ថ្ងៃមួយ ពួកយើងបានឈ្លោះគ្នា ខ្ញុំបានខឹងគាត់ដោយសារតែគាត់ដើរលេងជាមួយមិត្តភ័ក្រ ហើយទុកខ្ញុំចោល ខ្ញុំមានផ្ទៃពោះជិតសម្រាលកូនទៅហើយ គាត់នៅទៅដើរលេង ផឹកសីុ KTV ជាមួយមិត្តភ័ក្រគាត់ទៀត ពេលត្រឡប់មកផ្ទះវិញស្រវឹងជោគខ្លួន ហើយថែមទាំងចំណាយប្រាក់កាសឱ្យស្រីកំដរគាត់ច្រៀងនោះអស់មួយចំនួនទៀត។

ពួកយើងបានប្រកែកគ្នាយ៉ាងខ្លាំងៗ គាត់បាននិយាយថា “ជីវិតអាពាហ៍ពិពាហ៍គ្មានអីអស្ចារ្យទេ គ្រាន់តែជាខ្សែចងរឹតសេរីភាពគាត់តែប៉ុណ្ណោះ” ខ្ញុំបានត្រឹមតែយំ គាត់ក៏ស្រែកឱ្យខ្ញុំទៀតថា “បើគិតថានៅជាមួយគ្នា ចេះតែឈ្លោះ ចេះតែយំ ហើយមិនសប្បាយចិត្តរៀងៗខ្លួន អញ្ចឹងលែងគ្នាចុះ កុំឱ្យថាខ្ញុំយកអ្នកឯងមកធ្វើបាប”។

ហើយគាត់និយាយទៀតថា “ដឹងថាហេតុអី ប្រុសៗចូលចិត្ត ក្បត់ចិត្តប្រពន្ធទេ ដឹងថាហេតុអីប្រុសៗទៅរកស្រីៗខាងក្រៅទេ ព្រោះប្រពន្ធរស់នៅជាមួយយូរៗទៅ គួរឱ្យធុញទ្រាន់ ហើយស្រីៗនៅខាងក្រៅទាំងនោះ ពួកនាងចេះលួងលោម ចេះថ្នាក់ថ្នមចិត្តកាយ ឱ្យគេសប្បាយចិត្ត ចំណាយលុយលើពួកនាងបន្តិចបន្តួចគ្មានអីត្រូវស្តាយទេ” ហើយប្តីខ្ញុំនិយាយថា “ពួកនាងៗទាំងនោះ សុទ្ធតែមានបន្ទុកក្នុងគ្រួសារ ឪពុកម្តាយក្រីក្រ ទើបនាងជ្រើសរើសធ្វើបែបនេះ ជីវិតដែលគួរឱ្យអានិត ម៉េចក៏ប្រពន្ធគ្រប់រូបសុទ្ធតែចិត្តចង្អៀតបែបនេះ? គ្មានប្តីណាចង់រស់នៅជាមួយប្រពន្ធមានចិត្តចង្អៀតបែបនេះទេ”។

សួរថាតើសម្តីទាំងនោះគួរតែបានឮចេញពីមាត់ប្តីរបស់យើងដែរទេ? ហេតុអីអ្នកដែលស្រែកដាក់យើងជាមនុស្សប្រុស ដែលពីមុនធ្លាប់តាមស្រលាញ់យើង ធ្លាប់សន្យាជាមួយយើងថានឹងធ្វើល្អជាមួយយើង ស្រលាញ់គ្នាអស់មួយជីវិតទៅវិញ?

