ស្វាមី​ភរិយា​មួយ​គូ សម្រេច​ចិត្ត​លែងលះ​គ្នា​ដោយ​ហេតុផល​ការ​គិត​មិន​ចុះ​សម្រុង​នឹង​គ្នា។ បើ​​កុំ​តែ​យល់​ពី​អារម្មណ៍​កូន ពួក​គេ​ប្រហែល​លែងលះ​គ្នា​យូរ​ហើយ តែ​ឥលូវ​នេះ​កូន​របស់​ពួក​គេ​ធំ​ល្មម​នឹង​អាច​ទទួល​ស្គាល់​ការ​ពិត​បាន ដូច្នេះ​ទើប​ពួក​គេ​​ឯកភាព​គ្នា​ទៅ​លែងលះ​នៅ​សាលា​ស្រុក។ ក្រោយ​លែង​លះ​គ្នា​​ចប់​សព្វ​គ្រប់ ខាង​ប្ដី​ក៏​ពោល៖

“ទៅ​ញ៉ាំ​បាយ​ជាមួយ​គ្នា​មួយ​ពេល​ទៅ”

ខាង​ស្រី​ក៏​​គិត​ថា ​យ៉ាង​ណា​ៗ​បាន​ជា​លែង​គ្នា​ទៅ​ហើយ ទៅ​ញ៉ាំ​បាយ​ជាមួយ​គ្នា​មួយ​ពេល​ក៏​មិន​អី​ដែរ។

កុម្ម៉ង់​អាហារ​រួច​រាល់​មួយ​សន្ទុះ អ្នក​លើក​ម្ហូប​ក៏​លើក​មុខ​ម្ហូប ត្រី​ឆា​ជូរ​អែម​មក រួច​ហើយ​ខាង​ប្ដី​ក៏​ដួស​សាច់​ត្រី​ឲ្យ​ប្រពន្ធ។ “ញ៉ាំ​ទៅ ខ្ញុំ​ដឹង​ ម៉ាក់​ចូល​ចិត្ត​ត្រី”

ខាង​ស្រី​ក៏​បើក​ភ្នែក​ធំ​ៗ​ដាក់​ប្ដី​ហើយ​និយាយ​ឡើង​ថា៖

“បង​ឯង​តែ​អីចឹង ចូល​ចិត្ត​គិត​ខ្លួន​ឯង ថា​ខ្លួន​ឯង យក​​តែ​ចិត្ត​ខ្លួន​ឯង​ជា​ធំ មាន​ធ្លាប់​គិត​ពី​អារម្មណ៍​អ្នក​ដទៃ​​ខ្លះ​អត់? រៀបការ​ជាមួយ​គ្នា​យូរ​ហើយ បង​មិន​ដែល​ដឹង​អី​បន្តិច​សោះ​ថា​ម្ហូប​ដែល​ខ្ញុំ​ស្អប់​បំផុត​គឺ​ត្រី!”

ខាង​ប្រុស​ឮ​បែប​នេះ​ក៏​ក្ដៅ​ឆេវ​ភ្លាម

“អូន​ក៏​មិន​ដែល​យល់​ពី​បង​បន្តិច​ដែរ បង​ខំ​យក​ចិត្ត​​អូន​គ្រប់​យ៉ាង ​ឲ្យ​អូន​ដឹង​ថា​បង​ស្រឡាញ់​អូន​ប៉ុណ្ណា បង​ខំ​ផ្ដល់​របស់​​ល្អ​បំផុត​ឲ្យ​អូន ​ដឹង​អត់ ម្ហូប​ដែល​បង​ចូល​ចិត្ត​បំផុត​ក្នុង​ជីវិត​នេះ​គឺ​ត្រី​ជូរ​អែម!”

ក្រោយ​ញ៉ាំ​បាយ​រួច ដោយ​សារ​ការ​ខ្លាច​​មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត ទាំង​ពីរ​នាក់​ក៏​សម្រេច​​ថា​មិន​ទាក់ទង​គ្នា​រយៈ​ពេល​​មួយ​ខែ។

​​ក្រោយ​ទៅ​ដល់​ផ្ទះ​រៀង​ខ្លួន​​​មិន​ដល់​ ១៥​នាទី ទូរសព្ទ​របស់​ខាង​ប្រុស​​ក៏​រោទ៍​ឡើង ដោយ​ជា​លេខ​របស់​ប្រពន្ធ។ គេ​ស្ទាក់ស្ទើរ​មិន​ដឹង​ថា​គួរ​លើក​ឬ​ក៏​អត់? តែ​ទី​បំផុត​គេ​ក៏​សម្រេច​ចិត្ត​ថា​មិន​លើក។

