ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ​​ យើង​ប្រាកដ​មិន​អាច​បដិសេធ​ឡើយ​ថា មាន​មនុស្ស​ច្រើន​ប្រភេទពិត​មែន ដែល​អ្នក​ខ្លះ​​ក៏​មាន​ចរិត​ពិបាក​ ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​ចង់​រាប់​រក ហើយ​ជា​ញឹកញាប់​ពួក​គេ​ក៏​មិន​បាន​ដឹង​ខ្លួន​ថា​ចរិត​របស់​ខ្លួន​ធ្វើ​ឲ្យ​​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ត្រូវ​នឿយ​ណាយ។ ដូច្នេះ​ហើយ​ទើប​គេ​ឧស្សាហ៍​ឮ​គេ​និយាយ​ថា “មនុស្ស​ល្ងង់​ចូល​ចិត្ត​អួត​ថា​ខ្លួន​ឆ្លាត”។ ផ្អែក​តាម​ការ​សិក្សា គេ​បាន​រក​ឃើញ​ថា “មនុស្ស​ល្ងង់” ច្រើន​មាន​ចរិត​ខុស​គ្នា​ពី “មនុស្ស​ឆ្លាត” ចំនួន ៥​យ៉ាង​នេះ៖

១. មនុស្ស​ល្ងង់​ចូល​ចិត្ត​ទម្លាក់​កំហុស​ខ្លួន​ឯង​ឲ្យ​អ្នក​ដទៃ

មនុស្ស​ល្ងង់​មិន​ចូល​ចិត្ត​ទទួល​ខុស​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ហើយ​តែង​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ។ ការ​សិក្សា​លើ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​​​របស់​សាស្ត្រាចារ្យ Jason S. Moser ​នៃ​សាកលវិទ្យាល័យ Michigan State ​បាន​បង្ហាញ​ថា ខួរ​ក្បាល​របស់​មនុស្ស​​ឆ្លាត​​មាន​ប្រតិកម្ម​ខុស​ពី​មនុស្ស​ល្ងង់​ត្រង់​នៅ​ពេល​ដែល​មាន​កំហុស​ឆ្គង​កើត​ឡើង ដោយ​ពួក​គេ​ដឹង​ខ្លួន​ថា​កំហុស​ឆ្គង​គ្រប់​យ៉ាង​គឺ​ជា​មេរៀន​ដែល​បង្រៀន​គេ​កុំ​ឲ្យ​ធ្វើ​ខុស​ម្ដង​ទៀត។

២. មនុស្ស​ល្ងង់​តែង​គិត​ថា​ខ្លួន​ឯង​​ត្រូវ​ជានិច្ច

នៅ​ក្នុង​​ស្ថានភាព​ដែល​មាន​ការ​ឈ្លោះ​ប្រកែក មនុស្ស​ល្ងង់​នឹង​ប្រកែក​យក​ស្លាប់​រស់​ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​ឈ្នះ ហើយ​ស្ទើរ​តែ​មិន​ចាប់​អារម្មណ៍​ថា​​ក្នុង​ចំណោម​អ្នក​កំពុង​និយាយ​ជាមួយ​នោះ​មាន​មនុស្ស​​ឆ្លាត​ជាង​ខ្លួន​ឬ​ក៏​អត់ ខណៈ​ដែល​មនុស្ស​ឆ្លាត​គេ​នឹង​យល់ ព្រម​ទាំង​ព្រម​ទទួល​យក​ការ​គិត​​​​​របស់​អ្នក​ដទៃ​ដែល​ខុស​ប្លែក​ពី​គំនិត​ខ្លួន​ឯង។ មនុស្ស​ឆ្លាត​តែង​តាំង​ចិត្ត​ស្ដាប់ និង​ពិចារណា​រឿង​ទាំង​មូល មុន​​ធ្វើ​ការ​សម្រេច​ចិត្ត ឬ​និយាយ​អ្វី​មួយ