ពេលគាត់និយាយថា យើងបិទសិទ្ធសេរីភាពរបស់គាត់ គឺគាត់មិនដែលយល់ទេថា តើនៅពេលយើងក្លាយជាប្រពន្ធនណារម្នាក់ តើយើងអាចទៅរកមិត្តភ័ក្រដើរលេង ផឹកសីុ មើលកុន ជាមួយមិត្តភ័ក្រចោលផ្ទះ ចោលប្តីទេ? អត់ទេ មិនអាចទេ តែប្រពន្ធក៏ចេះអផ្សុក ចេះធុញ ចេះហត់ដែរ ឬ មួយគ្រាន់តែចង់ឱ្យប្តីនៅកំដរប្រពន្ធជជែកគ្នាលេង នាំប្រពន្ធទៅកំសាន្ត ឬ ញាុំអីនៅខាងក្រៅ ប៉ុណ្ណឹងគឺជាការបិទសិទ្ធសេរីភាពឬ?

ពេលប្រពន្ធពរពោះ ចាញ់កូនតាំងពីខែទី១រហូតដល់ថ្ងៃកើត តើប្រុសៗយល់ថា រឿងនេះវាធម្មតាៗមែនទេ? ថ្វីត្បិតតែវាជាធម្មជាតិ តែមនុស្សស្រីជាប្រពន្ធគ្រប់រូប ប្រើកម្លាំងតស៑ូខ្លាំងបំផុតរហូតដល់ថ្ងៃកើត សួរថាដើម្បីអី? មានន័យអី?

គ្មានអីទាំងអស់ ជីវិតមួយនេះគឺសម្រាប់បូជាចំពោះប្តី ដើម្បីកូនរបស់ប្តី តែប៉ុណ្ណឹងឯង ដូច្នេះតើការមើលថែរក្សាប្រពន្ធដែលពរពោះនេះ ជាបន្ទុកធ្ងន់ឬ?

គាត់និយាយថា ស្រីៗនៅខាងក្រៅគួរឱ្យអាណិត ពួកគេគ្មានជម្រើសទើបគេធ្វើបែបនេះ? បើពិនិត្យឱ្យដិតដល់ទៅ ពួកនាងកំដរគេផឹកស្រា១កែវ ២កែវ ក៏អាចរកចំណូលបាន ហើយថែមទាំងត្រូវបានប្រុសៗលួងលោម ឱ្យរឹត តែប្រពន្ធនៅផ្ទះ លាងចាន លាងឆ្នាំង បោសផ្ទះ អ៑ុតខោអាវ ដាំបាយធ្វើម្ហូប សួរថាឯណារប្រាក់ឈ្នួល? ១ថ្ងៃៗ មិនហ៑ានសីុ មិនហ៑ានចាយ មិនថាលុយប្តីឱ្យ ឬ លុយរកបានដោយខ្លួនឯងទេ គឺខំសន្សំដើម្បីកូន ដើម្បីគ្រួសារ តើនេះមិនគួរឱ្យអាណិតទេឬ?

ពេលឈ្លោះគ្នាម្តងៗ ខ្ញុំតែងតែតាំងចិត្តថា ត្រូវតែលែងលះគ្នាហើយ ខ្ញុំមិនអាចរស់នៅជាមួយមនុស្សដែលបំផ្លាញទឹកចិត្តខ្ញុំរាល់ថ្ងៃបែបនេះទេ តែនៅពេលដែលគាត់ថើបខ្ញុំ និយាយសុំទោសខ្ញុំ ចិត្តរបស់ខ្ញុំទន់ដូចតៅហ៑ូ ខ្ញុំចង់នៅក្បែរគាត់បែបនេះរហូត។ ចំនុចនេះហើយ ដែលប្តីជាច្រើនតែងតែយកទុកក្នុងចិត្តថា ពេលប្រពន្ធខឹង លួងលោមតិចតួចគឺបាត់ហើយ ដូច្នេះហើយទើបចេះតែមានកំហុសដដែលៗ កើតឡើងម្តងហើយ ម្តងទៀត រហូតអស់មួយជីវិត ឬ អ្នកខ្លះរហូតដល់ពេលដែលដាច់ចិត្តបែកគ្នាមែនទែន!