យប់​នោះ ​ខាង​ប្ដី​គេង​រសាប់រសល់ ហាក់​ដូច​មាន​ភ្លើង​​មួយ​ដុំ​ធំ​កំពុង​ឆាប​ឆេះ​ក្នុង​ចិត្ត​របស់​គេ។ គេ​ងើប​អង្គុយ​មួយ​សន្ទុះ​ធំ ហើយ​ក៏​សម្រេច​ចិត្ត​ចុច​ទូរសព្ទ​ទៅ​ប្រពន្ធ​វិញ​ដើម្បី​សារភាព​ការ​ពិត​ថា​គេ​នៅ​តែ​ស្រឡាញ់​នាង ហើយ​ក្នុង​ជីវិត​នេះ​គេ​មិន​អាច​រស់​ខ្វះ​នាង​បាន​ឡើយ។ ពេល​ទូរសព្ទ​​ទៅ ចូល​ហើយ​ក៏​គ្មាន​អ្នក​លើក។ គេ​​ក៏​ព្យាយាម​តេ​ទៅ​ម្ដង​ហើយ​ម្ដង​ទៀត ជា​ច្រើន​ដង ទី​បំផុត​ក៏​មាន​អ្នក​ទទួល។

“ហាឡូ​ជម្រាប​សួរ” សំឡេង​បុរស​​ចម្លែក​ម្នាក់​ដែល​គេ​មិន​ធ្លាប់​ឮ​​បាន​និយាយ គេ​មាន​អារម្មណ៍​ថា​ខឹង​ភ្លាម ដោយ​គិត​ថា នេះ​មិន​ទាន់​បាន​មួយ​យប់​ស្រួលបួល​ផង​នាង​មាន​អ្នក​ថ្មី​ហើយ? គេ​ប្រុង​នឹង​ដាក់​​ទូរសព្ទ​ចុះ សំឡេង​បុរស​ម្នាក់​នោះ​ក៏​និយាយ​ឮ​ៗ​បន្ត៖

“ប​ង​ជា​​ប្ដី​​​គាត់​មែន? ​ឃើញ​គាត់ Save លេខ​ដាក់​ឈ្មោះ​ថា ‘ប៉ា​របស់​កូន’”

“ហ្នឹង​ហើយ ខ្ញុំ​ជា​ប្ដី​របស់​នាង” គេ​ឆ្លើយ​តប​ដោយ​សម្ដី​គំរោះ​គំរើយ​មិន​ពេញ​ចិត្ត “លោក​ប្រញាប់​មក​មន្ទីរ​ពេទ្យ​ឲ្យ​លឿន​មក បង​ស្រី​​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​នេះ​អាការ​ធ្ងន់ធ្ងរ​ណាស់ លោក​គ្រូ​ពេទ្យ​កំពុង​ព្យាយាម​ជួយ​គាត់”

គេ​មាន​អារម្មណ៍​តក់​ស្លុត​ខ្លាំង ហើយ​ក៏​ប្រញាប់​បើក​រថយន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ។

​ល្ងាច​​នោះ នៅ​ពេល​គេ​និង​នាង​បែក​​គ្នា​ ដោយ​សារ​ខូច​ចិត្ត​ខ្លាំង នាង​ក៏​ដើរ​ឆ្លង​ផ្លូវ​ទាំង​អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន​រហូត​ត្រូវ​រថយន្ត​បុក។ មុន​នាង​សន្លប់​បាត់​ស្មារតី នាង​បាន​ទាញ​ទូរសព្ទ​​ខល​ទៅ​រក​ប្ដី​ ប៉ុន្តែ​គេ​មិន​ទទួល​ទូរសព្ទ​របស់​នាង​ឡើយ។ “លោក​គ្រូ​ពេទ្យ ប្រពន្ធ​ខ្ញុំ​យ៉ាង​ម៉េច​ហើយ លោក​គ្រូ​ពេទ្យ​សុំ​ជួយ​ជីវិត​ប្រពន្ធ​ខ្ញុំ​ផង ខ្ញុំ​សុំ​អង្វរ” និយាយ​រួច​គេ​ក៏​លុត​ជង្គង់​ក្រាប​ដល់​ជើង​គ្រូ​ពេទ្យ។

