សំណាងហើយដែលមានសោរ។ ដល់បន្ទប់ ខ្ញុំក៏ទ្រេតខ្លួនលើគ្រែភ្លែតតែម្តង តែក៏លឺសំលេងគោះទ្វារ ខ្ញុំភ្ញាក់ឡើងក្រញ៉ង ខ្ញុំស្រែកសួរថានរណាគេ? សំលេងបញ្ជាក់ថាជា កូនស្រីម្ចាស់ផ្ទះ ខ្ញុំក៏បើកទ្វារ ឃើញនាងកំពុងយំ នាងប្រាប់ថា សង្សារនាងក្បត់នាង នាងអស់អ្វីគ្រប់យ៉ាង សូមខ្លួនប្រាណ ខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យលួងលោមនាងទេ(ព្រោះលួចស្រឡាញ់នាងដែរតែចង្រៃយ៎អាមួយនោះវាសីុបាត់😓) តែខ្ញុំដូចជាឆ្ងល់ថានាងដូចជាចំលែកៗអោនមុខចុះរហូត សក់ដូចអត់ដែលសិតហើយមុខស្លាំងនិយាយដាច់ៗ។ ពួកយើងនិយាយគ្នារហូតដល់ខ្ញុំមិនដឹងខ្លួនថាគេងលក់តាំងពីកាលណា។

ព្រឹកឡើងសំលេងគោះទ្វារបន្លឺឡើងម្តងទៀត ខ្ញុំក្រោកបើកទ្វារយ៉ាងស្ពឹកទំនងខ្ចិលស្រាប់តែឃើញបុរសពីរនាក់ក្នុងឯកសណ្ឋានជាប៉ូលីស មុខមាំ សម្លឹងមកខ្ញុំចង់ជ្រុះគ្រាប់ភ្នែក។ ពួកគេបានសាកសួរជាច្រើនសំនួរទាក់ទងនឹងអំពើឃាតកម្ម សំលាប់ទាំងគ្រួសារប៉ុន្មានថ្ងៃមុនទាំងខ្ញុំមិនដឹងអ្វីសោះ ប៉ូលិសមកសួរខ្ញុំព្រោះខ្ញុំស្និតស្នាលជាមួយម្ចាស់ផ្ទះជាងគេ ក្រោយពីសាកសួររួចរាល់ ពួកគេក៏ចេញទៅវិញ។

ពុទ្ធោអើយខ្ញុំទើបតែដឹងរឿងឃាតកម្មសំលាប់ម្ចាស់ផ្ទះជួលខ្ញុំសោះព្រោះសម័យនោះគ្មានព័ត៌មានទូលំទូលាយដូចសព្វថ្ងៃនេះទេដោយសារតែខ្ញុំទៅលេងស្រុកព្រោះសាលាវ៉ាកងយូក្រែលដែរ។ សាកសពម្ចាស់ផ្ទះ ស្លាប់ដោយកាប់ចិញ្ច្រាំនឹងកាំបិតតាំងតោស្ទើដាច់ករ ឯសាកសពម៉ានីស្លាប់ដោយចងកស្ទើលៀនភ្នែកនាម៉ោង ៦:២៥ នាទី ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០១០ ៣ថ្ងៃមុនខ្ញុំមកពីស្រុក សាកសពស្លាប់៣ថ្ងៃហើយទើបមានអ្នកដឹងព្រោះគាត់ជាស្រីមេម៉ាយរស់នៅតែ២នាក់ម៉ានី ដំណឹងនេះខ្ញុំតក់ស្លុតណាស់ ។