អត្ថបទគួរអាន៖ ឈ្លោះគ្នាចង់លែងលះជាមួយប្រពន្ធ តែដឹងខ្លួនខុសក៏ខលទៅសុំទោស តែបែរជាពេទ្យអ្នកលើកទូរស័ព្ទហើយប្រាប់ថា…

ស្វាមី​ភរិយា​មួយ​គូ សម្រេច​ចិត្ត​លែងលះ​គ្នា​ដោយ​ហេតុផល​ការ​គិត​មិន​ចុះ​សម្រុង​នឹង​គ្នា។ បើ​​កុំ​តែ​យល់​ពី​អារម្មណ៍​កូន ពួក​គេ​ប្រហែល​លែងលះ​គ្នា​យូរ​ហើយ តែ​ឥលូវ​នេះ​កូន​របស់​ពួក​គេ​ធំ​ល្មម​នឹង​អាច​ទទួល​ស្គាល់​ការ​ពិត​បាន ដូច្នេះ​ទើប​ពួក​គេ​​ឯកភាព​គ្នា​ទៅ​លែងលះ​នៅ​សាលា​ស្រុក។ ក្រោយ​លែង​លះ​គ្នា​​ចប់​សព្វ​គ្រប់ ខាង​ប្ដី​ក៏​ពោល៖

“ទៅ​ញ៉ាំ​បាយ​ជាមួយ​គ្នា​មួយ​ពេល​ទៅ”

ខាង​ស្រី​ក៏​​គិត​ថា ​យ៉ាង​ណា​ៗ​បាន​ជា​លែង​គ្នា​ទៅ​ហើយ ទៅ​ញ៉ាំ​បាយ​ជាមួយ​គ្នា​មួយ​ពេល​ក៏​មិន​អី​ដែរ។

កុម្ម៉ង់​អាហារ​រួច​រាល់​មួយ​សន្ទុះ អ្នក​លើក​ម្ហូប​ក៏​លើក​មុខ​ម្ហូប ត្រី​ឆា​ជូរ​អែម​មក រួច​ហើយ​ខាង​ប្ដី​ក៏​ដួស​សាច់​ត្រី​ឲ្យ​ប្រពន្ធ។ “ញ៉ាំ​ទៅ ខ្ញុំ​ដឹង​ ម៉ាក់​ចូល​ចិត្ត​ត្រី”

ខាង​ស្រី​ក៏​បើក​ភ្នែក​ធំ​ៗ​ដាក់​ប្ដី​ហើយ​និយាយ​ឡើង​ថា៖

“បង​ឯង​តែ​អីចឹង ចូល​ចិត្ត​គិត​ខ្លួន​ឯង ថា​ខ្លួន​ឯង យក​​តែ​ចិត្ត​ខ្លួន​ឯង​ជា​ធំ មាន​ធ្លាប់​គិត​ពី​អារម្មណ៍​អ្នក​ដទៃ​​ខ្លះ​អត់? រៀបការ​ជាមួយ​គ្នា​យូរ​ហើយ បង​មិន​ដែល​ដឹង​អី​បន្តិច​សោះ​ថា​ម្ហូប​ដែល​ខ្ញុំ​ស្អប់​បំផុត​គឺ​ត្រី!”

ខាង​ប្រុស​ឮ​បែប​នេះ​ក៏​ក្ដៅ​ឆេវ​ភ្លាម

“អូន​ក៏​មិន​ដែល​យល់​ពី​បង​បន្តិច​ដែរ បង​ខំ​យក​ចិត្ត​​អូន​គ្រប់​យ៉ាង ​ឲ្យ​អូន​ដឹង​ថា​បង​ស្រឡាញ់​អូន​ប៉ុណ្ណា បង​ខំ​ផ្ដល់​របស់​​ល្អ​បំផុត​ឲ្យ​អូន ​ដឹង​អត់ ម្ហូប​ដែល​បង​ចូល​ចិត្ត​បំផុត​ក្នុង​ជីវិត​នេះ​គឺ​ត្រី​ជូរ​អែម!”