លោក​គ្រូ​ពេទ្យ​លើក​ខ្លួន​គេ​ឡើង​មក​វិញ​ហើយ​និយាយ​ថា៖

“ពួក​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ ប៉ុន្តែ​ខួរ​ក្បាល​របស់​នាង​រង​ប៉ះ​ទង្គិច​ខ្លាំង​ណាស់ បើ​សិន​នាង​ដឹង​ខ្លួន​វិញ​ក៏​ត្រូវ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ដែរ ដូច្នេះ​ហើយ​សូម​លោក​ត្រៀម​ចិត្ត​ទុក​ផង”

ក្រោយ​មក​គេ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បន្ទប់​វះ​កាត់ ដោយ​នៅ​ខណៈ​នោះ​លោក​គ្រូ​ពេទ្យ និង​គិលានុបដ្ឋាក​មួយ​ក្រុម​ក៏​ដើរ​ចេញ​មក ហើយ​ប្រាប់​ថា៖

“ពួក​​ខ្ញុំ​​ចូល​រួម​សោកស្ដាយ​​ផង ពួក​ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ។ ប្រពន្ធ​របស់​លោក​អាច​មាន​ជីវិត​ត្រឹម​តែ​យប់​នេះ​ប៉ុណ្ណោះ លោក​ចូល​ទៅ​មើល​នាង​ទៅ ប៉ុន្តែ​ពេល​នេះ​នាង​និយាយ​អ្វី​លែង​បាន​ហើយ”

គេ​ក៏​ដើរ​​ចូល​បន្ទប់​វះកាត់​​ទាំង​ខ្លួន​ត្រជាក់​ស្រេង សូម្បី​ម៉ាស៊ីន​ត្រជាក់​ក្នុង​បន្ទប់​ពេទ្យ​ក៏​នៅ​ត្រជាក់​មិន​ដល់​ក្នុង​ចិត្ត​របស់​គេ​នៅ​ពេល​នេះ​ឡើយ។

នៅ​លើ​គ្រែ សភាព​របស់​ប្រពន្ធ​​គេ​ហាក់​មើល​លែង​យល់​ថា​ជា​នរណា ព្រោះ​មាន​ក្រណាត់​រុំ​ពេញ​ក្បាល សល់​តែ​រង្វង់​មុខ​ដែល​ហើម​ធំ។

“មនុស្ស​ល្អ​របស់​ប៉ា កុំ​កើត​អី​ណា!” និយាយ​មិន​ទាន់​ចប់ ទឹក​ភ្នែក​គេ​ក៏​ធ្លាយ​ចេញ​មក​ដូច​ភ្លៀង។

គេ​ចាប់​ដៃ​ប្រពន្ធ​ជាប់​ណែន ក្រឡេក​មើល​ផ្ទៃ​មុខ​របស់​នាង នៅ​ពេល​នេះ​ភ្នែក​ទាំង​គូ​របស់​នាង​ក៏​មាន​ហូរ​ទឹក​ភ្នែក​ជោក​​ថ្ពាល់ ហើយ​ហាក់​ដូច​នាង​កំពុង​ព្យាយាម​ហើប​មាត់​និយាយ​ជាមួយ​គេ។

គេ​ផ្អៀង​ត្រចៀក​​ដាក់​ជិត​មាត់​របស់​ភរិយា

“អូន​… តេ​ទៅ​បង ព្រោះ​ចង់… ប្រាប់​បង​ថា ក្នុង​ទូរ​ទឹក​កក មាន​​… មាន… គាវ​… បង​អាច​យក​មក​កម្ដៅ​ហូប​… ពេល​ល្ងាច ហើយ​​ចង់​ប្រាប់​បង​ថា អូន… ចូល​ចិត្ត​មី​ស្រុះ​ដែល​បង​ធ្វើ ហើយ… អូន​ស្រឡាញ់​បង​ខ្លាំង​ណាស់…”

និយាយ​មិន​ទាន់​ចប់​សេចក្ដី មាត់​របស់​នាង​ក៏​គាំង មិន​អាច​ស្រូប​ខ្យល់​ដង្ហើម​ចេញ​ចូល​ទៀត​បាន។ គេ​យំ​ស្រែក​ដូច​មនុស្ស​ឡប់​សតិ ដោយ​ឱប​រាង​កាយ​ប្រពន្ធ​យ៉ាង​ណែន។

មី​ស្រុះ​ដែល​នាង​ចូល​ចិត្ត​ញ៉ាំ គេ​ធ្លាប់​ធ្វើ​តែ​ម្ដង​គត់​គឺ​នៅ​ពេល​នាង​ឈឺ ហើយ​គេ​ក៏​គិត​ថា​ជា​មី​ដែល​ពិបាក​ញ៉ាំ​បំផុត​ក្នុង​ជីវិត​របស់​គេ!

