ថៅកែម្នាក់មានក្រុមហ៊ុនតូចមួយមានបុគ្គលិកប្រហែលជា10នាក់។ ថ្ងៃមួយមានបុគ្គលិកម្នាក់ឈ្មោះ សំណាង បានមកថៅកែនោះសុំខ្ចីលុយចំនួន 1000$ យកទៅមើលម្ដាយឈឺ។ ដោយមានចិត្តធម៌ថៅកែឲ្យខ្ចីភ្លាមទោះជាបុគ្គលិកនោះទើបតែចូលធ្វើការមិនបានយូរប៉ុន្មានក៏ដោយ។

សំណាងសប្បាយចិត្តផង​និងរំភើបផងព្រោះមិននឹកស្មានថាថៅកែខ្លួនយល់ព្រមឲខ្លួនខ្ចីលុយនោះទេ​ ដោយខ្លួនប្រាក់ខែក៏តិច​ ហើយទើបតែចូលធ្វើការថ្មីថ្មោងទៀត។
ថៅកែហៅសំណាងមកយកលុយទាំងយប់។ ពេលមកជួបថៅកែយកលុយ​ សំណាងរលីងរលោងទឹកភ្នែកផងនិយាយទាំងអួលដើមកផងទៅកាន់ថៅកែថា”ខ្ញុំមិនភ្លេចគុណបងទេ​ ខ្ញុំនឹងខំប្រឹងធ្វើការឲក្រុមហ៊ុនមួយនេះរីកចម្រើនខ្លាំង”​ ថៅកែតបវិញថា​ “មិនអីទេ​ យកទៅមើលម្ដាយទៅ​ ហើយបើមានលុយ​ សងបណ្ដើរទៅ​ មិនបាច់បង្ខំពេកទេ។ ហើយមិនបាច់សន្យាអីទេ​ ព្រោះមនុស្សអាចសន្យាគ្រប់យ៉ាងពេលសប្បាយចិត្ត​ ហើយក៏អាចនិយាយអាក្រក់គ្រប់រឿងពេលខឹងដែរ”

ដោយក្ដីដឹងគុណនិងរំជួលចិត្តចំពោះទឹកចិត្តល្អរបស់ថៅកែខ្លួន​ សំណាងនៅតែអះអាងទៀតថា​ “ខ្ញុំនឹងតបស្នងនូវគុណបំណាច់របស់បងនេះវិញនិងស្មោះត្រង់ចំពោះបងជានិច្ច​ ហើយការសន្យានេះមិនមែននៅពេលសប្បាយចិត្តដូចបងថាដែរ​ ការសន្យានេះគឺជាទឹកចិត្តខ្ញុំពិត​ ព្រោះបងល្អណាស់”។

សំណាងបានយកលុយនោះទៅបង់ថ្លៃពេទ្យឲម្ដាយ។ សំណាងបានសុំច្បាប់៣ថ្ងៃ​ តែថៅកែមិនបានកាត់ប្រាក់ខែគាត់ទេ។
ដោយការប្រឹងប្រែង​ សំណាងក៏បានថៅកែឡើងតំណែងធ្វើជាមេក្រុមម្នាក់ហើយក៏តែងតែនាំទៅណាមកណាជាមួយខ្លួនដើម្បីពង្រឹងនិងបណ្ដុះបណ្ដាលបន្ថែម។ ទៅណាមកណាជាមួយគ្នា​ ជិះឡានកាត់ព្រៃទាំងយប់ជាមួយគ្នាក៏មាន។ សំណាងសប្បាយចិត្តនិងមានមោទនភាពណាស់ដែលថៅកែចិត្តល្អដាក់ខ្លួនយ៉ាងនេះហើយតែងតែនិយាយល្អពីថៅកែប្រាប់គេឯង។