ក្រោយ​ញ៉ាំ​បាយ​រួច ដោយ​សារ​ការ​ខ្លាច​​មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត ទាំង​ពីរ​នាក់​ក៏​សម្រេច​​ថា​មិន​ទាក់ទង​គ្នា​រយៈ​ពេល​​មួយ​ខែ។

​​ក្រោយ​ទៅ​ដល់​ផ្ទះ​រៀង​ខ្លួន​​​មិន​ដល់​ ១៥​នាទី ទូរសព្ទ​របស់​ខាង​ប្រុស​​ក៏​រោទ៍​ឡើង ដោយ​ជា​លេខ​របស់​ប្រពន្ធ។ គេ​ស្ទាក់ស្ទើរ​មិន​ដឹង​ថា​គួរ​លើក​ឬ​ក៏​អត់? តែ​ទី​បំផុត​គេ​ក៏​សម្រេច​ចិត្ត​ថា​មិន​លើក។

យប់​នោះ ​ខាង​ប្ដី​គេង​រសាប់រសល់ ហាក់​ដូច​មាន​ភ្លើង​​មួយ​ដុំ​ធំ​កំពុង​ឆាប​ឆេះ​ក្នុង​ចិត្ត​របស់​គេ។ គេ​ងើប​អង្គុយ​មួយ​សន្ទុះ​ធំ ហើយ​ក៏​សម្រេច​ចិត្ត​ចុច​ទូរសព្ទ​ទៅ​ប្រពន្ធ​វិញ​ដើម្បី​សារភាព​ការ​ពិត​ថា​គេ​នៅ​តែ​ស្រឡាញ់​នាង ហើយ​ក្នុង​ជីវិត​នេះ​គេ​មិន​អាច​រស់​ខ្វះ​នាង​បាន​ឡើយ។ ពេល​ទូរសព្ទ​​ទៅ ចូល​ហើយ​ក៏​គ្មាន​អ្នក​លើក។ គេ​​ក៏​ព្យាយាម​តេ​ទៅ​ម្ដង​ហើយ​ម្ដង​ទៀត ជា​ច្រើន​ដង ទី​បំផុត​ក៏​មាន​អ្នក​ទទួល។

“ហាឡូ​ជម្រាប​សួរ” សំឡេង​បុរស​​ចម្លែក​ម្នាក់​ដែល​គេ​មិន​ធ្លាប់​ឮ​​បាន​និយាយ គេ​មាន​អារម្មណ៍​ថា​ខឹង​ភ្លាម ដោយ​គិត​ថា នេះ​មិន​ទាន់​បាន​មួយ​យប់​ស្រួលបួល​ផង​នាង​មាន​អ្នក​ថ្មី​ហើយ? គេ​ប្រុង​នឹង​ដាក់​​ទូរសព្ទ​ចុះ សំឡេង​បុរស​ម្នាក់​នោះ​ក៏​និយាយ​ឮ​ៗ​បន្ត៖

“ប​ង​ជា​​ប្ដី​​​គាត់​មែន? ​ឃើញ​គាត់ Save លេខ​ដាក់​ឈ្មោះ​ថា ‘ប៉ា​របស់​កូន’”

“ហ្នឹង​ហើយ ខ្ញុំ​ជា​ប្ដី​របស់​នាង” គេ​ឆ្លើយ​តប​ដោយ​សម្ដី​គំរោះ​គំរើយ​មិន​ពេញ​ចិត្ត “លោក​ប្រញាប់​មក​មន្ទីរ​ពេទ្យ​ឲ្យ​លឿន​មក បង​ស្រី​​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​នេះ​អាការ​ធ្ងន់ធ្ងរ​ណាស់ លោក​គ្រូ​ពេទ្យ​កំពុង​ព្យាយាម​ជួយ​គាត់”