ជីវិត​របស់​មនុស្ស​យើង​ស្ដួចស្ដើង និង​ខ្លី​ណាស់ ខ្លី​រហូត​ពេល​ខ្លះ យើង​គ្មាន​សិទ្ធិ​សូម្បី​តែ​និយាយ​​ពាក្យ​ថា​ស្រឡាញ់​​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​យើង​បាន​ឮ។ ខ្លី​​ព្រោះ​អ្វី? ស្ដួច​ស្ដើង​ព្រោះ​អ្វី? ព្រោះ​ចង់​ឈ្នះ​មែន​ទេ? ព្រោះ​ទោសៈ​មែន​ទេ? ព្រោះ​អារម្មណ៍​ឆេវឆាវ​មែន​ទេ? ហេតុអ្វី​មិន​កាត់​បន្ថយ​​ខ្លះ​ទៅ​ចរិត​ចង់​ឈ្នះ​​នោះ? ហេតុ​អ្វី​មិន​បើក​ចិត្ត​ទូលាយ​ចំពោះ​គ្នា? ហេតុ​អ្វី​មិន​ព្យាយាម​យល់​ពី​គ្នា? ហេតុ​អ្វី​និយាយ​គ្នា​ដោយ​ហេតុផល​ត្រឹមត្រូវ? “សូម​កុំ​ចាំ​ដល់​ឃើញ​ក្ដារមឈូស ទើប​ហ៊ាន​និយាយ​ថា​ស្រឡាញ់​មនុស្ស​ក្នុង​គ្រួសារ” ៕

អត្ថបទគួរអាន៖ ប្រពន្ធតាមទាន់ប្តីលួចមានស្រី នាំចូលមកដល់ក្នុងផ្ទះ!! នាងក៏បានធ្វើរឿងមួយ អោយប្តីស្តាយយំស្ទើរមិនចេញ

សំបុត្រកុនត្រូវបានទុកចោលលើតុ បន្ទាប់ពីបានទទួលទូរស័ព្ទពីស្វាមីខ្ញុំប្រាប់ថា ការងារនៅក្រុមហ៊ុនច្រើន មិនអាចត្រលប់មកបាយល្ងាចបាន។ មួយរយៈនេះខ្ញុំមានអារម្មណ៍ដឹងដល់ភាពប្រែប្រួលខុសធម្មតារបស់ស្វាមី ។

មនុស្សស្រីជាច្រើនអាចនឹងសង្ស័យច្រើន ប្រចណ្ឌច្រើនចំពោះស្វាមី។ តែសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់ធ្វើជាភរិយាម្នាក់ ដែលបំពេញតួនាទីខ្លួនឯងឱ្យបានល្អ មើលថែទាំកូន រៀបចំផ្ទះសម្បែង ចាន ឆ្នាំង និងធ្វើជាភរិយាល្អម្នាក់ចំពោះស្វាមី។ ស្នាមក្រែម និងក្លិនទឹកអប់លើសំលៀកបំពាក់ស្វាមីជាភស្តុតាងដែលខ្ញុំអាចរករឿងបាន។ ប៉ុន្តែក្នុងនាមជាប្រពន្ធពេញច្បាប់ ខ្ញុំថាគ្មានប្រយោជន៍ទេ ដែលត្រូវតតាំង និងប្រឈមមុខ នឹងមនុស្សស្រីដែលជាបង្អែមក្រៅផ្ទះម្នាក់នោះ។ មានតែត្រូវសួរខ្លួនឯងថា តើយើងមានកំហុសឆ្គង ឬចំណុចខ្វះខាតត្រង់ណាខ្លះ បានជាស្វាមីត្រូវលួចលាក់នៅក្រៅផ្ទះ?