ពេលវេលាចេះតែកន្លងផុតទៅ​ ការងាររបស់សំណាងមានការធ្លាក់ចុះមិនដូចមុន​ ទោះជាថៅកែទុកពេលទុកឱកាសអោយសំណាងច្រើនលើកច្រើនសារ ច្រើនខែក្ដី​ ក៏លទ្ធផលការងាររបស់សំណាងមិនបានល្អដែរ​ ដោយដឹងថាសំណាងនៅមានកម្រិត​ ថៅកែក៏ប្ដូរតំណែងសំណាងទៅកាន់ការងារថ្មីវិញ។ សំណាងក៏ខិតខំណាស់ដែរលើការងារថ្មីនោះ​ ប៉ុន្តែការងារនៅតែមិនសូវល្អដូចចង់បានដដែល​ ល្អផង​ ខុសផង។ ក្រោយមកមានការស្នើសុំពីបុគ្គលិកម្នាក់ទៀត​ឈ្មោះ​ សំណព្វ​ ដែលជាមិត្តចាស់របស់សំណាងស្នើរថៅកែថា”ចង់បានសំណាងមកធ្វើការជុំគ្នាវិញដើម្បីពង្រឹងការងារលក់ឡើងវិញ”។ ថៅកែក៏អះអុញមិនហ៊ានហៅសំណាងមកវិញដែរ​ ព្រោះខ្លាចចិត្តសំណាង។ តែដោយសារសំណព្វប្រកែកមិនព្រមហៅសំណាងដោយខ្លួនឯង​ ហើយដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុននិងការរីកចម្រើនរបស់សំណព្វនិងសំណាងខ្លួនឯងផងថៅកែក៏កាត់ចិត្តនិយាយដោយផ្ទាល់តាមសំណើររបស់សំណព្វ​ ទោះជាដឹងមុនថា​សំណាងប្រាកដជាខឹងខ្លួនក៏ដោយ​ ព្រោះសំណព្វសារភាពថាខ្លួនមិនអាចធ្វើបានលទ្ធផលល្អដោយម្នាក់ឯងបានទេ។

ពេលថៅកែនិយាយជាមួយសំណាង​ គាត់សង្កេតឃើញថាដូចគាត់គិតមែន​ ប៉ុន្តែសម្ដីនិយាយចេញមកហើយចង់ត្រឡប់ក្រោយក៏មិនបាន។
រហូតក្រោយមកមួយរយ:​ សំណាងក៏សុំលារឈប់ពីការ។ សំណាងពេលនេះមិនសប្បាយចិត្តជាមួយថៅកែទៀតទេ​ មុនពេលឈប់​និងក្រោយពេលឈប់ សំណាងទៅជួបអ្នកនេះអ្នកនោះរអ៊ូរទាំដាក់គេដាក់ឯងថា”ថៅកែចិត្តមិនបាន​ ស្មានតែចិត្តល្អ​ ការពិតអាត្មានិយមសោះ​ ល្អតែមាត់​ ពេលខ្លួនលក់បានក៏សប្បាយចិត្ត​ ពេលលក់មិនក៏ខឹងស្ដីឲខ្លួន”​ និងនិយាយមិនល្អផ្សេងៗទៀតប្រាប់គេឯង តាំងពីបុគ្គលិកក្នុងក្រុមហ៊ុនថៅកែនោះឡើង។
សំណាងមិនបានងាកមើលថាខ្លួនបានបង្ករការស្មុកស្មាញនិងបំណុលប៉ុន្មានឲក្រុមហ៊ុនទេ​ ប៉ុន្តែសំណាងផ្ទុយទៅវិញបែរជាមានមោទនភាពនឹងការងារថ្មីរបស់ខ្លួនដោយមិនដែលនឹកឃើញសួរនាំឬចូលរួមដោះស្រាយក្នុងនាមទទួលខុសត្រូវសោះ។ ម្យ៉ាងទៀត​ សូម្បីតែខ្លួនឯងនេះមិនទាន់បានសងលុយដែលខ្លួនបានជំពាក់ថៅកែចាស់នោះអស់ផងទេ។