គេ​មាន​អារម្មណ៍​តក់​ស្លុត​ខ្លាំង ហើយ​ក៏​ប្រញាប់​បើក​រថយន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ។

​ល្ងាច​​នោះ នៅ​ពេល​គេ​និង​នាង​បែក​​គ្នា​ ដោយ​សារ​ខូច​ចិត្ត​ខ្លាំង នាង​ក៏​ដើរ​ឆ្លង​ផ្លូវ​ទាំង​អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន​រហូត​ត្រូវ​រថយន្ត​បុក។ មុន​នាង​សន្លប់​បាត់​ស្មារតី នាង​បាន​ទាញ​ទូរសព្ទ​​ខល​ទៅ​រក​ប្ដី​ ប៉ុន្តែ​គេ​មិន​ទទួល​ទូរសព្ទ​របស់​នាង​ឡើយ។ “លោក​គ្រូ​ពេទ្យ ប្រពន្ធ​ខ្ញុំ​យ៉ាង​ម៉េច​ហើយ លោក​គ្រូ​ពេទ្យ​សុំ​ជួយ​ជីវិត​ប្រពន្ធ​ខ្ញុំ​ផង ខ្ញុំ​សុំ​អង្វរ” និយាយ​រួច​គេ​ក៏​លុត​ជង្គង់​ក្រាប​ដល់​ជើង​គ្រូ​ពេទ្យ។

លោក​គ្រូ​ពេទ្យ​លើក​ខ្លួន​គេ​ឡើង​មក​វិញ​ហើយ​និយាយ​ថា៖

“ពួក​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ ប៉ុន្តែ​ខួរ​ក្បាល​របស់​នាង​រង​ប៉ះ​ទង្គិច​ខ្លាំង​ណាស់ បើ​សិន​នាង​ដឹង​ខ្លួន​វិញ​ក៏​ត្រូវ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​ដែរ ដូច្នេះ​ហើយ​សូម​លោក​ត្រៀម​ចិត្ត​ទុក​ផង”

ក្រោយ​មក​គេ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បន្ទប់​វះ​កាត់ ដោយ​នៅ​ខណៈ​នោះ​លោក​គ្រូ​ពេទ្យ និង​គិលានុបដ្ឋាក​មួយ​ក្រុម​ក៏​ដើរ​ចេញ​មក ហើយ​ប្រាប់​ថា៖

“ពួក​​ខ្ញុំ​​ចូល​រួម​សោកស្ដាយ​​ផង ពួក​ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ។ ប្រពន្ធ​របស់​លោក​អាច​មាន​ជីវិត​ត្រឹម​តែ​យប់​នេះ​ប៉ុណ្ណោះ លោក​ចូល​ទៅ​មើល​នាង​ទៅ ប៉ុន្តែ​ពេល​នេះ​នាង​និយាយ​អ្វី​លែង​បាន​ហើយ”

គេ​ក៏​ដើរ​​ចូល​បន្ទប់​វះកាត់​​ទាំង​ខ្លួន​ត្រជាក់​ស្រេង សូម្បី​ម៉ាស៊ីន​ត្រជាក់​ក្នុង​បន្ទប់​ពេទ្យ​ក៏​នៅ​ត្រជាក់​មិន​ដល់​ក្នុង​ចិត្ត​របស់​គេ​នៅ​ពេល​នេះ​ឡើយ។

នៅ​លើ​គ្រែ សភាព​របស់​ប្រពន្ធ​​គេ​ហាក់​មើល​លែង​យល់​ថា​ជា​នរណា ព្រោះ​មាន​ក្រណាត់​រុំ​ពេញ​ក្បាល សល់​តែ​រង្វង់​មុខ​ដែល​ហើម​ធំ។

“មនុស្ស​ល្អ​របស់​ប៉ា កុំ​កើត​អី​ណា!” និយាយ​មិន​ទាន់​ចប់ ទឹក​ភ្នែក​គេ​ក៏​ធ្លាយ​ចេញ​មក​ដូច​ភ្លៀង។