ស្វាមីកាន់តែផ្លាស់ប្តូរ ខ្ញុំរឹតតែត្រូវធ្វើចិត្តឱ្យស្ងប់ដូចទឹក។ ខ្ញុំឈរសម្លឹងគូស្នេហ៍ពីរនាក់ដែលកំពុងតែដើរឱបដៃគ្នាស្និទ្ធស្នាលចូលរោងកុន។ សំណាងដែលកូនៗមិនបានចាប់អារម្មណ៍ ព្រោះបើពួកគេឃើញ ខ្ញុំក៏មិនដឹងថាត្រូវរកចម្លើយដោះសារល្អបែបណាប្រាប់កូនៗដែរ។

ថ្ងៃដែលគួរឱ្យភ័យខ្លាចបានមកដល់ ពេលដែលរូបរាងនារីដ៏ស្រស់ស្អាតម្នាក់បានឈរចំពោះមុខខ្ញុំ ថែមទាំងអះអាងថាកូនក្នុងផ្ទៃ ជារបស់ស្វាមីខ្ញុំទៀតផង។ ខ្ញុំសឹងតែដួលមួយជំហរ តែខ្ញុំមិនអាចទន់ជ្រាយឱ្យកូនៗឃើញទេ។ នាងបានទាមទារសិទ្ធជាប្រពន្ធម្នាក់ទៀត និងទំនួលខុសត្រូវលើកូនរបស់នាង។

ពេលនោះហើយ ទើបខ្ញុំដឹងថានាងជាសង្សារចាស់របស់ស្វាមីខ្ញុំ តាំងពីមុនពេលពួកយើងរៀបការ។ ការពិតវានៅតែជាការពិត មិនខ្វល់អ្នកណាមកមុនមកក្រោយ សំខាន់ពេលនេះខ្ញុំជាប្រពន្ធ និងជាម្តាយរបស់កូនគាត់។ ខ្ញុំគ្មានកំហុស ហើយអំពើល្អទាំងប៉ុន្មានរយៈពេលច្រើនឆ្នាំរបស់ខ្ញុំ បានយកឈ្នះចិត្តបេះដូងស្វាមីទៅហើយ ហេតុអ្វីខ្ញុំត្រូវយកកិត្តិយសរបស់ខ្ញុំមកប្រលូកប្រឡាក់ជាមួយស្រីប្រភេទនេះ? ស្វាមីខ្ញុំគ្រាន់តែវង្វេងមួយពេល ពេលរងើកស្នេហ៍ចាស់ឆេះឡើងមួយឆាវ។ តែពេលដែលវារលត់វាគ្រាន់តែជាផេះផង់មួយ ដែលត្រូវរសាត់ទៅឆ្ងាយពេលមានខ្យល់បក់។

ជ័យជំនះបានមកនៅលើដៃរបស់ខ្ញុំ ពេលដែលខ្ញុំប្រកាន់ចរិតថ្លៃថ្នូរ និងតតាំងជាមួយមនុស្សស្រីម្នាក់នោះដោយកិត្តិយសជាប្រពន្ធ។ ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា និងតស៊ូជាមួយគ្នា ជឿថាគ្មានរឿងអ្វីដែលយើងមិនអាចដោះស្រាយបានទេ។ ខ្ញុំមានសិទ្ធគ្រប់គ្រាន់ ខ្ញុំស្រលាញ់ប្តីរបស់ខ្ញុំ ខ្ញុំប្រាកដជាត្រូវការពារ ហួងហែងនិងព្យាយាមឱ្យអស់ពីសមត្ថភាព ឱបក្រសោបគ្រួសារមួយនេះទុក។ មនុស្សស្រីម្នាក់នោះមានតែដើរចេញទាំងអាម៉ាស់មុខជាទីបំផុត។

ទាំងអស់គ្នាអាចឃើញថា ខ្ញុំល្ងង់ដែលមិនរករឿងពួកគេ តែដោយសារភាពល្ងង់ខ្លៅ និងការតាំងចិត្តខ្លួនឯងឱ្យត្រជាក់ដូចទឹកកកបែបនេះហើយ បានជាខ្ញុំអាចទាញយកការអាណិត និងក្តីស្រលាញ់ពីស្វាមីបាន។ មនុស្សប្រុសបែបនេះហើយ ចង់សាក ចង់ភ្លក់របស់ថ្មីប្លែកៗ តែពេលដែលមានបញ្ហា មានរឿងកើតឡើងមនុស្សប្រុសក៏ចេះប្រៀបធៀបដែរ ថាអ្នកណាជាដុំពេជ្រ អ្នកណាជាដុំថ្មពិតប្រាកដ៕

ប្រភព៖ Khmerload