៣. មនុស្ស​ល្ងង់​តែង​បង្ហាញ​កំហឹង​​ឆេវឆាវ​ដើម្បី​បិទបាំង​ចំណុច​មិន​ល្អ​ខ្លួន​ឯង

នៅ​ពេល​មនុស្ស​ល្ងង់​មាន​អារម្មណ៍​ថា​អ្វី​ៗ​មិន​បាន​ដូច​​អ្វី​ដែល​ខ្លួន​គិត ឬ​ចាប់​ផ្ដើម​គ្រប់គ្រង​ស្ថានការណ៍​មិន​បាន ពួក​គេ​នឹង​បង្ហាញ​អាការ​ច្រឡោត និង​ខឹង ដើម្បី​ជា​ការ​បន្លប់​បិទបាំង​ភាព​ចន្លោះ​របស់​ខ្លួន​ឯង។ ការ​សិក្សា​ពី​អាកប្បកិរិយា​ច្រឡោត និង​កម្រិត IQ ដោយ​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Michigan ដែល​ចំណាយ​រយៈ​ពេល ២២ឆ្នាំ បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ឆ្លាត​ច្រើន​មាន​ការ​ច្រឡោត​តិច​ជាង​មនុស្ស​ល្ងង់។

៤. មនុស្ស​ល្ងង់​មិន​ចាប់​អារម្មណ៍​​តម្រូវ​ការ និង​អារម្មណ៍​របស់​អ្នក​ដទៃ

ផ្អែក​តាម​ការ​សិក្សា​លើ​ប្រជាជន​អាមេរិក​រាប់​ពាន់​អ្នក​ដែល​ធ្វើ​ឡើង​ដោយ សាស្រ្តាចារ្យ Russell James ​នៃ​សាកលវិទ្យាល័យ Texas Tech គេ​បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន IQ ខ្ពស់​​គឺ​មាន​ការ​គិត យល់​ចិត្ត យល់​អារម្មណ៍​របស់​អ្នក​ដទៃ និង​ស្ម័គ្រ​ផ្ដល់​ជំនួយ​ដល់​អ្នក​ដទៃ​ដោយ​មិន​រំពឹង​ផល​តបស្នង ខុស​ប្លែក​ពី​មនុស្ស​ល្ងង់​ដែល​ស្ទើរ​តែ​នឹក​មិន​ឃើញ​ទាល់​តែ​សោះ​​ថា​អ្នក​ដទៃ​មាន​ការ​យល់​ឃើញ​ខុស​ប្លែក​យ៉ាង​ណា​ពី​ខ្លួន​ឯង ថែម​ទាំង​គិត​ទៀត​ថា​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​អ្នក​ដទៃ​ដោយ​មិន​បាន​អ្វី​តប​ស្នង​គឺ​ជា​រឿង​ចម្លែក។

៥. មនុស្ស​ល្ងង់​គិត​ថា​ខ្លួន​ឯង​ល្អ​ជាង​អ្នក​ដទៃ

មនុស្ស​ល្ងង់​ចូល​ចិត្ត​រិះគន់​អ្នក​ដទៃ ឬ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​ដើម្បី​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​ល្អ​ជាង​គេ ព្រោះ​ពួក​គេ​ជឿ​ថា​ខ្លួន​ឯង​ខ្ពស់​ជាង​ ហើយ​តែង​ជា​ពួក​ដែល​ចូល​ចិត្ត​វាយ​តម្លៃ​អ្នក​ដទៃ។ ក្រៅ​ពី​នេះ អ្នក​វិទ្យាសាស្ត្រ​ពី​មហាវិទ្យាល័យ Brock បាន​រក​ឃើញ​ទៀត​ថា អ្នក​ដែល​មាន​ IQ ទាប​ចូល​ចិត្ត​ការ​​ដាក់​ទោស​ធ្ងន់ធ្ងរ ស្អប់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា និង​រើសអើង​ពូជ​សាសន៍​ច្រើន​ជាង​អ្នក​ដទៃ ៕

ប្រភព៖ Sabay