គេ​ចាប់​ដៃ​ប្រពន្ធ​ជាប់​ណែន ក្រឡេក​មើល​ផ្ទៃ​មុខ​របស់​នាង នៅ​ពេល​នេះ​ភ្នែក​ទាំង​គូ​របស់​នាង​ក៏​មាន​ហូរ​ទឹក​ភ្នែក​ជោក​​ថ្ពាល់ ហើយ​ហាក់​ដូច​នាង​កំពុង​ព្យាយាម​ហើប​មាត់​និយាយ​ជាមួយ​គេ។

គេ​ផ្អៀង​ត្រចៀក​​ដាក់​ជិត​មាត់​របស់​ភរិយា

“អូន​… តេ​ទៅ​បង ព្រោះ​ចង់… ប្រាប់​បង​ថា ក្នុង​ទូរ​ទឹក​កក មាន​​… មាន… គាវ​… បង​អាច​យក​មក​កម្ដៅ​ហូប​… ពេល​ល្ងាច ហើយ​​ចង់​ប្រាប់​បង​ថា អូន… ចូល​ចិត្ត​មី​ស្រុះ​ដែល​បង​ធ្វើ ហើយ… អូន​ស្រឡាញ់​បង​ខ្លាំង​ណាស់…”

និយាយ​មិន​ទាន់​ចប់​សេចក្ដី មាត់​របស់​នាង​ក៏​គាំង មិន​អាច​ស្រូប​ខ្យល់​ដង្ហើម​ចេញ​ចូល​ទៀត​បាន។ គេ​យំ​ស្រែក​ដូច​មនុស្ស​ឡប់​សតិ ដោយ​ឱប​រាង​កាយ​ប្រពន្ធ​យ៉ាង​ណែន។

មី​ស្រុះ​ដែល​នាង​ចូល​ចិត្ត​ញ៉ាំ គេ​ធ្លាប់​ធ្វើ​តែ​ម្ដង​គត់​គឺ​នៅ​ពេល​នាង​ឈឺ ហើយ​គេ​ក៏​គិត​ថា​ជា​មី​ដែល​ពិបាក​ញ៉ាំ​បំផុត​ក្នុង​ជីវិត​របស់​គេ!

ជីវិត​របស់​មនុស្ស​យើង​ស្ដួចស្ដើង និង​ខ្លី​ណាស់ ខ្លី​រហូត​ពេល​ខ្លះ យើង​គ្មាន​សិទ្ធិ​សូម្បី​តែ​និយាយ​​ពាក្យ​ថា​ស្រឡាញ់​​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​យើង​បាន​ឮ។ ខ្លី​​ព្រោះ​អ្វី? ស្ដួច​ស្ដើង​ព្រោះ​អ្វី? ព្រោះ​ចង់​ឈ្នះ​មែន​ទេ? ព្រោះ​ទោសៈ​មែន​ទេ? ព្រោះ​អារម្មណ៍​ឆេវឆាវ​មែន​ទេ? ហេតុអ្វី​មិន​កាត់​បន្ថយ​​ខ្លះ​ទៅ​ចរិត​ចង់​ឈ្នះ​​នោះ? ហេតុ​អ្វី​មិន​បើក​ចិត្ត​ទូលាយ​ចំពោះ​គ្នា? ហេតុ​អ្វី​មិន​ព្យាយាម​យល់​ពី​គ្នា? ហេតុ​អ្វី​និយាយ​គ្នា​ដោយ​ហេតុផល​ត្រឹមត្រូវ? “សូម​កុំ​ចាំ​ដល់​ឃើញ​ក្ដារមឈូស ទើប​ហ៊ាន​និយាយ​ថា​ស្រឡាញ់​មនុស្ស​ក្នុង​គ្រួសារ” ៕