រឿងនិទានរាត្រីដែលមានចំណងជើងថា​ “សន្យាគ្រប់យ៉ាងពេលសប្បាយចិត្ត​ និយាយអាក្រក់គ្រប់រឿងពេលខឹង”នេះចប់ត្រឹមតែប៉ុណ្ណេះ។

គតិគួរពិចារណា៖

“គុណមួយសំពៅ​ ទោសមួយចូលទៅ​ រលាយខ្សុល”

“ផ្លូវឆ្ងាយដឹងកម្លាំងសេះ​ ពេលវេលាយូរដឹងចិត្តមនុស្ស”

“ពេលចង់ស្អប់នរណាម្នាក់​ ឲចេះនឹកឃើញដល់អំពើល្អរបស់គេផង”

“ខ្លួនគ្មានសម្មត្ថភាព​ បែរជាចោទថាគេមិនផ្ដល់ឱកាស​ និងមិនឲតម្លៃលើខ្លួន”

“បើអ្នកបានលូតលាស់នៅថ្ងៃនេះ​ សូមនឹកដល់អ្នកដែលបានដាំ​ ស្រោចទឹកនិងដាក់ជីអ្នកកាលពីមុនផង”

អត្ថបទគួរអាន៖ ចូលធ្វើការតំណាលគ្នា តែថៅកែដំឡើងតំណែងឲ្យតែម្នាក់ ខឹងចិត្តពេកដាក់ពាក្យសុំឈប់ តែ​ថៅកែ​ឲ្យ​ធ្វើ​រឿង​មួយ​ទើប​ភ្ញាក់​ខ្លួន

ក្រោយ​បញ្ចប់​ការ​សិក្សា​ដំណាល​គ្នា បុរស​ពីរ​នាក់​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​លក់​ទំនិញ​តែ​មួយ។ ទាំង​ពីរ​នាក់​សុទ្ធតែ​ប្រឹង​ប្រែង​ធ្វើ​ការ​ដូច​គ្នា ប៉ុន្តែ​ម្នាក់​បែរ​ជា​ឡើង​តំណែង​មុន ធ្វើ​ឲ្យ​ម្នាក់​ទៀត​អន់​ចិត្ត​រហូត​សុំ​លាលែង​ពី​ការងារ។ យ៉ាង​ណា​ក្ដី ប្រធាន​ក្រុមហ៊ុន​មាន​គំនិត​វៃ​ឆ្លាត​មួយ ធ្វើ​ឲ្យ​បុគ្គលិក​ប្ដូរ​ចិត្ត​ពី​សុំ​លា​ឈប់ មក​ធ្វើការ​រៀន​សូត្រ​ពី​ការងារ​វិញ។

បន្ទាប់​ពី​ធ្វើការ​ច្រើន​ឆ្នាំ ប្រធាន​ក្រុមហ៊ុន​បាន​ដំឡើង​តំណែង​បុរស​ឈ្មោះ Jing ជា​ប្រធាន​ផ្នែក​លក់ ចំណែក​បុរស​ឈ្មោះ Chuan នៅ​ត្រឹម​ជា​អ្នក​តំណាង​ដដែល ធ្វើ​ឲ្យ​រូប​គេ​អន់​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ចូល​ធ្វើការ​ដំណាល​គ្នា។ ថ្ងៃ​មួយ Chuan មិន​អាច​ទ្រាំ​ជាមួយ​ស្ថានភាព​នេះ​​បាន ក៏​សម្រេច​ចិត្ត​សុំ​លាលែង​ពី​ការងារ និង​រិះគន់​ប្រធាន​ក្រុមហ៊ុន​ថា​មិន​ផ្ដល់​តម្លៃ​ដល់​បុគ្គលិក​ខំ​ធ្វើការ តែ​បែរ​ជា​ដំឡើង​បុគ្គលិក​ណា​ដែល​ចូល​ចិត្ត​អែប​អប។

