មានក្មេងប្រុសម្នាក់ចូលចិត្តអានសៀវភៅខ្លាំងណាស់។ គាត់ចូលចិត្តអានអ្វីទាំងអស់ដែលគាត់មាន, ចូលចិត្តទៅតូបលក់សៀវភៅមួយ ហើយរកសៀវភៅណាដែលគាត់ចាប់អារម្មណ៍តាមចំណងជើងថ្មីៗ។ ថ្ងៃមួយ, ក្មេងប្រុសនោះដឹងថាគាត់បានទិញអានសៀវភៅទាំងអស់ក្នុងតូបនេះហើយ។ គាត់ទៅសួរអ្មកលក់ថាមានអីដែលគាត់ត្រូវទិញទៀតអត់។

ម្ចាស់តូបមើលមុខគាត់យ៉ាងមាំហើយតប, «បាទ…ខ្ញុំមាន!»

គាត់ជំទើតយកសៀវភៅចំណាស់មួយពីលើទូ។ បោសធូលីពីក្របរួច, គាត់បង្ហាញទៅក្មេងប្រុសនោះ។ ក្របសៀវភៅមានរូបក្រវេមក្រវ៉ាម និងមានចំណងជើងពីលើថា “សៀវភៅមរណៈ”។ អ្នកលក់ប្រាប់ថាវាជាសៀវភៅដ៏កម្រមានបំផុត។

«តម្លៃប៉ុន្មាន?» ក្មេងប្រុសសួរយ៉ាងហំហាន។

អ្នកលក់ប្រាប់ថាសៀវភៅកម្រនឹងមាននេះមានតម្លៃ$2000, តែគាត់រីករាយនឹងលក់ជូនក្មេងប្រុសនេះក្នុងតម្លៃបញ្ចុះត្រឹម $199។

ក្មេងប្រុសងក់ក្បាលហើយហើយសន្សំលុយជាច្រើនសប្ដាហ៍រហូតដល់មានលុយគ្រប់គ្រាន់ដើម្បីទិញសៀវភៅនោះ។ គាត់រត់ទៅតូបសៀវភៅហើយហុចលុយឱ្យអ្នកលក់។ អ្នកលក់ហុចសៀវភៅកម្រនោះឱ្យក្មេងប្រុសដ៏រំភើបនោះ។ តែ, ពេលក្មេងប្រុសនោះប្រុងនឹងយកសៀវភៅទិញថ្មីនោះចេញពីតូប, អ្នកលក់បានហាមថាមិនឱ្យអានទំព័រដំបូងជាដាច់ខាត ព្រោះអាចនឹងគាំងបេះដូងស្លាប់។

ក្មេងប្រុសនោះមកដល់ផ្ទះហើយបើកសៀវភៅនោះ។ គាត់ប្រាកដច្បាស់ថាបានរំលងទំព័រដំបូងហើយពេលបិទសៀវភៅវិញគាត់បិទភ្នែកទាំងពីរ ខ្លាចឃើញទំព័រមុខជាយថាហេតុ។ គាត់ចំណាយពេលល្ងាចៗដើម្បីអាន។ សៀវភៅនៅពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ហើយគាត់មិនស្ដាយលុយដែលទិញវាមកទេ។ ទោះជាយ៉ាងណា, ច្រើនថ្ងៃកន្លងទៅក៏ដោយ គាត់នៅតែឆ្ងល់ថាមានអាថ៌កំបាំងអីនៅទំព័រមុខនោះ? វាតែងដិតក្នុងចិត្តគាត់ជានិច្ច។

ថ្ងៃមួយ, ការចង់ដឹងបានកញ្ជោលចិត្តក្មេងប្រុសនោះ។ គាត់សម្រេចចិត្តបើកទំព័រមុខបង្អស់ហើយអានទំព័រនោះ។ រំពេជនោះ, គាត់ទម្លាក់សៀវភៅចេញពីដៃដោយតក់ស្លុត។

នៅលើទំព័រនោះ មានឃ្លាដិតខ្មៅមួយប្រយោគដាក់ថា “តម្លៃសៀវភៅ : $1.99”៕

អត្ថបទគួរអាន៖ នារីអនាថារអ៊ូពីជីវិតកម្សត់ប្រាប់សេដ្ឋី មានអីសេដ្ឋីដាក់ឲ្យមួយឃ្លាមានតម្លៃជាងមាសទៅទៀត

នារីអនាថាម្នាក់ដើរបណ្ដើររអ៊ូបណ្ដើរ
“ពុកម៉ែមិនដែលឲ្យអីខ្ញុំទេ ជីវិតស្អីក៏គ្មាន ផ្ទះក៏គ្មាននៅ បាយក៏គ្មានហូប ការងារក៏គ្មានធ្វើ ហេតុអីបានខ្ញុំកើតមកសំណាងអាក្រក់ខុសគេម្ល៉េះ?”

សេដ្ឋី៖ “ឥលូវអីចេះចុះ លក់ដៃឲ្យខ្ញុំ ខ្ញុំឲ្យម្ខាង ២០លាន”
ជនអនាថា៖ “ឆ្កួតទេហ្អី មានលុយហើយអត់មានដៃ ទៅធ្វើអីកើត?”

សេដ្ឋី៖ “ជើងក៏បាន ខ្ញុំឲ្យដូចគ្នា ម្ខាង ២០លាន”

ជនអនាថា៖ “កាន់តែឆ្កួតហើយលោក មានលុយហើយអត់មានជើង ចង់ទៅណាមកណាម៉េចនឹងកើត?”

សេដ្ឋី៖ “កែវភ្នែកក៏បាន ខ្ញុំឲ្យម្ខាង ២០លានដូចគ្នា”

ជនអនាថា៖ “អ្ហើយ ស្អីក៏មិនលក់ដែរ អវយវៈជាប់ខ្លួនបើខ្វះខាតណាមួយទៅឲ្យរស់នៅយ៉ាងម៉េច”

សេដ្ឋី៖ “ស្អីក៏មិនលក់ៗ ហើយឯងមកនិយាយថាម៉ែឪមិនដែលឲ្យអី? បើឯងលក់គ្រប់យ៉ាងជាប់ខ្លួនរបស់ឯងនេះ គឺបានរាប់រយលាន។ អ្នកខ្លះគេមានតិចជាងឯងទៅទៀត តែខ្លួនឯងនេះហើយដែលមិនចេះយករបស់ដែលខ្លួនមាន មកប្រើជាប្រយោជន៍ មានដៃមិនចេះធ្វើការ មានជើងមិនចេះឈានទៅមុខ មានខួរក្បាលមិនចេះគិត។ ជីវិតឯងគ្មានអ្វីសោះក៏ដោយសារឯងខ្លួនឯង កុំទៅបន្ទោសឪពុកម្ដាយ ចង់បន្ទោសគឺត្រូវបន្ទោសខ្លួនឯង!”