ស្នេហា​ពេល​ខ្លះ​ជួប​ភាព​រីករាយ ប៉ុន្តែ​ពេល​ខ្លះ​បែរ​ជា​បែក​បាក់​គ្នា ក្លាយ​ជា​រឿង​ឈឺ​ចាប់​ខ្លោច​ផ្សា។ ប្រសិន​បើ​មនុស្ស​ប្រុស​ជា​អ្នក​មាន​បំណង​សុំ​បែក​ព្រោះ​ក្បត់ គេ​ប្រាកដ​ជា​ព្យាយាម​រក​ហេតុផល​ផ្សេងៗ ដើម្បី​រំដោះ​ខ្លួន​ពី​តួ​អាក្រក់​ក្នុង​ចិត្ត​មនុស្ស​ស្រី។

ខាង​ក្រោម​នេះ ជា​ពាក្យ ៩​ឃ្លា ដែល​បុរស​ច្រើន​និយាយ​ពេល​សុំ​បែក​ពី​មនុស្ស​ស្រី​ម្នាក់៖ ​​

១. យើង​អាច​ធ្វើ​ជា​មិត្ត​ល្អ…

មាន​រឿង​បី​យ៉ាង​ដែល​ជំរុញ​ឲ្យ​បុរស និយាយ​ពាក្យ​បែប​នេះ​ពេល​សុំ​បែក

ទី​មួយ៖ គិត​ថា​ធ្វើ​ជា​មិត្ត​ល្អ ងាយ​ស្រួល​ជាង​សង្សារ គ្មាន​បញ្ហា​ច្រើន គ្មាន​អ្នក​រំខាន

ទីពីរ៖ មិន​ចង់​បាត់​បង់​មនុស្ស​ស្រី​ម្នាក់​ដែល​ធ្លាប់​ទាក់​ទង​គ្នា (ប៉ុន្តែ​ក៏​មិន​ចង់​ឲ្យ​ជ្រៀតជ្រែក​ចូល​ក្នុង​ជីវិត​របស់​គេ)

ទី​បី៖ នៅ​សម្លឹង​ឃើញ​ពី​ប្រយោជន៍​មួយ​ចំនួន (ប្រាក់​កាស, កំដរ​អារម្មណ៍, សិច…)

២. មិន​មែន​​មក​ពី​អ្នក​ទេ គឺ​មក​ពី​ខ្ញុំ…

នេះ​ជា​ពាក្យ​ដែល​បុរស​​ច្រើន​លើក​ឡើង​ពេល​សុំ​បែក ព្រោះ​គិត​ថា​អាច​បង្វែង​ពី​សំនួរ​រក​ហេតុផល ដែល​ដៃគូ​ស្រី​តាម​ឈ្លេច​សួរ ហើយ​រូប​គេ​មិន​អាច​លាត​ត្រដាង​បាន។

៣. ខ្ញុំ​នៅ​តែ​ស្រលាញ់​អ្នក, ប៉ុន្តែ…

ប្រសិន​បើ​សុំ​បែក​ហើយ ហេតុអ្វី​នៅ​ពោល​ពាក្យ​ថា​ស្រលាញ់? បុរស​ភាគ​ច្រើន និយាយ​ពាក្យ​នេះ​ពេល​បែក​គ្នា ព្រោះ​គិត​ថា​អាច​ធ្វើ​ឲ្យ​ដៃ​គូ​មិន​ខូច​ចិត្ត​ខ្លាំង មិន​ចង​គំនុំ​ជាមួយ​ខ្លួន ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅ​ជា​សុបិន​អាក្រក់​សម្រាប់​មនុស្ស​ស្រី​ម្នាក់ ដែល​នៅ​នឹក​មិន​ដាច់​អាល័យ។

ពាក្យ​ស្រដៀង​គ្នា ដែល​គេ​ច្រើន​និយាយ៖

ខ្ញុំ​នៅ​តែ​ត្រូវការ​​អ្នក…
អ្នក​នៅ​តែ​ជា​មនុស្ស​ពិសេស​សម្រាប់​ខ្ញុំ​រហូត…
ខ្ញុំ​ពិត​ជា​មិន​ចង់​បាត់​បង់​អ្នក​ទេ…