ប្រធាន​ក្រុមហ៊ុន​ដឹង​ច្បាស់​ថា Chuan ប្រឹង​ធ្វើការ​អស់​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដើម្បី​ឲ្យ​គេ​ដឹង​ថា​សមត្ថភាព​ខុស​គ្នា​ជាមួយ Jing យ៉ាង​ណា លោក​បាន​ប្រាប់​ឲ្យ Chuan ធ្វើ​កិច្ចការ​មួយ​ចំនួន​មុន​ចាក​ចេញ។ ប្រធាន​ក្រុមហ៊ុន​បាន​ប្រាប់​ឲ្យ Chuan ទៅ​រក​អ្នក​លក់​ឪឡឹក​នៅ​ផ្សារ។ បន្តិច​ក្រោយ​មក Chuan បាន​ត្រលប់​មក​វិញ និង​ប្រាប់​ថា​មាន។

ប្រធាន​ក្រុមហ៊ុន​បាន​សួរ​បន្ត​ទៀត​ថា តើ​មួយ​គីឡូក្រាម​តម្លៃ​ប៉ុន្មាន? Chuan បាន​ទៅ​ផ្សារ​ម្ដង​ទៀត​ដើម្បី​សាកសួរ និង​ប្រាប់​ទៅ​ប្រធាន​ក្រុមហ៊ុន​ថា​មួយ​គីឡូក្រាម​តម្លៃ ១២​ដុល្លារ។ ក្រោយ​មក ប្រធាន​ក្រុមហ៊ុន​បាន​ប្រាប់​ថា លោក​នឹង​ប្រាប់​ឲ្យ Jing ទៅ​រក​អ្នក​លក់​ឪឡឹក​នៅ​ផ្សារ​ដូច​គ្នា។

Jing បាន​ទៅ​តែ​ម្ដង​គត់ និង​ត្រលប់​មក​វិញ​ជាមួយ​ដំណឹង​ថា មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​លក់​ឪឡឹក។ ឪឡឹក​មួយ​គីឡូក្រាម​តម្លៃ ១២​ដុល្លារ បើ​ទិញ ១០​គីឡូក្រាម តម្លៃ ១០០​ដុល្លារ។ អ្នក​លក់​នៅ​សល់​ឪឡឹក ៣៤០​ផ្លែ ដែល​ទើប​ទិញ​មក​ពីរ​ថ្ងៃ​មុន។ ឪឡឹក​ទាំង​អស់​សុទ្ធតែ​ស្រស់ សាច់​ក្រហម និង​មាន​គុណភាព​ល្អ។ ​​

Chuan មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ចំពោះ Jing យ៉ាង​ខ្លាំង ព្រម​ទាំង​​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ខ្លួន​ឯង និង​​មិត្ត​រួម​ការងារ។ ដោយសារ​បែប​នេះ​ហើយ ទើប Chuan សម្រេច​ចិត្ត​ឈប់​លាលែង​ពី​ការងារ និង​ព្យាយាម​រៀន​សូត្រ​ពី Jing។

តម្លៃ​អប់​រំ៖ អត្ថន័យ​នៅ​ក្នុង​សាច់​រឿង​ចង់​បង្ហាញ​ថា ចំណេះ​អាច​មាន​ដូច​គ្នា ការ​ព្យាយាម​អាច​មាន​ដូច​គ្នា ​តែ​ការ​ច្នៃ​ប្រឌិត​​ និង​ភាព​ឆ្លាត​វៃ​អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ។ បុគ្គល​ជោគ​ជ័យ​សម្លឹង​ឃើញ​ច្រើន​ឆ្នាំ​ទៅ​មុខ ខណៈ​បុគ្គល​បរាជ័យ​គិត​ទុក​ត្រឹម​ថ្ងៃ​ស្អែក។ ១​ឆ្នាំ និង ១​ថ្ងៃ ខុស​គ្នា ៣៦៥​ដង… បើ​អ្នក​សម្លឹង​ត្រឹម​មួយ​ថ្ងៃ ឯ​គេ​ដឹង​ដល់​មួយ​ឆ្នាំ ធ្វើ​ម៉េច​អាច​ឈ្នះ​គេ​កើត?