ខ្ញុំមិនដែលឃើញខ្មោចជួបខ្មោចឥឡូវខ្ញុំចាប់ផ្តើមខ្លាចហើយ ព្រោះវាស្តែងពេកណាស់។ ថ្ងៃមួយពេលខ្ញុំចេញពីរៀនល្ងាចបន្តិចខ្ញុំរៀបចាក់សោចូលផ្ទះតែពេលក្រឡេកទៅក្រោមជណ្តើរផ្ទះតាមប្រឡោះខ្ញុំឃើញខ្មោចមីងភាម្តាយម៉ានីឈរមើលមកខ្ញុំ ខ្លួនគាត់សុទ្ធតែឈាមជោគ ហើយក្បាលធ្លាក់មកត្រឹមស្មា បើកភ្នែកធំៗសំលឹងមកខ្ញុំ ខ្ញុំភ្ញាក់ព្រើតប្រញាប់ប្រញាល់ចាក់សោចូលផ្ទះទាំងញ័រដៃ។ ពេលយប់ឡើងស្រមោលស្ទុងៗបានហោះកាត់តាមបង្អួចបន្ទប់ខ្ញុំសឹងតែរាល់យប់ ជួនកាលលឺសំលេងយំ ជួនកាលពេលដេកសុខៗលឺសំលេងហៅឈ្មោះខ្ញុំល្វើយៗ។ មានថ្ងៃមួយខ្ញុំពេលខ្ញុំត្រឡប់មកពីជប់លៀងខួបអ្នករៀនជាមួយ ខ្ញុំគិតថាមិនចង់មកផ្ទះជួលវិញទេតែដោយសារស្អែកត្រូវរៀបចំប្រលងទើបខ្ញុំកាត់ចិត្តមកផ្ទះជួលវិញវេលាម៉ោង៩យប់ ពេលឡើងជណ្តើរខ្ញុំមានអារម្មណ៍ថាត្រជាក់ឆ្អឹងខ្នង តែខ្ញុំនៅតែតាំងចិត្តអោយបានថាកុំអោយខ្លាចនិងកុំងាកក្រោយ ខ្ញុំផ្លោះជណ្តើរឡើងម្តង១កាំស្រាប់តែស្រមោលស្ទុងៗអង្គុយនៅកៀនបង្កាន់ដៃខ្ញុំគិតថាប្រហែលជាអ្នកទើបមកជួលថ្មីព្រោះសល់បន្ទប់មួយក្បែរបន្ទប់ខ្ញុំដែរមិនទាន់មាននរណាជួលទេ ខ្ញុំស្រែកសួរនរណាគេ? មិនលឺសំលេងឆ្លើយខ្ញុំក៏ដើរទៅមើលនាងក៏បែរមកខ្ញុំពុទ្ធោគឺខ្មោចម៉ានីភ្នែកប៉ុនពងមាន់ លៀនអណា្តតប្រវែងណាណីដាក់ខ្ញុំ ដូចពេលនាងស្លាប់អ៊ីចឹង ខ្ញុំស្រែកវ៉ាសរត់ចេញពីនោះយ៉ាងលឿន រត់គ្មានងាកក្រោយហើយខលទៅសុំផ្ទះមិត្តភក្តិដេកមួយយប់។

មួយសប្តាហ៍ក្រោយមកលទ្ធផលស៊ើបអង្កេតបានបង្ហាញថា អ្នកទាំងពីរស្លាប់ដោយអំពើឃាតកម្ម ដោយប្រព្រឹត្តដោយជនល្មើសឈ្មោះ ស.ស.វ ភេទប្រុស អាយុ ១៩ឆ្នាំ ជានិស្សិត ហើយត្រូវជាសង្សារបស់ម៉ានី។ នាថ្ងៃកើតហេតុជនល្មើស និងជនរងគ្រោះបានមកដល់ផ្ទះកើតហេតុ ក៏មានរឿងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយម្តាយជនរងគ្រោះ បានស្តីបន្ទោស និងគម្រាមប្តឹងពីបទធ្វើអោយកូនស្រីគាត់មានផ្ទៃពោះ… ការឈ្លោះប្រកែកកាន់តែធ្ងន់ធ្ងររហូតធ្វើអោយយុវជនឈាមរាវ ហ៊ានសម្លាប់មីងម្ចាស់ផ្ទះ និងសម្លាប់សង្សារខ្លួន ហើយយកសពទៅព្យួនឹងខ្សែដើម្បីបំបិទភស្តុតាង។ អ៊ីចឹងហើយទើបថ្ងៃនោះខ្ញុំអាចចាក់ទ្វារចូលផ្ទះបាន ព្រោះជនល្មើសបានចាក់សោរពីក្រៅផ្ទះមុននឹងរត់គេចខ្លួន។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំដូរផ្ទះជួលថ្មីហើយព្យាយាមទៅវត្តឧទ្ទិសអោយម៉ានីដើម្បីកុំអោយព្រលឹងនាងមកយាយីខ្ញុំទៀត…..។