៤. ខ្ញុំ​មិន​ល្អ​គ្រប់គ្រាន់​សម្រាប់​អ្នក…

ក្រោយ​ពេល​និយាយ​ឃ្លា​នេះ​រួច គេ​ច្រើន​បញ្ជាក់​បន្ថែម​ថា “អ្នក​គួរ​រក​បុរស​ដែល​ល្អ​ជាង​ខ្ញុំ”។ ឃ្លា​នេះ​ជា​ហេតុផល​សុំ​បែក ដែល​ងាយ​ស្រួល​រក​បំផុត។
​​

៥. ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​គិត​គូរ…

មនុស្ស​ប្រុស​ដែល​មាន​កង់​សឺ​គួរ ចង់​បែក​បន្តិច ចង់​បន្ត​បន្តិច ព្រោះ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត ខ្លាច​ខាត​បង់​ត្រី​ក៏​បាត់ ទន្សាយ​ក៏​រួច។ ដើម្បី​ងាយ​ស្រួល​សម្រេច​នា​ពេល​ក្រោយ គេ​ច្រើន​និយាយ​ថា​ត្រូវការ​ពេល​វេលា ប៉ុន្តែ​ធាតុ​ពិត​មាន​បំណង​ចង់​បែក​រួច​ទៅ​ហើយ។

៦. នេះ​ជា​ជីវិត…

“ជួប​ព្រាត់​ជា​រឿង​មិន​ទៀង កុំ​ពិបាក​ចិត្ត​ខ្លាំង​ពេក នេះ​ជា​ជីវិត ចាត់​ទុក​វា​ជា​បទ​ពិសោធន៍…” ពាក្យ​នេះ មនុស្ស​ប្រុស​ច្រើន​និយាយ​ចេញ​មក​ពេល​សុំ​បែក ព្រោះ​គិត​ថា​អាច​លួង​លោម​ដៃគូ ឲ្យ​រសាយ​ទុក្ខ​កង្វល់​ខ្លះ​បាន។

៧. ខ្ញុំ​ពិត​ជា​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ទេ…

ការ​បែក​គ្នា​ប្រាកដ​ជា​ជួប​ភាព​ឈឺ​ចាប់ ប៉ុន្តែ​គេ​ព្យាយាម​និយាយ​បែប​នេះ ព្រោះ​ចង់​រំដោះ​ខ្លួន​ពី​​ចំណង​ស្នេហា​បែក​បាក់​ដោយ​គ្មាន​ការ​ស្អប់ និង​ការ​គុំកួន។ បើ​ទោះ​បី​ជា​រូប​គេ​ក្បត់ ក៏​មិន​ឈ្លោះ​គ្នា​ខ្លាំង។ ​​

៨. ខ្ញុំ​គិត​ថា​ធ្វើ​បែប​នេះ​ពិត​ជា​វិប្បដិសារី…

មាត់​ប្រាប់​ថា​អាច​មាន​វិប្បដិសារី ប៉ុន្តែ​បែរ​ជា​មិន​អាច​បញ្ជាក់​ពី​ហេតុផល​ពិត​ប្រាកដ​ពេល​សុំ​បែក។ នេះ​គឺ​ជា​ពាក្យ​ដោះ​សារ ពេល​មិន​អាច​បង្ហាញ​ពី​មូលហេតុ​ពិត និង​ព្យាយាម​ធ្វើ​ភាគី​ម្ខាង​ទៀត​អាណិត​ពេល​ចំណង​ស្នេហ៍​ដើរ​ដល់​ផ្លូវ​ទាល់។ ​

៩. ខ្ញុំ​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​ដែរ…​​​​​​​​​​​​​​​​​

នេះ​ជា​ពាក្យ​សម្ដី​គេចវេះ ដែល​បុរស​ភាគ​ច្រើន​តែង​ប្រើ​ប្រាស់ ព្រោះ​សង្ឃឹម​ថា​អាច​បង្វែង​ស្ថានភាព​អាក្រក់​ជាមួយ​អតីត​សង្សារ។ ការ​ពោរ​ពាក្យ​បែប​នេះ ដើម្បី​មិន​ឲ្យ​គេ​សួរ​រក​ហេតុ​ផល​វែងឆ្ងាយ។ ​​​